ទំព័រដើមប្រវត្តិសាស្ត្រឈ្មោះទម្រង់ឈររបស់ទេពក្នុងសិល្បៈខ្មែរ

ឈ្មោះទម្រង់ឈររបស់ទេពក្នុងសិល្បៈខ្មែរ

រាល់ទេពនិករទាំងអស់នៅក្នុងសិល្បៈខ្មែរ ទាំងក្នុងព្រហ្មញ្ញសាសនាក្តី ព្រះពុទ្ធសាសនាក្តី តែងតែមានទម្រង់ឈរជាច្រើនប្រភេទ អាស្រ័យទៅតាមបរិបទ និងគម្ពីរដែលគេយកមកឆ្លាក់។ ទម្រង់ឈរទាំងអស់សុទ្ធសឹងតែមានឈ្មោះហៅផ្សេងៗពីគ្នា ដែលអាចឱ្យអ្នកសិក្សាអាចកំណត់បាន។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងលើកឡើងអំពីរបៀបហៅឈ្មោះទម្រង់ឈររបស់ទេពនិករក្នុងសិល្បៈខ្មែរ ពោល គឺរាប់បញ្ចូលទាំងបដិមាទោល ចម្លាក់ជាប់ជញ្ជាំងឥដ្ឋ ជញ្ជាំងថ្ម។ល។ តើទម្រង់ឈររបស់ទេពនិករនៅក្នុងសិល្បៈខ្មែរ មានឈ្មោះហៅយ៉ាងដូចម្តេចខ្លះ? តើទម្រង់ឈរទាំងនេះមានឥទ្ធិពលមកពីសិល្បៈណា?

១. ភង្គ (bhaṅga)

ភង្គ សំដៅលើទម្រង់ឈរដែលមានលក្ខណៈពត់ពែន កោង បត់ ឬភាពអែនអនៃរាងកាយ ពោល គឺជាការឈរឱ្យមានលំនឹងតាមរយៈភាពបត់បែននៃរាងកាយ។ ទម្រង់នេះមានលក្ខណៈខុសពីទម្រង់មួយទៀតដែលគេហៅថា “សមបាទស្ថានក” (sasmapădasthănaka) ដែលជាទម្រង់រូបឡើងត្រង់ដោយមិនមានការពត់ពែន អែនអន ឬរំកិលទម្ងន់ចេញពីចំណុចកណ្តាលនៃទំនាញ ឬខ្សែបន្ទាត់នៃរូបរាងកាយ ហើយដៃ និងជើងដាក់ក្នុងលំនឹងដោយសម្លឹងមើលផ្ទាល់។ ជាទូទៅ គេអាចកំណត់រូបមួយអាចជាទម្រង់ភង្គបានតាមរយៈខ្សែបំពង់ ឬខ្សែអ័ក្សកណ្តាល ដែលជាខ្សែរត់កាត់ពីក្បាលចុះមកក្រោមកាត់តាមថ្ងាស ច្រមុះ ចង្កា ផ្ចិតទ្រូង ប្រដាប់ភេទ ចន្លោះភ្លៅ និងជើង ដែលគេច្រើនហៅថា “មធ្យសុត្រ” (madhyasutra) ឬ “បុវ៌សុត្រ” (purvasutra)។

គេបែងចែកទម្រង់ “ភង្គ” ជាបីប្រភេទគឺ អភង្គ (abhaṅga) សមភង្គ (samabhaṅga) និងអតិភង្គ (atibhaṅga)។ ដោយសារទម្រង់ “ភង្គ” មានបីប្រភេទ ទើបគេនិយមហៅទម្រង់ឈរនេះថា “ត្រិភង្គ” (tribhaṅga) ដែលប្រែថា កាយវិការអែនអនរាងកាយទាំងបី។ អភង្គ សំដៅលើភាពបត់បែន ពត់ពែន ឬអែនអននៃរាងកាយមានកម្រិតតិចតួច តំណាងឱ្យភាពស្ងប់ស្ងាត់ និងទន់ភ្លន់នៃសាត្វិកភាវ (sătvikabhăva)។  សមភង្គ សំដៅលើភាពបត់បែននៃរាងកាយកម្រិតមធ្យម តំណាងឱ្យភាពត្រេកត្រអាល (śṛṅgāra) និងចំណង់ចំណូលចិត្ត (rajasa) ហើយអតិភង្គ សំដៅដល់ភាពបត់បែននៃរាងកាយកម្រិតខ្លាំងដែលតំណាងឱ្យការឈ្លានពាន និងមោទនភាពនៃភាពក្លាហាន (vira)។

នៅក្នុងសិល្បៈខ្មែរទេពនិករដែលមានទម្រង់ភង្គ ឬត្រិភង្គ បែបនេះ គេនិយមខ្លាំងណាស់ ហើយបើនៅសម័យដំបូងៗវិញយើងជឿថា សិល្បករខ្មែរទំនងឆ្លាក់តាមឥទ្ធិពលសិល្បៈឥណ្ឌា។ រូបទាំងនោះមានដូចជា បដិមាព្រះពុទ្ធរកឃើញនៅវត្តរំលក ស្រុកអង្គរបុរី ខេត្តតាកែវចម្លាក់ព្រះពោធិសត្វកាន់ផ្កាឈូកឆ្លាក់លើថ្មគោលកំពុងដាក់តាំងនៅសារមន្ទីរអង្គរបុរី បដិមាព្រះរាមរកឃើញនៅភ្នំដា បដិមាបរសុរាមរកឃើញនៅភ្នំដា។ល​។ ក្នុងចំណោមរូបដែលលើកឧទាហរណ៍ខាងលើនេះ សុទ្ធសឹងមានទម្រង់បត់បែនព្រះកាយកម្រិតតូចដែលអាចស្ថិតនៅក្នុងទម្រង់ទី១នៃភង្គ ដែលយើងហៅថា “អភង្គ” តំណាងឱ្យភាពស្ងប់ស្ងាត់ និងភាពទន់ភ្លន់។

២. ស្ថានក (sthănaka)

ស្ថានក សំដៅដល់ទម្រង់ឈរត្រង់របស់រូបដែលពុំមានពត់ពែន ឬអែនអននៃរាងកាយដូចទម្រង់ភង្គឡើយ។ ជាទូទៅ ទម្រង់”ស្ថានក” ដែលគេស្គាល់នោះគឺ “សមបាទស្ថានក” (sasmapădasthănaka)។ សមបាទស្ថានក គឺជាឥរិយាបថឈរដ៏មានលំនឹងរឹងមាំមួយដែលមានជើងស្មើទៅនឹ​ងខ្សែអ័ក្សកណ្តាលនៃរូប (មធ្យសុត្រ) ក្បាល និងដងខ្លួនដាក់ឱ្យត្រង់ ជើង និងដៃនៅជាប់គ្នា រាងកា​យគ្មានការបត់បែនទៅទិសណាមួយ ហើយសម្លឹងឆ្ពោះទៅមុខត្រង់។ ទម្រង់ខ្លះទៀតនៃសមបាទស្ថានក គឺសំដៅលើឥរិយាបថដែលដៃដាក់កាន់មុទ្រ ឯរាងកាយនៅឈររឹងមាំ។ ទម្រង់សមបាទស្ថានក គេចែកចេញជាពីរទៀតគឺ វៃតស្ថិកស្ថានក (vaitasthikasthănaka) សំដៅដល់ឥរិយាបថឈរត្រង់ដោយដាក់ម្រាមជើងទាំងសងខាងកន្ធែកចេញពីគ្នា តែកជើងដាក់ទន្ទឹមគ្នាដដែល និង  អធ៌វៃស្ថិកស្ថានក (Ardhavaitasthikasthănaka) សំដៅដល់ឥរិយាបថឈរត្រង់ដោយដាក់ម្រាមជើងខាងស្តាំងាកចេញទៅស្តាំ និងម្រាមជើងឆ្វេងដាក់ទៅមុខត្រង់។

នៅក្នុងសិល្បៈខ្មែរ ទម្រង់ឈរសមបាទស្ថានក ពេញនិយមខ្លាំងណាស់ ឧទាហរណ៍ រូបលោកេស្វររកឃើញនៅស្រះនាងតាសុខ ខេត្តបន្ទាយមានជ័យ រូបព្រះសិអារ្យមេត្រិយ៍រកឃើញនៅទួលអង្គវិល ខេត្តកំពង់ស្ពឺ។ល។ ឧទាហរណ៍ទាំងពីរនេះ សុទ្ធសឹងបង្ហាញអំពីទម្រង់សមបាទស្ថានក ហើយនៅក្នុងសិល្បៈខ្មែរយើងកម្របានជួបរូបទេពដែលឈរក្នុងទម្រង់វៃតស្ថិកស្ថានក និងអធ៌វៃស្ថិកស្ថានកណាស់ ផ្ទុយពីសិល្បៈឥណ្ឌាសម្បូណ៌ទម្រង់នេះណាស់។

៣. ស្ថានសន (sthănasana)

ស្ថានសន សំដៅលើទម្រង់ឈរជាច្រើនប្រភេទទៀត ក្រៅពីទម្រង់ឈរដែលបានរៀបរាប់​ខាងលើ ដែលក្នុងនោះមានដូចជា ស្វស្តិកសន (swastikasana) អលិទិសន (alidisana)។ល។ ស្វស្តិកសន ជាទម្រង់ឈរដែលយកជើងឆ្វេងដាក់ត្រង់លើដី និងជើងស្តាំដាក់បញ្ឈរខ្វែងមកខាងឆ្វេងប៉ះជាមួយដីដោយម្រាមជើងស្តាំ។ ទម្រង់នេះ យើងឃើញនៅក្នុងសិល្បៈខ្មែរត្រង់ឈុតព្រះ ក្រឹស្ណទ្រភ្នំគោវធ៌ន (រូបលេខ៩-១០) រូបព្រះឥសូរក្នុងទម្រង់ភិក្សាដនមូត៌ិ (រូបលេខ១១) ។ល។

ទម្រង់ឈរមួយទៀតមានឈ្មោះថា “អលិទិសន” គឺជាទម្រង់ឈរដែលយកជើងឆ្វេងដាក់ទៅមុខ ជើងស្តាំដាក់ទៅក្រោយ ក្នុងកាយវិការកំពុងយកដៃបាញ់ធ្នូ។ នៅក្នុងឥរិយាបថបែបនេះ នៅក្នុងសិល្បៈខ្មែរ ច្រើនបង្ហាញជារូបព្រះរាមបាញ់ធ្នូ ដូចជាឈុតពាលី និងសុគ្រីពប្រយុទ្ធគ្នា ឧទាហរណ៍ ចម្លាក់នៅហោជាងប្រាសាទបន្ទាយស្រី (រូបលេខ១២)។

ក្រៅពីទម្រង់ឈរខាងលើ នៅមានទម្រង់ជាច្រើនទៀត ដែលមិនសូវនិយមនៅក្នុងសិល្បៈ​ខ្មែរ ដូចជា វៃសខស្ថានក (vaisakhasthănaka) វៃស្នវ (vaishnava) ប្រត្យាលិទសន (pratyălidasana) ឧធ៌វជនុ (urdhavajanu) ឯកបាទស្ថានក (ekapădasthănaka)។ល។ 

ជារួមមក ទម្រង់ឈររបស់ទេពនិករនៅក្នុងសិល្បៈខ្មែរមានលក្ខណៈសម្បូណ៌បែបណាស់ ហើយទម្រង់ទាំងនោះស្ទើរតែទាំងអស់ខ្មែរបានទទួលឥទ្ធិពលពីសិល្បៈឥណ្ឌា។ ទម្រង់ឈរនីមួយ សុទ្ធសឹងមានអត្ថន័យនិងផ្នត់គំនិតខាងក្នុង។ យ៉ាងណាក៏ដោយ ទម្រង់ដែលបានបង្ហាញខាងលើ គ្រាន់តែជាការបង្ហាញទម្រង់ខ្លះៗប៉ុណ្ណោះ៕

—————————–

Standing posture of the Gods in Khmer Arts

The deities in Khmer Arts both Hinduism and Buddhism have many standing postures. It depends on the religious script. All the sitting and standing postures have a name that allows the scholar to study. This short article will illustrate some standing postures of the deities. What are the names of those standing postures? Where do they come from? 

Bhaṅga 

Bhaṅga refers to inflections of the body. This form is different from Sasmapădasthănaka which is standing straight. Bhaṅga posture is known by the straight line from head to toe. It is also called Madhyasutra or Purvasutra. This posture could be divided into three; Abhaṅga, Smabhaṅga, and Atibhaṅga. Abhaṅga illustrates a gentle inflection of the body, Smabhaṅga shows the posture of desire and Atibhaṅga illustrates the posture of invading or bravery. 

In Khmer Arts, these three postures were popular in the early period. It is believed to have been influenced by Indian Arts. Some examples could be seen on the Buddha statue from Vat Romlok, Angkor Borei, in Takeo province. The Buddhisatva holding lotus and standing on the Buddhistic marker which is now exhibited in Angkor Borei museum. A statue of Rama and Parasurama was found in Phnom Da. These statues are in Abhaṅga posture.

Sthănaka 

Sthănaka is a standing posture that does not have inflections of the body. This posture is also known as Sasmapădasthănaka. Sasmapădasthănaka is a standing posture in which the feet are divided by the central line of the body. Sasmapădasthănaka divides into two Vaitasthikasthănaka (feet together but toes pointing outward) and Ardhavaitasthikasthănaka (feet together but the right toes turn to the right and the left toes pointing straight forward). 

Sasmapădasthănaka was very popular. For instance, it shows on the statue Avalokesvara from Srah Neang Ta Sok, Banteay Mean Chey province, and Maitreya from Toul Ang Vil, Kampong Speu province. In contrast, Vaitasthikasthănaka and Ardhavaitasthikasthănaka are rare in Khmer Arts. 

Sthănasana 

Sthănasana is another standing posture that has Swastikasana and Alidisana. Swastikasana is a standing posture in which the left foot is on the ground and the right foot crosses the left foot and bring the toe touching the ground. This posture is found on Krishna Govardhana, Isvara in the form of Bhisadamurti.

Another standing posture is Alidisana. It is a standing posture in which is the left foot puts forward, and the right foot steps backward. It is in the form of shooting archery. For instance, Vali fought with Sugriva (the lintel of Banteay Srei temple). 

Besides, there are some postures that are not popular in Khmer Arts. For example, Vaisakhasthănaka, Vaishnava, Pratyălidasana, Urdhavajanu, Ekapădasthănaka.

In conclusion, the standing postures of the deities in Khmer Arts vary. They came from India. Each posture has meaning and notion in the religious aspects. 

អត្ថបទដោយ៖​ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!