ទំព័រដើមប្រវត្តិសាស្ត្របំណែកសិលាចារឹកវត្តរើល

បំណែកសិលាចារឹកវត្តរើល

វត្តរើល មានទីតាំងនៅ​ក្នុងភូមិរើលក្រោម​ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្ថិត​នៅ​ខាង​​ត្បូង​បន្ទាយព្រៃនគរ ប្រហែល៤គីឡូម៉ែត្រ។ នៅទីតាំងអារាមនេះ ពុំឃើញមាន​សំណល់បុរាណវត្ថុអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។ នៅខាងកើតវត្តមាន​បឹងមួយឈ្មោះថា​បឹងធំ ចំណែកឯនៅខាងជើងវត្តមានបឹងមួយទៀត ឈ្មោះថាបឹងតូច។ បើយោងតាម​ គេហ​ទំព័រ​ CISARK បាន​បញ្ជាក់ថានៅទីតាំងវត្តនេះ មាន​បំណែក​សិលាចារឹក​ចារ​លើ​ថ្មថ្លើ​ម​អណ្ដើក ឬថ្មស្រទាប់ នៅសល់​អក្សរចំនួន​៨បន្ទាត់ ដែល​តាម​រយៈ​រូបថត​ ឃើញ​មាន​សភាព​រេច​រឹល​រលុប​អក្សរអស់ប្រហែលជា​៦បន្ទាត់​។ បំណែក​ថ្ម​នេះ​មាន​កម្ពស់​ ៣៥ ស.ម. ទទឹង ២០ ស.ម. និងកម្រាស់ ៨ ស.ម.។ ប្រភពដដែលនេះបញ្ជាក់ថា​សិលា​ចារឹកនេះ មានប្រភព​មក​​ពី​ទួលបឹងតូច​ ដែលនៅជ្រុងអាគ្នេយ៍វត្តប្រហែល ២០០ ម៉ែត្រ។

ទីតាំងដើមពោធិ៍រកឃើញផ្ទាំងសិលាចារឹក (រូបថត CISARK)

លោកតា ឈុន ស៊ីម និងលោកតា នៃ ជុន ជា​អាចារ្យវត្តរើល បាន​បញ្ជាក់​ថា​សិលា​ចារឹក​​ដែល​បានរៀបរាប់ខាងលើនេះ បាន​បាត់ទៅហើយ ប៉ុន្តែ​បាន​ឃើញ​បំណែក​មួយ​ផ្នែក​ផ្សេង​​ទៀត។ ថ្មមួយបំណែកផ្សេងទៀតនេះ មាន​អក្សរចារឹក​ចំនួន ​៥ បន្ទាត់​ និងមានកម្ពស់ ២៩ ស.ម. ទទឹង ៤២ ស.ម.​ កម្រាស់ ៨ ស.ម.។ បំណែកនេះ ក៏​មានផ្នែ​ក​សឹក​រេចរឹ​ល​ច្រើន​ផង​ដែរ។ យោង​​តាម​លោកតា នៃ ជុន​ បាន​ប្រាប់ឱ្យដឹងថា សិលាចារឹកនេះ​រក​ឃើញ​នៅ​ម្ដុំ​ដើម​​ពោធិ៍​ក្បែរ​​រ​បង​វត្ត​ ជ្រុងអាគ្នេយ៍ ក្នុងអំឡុងមុនឆ្នាំ១៩៦០។ តាមការចងចាំរបស់​គាត់​ ថ្ម​នេះ​មាន​កម្ពស់​​ប្រហែល​ជាង ១៥០ ស.ម. ទទឹង​ចន្លោះពី ៥០ ទៅ​ ៧០ ស.ម. ប៉ុន្តែ​នៅក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ថ្មនេះ​ត្រូវគេដំនិងកាត់ជាដុំៗ ប្រើសម្រាប់សំលៀងកាំបិតត្នោត។ ដោយ​ហេតុ​ដូច្នេះហើយ ទើប​មានបំណែកតូចៗមកដល់សព្វថ្ងៃនេះ។ តាមការរៀបរាប់នេះ ផ្ទាំង​ថ្ម​ចារឹកនេះ គួរតែជាមេទ្វារប្រាសាទ ដែលប្រើប្រាស់នៅសម័យមុនអង្គរ និង​ចារឹក​អក្សរ​នៅ​សម័យ​អង្គរ។

លោកតា ឈុន ស៊ីម និងលោកតា ជុន នៃ ផ្ដល់បទសម្ភាស (រូបថត៖ ឡា សុខហេង)

អត្ថបទចារឹក​នេះ ពុំមានចុះឬសល់កាលបរិច្ឆេទឡើយ ប៉ុន្ដែ​ទម្រង់តួអក្សរ គួរ​តែ​ស្ថិត​នៅ​ក្នុងស.វ.ទី​១១។ សេចក្តី​ដែល​នៅសល់​បានបង្ហាញ​ពីព្រះ​បាទ​ «វិឞ្ណុលោក» ដែល​​បច្ឆា​មរណ​នាម​ជា​​ព្រះបាទ​ស្រី​ជ័យ​វម៌្មទេវទី៣ ​ទ្រង់​បាន​ប្រទាន​នាមដល់មន្ត្រីម្នាក់ជា «ម្រតាញ​ន្ឫបេន្ទ្រ» និង​មួយផ្នែកទៀត​ក៏បង្ហាញពី​ព្រះនាម​ព្រះបាទ​ស្រីឥន្ទ្រវម៌្មទេវ​(ទី១?)​។ អត្ថបទ​យ៉ាង​ខ្លី​បែប​នេះ ពុំអាចឱ្យយើងដឹងអ្វីច្រើន​នោះឡើយ ប៉ុន្ដែ​អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ទីតាំង​រកឃើញ​សិលាចារឹក​នេះ គឺនៅក្បែរ​រាជធានី «ឥន្ទ្របូរ» ដែលត្រូវគ្នា​នឹង​បន្ទាយព្រៃ​នគរ​ជា​ទីតាំង​ដែល​ព្រះបាទស្រីជ័យវម៌្មទេវទី២ ទ្រង់គង់នៅ ក្រោយពេលយាង​ត្រឡប់​មកអំពីជ្វា​វិញ​ មុន​នឹង​ចេ​ញ​ទៅហរិហរាល័យ នៅតំបន់រលួស ខេត្តសៀមរាប។

បំណែកសិលាចារឹកវត្តរើល ផ្ទាំងទី១ (រូបថត CISARK)
បំណែកសិលាចារឹកវត្តរើល ផ្ទាំងទី២ (រូបថត ហ៊ុន ឈុនតេង)

អត្ថបទសិលាចារឹកជាអក្សរខ្មែរទំនើប

បំណែកទី១

១- …ឝ្រីឦន្ទ្រវម៌្ម[[ទេវ]]…

២- …(បិ)តអ្ជិ(យេ)[[ង៑]]…

៣- …មិេ…

៤- …ទៅ…

[[រលុបដាច់ប្រហែល៦បន្ទាត់]]

៥- …

៦-​ …បូរទេ…ន…ន…

៧- …ចុញបង្គំ​ត(ធូលិ)វ្រះបាទ…

៨- …វ្រះស្ដាច..្យា…

៩- ………

បំណែកទី២

១- …បូ…

២- …(ទេ)ប​មាន​្រ…

៣- …[[វ្រះកម្រតេង]]]អញវិឞ្ណុលោក​ស្វេយរាជបិេ…

៤- …[វ្រះ]ករុណាឱយ​ជ្មះម្រតេងន្ឫបេន្ទ្រ…

៥- …ញប…

សេចក្ដីថ្លែងអំណរគុណ

          ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រូ ឡុង អូន លោកតា ជុន នៃ លោកតា ឈុន ស៊ីម អ្នកគ្រូ អ៊ុំ អូន និងលោកគ្រូ វ៉ន សាវង្ស ដែលបានជួយសាកសួរ ស្វែងរក និងផ្ដ​ល់​ដំណឹង​​អំពី​​​ផ្ទាំង​សិលាចារឹកនេះ​ និងលោក ឡា សុខហេង ដែលបានរួមដំណើរក្នុងការស្រាវជ្រាវនេះ​​៕

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!