ថាតា (Thatta) គឺជាទីក្រុងបុរាណមួយដែលមានទីតាំងស្ថិតនៅក្បែរនឹងទន្លេឥណ្ឌូស(Indus River) ក្នុងប្រទេសប៉ាគីស្ថាន (Pakistan) និងមានចម្ងាយជាង១០០គីឡូពីការ៉ាជី ( Karachi) ដែលស្ថិតនៅក្នុងខេត្តស៊ីន(Sindh)។ ទីតាំងនៃក្រុងនេះគឺអតីតរាជធានីនៃសន្តតិវង្សសាម៉ា (Samma dynasty) នៅក្នុងស.វ.ទី១៤នៃគ.ស. ដែលជាសម័យកាលមួយមុនពេលមានដែលមានការកសាងសំណង់ព្រះវិហារអ៊ីស្លាមក្នុងតំបន់នេះ ដែលបន្តក្លាយជាទីក្រុងដ៏ធំនៃសាសនាអ៊ីស្លាមក្នុងប្រទេសប៉ាគីស្ថាន និងបន្តគ្រប់គ្រងដោយស្តេច Mughal។ គួរបញ្ជាក់ដែរថា ទីក្រុងនេះចាប់ផ្តើមរីកចម្រើនពីស.វ.ទី១៤ រហូតដល់ស.វ.ទី១៨នៃគ.ស. និងជាទីក្រុងដ៏សំខាន់នៃការជួញដូរពាណិជ្ជកម្មក្នុងតំបន់ដីសណ្ត នៃទន្លេឥណ្ឌូសដែលជាបណ្តុំនៃអរិយធម៌ដំបូងៗក្នុងពិភពលោក។ ជាពិសេសតំបន់ ម៉ាក់លី(Makli)ដែលជាទីតាំងបញ្ចុះសពដ៏ធំសម្រាប់ទីក្រុងថាតា។
តំបន់ម៉ាក់លីមានទីតាំងស្ថិតនៅតំបន់ខ្ពង់រាប ដោយមានចម្ងាយជាង ៦គីឡូ ពីក្រុងថាតា។ ទីតាំងនេះ គឺជាបណ្តុំដ៏ធំនៃការបញ្ចុះសពរបស់ព្រះមហាក្សត្រ និងខ្សែរាជវង្សនៅក្នុងតំបន់ និងនៅលើពិភពលោក។ ចំពោះផ្នូរដែលកសាងសម្រាប់បញ្ចុះនោះ គឺធ្វើអំពីថ្ម ឬដីដុត និងមានក្បាច់យ៉ាងល្អប្រណិតដោយមានការតុបតែងបិតក្បឿងជាដើម។ ក្នុងចំណោមផ្នូរទាំងអស់នោះ មានផ្នូរមួយចំនួនដែលស្គាល់ថា ជាផ្នូររបស់ស្តេច Jam Nizamuddin II ដែលជាព្រះមហាក្សត្រចាប់ពីឆ្នាំ១៤៦១ រហូតដល់ឆ្នាំ១៥០៩នៃគ.ស.។ ផ្នូររបស់ស្តេច Jan Baba ដែលកសាងនៅឆ្នាំ ១៦៤៤នៃគ.ស. និងផ្នូររបស់ស្តេច Diwan Shurfa Khan ដែលចូលទីវង្គតនៅឆ្នាំ ១៦៣៨នៃគ.ស.។ ចំពោះរចនាសម្ព័ន្ឋនៃផ្នូរនៅតំបន់ គឺមានសភាពប្លែក និងមានតែមួយ (Unique) ប៉ុន្តែទទួលឥទ្ឋិពលពីហិណ្ឌូ និងរចនាបទ Gujrat និងជាពិសេសសិល្បៈក្នុងសម័យកាលស្តេច Mughal។ គំរូស្ថាបត្យកម្មនៃអរិយធម៌ពែក្ស និងអាស៊ីដែលប្រើប្រាស់ឥដ្ឋជាគ្រឿងបង្គុំក៏បានប្រើប្រាស់លើសំណង់ស្ថាបត្យកម្មនៅ តំបន់ម៉ាក់លី ប៉ុន្តែវាក៏ត្រូវបានកែប្រែតាមសិល្បៈខ្លួនឯងដែរ។ គំនិតដើមនៃការតុបតែងត្រូវបានបង្កើតឡើងនៅ Makli ប្រហែលជាត្រូវបានកំណត់ដោយតាមតំបន់ឥណ្ឌូ ដោយមានការតុបតែងក្បឿងលាបពណ៌ និង glazed ។ ចំពោះសិល្បៈដែលឃើញមាននៅលើសំណង់ផ្នូរទាំងនោះ គឺភាគច្រើនតុបតែងដោយ បិតកុលាលភាជន៌ ដែលមានពណ៌ចំរុះដែលឃើញមាននៅតាមសិល្បៈក្នុងសាសនាអ៊ីស្លាម។
នៅក្នុងតំបន់ម៉ាក់លីសំណង់ស្ថាបត្យកម្មទាំងនោះបាន បែងចែកជាពីរក្រុមផ្នែកផ្សេងៗគ្នា ដោយមានក្រុមទីមួយស្ថិតក្នុងសម័យកាលTarkhan ដែលចាប់ពីឆ្នាំ ១៥២០ រហូត ១៥៩២នៃគ.ស. ដែលមានផ្នូរ Isa Khan Tarkan I, Baqi Beg Tarkhan ជាដើម។ រីឯក្រុមទីពីរចាប់ទិសខាងត្បូងទៅខាងជើង កសាងក្នុងសម័យកាលស្តេច Mughal ដែលចាប់ពីឆ្នាំ១៥៩២ រហូតដល់ឆ្នាំ១៧៣៩ ដោយមានផ្នូរ Jani Beg Tarkhan, Isan Khan ជាដើម។ ក្នុងចំណោមផ្នូរទាំងនោះ គឺមានផ្នូរ Isa Khan Tarkan II ដែលកសាងនៅឆ្នាំ១៦៤៤ ដោយមានរចនាសម្ព័ន្ឋធំជាងគេ ដោយមានជញ្ជាំងថ្ម ខ្ពស់ មានផ្លូវចូលធំ និងមានក្លោងទ្វារ យ៉ាងល្អ ស្អាតជាងគេ។
តំបន់នេះក៏ត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨១ ដោយសារសំណង់ផ្នូរទាំងនោះ មានខូតខាតជាច្រើនដោយសារសង្រ្គាមស៊ីវិលក្នុងប្រទេស និងជាពិសេសការប្រឆាំងលិទ្ឋសាសនាក្នុងប្រទេសប៉ាគីស្ថាន។
ជារួមមកវប្បធម៌នៃទីក្រុងថាតាគឺចាប់ផ្តើមពីស.វ.ទី ១៤ រហូតដល់ស.វ.ទី ១៨ ដែលជាមជ្ឃមណ្ឌលសាសនាអ៊ីស្លាមដ៏ធំនៅក្នុងតំបន់ ។ជាពិសេសតំបន់ម៉ាក់លីដែលជាបណ្តុំនៃផ្នូរដ៏ធំជាងគេនៅក្នុងពិភពលោក។ ផ្នូរទាំងនោះគឺកសាងអំពីដីឥដ្ឋ និងថ្ម និងមានការតុបតែងដោយក្បឿង យ៉ាងល្អប្រណិត៕
អត្ថបទដោយ៖ លោក អេង តុលា