ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកភាសាខ្មែរនៅវត្តគិរីស្តេចគង់

សិលាចារឹកភាសាខ្មែរនៅវត្តគិរីស្តេចគង់

វត្តគិរីស្តេចគង់ មានទីតាំងស្ថិតនៅឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គឺជាអតីតទីតាំងបុរាណដ្ឋានមួយនៅស.វ.ទី៧ ក្នុងសម័យចេនឡា ប៉ុន្តែប្រាសាទទាំងអម្បាលមានបានបាក់រលំអស់ទៅហើយ។ ជាទូទៅ ប្រសិនបើគេនិយាយអំពីសិលាចារឹកនៅវត្តគិរីស្តេចគង់ គេច្រើនតែស្គាល់សិលាចារឹកភាសាសំស្រ្កឹតដ៏ល្បីល្បាញមួយដែលគេនិយមហៅថា “សិលាចារឹកសុវណ្ណភូមិ”។ ទោះបីជាយ៉ាងណា ក្រៅពីសិលាចារឹកសំស្រ្កឹតដ៏ល្បីល្បាញនេះ វត្តនេះធ្លាប់រកឃើញសិលាចារឹកបុរាណចំនួនពីរផ្ទាំងទៀត មានមួយផ្ទាំងជាសិលាចារឹកជាភាសាសំស្រ្កឹតលាយភាសាខ្មែរ និងមួយផ្ទាំងទៀតជាអត្ថបទសំស្រ្កឹតលាយភាសាខ្មែរដូចគ្នា តែមានភាពរលុបខ្លាំងពិបាកក្នុងការអាន។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងសិក្សាលម្អិតអំពីសិលាចារឹកនៅវត្តគិរីស្តេចគង់ទាំងពីរផ្ទាំងនេះ។

ទីតាំងវត្តគិរីស្តេចគង់ ដែលជាអតីតប្រាសាទបុរាណនៅស.វ.ទី៧ (រូបថត៖ ខេង សុខឡេង)

គោលចារឹកទី១ ចារនៅរវាងស.វ.ទី៧ លើបង្គោលសីមាធ្វើអំពីថ្មភក់ រកឃើញនៅឆ្នាំ២០០៤ ហើយសព្វថ្ងៃរក្សាទុកនៅវត្តគិរីស្តេចគង់ដដែល។ ក្នុងនោះដែរ គោលចារឹកនេះ ជាអត្ថបទសិលាចារឹកមានអក្សរទាំងពីរជ្រុង ដោយជ្រុងទី១ចារឹកជាភាសាខ្មែរ និងជ្រុងទី២ចារឹកជាភាសាសំស្រ្កឹតនិងខ្មែរ ហើយសិលាចារឹកនេះមានការបាក់បែករលុបជាច្រើនផ្នែកដែរ។ នៅជ្រុងទី១ មានចំនួន ២០ បន្ទាត់រៀបរាប់អំពីពីតង្វាយឥស្សរជនម្នាក់មានគោរម្យងារជា តាង បានថ្វាយដល់ព្រះស្រី..រាយណ តង្វាយមាន អ្នកបម្រើបុរស​ (វា) និងនារី(កុ)។ ជ្រុងទី២ មាន៧ បន្ទាត់ ដោយបន្ទាត់ទី១ ដល់បន្ទាត់ទី៤ ជាភាសាសំស្ក្រឹត ដែលសេសសល់ពីការបែកថ្ម ដែលនាំឱ្យយើងមិនអាចប្រែន័យយល់បាន ប៉ុន្តែនៅក្នុងអត្ថបទនេះត្រង់បន្ទាត់ទី២ មានឃ្លាថា “ក្ឞេត្រឝតានិ” មានន័យថាស្រែទាំង១០០ ឬដីស្រែចំនួន១០០។ ដូច្នេះ បើយើងសង្ខេបខ្លឹមសារទាំងមូលនៃសិលាចារឹកនេះ គេចង់រៀបរាប់អំពីមូលនិធិសម្រាប់ជាមធ្យោបាយផ្គត់ផ្គង់ទេវាល័យនេះ ដែលម្ចាស់មូលនិធិនេះត្រូវបានរលុបបាត់ឈ្មោះ តែមានគោរមងារជា តាង  ដែលតង្វាយរបស់គាត់ថ្វាយដល់ព្រះនារាយណ៍ ឬព្រះវិស្ណុ ភស្តុភារគ្រឿងតង្វាយមាន បុរស នារី ដែលជាខ្ញុំទាស ព្រមទាំងកូនក្មេងតូចៗផងដែរ។

គោលចារឹកទី១ ជ្រុងទី១ និងជ្រុងទី២ នៅវត្តគិរីស្តេចគង់ (ផ្តិតដោយ៖ កំ វណ្ណារ៉ា)

អត្ថបទពាក្យចារឹក

ជ្រុងទី១

            ១.        [អំ]នោយ តាង …….

            ២.        ឰ ត វ្រះ [កម្រតា]

            ៣.       ង អញ៑ ឝ្រី……….

            ៤.        នារាយន វា……..

            ៥.        ន៑១ វា កន្តា

            ៦.        ង៑ អរស១ វា ប

            ៧.        ន្លាស៑១ វា តឯ[ត វា ធ]

            ៨.        ម៌្មបាល១ វា ក…. [វា]

            ៩.        អទិត៑១ វា លន្ទិ១

            ១០.      …វា បឯំ១ វា វ ..

            ១១.     ១ វា កន្សំ១ វា ក …

            ១២.     [វា] ត្យោន១ វា កន្ទោល៑ ១

            ១៣.    ….តុ១ កុ ច្លៅ១ កោន្កុ១ [កុ]

            ១៤.     ច្លៅ១ ប្ឧន កុច្លៅ ២

            ១៥.     ១ កោន្កុ១ អមេ វាប…

            ១៦.     មេ សំវេរ៑១ អំនោ[យ៑] ….

            ១៧.     ១ កុទរិទ្រ១ កុ ត្ឝោ [១ កោ]

            ១៨.     ន្កុ៣ កុកន្ទិន១ [កោន្កុ]

            ១៩.     ២ កុ សឧយ៑១ ……..

            ២០.     ….យ៑ អ្គត………

សេចក្ដីប្រែ

          [១-២០] អំនោយរបស់ព្រះតេជគុណ តាង ….ថ្វាយចំពោះព្រះ កម្រតាង អញ៑ ឝ្រីនារាយណ៍ មាន វា…..ន៑១ វា កន្តាង៑ អរស១ វា បន្លាស៑១ វា តឯ[ត វា ធម៌្មបាល១ វា ក…. វាអទិត៑១ វា លន្ទិ១…វា បឯំ១ វា វ ..១ វា កន្សំ១ វា ក …វា ត្យោន១ វា កន្ទោល៑ ១….តុ១ កុ ច្លៅ១ កោន្កុ១ កុច្លៅ១ ប្ឧន កុច្លៅ ១ កោន្កុ១ អមេ វាប…មេ សំវេរ៑១ អំនោ[យ៑] ….១ កុទរិទ្រ១ កុ ត្ឝោ ១ កោន្កុ៣ កុកន្ទិន១ កោន្កុ២ កុ សឧយ៑១ ……យ៑ អ្គត……។

អត្ថបទពាក្យចារឹក

ជ្រុងទី២

          ១.        …..វ្ឋ ប្រមាណក……..

            ២.        ……ក្ឝេត្រឝតានិ …..

            ៣.       ….ម៌្មហិឞៃ…………

            ៤.        ……តិការនោ……..

            ៥.        …..កុ៣ កោ្ល[ញ៑]…

            ៦.        ….ន៑ កុ៣ កុរ……

            ៧.        …..ន្ភុល៑ ……..

គោលចារឹកទី២ ចារនៅរវាងស.វ.ទី៧ មានចំនួន​ ៩ បន្ទាត់ ចារនៅលើបង្គោលសីមាស្តម្ភធ្វើអំពីថ្មភក់ លម្អជារាងផ្កាឈូក រកឃើញនៅឆ្នាំ២០០៤ ហើយសព្វថ្ងៃរក្សាទុកនៅវត្តគិរីស្តេចគង់។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺ ផ្នែកជាច្រើនជាភាសាសំស្រ្កឹតរបស់សិលាចារឹកបានរលុបអក្សរទៅហើយ រីឯផ្នែកខាងភាសាខ្មែរក៏រលុបពិបាកមើលដូចគ្នា តែយើងអាចនៅមើលឃើញឃ្លាមួយដែលគេចង់និយាយអំពីតង្វាយគោចំនួន ២០ ក្បាល និងដីស្រែដល់ទេវស្ថាន។

គោលចារឹកទី២ នៅវត្តគិរីស្តេចគង់ (ផ្តិតដោយ៖ កំ វណ្ណារ៉ា)

ជារួមមក ក្រៅពីសិលាចារឹកសុវណ្ណភូមិដ៏ល្បីល្បាញ នៅវត្តគិរីស្តេចគង់នៅមានសិលាចារឹកចំនួនពីរផ្ទាំងទៀត ដែលអាចផ្តល់ជាទិន្នន័យខ្លះៗដល់ការសិក្សាវិស័យសិលាចារឹកបុរាណរបស់ខ្មែរ។ សិលាចារឹកទាំងពីរនេះ សរសេរជាភាសាសំស្រ្កឹតផង ភាសាខ្មែរផង ដែលរៀបរាប់អំពីតង្វាយរបស់ម្ចាស់បុណ្យថ្វាយដល់ទេវស្ថាន ហើយជាការសោកស្តាយនោះ គឺសិលាចារឹកទាំងពីរមានភាពរលុបអក្សរជាច្រើនបន្ទាត់។ ក្រៅពីសិលាចារឹកទាំងពីរផ្ទាំងនេះ តាមសង្ឃដីការបស់ព្រះគ្រូចៅអធិការ គេធ្លាប់រកឃើញគោលសីមាមានចារឹកអក្សរមួយផ្ទាំងទៀត ប៉ុន្តែគោលចារឹកនោះបានបាត់បង់ទៅហើយ៕

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!