ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤៦)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤៦)

(ស្នេហាលើទូក)

នារីព្រឺក្នុងចិត្តដោយនឹកថា វិធានការនេះសំខាន់រើមិនរួចមែនតែនាងសើចយ៉ាងរីករាយៈ

ហាស់ៗ បងចង់កែមនុស្សអោយយល់ដូចបង រួចធ្វើដូចបង។ ខ្ញុំសុំសួរថា ចុះបើស្អែកព្រឹក ឬ ខានស្អែកខ្ញុំរួចពីអន្ទាក់របស់បង តើបងកែអ្វី?

គឺមានន្ទដែលសើចម្តងវិញ

ហាស់ៗ អូនភ្លេចថា ប្អូនជាប់ក្នុងកណ្តាប់ដៃរបស់បងហើយ?

ច៎ាះ! ប្អូនមិនភ្លេចទេ ប្អូនចាំអស់មួយជីវិត តែបងសូមជ្រាបថា “មនុស្សមានជើងសម្រាប់ដើរ មានបញ្ញាសម្រាប់គិត”។ អាស្រ័យហេតុទាំងពីរយ៉ាងនេះ ប្អូនមុខជារត់ពីដៃបងមិនខាន។

មានន្ទសើចក្អាកក្អាយថែមទៀតៈ

          បើប្អូនចង់រត់បងបើកទ្វារចំហ រួចរត់ទៅចុះ ហើយបើរត់រួចពីលើទូកនេះ បងក៏សុខចិត្ត ខាតខានបានអប់រំនារីខ្មែរម្នាក់ចុះ!

          ខ្ញុំជម្រាបបងជាមុនថា ប្អូនរត់រួច!

          មានន្ទក្រោកដើរទៅជិតចាប់ដៃនាងមកច្របាច់លេង យកដៃកៀសសក់នាងលេង សើចរួចនិយាយថាៈ

          ម្រាមដៃតូចៗដូច្នេះចង់រត់ រូបស្តើងមិនចេះហែលទឹកយ៉ាងនេះ ចង់រត់ក្រែងលង់ស្លាប់ ទេដឹង?

          ចា៎ះ! ខ្ញុំចង់ស្លាប់នឹងមុខបង អោយបងបានធ្វើបុណ្យខ្ញុំ រួចយំស្តាយខ្ញុំថែមទៀត…

          បងមិនស្តាយមនុស្សក្បត់បងទេ!

          នារីញញឹមបញ្ចេញធ្មេញយ៉ាងស្រស់។ នាងអៀនអន់ចិត្តបន្តិច ព្រោះប្រុសមកចាប់ដៃ នាង។ នាងនិយាយបែបមែនទែនផង លេងផង។

          ខ្ញុំសន្យានឹងមុខចង្កៀងថា ខ្ញុំរត់រួច។

          មើល! មើល៍! រត់យ៉ាងណា?

          អ្នកណាគេប្រាប់បងឲ្យដឹងនោះ គេរត់ពេលយប់ យប់នេះផងក៏មិនដឹង…

          ហាស់ៗព្រះអើយ! ប្អូនចេះហែលទឹកហើយ?

          ស្បថជូនបងចុះ ប្អូនអត់ចេះហែលទឹកទេ ដូចបងធ្លាប់ដឹងស្រាប់ ប្អូនខ្លាចទឹកណាស់ តែដល់ពេលរត់…ហ៊ឺ! មិនប្រាប់បងទេ។

          ឥឡូវប្អូនសួរបងក៏បងមិនឆ្លើយ នៅតែប្អូនទេដែលមិនទាន់ឆ្លើយប្រាប់បងអំពីគ្រោង ការណ៍របស់ប្អូនក្នុងពេលជាប់ជុចនេះ។

          នាងមណីត្រិះរិះមួយស្របក់ សួរវិញថាៈ

          ឥឡូវបងសួរអំពីគ្រោងការណ៍របស់ខ្ញុំ ឥឡូវខ្ញុំសុំសួរអំពីគ្រោងការណ៍របស់បងវិញ ដែរ។

          មានន្ទមើលមុខនាង។ មុខអីក៏ល្អម្ល៉េះទេ។ បុរសមើលថ្ងាសអីក៏ឆ្លាតម្ល៉េះទេ។

          អ្នកលូកដៃទៅស្ទាបថ្ងាសនេះអង្អែលលេង ត្បិតតែអ្នកធ្លាប់តែធ្វើដូច្នោះកាលពីក្មេង រួចនាងធ្លាប់តែបណ្តោយតែដូច្នោះឯង។

          គ្រោងការណ៍របស់បងគឺ បង្ហាត់បង្រៀនប្អូនឲ្យភ្ញាក់ខ្លួនឡើង រួចបើអូនយល់តាមបង ហើយបងនឹងត្រេកអររកអ្វីប្រៀបស្មើគ្មានទេ។ បងនឹងឲ្យអូនកាន់កាប់ការមួយធំក្នុងការតស៊ូ នេះ។ បងនឹងជាតិយើងលើកតម្កើងអូនឲ្យផុតអស់ពីនារីទាំងពួងគឺធ្វើយ៉ាងណាឲ្យតែអូន បានសុខ។ បងបំបាត់អស់សេចក្តីទុក្ខណា ដែលមកប៉ះទង្គិចដល់អូន គឺសរុបសេចក្តីបងមាន ធនធាន ទ្រព្យសម្បត្តិទាំងប៉ុន្មានបងដូចជូនទៅអូនទាំងអស់។

          រួចគឺអីទៀត?

          រួចគឺបងរៀបវិវាហមង្គលការអូនជាមួយ…

          ជាមួយ…មួយណា?

          ជាមួយបុរសម្នាក់ដែលចេះស្រលាញ់អូន ដែលស្គាល់ទុក្ខធុរៈអូនឧត្តមគតិប្រសើរ ដែលមនុស្សអ្នកផងគោរពស្រលាញ់ ដែលពូកែមានថ្វីដៃ…

          អ្នកណា បុរសនោះ?​

          បុរសនោះ គឺប្តីរបស់អូនយ៉ាងពិតប្រាកដ!

          នៅឯណាប្តីនោះ?

          នៅជិតៗនេះឯង ឯចំណែកខាងបងៗ លាអូនទៅបួសរកសុខមួយទៀត ដែលជា… ទៅបួស! ទៅបួស! …ខ្ញុំមិនខ្ចីស្តាប់ទេ គ្រោងការណ៍នេះ។

នារីមុខឡើងស្លាំង។ នាងចាប់ដៃមានន្ទទៅឳបនឹងដើមទ្រូងនាង។ ពាក្យដែលមានន្ទនិយាយ ពីដើមមក ធីតាស្មានតែមកចប់ត្រឹមរៀបការជាមួយនាង តែឥឡូវឃើញច្បាស់ថា ជ្រួសហួស ទៅទៀត។

          មានន្ទសួរនាងថាៈ

          ចុះគ្រោងការណ៍របស់អូន?

          គ្រោងការណ៍ របស់ខ្ញុំគឺរត់នោះឯង!

          មានន្ទសើច ប្រះខ្លួនដេកលើពូករបស់នាងគេងក្រពាត់ដៃទាំងពីរទៅក្រោមក្បាល សម្លឹងមើលមុខនាងដែលអួតអំពីរត់។ ធីតាសើចមើលមុខរបស់វិញ។

          មានន្ទនិយាយថាៈ

          អូនរត់មិនរួចទេ។ ស្អែកព្រឹក អូនអាងកន្លែងមួយដែលមានពួករាជការយាម កាលណា ទូកទៅដល់ទីនោះ ពួកតម្រួតចេញមកឆែកឆេរទូក។ ហាស់ៗ! រួចអូនបញ្ជាឲ្យតម្រួតចាប់បង វិញ។​ អឺ! ល្អមែនគ្រោងការណ៍នេះ។  (សូមរងចាំតាមដានភាគទី៤៧ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!