ខែឧសភា ឆ្នាំ២០២២នេះ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌអគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាផូស៊ីលបឋមនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាច្រើនទីតាំង។ តំបន់ភ្នំតាក្រៀម ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនៅមិនឆ្ងាយពីអាងកំពីងពួយ (រូបលេខ១)។ តំបន់ភ្នំតាក្រៀមមានភ្នំផ្សេងៗ ដែលជាតំបន់ភ្នំថ្មកំបោរ។

ភ្នំថ្មកំបោរនៅក្នុងខេត្តបាត់ដំបង តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា តំបន់មួយចំនួននៅក្នុងតំបន់នេះ ដែលមានអាយុកាលស្ថិតនៅក្នុងសម័យកាល Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic។
ភ្នំតាក្រៀម ត្រូវបានគេដឹងថាមានវត្តមានផូស៊ីលសត្វសមុទ្រតាំងពីសម័យបារាំង ដោយមានផូស៊ីលដាក់តាំងនៅក្នុងសារមន្ទីរនៃប្រទេសវៀតណាម(រូបលេខ២)។ ក្រុមការងារបានពិនិត្យទីតាំងមួយចំនួនដូចជាលើវត្ត នជារូងភ្នំ(រូបលេខ៣) និងផ្ទៃខាងលើនៃភ្នំនោះ ដោយបានជួបប្រភេទសត្វសមុទ្រមួយចំនួន។ ផូស៊ីលដែលមានសណ្ឋានដូចគ្រាប់ឃ្លីទំហំប៉ុនកូនដៃ ភាគច្រើនតូចជាង១ស.ម (រូបលេខ៤-៥) ពេលដែលវាបែកជាពីរ មានស្នាមជារង្វង់ស្រទាប់ច្រើនជាន់។ ប្រភេទនេះត្រូវបានរកឃើញនៅភ្នំសំពៅ ផ្នែកខាងលើនៃភ្នំ និងនៅស្ថានីយផូស៊ីលភ្នំដូងព្រះ។ ប្រភេទនេះគេហៅថា Verbeekina verbeeki (Geinitz, 1876) Class: Fusulinata, Subclass: Fusulinina, Order: Fusulinida, Family: Vebeekinidae. Geological Time: Permian ដែលរកឃើញនៅប្រទេសហ្វីលីពីន។ ផ្កាថ្មស្នែង (រូបលេខ៦) មួយចំនួន ដែលពពួកផូស៊ីលនេះក៏បានរកឃើញ នៅស្ថានីយផូស៊ីលភ្នំដូងព្រះ និងភ្នំបាក់ ភ្នំកន្ទួត នៅខេត្តបន្ទាយមានជ័យផងដែរ។ រូបលេខ៦នេះផងដែរក៏មានបំណែកនៃផូស៊ីលខ្យងផងដែរ។ ទីតាំងនៃកំពូលភ្នំតាក្រៀមក៏បានជួបពពួក អាម៉ូណាយ Ammonite (រូបលេខ៧) ដែលមានរូបរាងប្រហាក់ប្រហែលខ្យង ដែលពួកនេះក៏បានជួបប្រទះនៅភ្នំបាក់ក្នុងខេត្តបន្ទាយមានជ័យផងដែរ។ ក្រុមការងារបានចុះពិនិត្យទីតាំងទី២ ដែលស្ថិតនៅជើងភ្នំ តាក្រៀម ក្បែរផ្លូវឡើងទៅកាន់វត្ត។ យើងបានជួបប្រទះពពួក គ្រីណូអ៊ីត Crinoids ជាច្រើន និងមានប្រភេទផ្សេងៗគ្នាផងដែរ (រូបលេខ៨-៩)។ ( រូបលេខ១០) ជាផូស៊ីលសត្វសមុទ្រ ដែលមានទំហំប្រមាណ១ស.ម មិនទាន់ដឹងថាជាប្រភេទអ្វីនៅឡើយទេ ដែលរកឃើញនៅជើងភ្នំតាក្រៀម ដែលនៅលាយឡំជាមួយពពួកគ្រីណូអ៊ីត។ ក្នុងនោះផងដែរ យើងក៏បានរកឃើញបំណែកធ្មេញ មានទំហំប្រមាណ២ស.ម ដែលមានលក្ខណៈប្រហាក់ប្រហែកនិងធ្មេញនៃពពួក Conodont ដែលនៅជាមួយក្រុមនៃពពួកឈ្លើង (រូបលេខ១០-១១)។ ទីតាំងទី៣ ក្រុមការងារសិក្សាស្រាវជ្រាវបានពិនិត្យនៅតាមជើងភ្នំនៃផ្នែកខាងលិចភ្នំ ជាប្រភេទ Sponge ដែលមានដើមតូចៗ និងរាងកាយទន់ដូចអេប៉ុង ដែលមានលក្ខណៈជាបំពង់ បាក់មួយកង់មានប្រវែងប្រមាណ៧ស.ម។ តាមរយៈភស្តុតាងអាចបញ្ជាក់អំពីវត្តមាន នៃអតីតសមុទ្រដែលធ្លាប់មាននៅក្នុងភូមិសាស្ត្រតំបន់ភ្នំតាក្រៀម។ ដែលយើងបានរកឃើញវត្តមាននៃសត្វសមុទ្រនៅផ្នែកខាងលើភ្នំ និងជើងភ្នំ។ យើងជឿថានឹងមានវត្តមានសត្វសមុទ្រផ្សេងទៀត ប្រសិនបើយើងមានការសិក្សាបន្ថែម។ តាមរយៈការសិក្សាដែលក្រុមការងារបានប្រមូលពីស្ថានីយផុស៊ីលសត្វសមុទ្រមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដូចជាភ្នំសំពៅ ភ្នំបាណន់ ភ្នំទាក់ទ្រាំង ភ្នំ៧ និងភ្នំក្រពើ បានបង្ហាញអំពីវត្តមានសត្វសមុទ្រកាលពីអតីកាល នៅស័ក Paleozoic សម័យកាល Permian (២៥១-២៩៩លានឆ្នាំ)។ ទោះបីជាយ៉ាងណានេះជាអាយុកាលបណ្តោះអាសន្នតែប៉ុណ្ណោះ វត្តមានផូស៊ីលសត្វភាគច្រើនមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ? យើងនិងមានការសិក្សាបន្ថែមទៀតទៅលើប្រភេទសត្វដែលយើងបានរកឃើញ៕












អត្ថបទដោយ៖ លោក លឹម វណ្ណច័ន្ទ