កន្លងមក លោក ហ៊ុន ឈុនតេង ធ្លាប់បានផ្សាយដោយសង្ខេបខ្លះៗមកហើយ នៅក្នុងបណ្តាញ AMS អារ្យធម៌ខ្មែរ ស្តីពី “អត្ថន័យសិលាចារឹកសុវណ្ណភូមិ K.1419”។ ប៉ុន្តែ នៅក្នុងអត្ថបទនេះ យើងសូមបង្ហាញសេចក្តីនៃអត្ថបទទាំងមូលតែម្តង ដើម្បីជាចំណែកមួយចូលរួមក្នុងការសិក្សាសិលាចារឹកសំស្រ្កឹតបុរាណនៅកម្ពុជា។ វត្តគិរីស្តេចគង់ មានទីតាំងស្ថិតនៅឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអតីតប្រាសាទបុរាណនៅក្នុងស.វ.ទី៧ ដែលសព្វថ្ងៃគេបានរកឃើញគ្រឹះរបស់ប្រាសាទ បន្ទាប់ពីការធ្វើកំណាយសង្គ្រោះរបស់នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិសាស្រ្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សិលាចារឹកសំស្រ្កឹតនៅវត្តគិរីស្តេចគង់ដែលយើងលើកមកសិក្សានៅពេលនេះ ជាទូទៅគេស្គាល់ថា “សិលាចារឹកសុវណ្ណភូមិ” ដោយសារក្នុងសេចក្តីនៃចារឹកមានរំលេចនូវពាក្យ “សុវណ៌្ណភូមិ”។
អត្ថបទសិលាចារឹកសំស្រ្កឹតនេះ ផ្សព្វផ្សាយឡើងដំបូងនៅរវាងចុងឆ្នាំ២០១៧ ដើមឆ្នាំ២០១៨ ដោយលោក វង់ សុធារ៉ា នៅក្នុងគណនេយ្យហ្វេសបុករបស់លោកផ្ទាល់ និងតាមរយៈការឡើងធ្វើបទសម្ភាសន៍អំពីរបកគំហើញនៃសិលាចារឹកនេះនៅតាមស្ថានីយទូរទស្សន៍ និងវិទ្យុក្នុងស្រុក ដោយមានការចូលរួមពីសំណាក់ លោក ហ៊ុន ឈុនតេង និងលោកស្រី ឆោម គន្ធា ផងដែរ។ ក្រោយមកទៀត ក៏មានព្រះសង្ឃខ្មែរនៅបរទេសមួយចំនួន ចាប់អារម្មណ៍យកសិលាចារឹកនេះទៅសិក្សាបន្ត ដូចជា ព្រះគម្តែងសង្ឃ សែម ឈុនលី ព្រះគម្តែងសង្ឃ អេង សុគង់។ នៅក្នុងឆ្នាំ២០១៨ លោក លី រស្មី និងរូបខ្ញុំបាទ ធ្លាប់បានបកប្រែសិលាចារឹកនេះទាំងមូលម្តងរួចមកហើយ ដោយបានផ្សព្វផ្សាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គម តាមរយៈគណនេយ្យហ្វេសបុករបស់លោក លី រស្មី ។ លុះមកដល់ឆ្នាំ២០១៩ លោកស្រី ឆោម គន្ធា លោក វង់ សុធារ៉ា និងលោក ហ៊ុន ឈុនតេង បានចេញផ្សាយអត្ថបទអំពីសិលាចារឹកនេះនៅក្នុងទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំទី៦៦ លេខ៤ (លេខពិសេស) របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
សិលាចារឹកវត្តគិរីស្តេចគង់ ចារឹកឡើងនៅមហាសករាជឆ្នាំ ៥៥៥ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ ៦៣៣ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។ សិលាចារឹកនេះ មានចំនួន ២២ បន្ទាប់ ចារនៅលើប្រភេទថ្មស្រទាប់ដែលគេយកមកធ្វើជាមេទ្វារ និងមានខ្នាតសរុប ១០០ស.ម. x ៥៥ស.ម. ដោយសព្វថ្ងៃចុះបញ្ជីលេខ K.1419។ ខ្លឹមសាររួមរបស់សិលាចារឹកនេះ អាចសង្ខេបមកដូចខាងក្រោម៖
- ផ្នែកខាងលើពោលអួតសរសើរដល់ទេពក្នុងព្រហ្មញ្ញសាសនា និងការរួមបញ្ចូលគ្នារវាងទេពសំខាន់ពីរ គឺព្រះឥសូរ និងព្រះវិស្ណុ ដែលយើងតែងស្គាល់ថា “ហរិហរ” និងព្រំដែនរដ្ឋបាលរបស់ព្រះឦសានវរ្ម័នទី១ គឺសុវណ្ណភូមិព័ទ្ធជុំវិញដោយសមុទ្រ និងរៀបរាប់ពីមូលនិធីរបស់ព្រៅឯត្ត ថ្វាយចំពោះព្រះស្រីបុស្ករេស មានដីស្រែ គោ ក្រីបី ដោយមានបញ្ជាក់ចំនួនយ៉ាងជាក់លាក់។ មានស្លោកដាក់បណ្តាសាដល់អ្នកលបលួចយកទ្រព្យសម្បត្តិរបស់ទេពឱ្យធ្លាក់នរក និងបញ្ជាក់កាលបរិច្ឆេទឆ្នាំ៥៥៥ស.ក. ខាងដើមខ្នើត ខែចេត្រ ព្រះចន្រ្ទសោយឫក្សអស្វនីនក្សត្រ ដោយរាប់ចាប់ពីតុលរាសី រហូតដល់មិថុនរាសី។
- ស្លោកចុងក្រោយបង្ហាញជាម៉ោងពេលវេលាថា “សុភលគ្ន” ជាពេលដ៏ល្អក្នុងការប្រតិស្ថាន ដោយការកំណត់យកចំពេលព្រះអាទិត្យរះឡើងក្នុងកុម្ភៈរាសី គោចរឈានកន្លងចូលដល់មិនារាសី ចាបក្រមជាអក្សកោងនៃចក្ររាសី ដែលជាពេលប្រតិស្ថានព្រះស្រី ហរ ក្រឹស្ណ។
- ជាទូទៅ ក្នុងតារាសាស្រ្តកំណត់ខែកុម្ភៈមាន ៤ មហានាទី គុណ ២៤ ស្មើ ៩៦នាទី ត្រូវ១ម៉ោង ៣៦នាទី។ ក្នុងមិនារាសីមាន ៥ មហានាទី គុណ ២៤ ស្មើ ១២០នាទី ត្រូវជា ២ម៉ោង។ លគ្នឈានកន្លងពីកុម្ភៈរាសី ទៅមិនារាសី យក១ម៉ោង៣៥នាទី គុណ ២ម៉ោងស្មើនឹង ៣ម៉ោង៣៦នាទី។ ព្រះអាទិត្យរះនៅម៉ោង៦ព្រឹក បូក៣ម៉ោង៣៦នាទី ត្រូវជាម៉ោង ៩កន្លះព្រឹក។ ដូច្នេះ គេប្រតិស្ថានរូបព្រះស្រី ហរ ក្រឹស្ណ នៅម៉ោង ៩ កន្លះព្រឹក។
អត្ថបទពាក្យចារឹក
១. ជយត្យ ធីឝស៑ សុរមៅលិ កូដ ចូទាមណីន៑ វិស្ផុរទុន្មយូញ្ចាន៑
វិជិត្យ តន៑ មូទ៌្ធសុ យស្យ បាទ នខ ប្រភា វិឞ្ក្ឫត ចន្ទ្រកាន្តិះ។
២. ឝ្រីឝានវិឞ្ណូជយតស៑ សុរេឝៅ យយោឝ៑ ឝរីរាទ៌្ធ សមាគមេន
អវិវ៌្វភូវាមរមាណវេឞុ វិភុត្វមេកត្វមនេកតា ច ។
៣. វក្ត្រេណ ធីឝ៑ ឝ្រី រុរសា ច បទ្ភ្យាំ ភុ+បាលិតា ស្មត៑ បតិន៑ អតិភាគ្យាត៑
ក្ឞិប្តាហិទូរំ យទហន្ត្វ ធន្យា យំ កីត៌ិ្តរ៑ ឧទ្ទិឝ្យ វទេទ៑ ឥតីវ ។
៤. សមុទ្របយ៌្យន្តសុវណ៌្ណភូមិ ប្ឫឞ្ថៃករាជេន្ទ្របរាក្រមឝ្រីះ
សមស្តសាមន្តឝិរោធ្ឫតាជ្ញឝ៑ ឝ្រីឝានវម៌្មាជយតិក្ឞិភីឝះ ។
៥. តស្យាបិភ្ឫត្យស៑ សមធត្តសំជ្ញាំ វ្រៅឯត្តឥត្យាត្មគុរុប្រទិឞ្ឋាំ
តត៑ បូវ៌្វជេ ស្ថាបិតវត្យនាទឹ ឝ្រីបុឞ្ករេឝំ ប្រថមំ សុរាណំា។
៦. គុរោស៑ ស្វភក្ត្យា ភគិនឹ មុរារេះ ឝ្រីឝវ៌្វគោវិន្ទមតិឞ្ឋិបត៑ សះ
ស្វយម្ភុទេវីភវកេឝវានាំ តេនាបិ សំស្ថាបិត ឯកភោគះ ។
៧. តេឞំា សុរាណាម៑ ឥហ ភ្ឫត្យសំខ្យា សំបិណ្ឌិតា ស្យាត៑ ត្រិឝតី គវាញ៑ ច
សា ត្រិង្ឝតី ក្ឞេត្រកមាហិឞាណាំ ប្រត្យេកមារាម ឥតិ ត្រយាណាំ ។
៨. ឯតានិ គោភូធន បូវ៌្វកាណិ សវ៌្វាណិ ធម៌្មាត៌្ថំ ឧបាជ៌ិ្ជតានិ
បទេ កុលានាំ ស្វកុលៃកទីបោ វ្រៅឯត្ត នាមាទិតទេវតាភ្យះ ។
៩. យជ្វា ត្រយាណាម៑ ឥហ ទេវតានាំ ទត្វា ធនំ យោ ហរតិ ស្ម លោភាត៑
សហ ប្រសូត្យា និរយេ និមជ្ជេ ទាសំ ប្លវាត៑ ស្ថាវរ ជង្គ មានាំ ។
១០. សមា ឝកេន្ទ្រស្យ ឝរេឞុ វាណៃរ៑ វិ្វនិគ៌្គតា ចៃត្រ សិតាទិរាត្រិះ
យទាឝ្វិនី ឝីតករោនុយាត្រិ តុលោទយោមៃថុនភាគ យុក្តះ ។
១១. មីនាជវីនា ឈឞមាគ៌្គកុម្ភ ចាបក្រមស្ថាឝ៑ ឝុភលគ្ន ទាស្តេ
(សូ )យ៌្យោទយឝ៑ ឝ្រីហរក្ឫឞ្ណមូត៌ិ្តម៑ អតិឞ្ឋិបត្តាំ វិធិនេហ យជា ។
បំណកប្រែ
១. ពន្លឺភ្លឺតាមចន្លោះព្រះនខា នៃព្រះបាទាទាំងគូរ ដូចជារស្មីនៃព្រះចន្ទ្រ បានភ្លឺឈ្នះអស់ពន្លឺត្បូងចូឌាមណីលើកំពូលមកុដនៃពួកទេវតាឡាំងឡាយ ហើយបានភ្លឺចែងចាំងឆ្វែលឆ្វាត់ពាសពេញព្រះសិរិសាទាំងអស់នៃទេពតាទាំងនោះ (ភាពអស្ចារ្យយ៉ាងនេះ) មានប្រាកដចំពោះព្រះអាទិទេពអង្គណា រីព្រះអាទិទេព (គឺព្រះហរិហរ) ជាអធិបតីអង្គនោះរមែងមានជ័យជម្នះ។
២. ការស្នងរូប ជាភាវៈមានអំណាចខ្លាងក្លាក្ដី ជាភាវៈតែម្យ៉ាង និងយ៉ាងច្រើនអនេកទៀតក្ដី បានកើតមានលើមាណព (ក្មេងកំលោះ) ដែលមានជីវិតអមតៈ ព្រោះតែការរួមផ្សុំផ្គុំគ្នានៃព្រះសរីរាង្គម្នាក់ពាក់កណ្ដាលរបស់ព្រះអាទិទេពទាំងពីរព្រះអង្គ រីព្រះអាទិទេពទាំងពីរព្រះអង្គដែលជាអធិបតិនៃពួកទេវតា គឺព្រះស្រីឦសាន (ព្រះសិវ) និង ព្រះវិស្ណុ (ព្រះនារាយណ៍) រមែងមានជ័យ ជម្នះ។
៣. មួយវិញទៀត ភពផែនដីក្ដី សិរីសួស្ដីក្ដី និងកិរិយាធ្វើឱ្យសម្រេចបានក្ដី ត្រូវបានរក្សាគ្រប់គ្រង ហើយថ្ងៃណាដែលអពមង្គ័លទាំងអស់ក៏ត្រូវបានបញ្ចៀសឱ្យឆ្ងាយទៅ ដោយព្រះ អាទិទេពជាអង្គម្ចាស់នៃយើងរាល់គ្នា តាមរយៈព្រះបាទាទាំងគូផង ព្រះឱរាផង និងព្រះឱស្ឋផង រហូតដល់មានសេចក្ដីសុខក្សេមក្សាន្តយ៉ាងក្រៃលែង ព្រះកិត្តិគុណ ឬភាពល្បីល្បាញយ៉ាងនេះ គេបានពោល ប្រដូចទៅនឹងព្រះរាជាអង្គឯណា។
៤.ព្រះរាជា ព្រះបាទស្រីឦសានវរ្ម័ន (អង្គនោះ) មានជ័យជម្នះ ទ្រង់ជាស្ដេចដ៏ចម្បងលើផែនដី ព្រះរាជអំណាចរបស់ទ្រង់ ត្រូវបានប្រទេសជិតខាងទាំងឡាយគោរពកោតខ្លាចដោយសិរសា ទ្រង់មានវីរភាពដ៏ខ្លាំងក្លាក្រៃលែង ជាស្ដេចដែលជាម្ចាស់លើគេតែមួយព្រះអង្គគត់ នៅលើដែនដីសុវណ៌្ណភូមិ ដែលលាតសន្ធឹងរហូតដល់ឆ្នេរសមុទ្រ ។
៥. រីឯសេវកាមាត្យរបស់ព្រះអង្គនាម វ្រៅឯត្ត ដោយការសម្គាល់ចាំទុកឱ្យសមតាមការចង្អុលបង្ហាញនៃគ្រូរបស់ខ្លួន (បានប្រតិស្ថាន) នូវ (ព្រះបដិមា) ព្រះស្រីបុស្ករេស (ព្រះសិវ) ដែលជាអាទិទេពទី១ នៃទេពទាំងឡាយ ត្រង់កន្លែងបុព្វជនដែលធ្លាប់បានកសាងតាំងពីយូរលង់ណាស់មកហើយនេះ។
៦. ដើម្បីជាការសម្ដែងពីភក្ដីភាពបស់ខ្លួនចំពោះគ្រូគាត់ក៏បានប្រតិស្ថាននូវព្រះបដិមា
ព្រះស្រីសវ៌្វគោវិន្ទៈ (ព្រះវិស្ណុ) និងព្រះនាងភគិនី (ភរិយា គឺព្រះនាងលក្ស្មី) នៃព្រះមុរារិ (ព្រះវិស្ណុ), ភោគទ្រព្យរួមរបស់ទេវតា (ទាំងបី) គឺព្រះនាងស្វយម្ភុទេវី (ព្រះនាងលក្ស្មី) ព្រះភវ (ព្រះសិវ) និងព្រះកេសវ (ព្រះវិស្ណុ) ក៏ត្រូវបានប្រមូលរៀបចំទុកដាក់ត្រួតពិនិត្យយ៉ាងល្អដោយគាត់ផងដែរ។
៧. ចំនួន (ភោគទ្រព្យ) សម្រាប់បម្រើការទាំងឡាយ ដល់ទេពទាំងអស់នោះក្នុងទេវស្ថាននេះ សរុបគឺមាន គោ ៣០០ក្បាល ព្រមទាំងក្របីសម្រាប់ធ្វើស្រែ ៣០ ក្បាល និងសួនបន្លែដោយឡែកៗនោះចំនួន ៣។
៨. (ភោគទ្រព្យ) សម្រាប់ទេវតាទាំងឡាយបានមកអំពីសេវកាមាត្យនាម វ្រៅឯត្ត នេះ មានគោ ដី និងទ្រព្យធនទាំងឡាយរបស់ជីដូនជីតា សព្វសារពើ និងភាពរុងរឿងទាំងឡាយក្នុងប្រយោជន៍ជាធម៌ទាំងអម្បាមាននេះ (ប្រៀបបានដូចជា) ប្រទីបមួយដើមក្នុងវង្សត្រកូលរបស់ខ្លួន (ហើយបំភ្លឺ) លើមាគ៌ានៃវង្សត្រកូលទាំងឡាយ។
៩. នរជនណា ព្រោះសេចក្ដីលោភលន់ បាននាំយកទៅ ដោយការផ្លាស់ប្ដូរ ឬការបំផ្លាញក្ដី នូវទ្រព្យធននៃទ្រព្យដែលជាចលនវត្ថុ ឬអចលវត្ថុទាំងឡាយរបស់ទេវតាទាំងបីព្រះអង្គ ដែលបានបូជា និងបរិច្ចាគហើយក្នុងទីនេះ នរជននោះ (បន្ទាប់អំពីស្លាប់ទៅ) នឹងត្រូវធ្លាក់ទៅកើតក្នុងស្ថាននរក រួមជាមួយនឹងជនដែលបានរួមគំនិតផងដែរ។
១០. កាលឆ្នាំនៃស្ដេចសក បានកន្លងទៅហើយ ៥៥៥ ឆ្នាំ (វាណ-ឥឞុ-ឝរ) ខាងដើមរាត្រី ខាងខ្នើតខែចេត្រ ព្រះចន្ទ្រសោយឫក្ស អឝ្វិនីនក្សត្រ ដោយផ្ដើមគោចរចេញពីតុលារាសី រហូតទៅដល់មិថុនរាសី ។
១១. ខណៈពេលសុភលគ្នដ៏ល្អ ដែលកំពុងស្ថិតតាមលំដាប់ចាប់ពី មីនៈរាសី មេសៈរាសី ធនុរាសី រហូតចាប់យកកន្លងវិថីនៃកុម្ភៈរាសី ចំពេលព្រះសុរិយារះឡើង គេបានបូជាថ្វាយ តាមពិធីកម្មរួចហើយ ក៏បានប្រតិស្ថាននូវព្រះបដិមាព្រះស្រី (ព្រះនាងលក្ស្មី) ព្រះហរ (ព្រះសិវ) និង ព្រះក្រឹស្ណ (ព្រះវិស្ណុ) ទាំងនោះក្នុងទេវស្ថាននេះ ។
វចនាធិប្បាយ
*ស្លោកទី១
ជយតិ = រមែងឈ្នះ,រមែង-តែង-តែងតែ..មានជ័យជម្នះ ..។
អធីឝៈ (អធិ+ឦឝៈ) = អធិបតី, ដ៏ចម្បងលើគេ..។
សុរមៅលិកូដចូឌាមណីន៑
សុរ = ទេព, ទេវតា…។
មៅលិ = ផ្នួងសក់, មកុដ, ចុងប៉ូច…។ល។
កូដ = ភ្នំ, កំពូល, ចុង, វៀច, ប្រហើន..។ល។
ចូឌាមណីន៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ..ប្រភេទត្បូងម្យ៉ាង, ត្បូងដែលបំពាក់លើកំពូល ឬទីខ្ពស់ ។
វិស្ផុរត៑ = បានផ្សាយទៅហើយ, បានចែងចាំហើយ, បានផ្យាយទៅពាសពេញហើយ.. ។
ឧន្មយូខាន៑ =ភ្លឺផ្លេក, រស្មីចែងចាំង, ពន្លឺឈ្វែលឆ្វាត់…។ល។
វិជិត្យ = បានឈ្នះហើយ, បានមានជ័យជម្នះហើយ ។
តត៑ = នោះ ។ល។
មូទ៌្ធសុ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទាប-ជិត…ក្បាល, កំពូល, សីសៈ..។ល។
យស្យ = អត្ថក្នុងឞឞ្ឋី នៃ-របស់ ។ល។ ហើយប្រើក្នុងអត្ថចតុថ៌ីមាន ដល់-ដើម្បី-បម្រុង-នឹង-ចំពោះ…ក៏បានដូចគ្នា។
បាទនខប្រភា
បាទ = បាទជើង ។
នខ = ក្រចក, ព្រះនខា ។
ប្រភា = ពន្លឺ, រស្មី,
អាវិឞ្ក្ឫត = បានធ្វើឱ្យដូច, ប្រដូច, ស្នង, ជាប់…។ល។
ចន្ទ្រកាន្តិះ = រស្មី ឬ ពន្លឺ របស់-នៃព្រះចន្ទ្រ ។
*ស្លោកទី២
ឝ្រីឝានវិឞ្ណូ (ឝ្រី ឦឝាន+វិឞ្ណុ, ប្រថមា ទ្វិវចនៈ)
ឝ្រី = សិរីសួស្ដី, ប្រសើរ, ព្រះ, ព្រះអង្គ, សិរី, រុងរឿងចម្រើន, ព្រះនាងលក្ស្មី, រូបសម្រស់, សោភណភាព.. ។ល។
ឦឝាន = ព្រះសិវៈ, ព្រះឥសូរ, ទិសឦសាន..។ល។
វិឞ្ណុ = ព្រះវិស្ណុ..។ល។
ជយតះ = រមែងឈ្នះ,រមែង-តែង-តែងតែ..មានជ័យជម្នះ ទាំងពីរនាក់ ឬ ទាំងពីរព្រះអង្គ។
សុរេឝៅ (សុរ+ឦឝ) = ទេវតាជាធំ ឬជាអធិបតីទាំងពីព្រះអង្គ…។ល។
យយោះ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទាំងពីរឯណា.. ។
ឝរីរាទ៌្ធសមាគមេន (ឝរីរ+អទ៌្ធ+សមាគម)
ឝរីរ = សរីរៈ, កាយ, រាង្គកាយ…។ល។
អទ៌្ធ = ពាក់កណ្ដាល, មួយចំហៀង..។ល។
សមាគមេន = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ..ការរួមផ្សុំផ្គុំ, ការរួមបញ្ចូលគ្នា…។ល។
អាវិះ =ការស្នង, ការចូលរូប, ការស្ថិតក្នុងខ្លួន..។ល។
វ្វភូវ (ពភូវ) = បានមានហើយ, បានកើតឡើងហើយ ។ល។
អមរមាណវេឞុ (អមរ+មាណវ)
អមរ = ដែលមិនស្លាប់, ដែលអមតៈ..។ល។
មាណវេឞុ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទាប-ជិត.. មាណព, ក្មេងកំលោះ,បុរសកំលោះ..។ល។
វិភុត្វម៑ = ភាពមានអំណាចខ្លាំងក្លា, ភាពជាធំក្រៃលែង..។ល។
ឯកត្វម៑ = ភាពតែម្យ៉ាង, ឯកភាព, ភាពតែមួយ..។ល។
អនេកតា = ភាពយ៉ាងច្រើនអនេក, ភាពយ៉ាងសម្បូរបែប, ភាពគ្រប់សព្វ..។ល។
ច = ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។
*ស្លោកទី៣
វក្ត្រេណ = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…ព្រះឱស្ឋ, ព្រះភក្ត្រ ឬ មុខ ។ល។
ធីះ =ការធ្វើឱ្យសម្រេច, ការទ្រទ្រង់, ប្រាជ្ញា ..។ល។
ឝ្រីះ = សិរីសួស្ដី, ប្រសើរ, ព្រះ, ព្រះអង្គ, សិរី, សេចក្ដីរុងរឿងចម្រើន, ព្រះនាងលក្ស្មី, រូបសម្រស់, សោភណភាព.. ។ល។
ឧរសា = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ..ទ្រូង ឬ ព្រះឱរា ។ល។
ច = ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។
បទ្ភ្យាម៑ =ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ..ជើង ឬ ព្រះបាទាទាំងពីរ ។ល។
ភូះ = ផែនដី, ពិភពលោក ..។ល។
បាលិតា = ត្រូវបានរក្សា, ត្រូវបានគ្រប់គ្រង់, ត្រូវបានគ្រប់គ្រង់រក្សា, ត្រូវបានកាន់កាប់..។ល។
អស្មត៑ = នៃ-របស់ យើង ។
បតិនា = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…លោកម្ចាស់, អង្គម្ចាស់, ប្ដី, អ្នកធំ.. ។ល។
អតិភាគ្យាត៑ = អំពី-ចាក-ចាប់តាំងអំពី-រហូតដល់-ព្រោះ…សេចក្ដីសុខក្សេមក្សាន្តយ៉ាងក្រៃលែង, ជោគវាសនាដ៏ចម្បង, ព្រេងសំណាងដ៏ធំធែង..។ល។
ក្ឞិប្តា = បាន-ត្រូវបាន ដាក់ចុះ, បញ្ជៀស, ទុក ។ល។
ហិ = ពិត, ពិតណាស់ ។ល។
ទូរម៑ = ឆ្ងាយ ។ល។
យទ៑ = ណា, ឯណា ។
អហន៑ = ថ្ងៃ, ទិវា, ទិវារាត្រី ..។ល។
តុ = ថែម, បន្ថែម, ថែមទាំង, ទោះបី, ប៉ុន្តែ, មួយវិញទៀត, ម្យ៉ាងវិញទៀត ។ល។
អធន្យា = អភ័ព្វ, សំណាងមិនល្អ, សេចក្ដីអាក្រក់..។ល។
យម៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ…ណា, ឯណា ។ល។
កីត៌ីរ៑ = កិត្តិគុណ, ភាពល្បីល្បាញ, ល្បីរន្ទឺ.. ។ល។
ឧទ្ទិឝ្យ = បានសំដៅហើយ, បានសំដៅទៅរក ឬទៅកាន់ហើយ, បានឆ្ពោះត្រង់ហើយ..។
វទេត៑ = បានពោលហើយ, បាននិយាយហើយ, បានស្ដីហើយ, បានប្រាប់ហើយ ..។ល។
ឥតិ = ដូច្នេះ, យ៉ាងនេះ, ដោយប្រការយ៉ាងនេះ, ថា, គឺ, ជា..។ល។
ឥវ = ដូច, ប្រដូច, ស្រដៀង, ត្រូវនឹងគ្នា, ប្រៀបបាននឹង …។ល។
*ស្លោកទី៤
សមុទ្របយ៌្យន្តសុវណ៌្ណភូមិ
សមុទ្រ = សមុទ្រ, សាគរ..។ល។
បយ៌្យន្ត = ឆ្នេរ, ច្រាំង, ទីចុងបំផុត, ចំណុចដែលលាតសន្ធឹងទៅដល់, ព្រុំសីមា…។ល។
សុវណ៌្ណភូមិ = ដែនដីមាស, ផ្ទៃដីមាស, តំបន់មាស..។ល។
ប្ឫឞ្ថៃករាជេន្ទ្របរាក្រមឝ្រីះ
ប្ឫឞ្ឋ = ខ្នង, ទួល, លើ…។ល។
ឯក = មួយ, ម្នាក់, មួយព្រះអង្គ..។ល។
រាជ = ព្រះរាជា, ស្ដេច, ក្សត្រិយ៍..។ល។
ឥន្ទ្រ = ជាធំ, ជាអធិបតី, ទេពដែលជាអធិបតី..។ល។
បរាក្រម = ខ្លាំងក្លា, ក្លាហាន, វីរភាព..។ល។
ឝ្រីះ = សិរីសួស្ដី, ប្រសើរ, ព្រះ, ព្រះអង្គ, សិរី, សេចចក្ដីរុងរឿងចម្រើន, ព្រះនាងលក្ស្មី, រូបសម្រស់, សោភណភាព.. ។ល។
សមស្តសាមន្តឝរោធ្ឫតាជ្ញះ
សមស្ត = ទាំងអស់, ទាំងឡាយ, ទាំងពួង, គ្រប់សព្វ..។ល។
សាមន្ត = ប្រទេសជិតខាង, តំបន់ជិតគ្នា, ជិត, ប្រកៀកគ្នា..។ល។
ឝិរស៑ = ក្បាល, សីសៈ, ព្រះសិរ..។ល។
ឧធ្ឫត (ឧទ្ធ្ឫត) = បាន-ត្រូវបាន..លើក, លើកឱ្យខ្ពស់, លើកទូល..។ល។
អាជ្ញះ = អំណាច, អាជ្ញា, ការគ្រប់គ្រង់, ការបង្គាប់បញ្ជា..។ល។
ឝ្រីឝានវម៌្មា (ឝ្រី ឦឝានវម៌្មា) = ព្រះបាទ ឝ្រី ឦឝានវម៌្មន, ព្រះរាជា ស្រី ឦសានវរ្ម័ន ។
ជយតិ =រមែងឈ្នះ, រមែង-តែង-តែងតែ..មានជ័យជម្នះ ..។
ក្ឞិតីឝះ (ក្ឞិតិ+ឦឝៈ) = ជាធំលើផែនដី, ជាអធិបតីលើផែនដី, ជាចម្បងលើពិភពលោក..
*ស្លោកទី៥
តស្យ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…បុគ្គលឯណា ឬ បុគ្គលនោះ.. ។ល។
អបិ = សូម្បី, ទោះបី, ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។
ភ្ឫត្យះ =អ្នកបំរើ, សេវកាមាត្យ..។ល។
សមធត្តសំជ្ញាម៑ = ការសម្គាល់ចាំទុកឱ្យសម …។ល។
វ្រៅឯត្ត ឥតិ = បុគ្គលឈ្មោះថា វ្រៅឯត្ត ។
អាត្មគុរុប្រទិឞ្ឋាម៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ-តាម…ការចង្អុលបង្ហាញ, កាណែនាំ ឬ ការបញ្ជានៃគ្រូរបស់ខ្លួន ។
តត៑ = នោះ ។ល។
បូវ៌្វជេ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…បុព្វជន, ជីដូនជីតា, អ្នកជំនាន់មុន, បង…។ល។
ស្ថាបិតវតិ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ដែលបានកសាង, ដែលបានប្រតិស្ថាន, ដែលបានតំកល់…។ល។
អនាទិម៑ = តាំងពីយូរលង់ណាស់មកហើយ, មិនដឹងទីចាប់ផ្ដើម, មិនដឹងពេលផ្ដួចផ្ដើម, មិនដឹងតាំងអំពីកាលណាមក, តរៀងមក…។ល។
ឝ្រី បុស្ករេឝម៑ = ព្រះស្រីបុស្ករៈដ៏ចម្បង..។ល។
ប្រថមម៑ = ជាទី១, ជាដំបូង, ជាបឋម…។ល។
សុរាណាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទេវតាទាំងឡាយ។
*ស្លោកទី៦
គុរោះ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…គ្រូ ឬ អាចារ្យ ។
ស្វភក្ត្យា = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…ភក្ដីភាព, សេចក្ដីគោរព, សេចក្ដីស្មោះត្រង់, សេចក្ដីស្រលាញ់ស្មោះស្ម័គ្រ…របស់ខ្លួន ។ល។
ភគិនិម៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ..បងប្អូនស្រី, ភរិយា, ប្រពន្ធ, ព្រះនាងលក្ស្មី..។
មុរារេះ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ព្រះវិស្ណុ..។ល។
ឝ្រី ឝ(ស)វ៌្វគោវិន្ទម៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ… ព្រះស្រីសវ៌គោវិន្ទៈ ។ល។
អតិឞ្ឋិបត៑ = បានប្រតិស្ថានហើយ, បានតំកល់ហើយ, បានតាំងទុកហើយ, បានកសាងហើយ… ។ល។
សះ = គាត់ ឬ គេនោះ ។ល។
ស្វយម្ភុទេវីភវកេឝវានាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ព្រះនាងស្វយម្ភុទេវី(ព្រះនាងលក្ស្មី), ព្រះភវ(ព្រះសិវៈ) និងព្រះកេសវៈ(ព្រះវិស្ណុ) ។
តេន = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…គាត់ ឬ គេនោះ
អបិ = សូម្បី, ទោះបី, ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។
សំស្ថាបិតះ = ត្រូវបាន..ប្រមូល, រៀបចំ, ទុកដាក់, ត្រួតពិនិត្យ, តំកល់ឱ្យល្អ…។ល។
ឯកភោគះ = ភោគៈទ្រព្យរួម, ភោគៈរួមតែមួយ..។ល។
*ស្លោកទី៧
តេឞាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…គេ, គាត់ ឬ ទេពទាំងឡាយនោះ។
សុរាណាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទេព ឬ ទេវតាទាំងឡាយ ។
ឥហ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ទីនេះ, ទីស្ថាននេះ, កន្លែងនេះ..។ល។
ភ្ឫត្យសំខ្យា = ចំនួននៃទ្រព្យ, មនុស្ស, សត្វសម្រាប់បម្រើការទាំងឡាយ ។ល។
សំបិណ្ឌិតា = សរុប, សង្ខេប, ពួនផ្ដុំ, គួបផ្គុំ, រួមសរុប…។ល។
ស្យាត៑ = បានមានហើយ..។ល។
ត្រិឝតី = ចំនួន ៣០០ ។
គវាំ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…គោទាំងឡាយ
ច = ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។
ត្រឹឝតី = ចំនួន ៣០ ។
ក្ឞេត្រកមាហិឞាណាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ក្របីទាំងឡាយ សម្រាប់ធ្វើស្រែ..។ល។
ប្រត្យេកម៑ = ចំណែក, ដោយឡែកៗ, វគ្គ, តែមួយៗ, នីមួយៗ..។ល។
អារាម = សួន, សួនច្បារ, សួនដំណាំ, សួនផ្កាបន្លែផ្លែឈើ, អារាម, ទីអាស្រម, ទីអាវាស..។ល។
ឥតិ = ដូច្នេះ, យ៉ាងនេះ, ដោយប្រការយ៉ាងនេះ, ថា, គឺ, ជា..។ល។
ត្រយាណាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ចំនួន ៣។
*ស្លោកទី៨
ឯតានិ = ទាំងឡាយនេះ, ទាំងអស់នេះ..។ល។
គោភូធនបូវ៌្វកានិ =(គោ+ភូ+ធន+បូវ៌ក)
គោ ដី និង ទ្រព្យធនទាំងឡាយរបស់ជីដូនជីតា ឬ អ្នកជំនាន់មុន។
សវ៌្វាណិ = សព្វគ្រប់, សព្វគ្រប់ទាំងអស់, សព្វសារពើ…។ល។
ធម៌្មាត៌្ថម៑ (ធម៌+អថ៌) = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ-ដោយ-ក្នុង …ប្រយោជន៍ជាធម៌..។ល។
ឧបាជ្ជិតានិ = ភាពបានរុងរឿងទាំងឡាយ, ភាពភ្លឺផ្សាយទៅទាំងឡាយ..។ល។
បទេ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ចំណែកជាគ្រឿងដល់,មាគ៌ា, ផ្លូវ, ជំហាន, បទ…។ល។
កុលានាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ត្រកូល ឬ ពូជពង្សទាំងឡាយ..។ល។
ស្វកុលៃកទីបះ (ស្វ-កុល-ឯក-ទីប) = ប្រទីបមួយដើមក្នុងវង្សត្រកូលរបស់ខ្លួន ។
វ្រៅឯត្ត នាមាត៑ = អំពី-ចាក-ចាប់តាំង-រហូតដល់-ហេតុ-ព្រោះ…ជនឈ្មោះ វ្រៅឯត្ត ។
ឥតះ = អំពី..នេះ, ខាងមុខនេះ, ក្នុងនេះ…។ល។
ទេវតាភ្យះ = អំពី-ចាក-ចាប់តាំង-រហូតដល់-ហេតុ-ព្រោះ-ដល់-ដើម្បី-បម្រុង-សម្រាប់….ទេវតាទាំងឡាយ។
*ស្លោកទី៩
យជ្វា = បានថ្វាយហើយ, បានបូជាហើយ..។ល។
ត្រយាណាម៑ =នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទាំងបី ៣ ។
ឥហ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ទីនេះ, ទីស្ថាននេះ, កន្លែងនេះ..។ល។
ទេវតានាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទេព ឬ ទេវតាទាំងឡាយ ។
ទត្វា = បានឱ្យហើយ, បានបរិច្ចាគហើយ..។
ធនម៑ = នូវ-កាន់-ញាំង-អស់-នឹង-ក្នុង-ដោយ-ចំពោះ…។ល។
យះ = ជន ឬ បុគ្គលឯណា ។
ហរតិ ស្ម = បាននាំយកទៅហើយ, បានលួចទៅហើយ..។ល។
លោភាត៑ = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…សេចក្ដីលោភលន់, បំណងចង់បាន, ការជំពាក់ចិត្ត..។ល។
សហ = ជាមួយ, រួមជាមួយ, មួយអន្លើ…។ល។
ប្រសូត្យា = ដោយកើតជាមួយ, កើតរួមជាមួយ..។ល។
និរយេ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ស្ថាននករ ។
និមជ្ជេត៑ = ត្រូវ-នឹងត្រូវ-គប្បី-គួរតែ..ធ្លាក់ចុះ, ច្រមុចចុះ…។ល។
អាសំ = នូវ-កាន់-ញាំង-អស់-នឹង-ក្នុង-ដោយ-ចំពោះ…ការបំបែក, ការបំផ្លាញ, ការប៉ះទង្គិចឱ្យខូច…។ល។
ប្លវាត៑ = អំពី-ចាក-ចាប់តាំង-រហូតដល់-ហេតុ-ដោយ-ព្រោះ…ការផ្លាស់ប្ដូរ, ការយកពីកន្លែងមួយទៅកាន់កន្លែងមួយទៀត, លោត, ផ្លោះ…។ល។
ស្ថាវរជង្គមនាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…វត្ថុដែលមានចលនា និង គ្មានចលនា, វត្ថុដែលអាចនាំយកទៅបាន និង មិនអាចនាំយកទៅបាន, ចលនវត្ថុ និង អចលវត្ថុទាំងឡាយ ។
*ស្លោកទី១០
សមា ឝកេន្ទ្រស្យឝរេឞុវាណៃះ វ្វិនិគ៌្គតា
សមា= ឆ្នាំ, វស្សា, វត្សរ៍ ។
ឝកេន្ទ្រស្យ = នៃ-របស់..ស្ដេចសកៈ ។
ឝរ= ព្រួញ, លេខ៥…។ល។
ឥឞុ = ព្រួញ, លេខ៥…។ល។
វាណៃះ = ព្រួញ, លេខ៥…។ល។
វិនិគ៌្គតា = បានកន្លងទៅហើយ, បានហួសទៅហើយ …។ល។
ឆ្នាំនៃស្ដេចសកៈ បានកន្លងទៅហើយ ៥៥៥ ឆ្នាំ (វាណ-ឥឞុ-ឝរ)។
ចៃត្រសិតាទិរាត្រិះ = ខាងដើមរាត្រី ខាងខ្នើតខែចេត្រ ។
យទា = ពេលណា, ថ្ងៃណា..។
អឝ្វិនីសីតករោនុយាត្រិ =ព្រះចន្ទ្រសោយឫក្ស អឝ្វិនីនក្សត្រ ។
តុលោទយះ = តុលារាសីងើបឡើង ឬ រះឡើង..។ល។
មៃថុនភាគយុក្តះ = ដល់ព្រម-ប្រកបដោយភាគមៃថុនរាសី ឬ មិថនរាសី..។ល។
*ស្លោកទី១១
មីនាជវីនាឈឞមាគ៌្គកុម្ភ ចាបក្រមស្ថា ឝុភលគ្ន ទាស្តេ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត….ខណៈពេលសុភលគ្នដ៏ល្អ ដែលកំពុងស្ថិតតាមលំដាប់ចាកពី មីនៈរាសី មេសៈរាសី ធនុរាសី រហូតចាប់យកកន្លងវីថីនៃ កុម្ភៈរាសី ។
សូយ៌្យោទយះ (សូយ៌+ឧទយះ) = ព្រះសុរិយារះឡើង, ព្រះអាទិត្យរះឡើង, ព្រះសុរិយោទ័យ…។ល។
ឝ្រីហរក្ឫឞ្ណមូត៌្តិម៑ (ឝ្រី+ហរ+ក្ឫឞ្ណ+មូត៌ិ) = នូវ-កាន់-ញាំង-អស់-នឹង-ក្នុង-ដោយ-ចំពោះ…ព្រះបដិមា ព្រះស្រី (ព្រះនាងលក្ស្មី) ព្រះហរៈ (ព្រះសិវៈ) ព្រះក្រឹស្ណៈ (ព្រះវិស្ណុ) ។
អតិឞ្ឋិបត៑ = បានប្រតិស្ថានហើយ, បានតំកល់ហើយ, បានកសាងហើយ…។ល។
តាន៑ = នូវ-កាន់-ញាំង-អស់-នឹង-ក្នុង-ដោយ-ចំពោះ…ទាំងនោះ ។
វិធិនា =ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…ពិធីកម្ម, បែបកិច្ចការ, របៀបធ្វើ..។ល។
ឥហ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ទីនេះ, ទីស្ថាននេះ, កន្លែងនេះ..។ល។
យជ្វា = បានបូជាហើយ, បានថ្វាយហើយ..។ល។
អត្ថបទដោយ៖ លោក កំ វណ្ណរ៉ា