ទំព័រដើមប្រវត្តិសាស្ត្របម្រែបម្រួលសំណេរ​ពាក្យ «សោយ» (ភាគ២)

បម្រែបម្រួលសំណេរ​ពាក្យ «សោយ» (ភាគ២)

ចំពោះពាក្យ «ស្វេយ៑/ស្វេយ» នៅសម័យមុនអង្គរ​និងអង្គរ បានកម្លាយដោយផ្នត់ជែក [-អម់​-] ឬ [-អង់-] បង្កើត​បានជាពាក្យ «សំហ្វេយ៑» ឬ «សង្វេយ/សំង្វេយ៑» ដែលតាមការវិវត្ត​ភាសា​ខ្មែរ ពាក្យនេះអាចក្លាយមកជាពាក្យ «សង្វើយ» ប៉ុន្ដែពុំឃើញមាននៅក្នុងវចនានុក្រម​ខ្មែរឡើយ។ ពាក្យ «ស្វោយ» កាលបើកម្លាយដោយផ្នត់ជែក​ [-អង់-] បង្កើតបានជាពាក្យ «សង្វោយ» ដែលតាមវចនានុក្រម​ខ្មែរពន្យល់ពាក្យនេះមានន័យថា គ្រឿងសោយ ព្រះ​ស្ងោយ​ ឬសំណែន​បូជាទេវតា។ នៅសម័យបុរាណ «សង្វេយ» (សង្វើយ/សង្វោយ​)​ សំដៅ​ដល់​ដង្វាយដល់​អាទិទេព​ជាដើម ដូចជា ស្លាសំវេយ៑ (K.១៣៧១) = ស្លាសង្វោយ គឺ​ស្លា​សម្រាប់ថ្វាយព្រះ។ នៅ​ក្នុងសិលាចារឹកប្រាសាទជើងអង​មាន​បញ្ជាក់​អំពី​ព្រះ​សង្វោយ​ដូច​ឃ្លា​ថា៖ […] •វ្រះសំវេយ៑សបថ្វាយ៑រង្កោតជាយជ្ញ • ថ្លោង៑៤ • នំថុន៑ • សន្ដេកហ្វប៑វទិ • វទា • គ្រលេង៑ • ផុរិ • ផុរា • ធមាយ • កំបៅ • បរមាន • ក្ឞិរ • តិលមោន • (K.៩៩ មេទ្វា​រ​ខាង​ជើង) ដែល​អា​ច​សម្រាយ​ជា​​ភាសា​ខ្មែរទំនើបថា៖ […] ព្រះសង្វោយប្រចាំថ្ងៃ អង្ករសម្រាប់បូជា​យជ្ញ៤ថ្លោង នំថុន សណ្ដែក​ហូប វទិ វទា គ្រលេង ផុរិ ផុរា ធមាយ កំបោរ(?) បរិមាណ ទឹកដោះគោ ប្រេងក្រអូប។

តារាងសម្រង់ពាក្យ

សំណេរពាក្យបុរាណស្រង់ចេញពីសិលាចារឹក
ស្វេយ៑ ស្វេយK.33: 35; K.139: B 17; K.175: S15 & W10; K.194: A10, 13 & 27; K.211: 5; K.214: B18; K.219: 2; K.230: C3; K.235: D4, 64 & 81; K.277: S14 & 15; K.292 (x4); K.324: S14; K.327: S15; K.330: S18; K.331: S20; K.342: W18; K.350: N3, 5 & 6; K.352: N39 & 43; K.413: A13 & B10; K.444: A4 & C13; K.467: 8; K.523: C22 & 26; K.583: B7; K.598: B2; K.697: B3, 26 & 27; K.705: 10 & 11; K.817: 15, 17 & 19; K.868: A3 & B7; K.956: 48; K.1065: 4 & 5
ស្វោយ ស្វោ្យK.261: A20, K. 285: 17 & 21; K.301: 8, 18 (x2), 25 & 44; K.465: 12 & 15
ស្វោយ្យIMA 13:29
សោយK.261: B26, D26, E12 & E15; K.301: 46; K.303 No10: 12
សំហ្វេយ៑ 
សំវេយ៑K.99: N26; K.349: 15
សង្វេយK.143: A10; K.299: 5; K.315: N12; K.318: N13; K.353: S33; K.702: B12; K.1073

ថ្វីដ្បិតតែនៅក្នុងវចនានុក្រមខ្មែរ ពុំមានពាក្យ «សង្វើយ» ក្ដី ប៉ុន្ដែយើងឃើញមាន​ពាក្យ​នេះប្រើជាស្ថាននាម ដែលជានាមឃុំមួយស្ថិតនៅក្នុង​ស្រុកជីក្រែង ខេត្តសៀមរាប។ ម្យ៉ាងទៀត រណ្ដាប់សែនឬសំណែនបានបាយសម្លនំបង្អែមជាដើម​ ​ដែលគេសែនឱ្យខ្មោច ក៏ហៅថា បាយសង្វើយ។ រណ្ដាប់សំណែនក្នុងពិធីសំពះគ្រូរបាំនិងល្ខោន ក៏ហៅថា «សង្វើយ» ផងដែរ។ ចំណែកឯគ្រឿងរណ្ដាប់សម្រាប់បូជាថ្វាយព្រះបិតរ នៅក្នុងកិច្ចពិធី​ចាក់ទឹកដូងថ្វាយព្រះបិតរក្នុងព្រះបរមរាជវាំងក៏ហៅថា គ្រឿងសង្វោយ ឬ គ្រឿងសង្វើយ។ យើង​​ឃើញថា​ពាក្យ «សង្វើយ» ពុំប្រើប្រាស់សម្រាប់មនុស្សរស់ឡើយ គេប្រើសម្រាប់រណ្ដាប់សែនខ្មោច រណ្ដាប់គ្រូ រណ្ដាប់​ថ្វាយ​វិញ្ញាណក្ខន្ធព្រះមហាក្សត្រ និងរណ្ដាប់ថ្វាយទេវតា។

គំនូសបង្ហាញពី​បម្រែបម្រួលសំណេរពាក្យ សោយ

តាមរយៈការពិនិត្យខាងលើនេះ យើងឃើញកាន់តែច្បាស់ថា ពាក្យសៀម «สังเวย» ជា​ពាក្យយកពីខ្មែរបុរាណទៅប្រើប្រាស់ ដ្បិតពាក្យសៀមពុំមានកម្លាយដោយផ្នត់ ដូច​ភាសា​​​ខ្មែរឡើយ។ ដូច្នេះ ពុំគួរមានមន្ទិលសង្ស័យថាពាក្យ «សង្វើយ» ដែលពុំមាននៅក្នុង​វចនានុក្រមខ្មែរនោះ ជាពាក្យប្រើតាមសៀមឡើយ ប៉ុន្ដែជាពាក្យដែលត្រូវបញ្ចូលក្នុង​វចនានុក្រមខ្មែរ​នាគ្រាក្រោយៗទៀត។

ដូច្នេះ យើងអាចពិនិត្យជារួមបានថា ពាក្យ «សោយ» ជាពាក្យដែលមានប្រើ​តាំង​ពី​សម័យមុនអង្គរ ដែលមានសំណេរជា «ស្វេយ៑» និងបន្ដប្រើរហូតមកដល់សម័យអង្គរ។ នៅសម័យកណ្ដាល ពាក្យនេះមានបម្រែបម្រួលមកជា «ស្វោយ» វិញ ដែលសង្កេតឃើញ​មាននៅលើសិលាចារឹក។ មកដល់ដើមស.វ.ទី២០ ពាក្យនេះចាប់ផ្ដើមនិយមប្រើជា «សោយ» បន្ដិចម្ដងៗ រហូតស្ទើរតែលែងមានអ្នកស្គាល់ពាក្យ «ស្វោយ» នាពេលបច្ចុប្បន្ន។ ពាក្យ​ «ស្វេយ» បានបង្កើតពាក្យថ្មីតាមរយៈផ្នត់កម្លាយជា «សង្វេយ > សង្វើយ»។ ដូចគ្នា​ដែរ ពាក្យ «ស្វោយ» បង្កើតពាក្យថ្មីតាមរយៈផ្នត់កម្លាយជា «សង្វោយ»។ ពាក្យ «ស្វោយ» ក្លាយ​សូរ​មកជា «សោយ» និងប្រហែល​ជា​បង្កើតបានជាពាក្យកម្លាយមួយទៀតគឺ «ស្ងោយ»។ ពាក្យ «ស្ងោយ» នេះ ក៏ទំនងជាអាចជាពាក្យក្លាយសូរមកពីពាក្យ «សង្វោយ» ផងដែរ ដ្បិត​យើង​សង្កេតឃើញន័យរបស់ពាក្យ «ស្ងោយ» និង «សង្វោយ» នេះ ដែលទាក់ទងគ្នា​នោះ គឺសំដៅ​ដល់គ្រឿង​សោយ​ សំណែនសម្រាប់បូជាដល់អមនុស្ស មានទេវតា​ ខ្មោច។ល។

នៅក្នុងអត្ថបទនេះ ពុំទាន់សិក្សាលើទំនាក់ទំនងពាក្យ «ស្វេយ» និងពាក្យ «ស៊ី/ឆី» នៅឡើយទេ ដ្បិតពាក្យទាំងនេះ មានទំនាក់ទំនងគ្នាដែលគួរតែលើកយកមកពិនិត្យមើល​បន្ថែមទៀតនៅពេលក្រោយ៕

បាយសង្វើយ ភូមិជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង (តំបន់អារ៉ែង) (រូបថត៖ អាន រស្មី)
ភូមិជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង រៀបបាយសង្វើយ សែនខ្មោចសាច់ញាតិ (រូបថត៖ អាន រស្មី)
ពិធីថ្វាយគ្រឿងសង្វើយនៅមុខប្រាសាទបន្ទាយឆ្មារ (រូបថត៖ https://web.facebook.com/tatoultompong)

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!