ទំព័រដើមប្រវត្តិសាស្ត្របម្រែបម្រួលសំណេរ​ពាក្យ «សោយ» (ភាគ១)

បម្រែបម្រួលសំណេរ​ពាក្យ «សោយ» (ភាគ១)

នៅក្នុងការសិក្សា​អំពី​ភាសា យើង​អាចពិនិត្យ​តាមការសិក្សា​ដោយ​ផ្អែក​លើ​អ័ក្ស​សម​​កាល​ (Synchrony) និងតាម​អ័ក្សវិសមកាល (Diachrony)។ អ័ក្សសមកាល ផ្ដោត​ការ​យកចិត្ត​ទុក​ដាក់លើ​ការសិក្សា​ភាសា​ក្នុងពេលជាក់លាក់ណាមួយ ជាពិសេស​ គឺ​ពេល​បច្ចុប្បន្ន​ ដោយ​មិន​​គិតលើ​កត្តា​ប្រវត្តិឬអតីតកាល។ ចំណែកឯ អ័ក្សវិសមកាល ផ្ដោត​លើ​ការ​វិវត្ត​ឬអភិវឌ្ឍរបស់​ភាសា​តាមរយៈកាលប្រវត្តិ។ វិធីសាស្ត្រ​នេះ គេ​ច្រើន​ប្រើ​នៅ​ក្នុង​ការ​សិក្សា​​ភាសាវិទ្យាប្រវត្តិ (Historical Linguistics)។ ភាសា រមែងមានការប្រែប្រួលជានិច្ច។ ភាសា​​មាន​​បម្រែបម្រួល​លើសូរនិងសទ្ទតា វចនសព្ទ សំណេរនិងអក្ខរាវិរុទ្ធ ​ន័យ និងសម្ព័ន្ធ​ជាដើម។ នៅក្នុងការ​សិក្សា​ សង្គមភាសាវិទ្យា គេពិនិត្យ​ការវិវត្តភាសាតាមរយៈទិស៣គឺ តាមរយៈកាល តាម​រយៈ​តំបន់ និង​តាមរយៈក្រុម។ ការពិនិត្យ​តាមរយៈកាលនេះហើយ ដែល​យើងអាចសិក្សា​ផ្អែក​លើ​អ័ក្សសមកាល ឬវិសមកាល។ នៅ​ក្នុងអត្ថបទ​នេះ នឹង​ពិនិត្យ​លើបម្រែបម្រួល​សំណេរ​ពាក្យ «សោយ» ដោយផ្អែក​លើ​ការ​សិក្សា​តាម​អ័ក្ស​វិសម​កាល។

តាមរយៈឯកសារសិលាចារឹកភាសាខ្មែរ យើងឃើញពាក្យ «សោយ» កាលពី​សម័យ​​អង្គរមានសំណេរ​ជា «ស្វេយ៑» និង «ស្វេយ» ដែល​លេច​ឡើង​ក្នុង​អត្ថបទ​យ៉ាង​ហោច​​ណាស់​ចំនួន​៥៣ដង ដែលកាលមុន លោក ហ្វីលីព ជេន្នើរ រក​ឃើញ​ត្រឹម​តែ​៤៧​ដងប៉ុណ្ណោះ។ ចំនួននេះនឹងកើនឡើងបន្ដទៅទៀត អាស្រ័យ​នឹង​សិលាចារឹក​ដែល​រក​ឃើញ​ជាបន្ដបន្ទាប់។ នៅ​សម័យមុនអង្គរ យើងពុំប្រទះឃើញពាក្យនេះ​ឡើយ។​ ប៉ុន្ដែ​យើង​អាច​​សន្និដ្ឋាន​បានថា​ នៅសម័យមុនអង្គរ​ ក៏ទំនងជាមានសំណេរជា «*ស្វេយ៑» ដែលជា​សំណេរ​បន្សល់​មក​ដល់​សម័យ​អង្គរ។ ការសន្និដ្ឋាននេះ ផ្អែកលើភស្ដុតាង​ពាក្យ «សំហ្វេយ៑» ដែល​មាន​នៅ​ក្នុង​សិលា​ចារឹក​ថ្មគ្រែ K.១៣៧១ ជា​សិលាចារឹក​នៅ​ចន្លោះ​អន្ដរ​កាល​រវាង​សម័យ​មុន​អង្គរ​និង​សម័យ​អង្គរ។ បើយើងមើលមកសម័យកណ្ដាល​ សំណេរ​ពាក្យ​នេះ​មាន​ច្រើនរបៀបដូចជា៖ ស្វោយ ស្វោ្យ  ស្វោយ្យ និងសោយ។ សំណេរពាក្យ «ស្វោ្យ» នេះ​នៅបន្ដប្រើរហូតមកដល់​រាជ្យ​ព្រះបាទស៊ីសុវត្ថិ ដូចមានឃើញនៅតាមចារឹក​ថ្ម​(ស៊ីម៉ង់)​​នៅ​តាមចេតិយ​វត្តភ្នំ និងភ្នំព្រះរាជ​ទ្រព្យ។ នៅក្នុង​អត្ថបទ​ទស្សនាវដ្ដីកម្ពុជសុរិយា​ដំបូងៗ ក៏​នៅ​ប្រើ​ពាក្យ «ស្វោយ» នេះដែរ។  លុះមកដល់គ្រា​មានវចនានុក្រមខ្មែរ ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុងការ​កំណត់​អក្ខរា​វិរុទ្ធផ្លូវការរបស់​សំណេរ​ពាក្យ​នេះ ​សរសេរ​ជា «សោយ» ផង និង «ស្វោយ» ផង ប៉ុន្ដែ​បច្ចុប្បន្ន យើងប្រើតែសំណេរ «សោយ» តែមួយប៉ុណ្ណោះ​​។

សំណេរពាក្យ «ស្វោយ» ក្នុងសិលាចារឹកវត្តអធ្វា (រូបថត៖ EFEO)

នៅក្នុងវចនានុក្រមខ្មែរ ក៏បានបញ្ជាក់ផងដែរថា ពាក្យ «សោយ»​ នេះ ពីបុរាណ​ប្រើ​ជា​ «ស្វោយ» ចំណែកឯសៀមប្រើជា «ស្វេយ» (เสวย) អានថា «ស្វឺ៎យ»។ ចំណែកឯពាក្យ​ «ស្វោយ» នៅក្នុងវចនានុក្រមខ្មែរ បញ្ជាក់ពីប្រភពពាក្យនេះថាមកពីពាក្យបាលី​ថា «សេវ» ឬ «សេវយ» ដែលត្រូវនឹងពាក្យសំស្ក្រឹតថា «សេវ៑» មានន័យថាសេព។ បន្ថែម​ពីនេះ​ វចនា​នុ​ក្រ​ម នៅតែដាក់ប្រភពពាក្យសៀមមកជាមួយដែរ។ ​យើងពុំយល់ពី​មូល​ហេតុច្បាស់លាស់ ដែល​វចនានុក្រមខ្មែរបានដាក់ក្នុងចំណុចពន្យល់ប្រភពពាក្យ ដោយ​ប្រា​ប់​​​​​អំពី​ពាក្យ​សៀម​នោះ​ឡើយ។ យ៉ាងនេះក្ដី យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​តាម​ភស្ដុ​តាង​​សិលាចារឹកថាពាក្យ សៀម «เสวย» ជាពាក្យ​ខ្ចីពីខ្មែរបុរាណ «ស្វេយ៑» ឬ «ស្វេយ» យ៉ាង​ប្រាកដ ហើយ​ក៏ពុំសម​ជាពាក្យ​មានប្រភពមកពីបាលីផងដែរ។ ខាង​ក្រោម​នេះ គឺ​​ជាដំ​ណ​​កស្រង់ឃ្លាមានពាក្យ«ស្វេយ»ក្នុងសិលាចារឹកសម័យ​អង្គរ​៖

  • រិយ៑អ្នកតបំបាត៑ធម៌្មនេះគេស្វេយ៑ទោឞតគិ (K.៣៣៖ ប.៣៥-៣៦) = រីអ្នកដែល​បំបាត់​បុណ្យនេះ អ្នកនោះ(ត្រូវ)សោយទោស។
  • រិតបរិបាលនស្វេយវិភវ (K.១៣៩ ផ្ទាំងខ៖ បន្ទាត់១៧) = រិ(អ្នក)ដែលថែរក្សា (សិលា​ចារឹក​នេះ នឹង​) សោយនូវវិភព(គឺទ្រព្យសម្បត្តិ សេចក្ដីចម្រើន…)។
  • ធូលិវ្រះបាទធូលិជេង៑វ្រះកម្រតេង៑អញ៑ឝ្រីជយវម៌្មទេវ តស្វេយវ្រះធម៌្មរាជ្យ​នុឯក​នវ​អឞ្ដឝក (K.១៧៥ ផ្ទាំងខាងត្បូង ៖ បន្ទាត់១៥) = ធូលីព្រះបាទ​ធូលីជើង​ព្រះ​គម្ដែង​​អញ​ស្រីជ័យវម៌្មទេវសោយព្រះធម្មរាជ្យនាមហាសករាជ(ឆ្នាំ)៨៩១។
  • នៅរុកុលនុឝិឞ្យនុអ្នក៑សញ្ជក៑តឝ្រទ្ធាវទ៌្ធេបរិបាលនធម៌្ម​នេះ ស្វេយ៑ផលសមភាគ​នុ​វ្រះកម្រតេង៑អញ៑ឝ្រីយោគីឝ្វរបន្ទិត (K.២១១៖ បន្ទាត់៥) = នៅបងប្អូន សិស្ស និងអ្នក​សញ្ជក​ដែលមានសទ្ធាចម្រើននិងថែរក្សាបុណ្យនេះ (សូម)សោយផល

​ស្មើភាគ​និង​ព្រះគម្ដែងអញ​ស្រីយោគីសូរបណ្ឌិត។

  • នៅគេតសក្កកល្បនានេះ គេស្វេយ៑ត្រៃត្រឹឝនរក​យាវតចន្ទ្រាទិត្យមានលេយ៑ (K.២១៤ ផ្ទាំងខ៖ បន្ទាត់១៨-១៩) = នូវអ្នកដែលលួចគ្រឿងរណ្ដាប់បូជានេះ អ្នកនោះ​សោយនូវនរកសាមសិបពីរជាន់ ដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យ​នៅតែមាន។

នៅក្នុងការប្រែប្រួលពាក្យ​/សំណេរពាក្យ ពី «ស្វោយ/ស្វោ្យ» មកជា «សោយ» បាន​បង្ហា​ញ​បម្រែបម្រួលមួយក្នុងភាសាខ្មែរ ដែលតួជើងវ ឬសូរព្យញ្ជនៈ «វ» នៅលំដាប់ទីពីរក្នុង​ទម្រង់ព្យាង្គ «ពពស» បានធ្លាក់បាត់សូរក្នុងពាក្យ «ស្វោយ ធ្វើ អ្វី ថ្វី» ដែល​នាំ​ឱ្យ​ពាក្យ​នោះ​ក្លាយ​ជា «សោយ អី ថី ធើ»។ មូលហេតុដែលនាំឱ្យពាក្យទាំងបួននេះ បាត់សូរ «វ» ខណៈ​ពាក្យជាច្រើនទៀត​ដែលមានសូរនិងព្យញ្ជនៈ «វ» នៅលំដាប់ទីពីរ ក្នុងទម្រង់ព្យាង្គ «ពពស» តែពុំបាត់បង់សូរនោះ ជាកម្មវត្ថុដែលគួរពិនិត្យនិងស្រាវជ្រាវបន្ដ។ នៅទីនេះ ខ្ញុំ​ដាក់​ការ​សង្ស័យថា «សោយ អី ថី ធើ» អាចជាពាក្យឫស​ដែលកម្លាយដោយផ្នត់ជែក [-វ-]។ ចំណុច​នេះ​ អាចដូចករណី​ពាក្យ ស្ល ស្លុក ស្លាប់… ដែលអ្នកស្រុកខ្លះនិយាយជា ឡ ឡុក ឡាប់ និងអ្នកស្រាវជ្រាវខ្លះពន្យល់ថាជាធ្លាក់ចុះឬបាត់បង់សូរដើមព្យាង្គ។ ប៉ុន្ដែយើងអាចពិនិត្យ​ឃើញ​​ថា​ពាក្យទាំងនោះជាពាក្យឫសទៅវិញ ដូចករណីខ្មែរប្រើពាក្យ «បាយឡុកបាយឡ»។ ឬពាក្យទាំងបួននោះ អាចជាពាក្យមកពីភាសាដទៃ? ប្រសិនបើពាក្យ «ស្វេយ៑» មានពាក្យ​ឫស​ជា «សេយ៑» ដែលអាចវិវត្តមកជាសូរថា «ស៊ើយ» នោះអាចនាំឱ្យយើងគិតដល់​ពាក្យ «xơi» ក្នុងភាសាវៀតណាម ដែលមានន័យថា «ហូប ផឹក ស៊ី…» ដ្បិត​ពាក្យខ្មែរ​ក៏មាន​ទំនាក់ទំនងជាមួយពាក្យក្នុងស្រឡាយភាសាវៀតណាមបុរាណមួយចំនួនផងដែរ៕ (នៅមានត)

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!