ផ្នូរបញ្ចុះសព ក្នុងយុគសំរិទ្ធមួយកន្លែង ត្រូវបានរកឃើញកំឡុងពេលធ្វើកំណាយនៅតំបន់អភិវឌ្ឍន៍លំនៅដ្ឋានមួយក្នុងតំបន់ Cambridge។ ទីតាំងដែលបានរកឃើញទីតាំងបញ្ចុះសពនោះគឺស្ថិតនៅ Eddeva Park ក្នុង តំបន់Cambridge។ គម្រោងកំណាយនេះ គឺដឹកនាំដោយក្រុមអ្នកស្រាវជ្រាវមកពី Oxford Archaeology East។ ក្នុងអំឡុងពេលធ្វើកំណាយ ពួកគេបានរកឃើញសពចំនួន១២ និងកោដ្ឋចំនួន៥នៅទីតាំងនោះផ្ទាល់។ ក្នុងនោះ ក៏បានព្រួញ ដែលភាគច្រើនកប់ជាមួយនឹងសព ក្នុងយុគសំរិទ្ធ ហើយភាគច្រើនមានកាលបរិច្ឆេទពីចន្លោះឆ្នាំ ២២០០មុនគ.ស. និង ១០០០មុនគ.ស.។

ប្រភព៖ Oxford Archaeology East
លោក Louise Moan អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅ Oxford Archaeology East បាននិយាយថា ផ្នូរដែលបានរកឃើញនេះ គឺគ្រាន់តែជាផ្នែកមួយនៃកន្លែងទីបញ្ចុះសពដ៏ធំក្នុងតំបន់នេះ ដែលយើងកំពុងធ្វើកំណាយ។ ទីតាំងនេះ គឺមានការតាំងទីលំនៅក្នុងយុគសំរិទ្ធ។ ក្រៅពីនេះ ក៏បានរកឃើញពីរកន្លែងផ្សេងទៀតដែលមានវត្ថុសិល្បៈជាច្រើន រួមមានចានឆ្នាំង ឆ្អឹងសត្វ ឆ្អឹងសម្រាប់ធ្វើជាអាវុធជាដើម។

ប្រភព៖ Oxford Archaeology East
លោក Brenda Kibblewhite មកពីក្រុមហ៊ុនអភិវឌ្ឍន៍ This Land បាននិយាយថា «ដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ Eddeva Park របស់យើងបានបង្ហាញពីការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួន ហើយនេះគឺជាឱកាសដ៏ល្អមួយដើម្បីមើលការងារប្រវត្តិសាស្ត្រនេះ និងជួបអ្នកជំនាញ»។ បន្ទាប់ពីការធ្វើកំណាយរួច ទីតាំងនេះនឹងត្រូវសាងសង់ផ្ទះចំនួន ២៣០ខ្នង ដែលនឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ៕
ប្រភព៖ https://www.bbc.com/news/uk-england-cambridgeshire-63000585