តូវ៉ា (Torwa) គឺជាឈ្មោះ នៃសន្តតិវង្ស ឬ អាណាចក្រមួយនៅក្នុងប្រទេសហ្សីមបាវ៉េ ដែលកកើតឡើងបន្ទាប់ពីការដួលរលំរបស់អាណាចក្រ ហ្សីមបាវ៉េ (Great Zimbabwe)នាដើមស.វ.ទី ១៦ និង១៧នៃគ.ស.។ ហើយសព្វថ្ងៃស្ថិតនៅខាងលិចនៃប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) ដែលសំបូរដោយជនជាតិ បុនទូ (Buntu) ដែលជាជនជាតិបុរាណរស់នៅក្នុងទឹកដីនៃប្រទេសអាហ្វិ្រចខាងត្បូងមួយនេះតាំងពីដើម និងជនជាតិកាឡាំងហ្គា ( Kalanga people)។
ជនជាតិកាឡាំងកា (តូវ៉ា) ចាប់ផ្តើមមានឥទ្ឋិពលដំបូងចាប់ពីស.វ.ទី១៥ នៃគ.ស. និងចាប់ពីស.វ.ទី១៧ តំបន់នៃអាណាចក្រហ្សីមបាវ៉េត្រូវបានគ្រប់គ្រងដោយតូវ៉ា ដែលកសាងទីក្រុងផ្សេងៗដូចជា ខាំមី (Khami), ដាណាម៉ូមបេ, Naletale, Zinjanja, Manyanga ជាដើម។
ក្នុងចំណោមទីក្រុងទាំងនោះ ទីក្រុងខាំមី គឺជាទីក្រុងស្នូលសំខាន់ជាងគេ ដែលមានទីតាំងស្ថិតនៅខាងលិចនៃទន្លេខាំមី (Khami River) និងមានចម្ងាយប្រមាណជាង២២គឺឡូពីទីក្រុង Bulawayo។ ទីតំបន់នៃទីក្រុងនេះ គឺជាផ្នែកមួយដ៏សំខាន់នៃបណ្តាញផ្លូវពាណិជ្ជកម្មនៅក្នុងតំបន់អាហ្វិ្រចខាងជើង (រូបលេខ១) ដោយតាមរយៈការសិក្សាផ្នែកបុរាណវិទ្យានៅក្នុងតំបន់នេះ អ្នកបុរាណវិទូបានរកឃើញនូវកុលាលភាជន៍ដែលមានប្រភពមកតំបន់អាស៊ី និងជាពិសេសកាក់ប្រាក់ដែលមកពីតំបន់អារ៉ាប់ជាដើម។ ការរកឃើញនៃវត្ថុតាងទាំងនោះបានបង្ហាញអំពីវិសាលភាពនៃការជួញដូរ ទោះបីជាអាណាចក្រហ្សីមបាវ៉េ បានដួលរលំក៏ដោយ ក៏ជំនួញការជួញដូរនៅតែបន្តទៀត។ តាមរយៈទិន្នន័យដែលបានរកឃើញនេះ អ្នកស្រាវជ្រាវបានបង្ហាញថា តំបន់នៃទីក្រុងនេះ គឺមានការតាំងទីរស់នៅរយៈពេលយ៉ាងយូរ ពោលគឺចាប់តាំងពីសម័យកាលនៃអាណាចក្រ ហ្សីមបាវ៉េ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងសម័យកាលនៃអាណាចក្រ តូវ៉ា។ ការប្រតិបត្តិប្រពៃណី និងបច្ចេកទេសស្ថាបត្យកម្មថ្មដ៏មហិមានៅតែបន្តកសាងទៀត។
សំណង់ប្រាសាទថ្ម ឃើញមានកសាងតាំងពីអរិយធម៌ ក្រិក ហ្សីមបាវ៉េនៅតែបន្ត កសាងនៅក្នុងវប្បធម៌នៃតូវ៉ា។ ចំពោះសំណង់ប្រាសាទថ្មទាំងនោះ គឺកសាងនៅលើតំបន់ភ្នំធម្មជាតិ ដោយយកថ្មតូចៗជាច្រើនដាក់ពីលើគ្នា។ ស្ថាបត្យកម្ម និងវត្ថុបុរាណដែលអ្នកបុរាណវិទូបានផ្តល់ គឺជាភស្តុតាងសម្រាប់ការយល់ដឹងអំពីការវិវត្តន៌នៃវប្បធម៌ទំនៀមទំលាប់របស់មនុស្សក្នុងប្រទេសអាហ្រ្វិចមួយនេះ។ ទីក្រុងនេះ ក៏ជាតំបន់នយោបាយ សាសនាដ៏សំខាន់នៅក្នុងតំបន់ទ្វីបអាហ្រិ្វចខាងត្បូង។
សំណង់ស្ថាបត្យកម្មថ្មនៅក្នុងទីក្រុងខាំមី ជាប់ជាសំណង់ធំជាងគេទី២នៅក្នុងប្រទេសហ្សីបាវ៉េ បន្ទាប់ពីទីក្រុង Masvingo ដែលកសាងក្នុងសម័យកាលអាណាចក្រ ក្រិក ហ្សីមបាវ៉េ។ ទីក្រុងនេះក៏ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៦។
តាមរយៈឯកសារព័រទុយកាលបានបង្ហាញអំពីការធ្លាក់ចុះ នៃអាណាចក្រ ហ្សីមបាវ៉េ និងការកកើតនៃអាណាចក្រ តូវ៉ា Torwa នៅស.វ.ទី ១៦។
សរុបរួមមកតាមរយៈទិន្នន័យបុរាណវិទ្យា ដែលបានរកឃើញវត្ថុសិល្បៈជាច្រើននៅក្នុងទីក្រុងនៃអាណាចក្រតូវ៉ា ដែលជាភស្ថុតាង បង្ហាញអំពីការទំនាក់ទំនងតំបន់អាហ្វ្រិច និងតំបន់អាស៊ីអឺរ៉ុបជាដើម។ ចំពោះសំណង់ស្ថាបត្យកម្មនៅក្នុងសម័យកាលនេះ ក៏នៅតែបន្តប្រតិបត្តិប្រពៃណីពីអាណាចក្រ ក្រិក ហ្សីមបាវ៉េ៕
អត្ថបទដោយ៖ លោក អេង តុលា