អ្វីជាផូស៊ីល? ផូស៊ីលជាស្នាកស្នាមឬសំណល់របស់ភាវរស់ជំនាន់ដើម ដែលបន្សល់ទុកនៅក្នុងថ្ម។ ផូស៊ីលអាចជាឆ្អឹង គម្របសារពាង្គកាយ ដូចជាសម្បកសិប្បីសត្វ ឬស្លាកស្នាម នៃភាវៈរស់។ ជីវិតនៅលើផែនដីមានការប្រែប្រួលជានិច្ច សត្វឬរុក្ខជាតិខ្លះត្រូវបានសិក្សាដោយអ្នកស្រាវជ្រាវ ពួកខ្លះត្រូវបានដាច់ពូជន៍ ខ្លះទៀតមានការវិវត្តន៍ដែលធ្វើឱ្យគេអាចយល់ពីទំនាក់ទំនងពីអតីតកាលមកបច្ចុប្បន្ន និងខ្លះស្ទើរតែពុំមានការផ្លាស់ផ្តូរ។
កាឈីវជាពពួកសត្វមួយមានរូបរាងប្រហាក់ប្រហែលនិងលាសឬគ្រំ ដែលស្ថិតនៅសាខា Phylum Mollusca។ សត្វការឈីវមានសំបកពីរ និងមានអវៈយវៈមួយដុះចេញមកក្រៅ។ សំបកទាំង២របស់សត្វកាឈីវមិនជាប់គ្នាទេ ខុសពីគ្រុំ ឬលៀសដែលជាប់ផ្នែកម្ខាង។ ការរស់នៅនៃពពួក Brachiopoda មានវត្តមានក្នុងស័ក Paleozoic សម័យកាល Cambrian (៤៨៥,៤-៥៤១លានឆ្នាំ) មានការរីកចំរើននិងមានពូជកាន់តែច្រើន តែរហូតមកដល់ចុងសម័យកាល Permian (២៥២លានឆ្នាំ) ក៏មានការថយចុះយ៉ាងច្រើន ដែលចំនួនពូជន៍នៅសេសសល់មានចំនួនតិចតួចមកដល់ពេលបច្ចុប្បន្ន។ ពពួក Brachiopods មានចំនួនប្រមាន១២០០០ពូជន៍ តែបានដាច់ពូជន៍ច្រើន និងបាននៅសល់ប្រមាណ ៣៥០ពូជន៍ក្នុងពេលបច្ចុប្បន្ន។

ប្រភព៖ (https://www.digitalatlasofancientlife.org)
តារាងវគ្គីសាស្ត្រ (Taxonomy)
Kingdom រជ្ជៈ | Phylum សាខា | Class ថ្នាក់ | Order លំដាប់ | Family សណ្តាន | Genes ពួក | Species ប្រភេទ |
Animal | Brachiopoda | Lingulata | Lingulida | Lingulidae | Lingula |
ការសិក្សាស្រាវជ្រាវនៅកម្ពុជា
តើសត្វកាឈីវ មានវត្តមាននៅប្រទេសកម្ពុជាតាំងពីពេលណាមក? ក្រុមអ្នកសិក្សាស្រាវជ្រាវផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានរកឃើញផូស៊ីលសត្វកាឈីវ នៅស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំបាក់ ខេត្តបន្ទាយមានជ័យ ដែលបានរកឃើញនៅឆ្នាំ២០១៩ មានទំហំ៣ស.ម ដែលមានអាយុកាល នៅក្នុងស័ក Paleozoic សម័យ Permian (២៥១-២៩៩លានឆ្នាំ)។ សត្វកាឈីវ ស្ថិតនៅសាខា Phylum Brachiopoda ថ្នាក់ Class Lingulata លំដាប់ Order Lingulida ពួក Genes Lingula។

ក្នុងប្រភេទនៃពពួក Lingula ផ្សេងទៀតដែលមានរូបរៀងប្រហាក់ប្រហែលគ្នា មានសំបករលោង រកឃើញនៅក្នុងស្រទាប់ថ្មកំបោរដែលមានភក់ច្រើន តែមានទំហំធំជាងពួកកាឈីវ ក៏បានជួបនៅភ្នំប្រាំពីរ ក្នុងខេត្តបាត់ដំបង ដែលមានអាយុប្រហាក់ប្រហែលគ្នា។

ចំណែកនៅភ្នំដូងព្រះ ខេត្តបន្ទាយមានជ័យក៏បានជួយពពួកនេះដែរ ដែលជាប់នៅក្នុងផ្ទៃថ្ម។ អ្វីដែលបានលើកយកមកបង្ហាញនេះជាផ្នែកខ្លះនៃពពួក Brachiopoda ដែលមានសំបករលោង និងមានលក្ខណៈប្រហាក់ប្រហែលនឹងសត្វកាឈីវនាពេលបច្ចុប្បន្ន។ សំណាកផូស៊ីលមួយចំនួនដែលយើងបានរកឃើញ គឺតូ្រវបានធ្វើការសិក្សាជាបឋម និងបានបែងចែកទៅតាមប្រភេទនីមួយៗ។

ប្រភេទសត្វមួយចំនួនក្នុងសាខា Phylum Brachiopoda មានជាច្រើនប្រភេទ។ វត្តមាននៃពពួកកាឈីវដែលមានក្នុងពេលបច្ចុប្បន្ននៅប្រទេសកម្ពុជា មានតែសត្វកាឈីវតែមួយប៉ុណ្ណោះដែលឃើញមានវត្តមាននៅលើទីផ្សារ។ យើងជឿថាពពួកនៃក្រុមនេះនិងមានពូជន៍ផ្សេងៗទៀត ប្រសិនមានការសិក្សាពីពពួកនេះក្នុងសមុទ្រនៃប្រទេសកម្ពុជា៕


អត្ថបទដោយ៖ លោក លឹម វណ្ណច័ន្ទ