សប្តមាត្ឫិកា

សប្តមាត្ឫិកា ជាភាសាសំស្រ្កឹតដែលផ្សំឡើងដោយពាក្យចំនួនពីរ គឺពាក្យ សប្ត ដែលមានន័យថា​ប្រាំពីរ និងពាក្យ មាត្ឫិក មានន័យថាម្ដាយ។ ហេតុដូច្នេះ សប្តមាត្ឫិកា មានន័យថា ម្ដាយទាំងប្រាំពីរ ឬ មាតាទាំងប្រាំពីរ។ សប្តមាត្ឬិកា ឬមាតាទាំងប្រាំពីរ​ គឺទេវកថាមួយដែលបង្ហាញអំពីអានុភាពដ៏អស្ចារ្យរបស់ទេវី ឬ សក្ដិដែលមានឫទ្ធិអំណាចដូចគ្នាទៅនឹងទេវ​ ឬអាទិទេពភេទប្រុសដែរ។ សប្តមាត្ឫិកា សំដៅដល់ការបង្ហាញពីសក្ដិ ឬទេវី សំខាន់ៗចំនួនប្រាំពីរក្នុងព្រហ្មញ្ញសាសនារួមគ្នាក្នុងចម្លាក់តែមួយរួមមាន ៖ ព្រហ្មានី ឬ សរស្វតី (Brahmānī or Sarasvatī), មហេស្វរី ឬ រៅទ្រី (Mahesvarī or Raudrī) កៅមារី​ ឬ ក៌ារិកេយនី (Kaumārī or Kārtikeyanī), វៃស្នវី ​ឬ លក្ស្មី (Vaiśnavī or Lakśmī), វារាហី (Vārāhī), ឥន្ទ្រានី មាហេន្ទ្រី (Indrāni or Māhendrī) និង នារសំហី (Nārasiṁhī) ប៉ុន្ដែភាគច្រើនគេជំនួននារសំហី ដោយ ចាមុញឌា ឬ ចាមុញឌី (Cāmuṇḍā or Cāmuṇḍī)។​

បើតាមគម្ពីរឥណ្ឌាបុរាណដូចជា វារហ បុរាណ (Varaha Purana), មត្សយ បុរាណ (Matsya Purana) និង ម៌កន្ទេយបុរាណ (Markandeya Purana) សុទ្ធតែមានដំណាលពី សប្តមាត្ឬិកា ឬមាតាទាំងប្រាំពីរ។ បើតាមដំណាលរឿងមហាភារតបាននិទានថា៖  ក្រោយពេលដែលប្រហ្លាទ (Prahalada) ដែលជាកូនរបស់ស្ដេចអសោរឈ្មោះ ហិរណ្យកិសិបុ (Hiranyakashipu) និងជាអ្នកគោរពនិកាយវៃស្នវ បានចាកចោលជីវិតលោកិយនេះទៅ អញ្ធកា បានក្លាយជាស្ដេចមួយក្នុងចំណោមស្ដេចជាច្រើននៃពពួកអសោរទាំងពួង។ អញ្ធកា ធ្លាប់បានតាំងសិលធ្វើជាតាបសអស់កាលជាយូរ រហូតដល់បានទទួលពរពីព្រះព្រហ្មធ្វើឱ្យវាមានមានអានុភាពខ្លាំងពូកែណាស់។ ចំណេរក្រោយមកវាតែងតែយាយី និងបំពានទេពនិករផ្សេងៗជារើយៗ។ គ្រាមួយពេលដែលទេពនិករទាំងពួងមកប្រជុំគ្នានៅភ្នំកៃលាសដែលជាលំនៅរបស់ព្រះឥសូរដើម្បីទូលទ្រង់ពីបញ្ហាផ្សេងៗ គ្រានោះដែរ អញ្ធកា ក៏បានបង្ហាញខ្លួននៅទីនោះដែរក្នុងបំណងចាប់យកនាងបវ៌តីដែលជាមហេសីរបស់ព្រះឥសូរ ហេតុនេះបណ្ដាលឱ្យព្រះឥសូរទ្រង់ខ្ញាល់ជាខ្លាំងរួចក៏បានប្រយុទ្ធជាមួយនឹងស្ដេចអសោរមួយនេះ ដោយមានជំនួយពីពួកគណៈរបស់ទ្រង់ផង។ ព្រះឥសូវបានទាញធ្នូបាញ់ចំអញ្ធកាធ្វើឱ្យវាហូរឈាមជាច្រើន និងរបួសយ៉ាងដំណំ ប៉ុន្ដែឈាមរបស់អញ្ធកាកាលណាវាធ្លាក់ដល់ដីនោះ​ អសោរថ្មីនឹងកើតឡើងរាប់រយ ពាន់ ម៉ឺននាក់ជាថ្មីទៀតមកប្រយុទ្ធតតាំងជាមួយព្រះឥសូរ។ ដោយសារចំនួនអសោរដែលកើតចេញពីឈាមរបស់អញ្ធកាមានចំនួនច្រើនឥតឧបមាទើបធ្វើអោយព្រះឥន្រ្ទ និងទេពនិករដ៏ទៃទៀតបញ្ជូនទេវី​ ឬសក្តិ របស់ខ្លួនមកជួយព្រះឥសូរដើម្បីសម្លាប់ អញ្ធកា។ ទេវីដែលមកជួយព្រះឥសូរនោះរួមមាន មហេស្វរី វៃស្នវី ព្រហ្មានី​​ កៅមារី​  វារាហី ឥន្ទ្រានី  និង ចាមុញដី។ ដោយមានជំនួយពីមាតាទាំងប្រាំពីរ ឈាមរបស់អញ្ធកាដែលស្រក់ចុះមកត្រូវលិត​ ឬផឹក ដោយទេវីទាំងប្រាំពីរដោយពុំអោយឈាមមួយដំណក់ណាធ្លាក់ចុះដល់ដីនោះទេ ចុងក្រោយពេលឈាមនោះមិនធ្លាក់ដល់ដី អសោរថ្មីក៏លែងកើតមាន​ ព្រះឥសូរក៏សម្លាប់អសោរឈ្មោះអញ្ធកាបានសម្រេច។

រឿងសប្តមាត្ឬិកា ឬ មាតាទាំងប្រាំពីរ មានការនិយមជាខ្លាំងក្នុងសង្គមឥណ្ឌា ត្បិតយើងឃើញថាចម្លាក់ដែលរៀបរាប់ពីទេវកថាមួយនេះ មានច្រើនបែបផែនណាស់ក្នុងសិល្បៈឥណ្ឌាតាំងពីរវាងដើមគ្រិស្ដករាជតរៀងមកម្ល៉េះ។ ម៉្យាងវិញទៀតចម្លាក់ដែលចាស់ជាងគេអំពីទេវកថាមួយនេះក្នុងសិល្បៈឥណ្ឌាគឺក្នុងសម័យគុសាន​ (Kusāna) និងបន្តរៀងដល់សម័យក្រោយមកទៀតនៅតែមានជារើយៗ។  បើក្រឡេកមើលក្នុងសិល្បៈខ្មែរវិញ និទានកថាព្រហ្មញ្ញសាសនាមួយនេះ​​ ហាក់ពុំសូវមានការនិយមពីសិល្បករខ្មែរឡើយ ដ្បិតមានភស្ដុតាងតិចតួចណាស់ពីរឿងនេះ។ ដោយឡែក ភស្ដុតាងអំពីចម្លាក់ពីរឿងសប្តមាត្ឫិកា ឬមាតាទាំងប្រាំពីរ ក្នុងសិល្បៈខ្មែរដែលយើងលើកយកមកបង្ហាញនៅទីនេះគឺចម្លាក់នាសម័យអង្គរក្នុងសតវត្សរ៍ទី១០ ពោលគឺក្នុងរចនាបថប្រែរូប និងរចនាបថបន្ទាយស្រី។​

ចម្លាក់រូបព្រហ្មានី ឬ សរស្វតី នៅប្រាសាទប្រែរូប ប្រាង្គនាទិសនិរតី​​ នៃប្រាង្គសំខាន់របស់ប្រាសាទនេះ

នៅប្រាសាទប្រែរូប ប្រាង្គនាទិសនិរតីនៃប្រាង្គសំខាន់នៃប្រាសាទនេះ យើងឃើញមានចម្លាក់ទ្វារបាលពីរដែលគួរអោយចាប់អារម្មណ៍ពោលគឺ ចម្លាក់រូបព្រហ្មានី ឬ សរស្វតី ដែលនៅស្ដាំដៃច្រកទ្វារខាងកើត (ខ្លួនមនុស្សមានក្បាលបួន) (រូបលេខ១) និងមួយទៀតនៅខាងស្ដាំដៃនៃទ្វារបញ្ឆោតខាងជើង គឺចម្លាក់រូបវារាហី (ខ្លួនមនុស្សក្បាលជ្រូកព្រៃ) (រូបលេខ២)។ ចម្លាក់បាយអរលើជញ្ជាំងទាំងពីនេះសុទ្ធតែព្រះហស្ថបួន ស្លៀកសំពត់វែង ប៉ុន្ដែកេតនភណ្ឌអ្វីខ្លះដែលកាន់នេះគឺពុំអាចមើលយល់ទេ ត្បិតសភាពនៃចម្លាក់នេះមានការសឹករិចរិលជាខ្លាំង។ ចម្លាក់ទាំងពីរប្រហែលជាទាក់ទងនិងទេវកថារឿងសប្តមាត្ឬិកា ឬ មាតាទាំងប្រាំពីរ បើទោះបីជាសិល្បករបង្ហាញរូបសក្ដិ ឬទេវីតែពីរក៏ដោយចុះ។

ចម្លាក់រូបវារាហី នាប្រាសាទប្រែរូប ប្រាង្គនាទិសនិរតី​​ នៃប្រាង្គសំខាន់នៃប្រាសាទនេះ

ចំពោះឧទាហរណ៍មួយផ្សេងទៀតនៃចម្លាក់រឿង សប្តមាត្ឫិកា ក្នុងសិល្បៈខ្មែរ គឺចម្លាក់មួយផ្ទាំងមកពីប្រាសាទបន្ទាយស្រី ដែលបង្ហាញពីរូបទេវីទាំងប្រាំពីរជិះលើយានជំនិះផ្សេងៗអមសងខាងដោយព្រះឥសូរ និងព្រះគណេស(រូបលេខ៣)។ សក្ដិ ឬ ​ទេវីទាំងប្រាំពីរបើរាប់តាមលំដាប់រួមមាន៖ ព្រហ្មនី ឬ សរស្វតី អង្គុយលើសត្វហង្ស, មហេស្វរី អង្គុយលើសត្វគោ?, កុមារី អង្គុយលើសត្វក្ងោក, វៃស្នវី ឬលក្ស្មី​ អង្គុយលើសត្វគ្រុឌ, វារហី អង្គុយលើសត្វក្របី?, ឥន្រ្ទានី អង្គុយលើសត្វដំរី និងចាមុញឌី អង្គុយលើសត្វមៀម។

ផ្ទាំងចម្លាក់រឿង សប្តមាត្ឫិកា ឬ មាតាទាំងប្រាំពីរ មកពីប្រាសាទបន្ទាយស្រី
ប្រភពរូប ៖ https://collection.efeo.fr/ws/web/app/collection/record/239666

ទេវី និងយានជំនិះផ្សេងៗនៃចម្លាក់មកពីប្រាសាទបន្ទាយស្រីនេះ គឺដូចគ្នាទៅនឹងចម្លាក់មួយផ្ទាំងនាសតវត្សទី៩ ក្នុងសិល្បៈឥណ្ឌា (រូបលេខ៤) ប៉ុន្ដែខុសគ្នាត្រង់ចាមុនឌី ក្នុងសិល្បៈឥណ្ឌាច្រើនតែបង្ហាញដោយអង្គុយ ឬឈរលើសាកសពមនុស្ស បើទោះបីជាសត្វមៀមជាយានជំនិះក៏ដោយ។ ចម្លាក់ស្រដៀងគ្នានេះក៏មានច្រើនបែបផែនណាស់ក្នុងសិល្បៈឥណ្ឌា ដោយពេលខ្លះសិល្បៈករបង្ហាញជាចម្លាក់ឈរ ជួនកាលក៏បង្ហាញជាចម្លាក់អង្គុយក៏មាន។

ផ្ទាំងចម្លាក់រឿង សប្តមាត្ឫិកា ឬ មាតាទាំងប្រាំពីរ នាសតវត្សទី៩ ក្នុងសិល្បៈឥណ្ឌា
ប្រភពរូប ៖ https://collections.lacma.org/node/244443

សរុបជារួមមកចម្លាក់ សប្តមាត្ឫិកា ឬ មាតាទាំងប្រាំពីរ ជាចម្លាក់ទេវកថាមួយដ៏កម្រក្នុងសិល្បៈខ្មែរត្បិតយើងមានតែសម័យអង្គរប៉ុណ្ណោះដូចដែរបានរៀបខាងលើ ឯសិល្បៈសម័យមុនអង្គរវិញយើងពុំមានភស្ដុតាងពីចម្លាក់នៃទេកថាមួយនេះទេ។ ការលើកយកចម្លាក់សប្តមាត្ឫិកកា ឬ មាតាទាំងប្រាំពីរ មកបង្ហាញក្នុងអត្ថបទនេះគឺគ្រាន់តែចង់បង្ហាញពីជ្រុងមួយនៃសិល្បៈខ្មែរនាសម័យបុរាណ បើទោះបីជាទេវកថាមួយនេះពុំសូវមានការនិយមក្នុងសិល្បៈខ្មែរក្ដី តែវាក៏បង្ហាញចំណេះដឹងរបស់សិល្បៈករនាសម័យបុរាណអំពីរឿងសប្តមាត្ឫិកា ឬ មាតាទាំងប្រាំពីរ ដែលស្គាល់ និងចេះរឿងនេះយ៉ាងប្រាកដ ហើយស្ដែងចេញតាមរយៈចម្លាក់ដូចដែលបានបង្ហាញលើចម្លាក់បាយអរនាប្រាសាទប្រែរូប និងចម្លាក់មួយផ្ទាំងទៀតធ្វើពីថ្មភក់មកពីប្រាសាទបន្ទាយស្រីដែរ៕

អត្ថបទដោយ៖ លោក លាក់ ស៊ីផាន់ណា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!