ទំព័រដើមប្រវត្តិសាស្ត្របុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

បុរាណដ្ឋានប្រាសាទស្រះខ្ចៅ មានទីតាំងស្ថិតនៅលើជួរភ្នំមួយដែលរត់ជួរតាំងពីភ្នំចំប៉ា ភ្នំស្រួច ភ្នំសន្ទុក ភ្នំត្បែង ​ភ្នំពែនជុំ ហើយស្ថិតនៅក្នុងរដ្ឋបាលភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមាន​ចម្ងាយ​ប្រមាណ ៥គ.ម. ភាគឦសានទីប្រជុំជនឃុំកកោះ។ នៅភ្នំស្រះខ្ចៅ មានរឿងព្រេងមួយដែលនិទានអំពី​ឈ្មោះរបស់ប្រាសាទនិងភ្នំ ហើយសាច់រឿងសង្ខេបមានដូចតទៅ៖ “កាលពីបុរាណ​ភ្នំស្រះខ្ចៅ មានឈ្មោះថា “ភ្នំតូច” ឯភ្នំ​សន្ទុកមានឈ្មោះថា “ភ្នំធំ”។ ក្រោយមកព្រះបាទចមពង្សទ្រង់ត្រាស់បង្គាប់ឲ្យពលសេនាគាស់​ថ្ម​ជីកស្រះយកទឹកប្រើប្រាស់ និងយកខ្ចៅ ខ្ចង គ្រំចិញ្ចឹមក្នុងស្រះនេះ​ដើម្បី​ធ្វើឲ្យ​ទឹកថ្លាឈ្វេង​សម្រាប់​ព្រះអង្គ និងនាហ្មឺនសព្វមុខមន្រ្តីប្រើប្រាស់ជាប្រចាំ ព្រោះទីនេះបានក្លាយជា​ទីតាំងព្រះ​ពន្លាជ័យ។ ក្រោយមកទៀត ស្រាប់តែកើតខ្ចៅនៅពេញស្រះ ទោះបីជានាហ្មឺនមន្រ្តីចាប់យកទៅធ្វើម្ហូប​យ៉ាងណា​ក៏​មិនចេះអស់ រហូតជាប់ឈ្មោះភ្នំនេះថា “ភ្នំស្រះខ្ចៅ” មកទល់បច្ចុប្បន្ន។ លុះមកដល់​ស.វ.​ទី៨ មាន​ព្រះមហាក្សត្រមួយអង្គ​បាន   កសាងប្រាសាទមួយនៅលើភ្នំនេះដោយមានប្រាសាទធំនៅចំ​កណ្តាល និង​ប្រាសាទតូចៗចំនួនបួនសង់នៅគ្រប់ជ្រុងទាំងបួនទិសដោយមានក្លោងទ្វារនិងជណ្តើរ​ឡើងពីទិសខាងលិច​តាំងពីជើងភ្នំរហូតដល់តួប្រាសាទដែលនៅលើកំពូលភ្នំ”។

រឿងព្រេងនេះទំនងឆ្លុះបញ្ចាំងខ្លះៗអំពីឈ្មោះប្រាសាទ ដ្បិតសាច់រឿងអំពីដើមហេតុនៃ​ការហៅ​ឈ្មោះនេះ គឺមានប្រភពចេញពីស្រះទឹក។ យើងជឿថាប្រភពនៃការហៅឈ្មោះថា “ស្រះខ្ចៅ” នេះទំនងចេញពី​ស្រះទឹកមួយដែលស្ថិតនៅទិសឦសានប្រាសាទ ដែលជាស្រះមានរៀបថ្មភក់​ជុំវិញ។ ចំណែក ពាក្យថា “ខ្ចៅ” ទំនងគេសំដៅលើថ្មនៅជុំវិញមាត់ស្រះដែលគេចោះប្រហោងរាងមូល​ដូចគូទខ្យង ព្រោះពាក្យថា “ខ្ចៅ” អាចសំដៅលើរាងវង់ ឬរាងដូចគូទខ្យង។ បើក្រឡេកមើលសិលាចារឹកបុរាណវិញ ពាក្យនេះមានប្រើជា​ឈ្មោះស្រុកមួយនៅសម័យបុរាណដូចឃើញមាននៅក្នុងសិលាចារឹកវត្តដំណាក់ K.420 ដែលរៀបរាប់ថា “ស្រុក​ខ្ចៅវ”។

ដោយឡែក ប្រាសាទភ្នំស្រះខ្ចៅ ក្នុងពេលបច្ចុប្បន្ននេះ បានបាក់បែកទាំងស្រុងអស់ទៅហើយ នៅសល់តែទួលគរ​ដោយ​ពំនូក​ឥដ្ឋជាច្រើន ហើយអ្នកស្រុកបានរៀបជាសាឡុំមួយនៅពីលើទួលប្រាសាទបាត់ទៅហើយ។ ម្ល៉ោះហើយ យើងពិបាកក្នុងការដឹងច្បាស់ថា តើប្រាសាទនេះមានតួប៉មសរុបចំនួនប៉ុន្មានឱ្យប្រាកដនោះ​ទេ​។ ម្យ៉ាងវិញទៀត នៅសម័យអាណានិគមបារាំង ដែលជាពេលជនជាតិមកពីតំបន់អឺរ៉ុបសិក្សានិងចុះបញ្ជីសំណង់បេតិកភណ្ឌរបស់ខ្មែរ គេមិនបានសិក្សាប្រាសាទនេះឡើយ ដូច្នេះហើយ យើងកាន់តែបាត់ពត៌មានបន្ថែមអំពីប្រាសាទ។ ដោយឡែក ប្រសិនបើយើងជឿតាមរឿងព្រេងថាមានតួប៉ម ៥ ពិតមែន វាអាចជាមានតួប៉មកណ្តាលមួយធំ និងតួប៉មតូចៗចំនួន៤ នៅព័ទ្ធជុំវិញ។ ការដែលគិតបែបនេះ ដ្បិតយល់ថារឿងព្រេងប្រហែលជាកើតឡើងយូរយារ ហើយបង្កើតជា​រឿងតាមបរិបទជាក់ស្តែងដែលគាត់មើលឃើញ។ ជួនកាលរឿង​ព្រេងនេះអាចមានឡើងមុនការបាក់បែក​នៃប្រាសាទក៏ថាបាន ប៉ុន្តែ មិនអាចប្រាកដនោះឡើយ ដ្បិតប្រាសាទបានរលំទាំងស្រុងទៅហើយ។

បង្គោលសីមារាងផ្កាឈូក នៅច្រកខាងកើតនៃ ប្រាសាទភ្នំស្រះខ្ចៅ

ប្រាសាទស្រះខ្ចៅ មានផ្លូវចូលពីទិសខាងកើត ដែលនៅសងខាងផ្លូវចូលគេមានតម្រៀបជា​ថ្ម​បង្គោលរាងផ្កាឈូកដូចឃើញនៅប្រាសាទព្រះវិហារដែរ។ ទំនៀមនៃការសាងសង់ប្រាសាទ ដោយមានការដាក់​បង្គោលដូចជាសីមានៅអមផ្លូវចូលនេះ ទំនងមានតាំងពីសម័យមុនអង្គរ ក្នុងស.វ.ទី៧មកម្ល៉េះ ព្រោះយើងធ្លាប់ឃើញភស្តុតាង​តាមរយៈការធ្វើកំណាយ​នៅមុខតួប៉មកណ្តាលប្រាសាទយាយព័ន្ធដោយអ្នកស្រាវជ្រាវបារាំងកាលពីរវាង​ទសវត្សរ៍១៩២០ ដោយបានរកឃើញបង្គោលថ្មបាយក្រៀមរាង​មូលមានកម្ពស់ទាបៗ ដាក់អមផ្លូវចូល​​ចាប់ពីតួប៉មកណ្តាល S1 រហូតដល់តួប៉ម S2។ ប៉ុន្តែ បង្គោលផ្កាឈូកនៅប្រាសាទភ្នំស្រះខ្ចៅ មានទម្រង់សិល្បៈ​ស្រដៀងបង្គោលផ្កាឈូកនៅស.វ.ទី១០ ឬទី១១ ពោល គឺស្រដៀងបង្គោលផ្កាឈូកនៅប្រាសាទប្រែរូប ប្រាសាទបន្ទាយស្រី និង​ប្រាសាទព្រះវិហារ។ សព្វថ្ងៃ បង្គោលផ្កាឈូកនៅច្រកទ្វារខាងកើតទាំងនេះ បានដួលអស់ហើយ។

វត្ថុសិល្បៈអំពីថ្មភក់ នៅប្រាសាទភ្នំស្រះខ្ចៅ

ទោះបីប្រាសាទភ្នំស្រះខ្ចៅបានបាក់បែកទៅហើយក្តី ប៉ុន្តែវត្ថុសិល្បៈដែលធ្វើឡើងអំពីថ្មភក់មានសេសសល់ច្រើនណាស់ តួយ៉ាងដូចជា ផ្តែរទ្វារ ជើងទម្រ បំណែកបដិមា កំពូល​ប្រាសាទ បំណែកសសរពេជ្រ មេទ្វារ ទ្រនាប់ជណ្តើរ។ល។ ក្នុងនោះ ផ្តែរទ្វារនៅប្រាសាទភ្នំស្រះខ្ចៅ គេរកឃើញចំនួនពីរផ្ទាំងដែលស្ថិតនៅសម័យកាលផ្សេងៗពីគ្នា។ ផ្តែរទ្វារទីមួយ យើងឃើញសិល្បករ​លម្អដោយក្បាច់បន្ទាត់ធ្នូរាង​ផ្តេកត្រង់ និងខាងចុងគួចវង់មកខាងលើដូចគូទខ្យង ហើយនៅចុងសងខាងមានចម្លាក់ក្បាលសសរនៅពី​ក្រោម។ នៅលើបន្ទាត់ធ្នូ មានលម្អ​ជាក្បាច់រាងរង្វង់ចំនួន៣ ដែលលម្អ​ដោយរូបទេពផ្សេងៗ ប៉ុន្តែសព្វថ្ងៃក្បាច់ត្រង់កន្លែងនេះមានភាព​រលុបខ្លាំង យើងមិនអាចមើលដឹងថាជារូបទេពអ្វី​ឡើយ។ នៅផ្នែកខាង​ក្រោមនៃផ្តែរ លម្អជា​រំយោលផ្កា ឬកម្រងមាលាឆ្លាស់គ្នា ដែលជាទម្រង់ទូទៅនៃផ្តែរទ្វារ​សម័យមុនអង្គរ។ ​ផ្តែរទ្វារនេះទំនងស្ថិតនៅក្នុងសិល្បៈចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ដែលមានអាយុកាលនៅរវាងពាក់កណ្តាលស.វ.ទី៧។

ចំណែក ផ្តែរទ្វារ​ទីពីរសិល្បករឆ្លាក់រូបព្រះឥន្រ្ទគង់លើដំរីព្ធវ៌ត (ដំរីក្បាលមួយ) នៅចំពាក់កណ្តាលផ្តែរ ដែលអមដោយតោពីរកំពុងខាំ លេប ឬខ្ជាក់ក្បាច់បន្ទាត់ធ្នូរាងមូលដូចមែកឈើ ហើយការលម្អផ្សេងទៀតជា​ចង្វាយក្បាច់អង្គរ។ លក្ខណៈផ្តែរទ្វារទីពីរនេះ ទំនងជាសិល្បៈនៅស.វ.ទី១០ រចនាបថកោះកេរ ឬរចនាបថ​ប្រែរូប។

ក្រៅអំពីផ្តែរទ្វារទាំងពីរ វត្ថុសិល្បៈផ្សេងទៀតដែលនៅសល់ ដូចជា សសរពេជ្រ ទ្រនាប់​ជណ្តើរ សុទ្ធសឹងជាសិល្បៈសម័យមុនអង្គរ ក្នុងរចនាបថព្រៃក្មេង ឬកំពង់ព្រះ។ អ្វីដែលពិសេស​នៅបុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ គេបានរកឃើញផ្ទាំងថ្ម​គោលសិលាចារឹកមួយផ្ទាំង ដែលចារឹកអក្សរចំនួនបីទិស ហើយសំណេរទាំងនោះមានអាយុកាលពីរ​សម័យកាលផ្សេងៗគ្នា ពោល គឺផ្ទាំងខាងមុខជាអក្សរចារឹកសម័យមុនអង្គរ ក្នុងស.វ.ទី៧ ហើយអក្សរនៅសងខាងជាសំណេរ​នៅសម័យអង្គរ ក្នុងស.វ.ទី១០។

ផ្ទាំងគោលចារឹកនេះ ផ្នែកខាងក្រោមបាត់អស់មួយកំណាត់ ហើយផ្នែកដែលនៅ​សល់ក៏បានបាក់បែកជាពីរថែមទៀត។ នៅផ្ទៃខាងមុខដែលចារឹកនៅ​សម័យមុនអង្គរ គេចារជាភាសាសំស្រ្កឹត ហើយ​បន្ទាត់ដែលនៅសល់មានចំនួន ១១ បន្ទាត់ ស្មើនឹង ១១ស្លោកដូចគ្នា។ ចំណែក អក្សរចារឹកនៅសងខាង គេចារឹកជាភាសាខ្មែរ ដែលមុខទីមួយមាននៅសល់ ២១បន្ទាត់ និងមុខទីពីរមាននៅសល់ ២១បន្ទាត់ដូចគ្នា។ អក្សរចារឹកនៅសម័យមុនអង្គរ រៀបរាប់អំពីការស្ថាបនា និងគោរពបូជាសិវលិង្គនៅក្នុង​រជ្ជកាលព្រះបាទជ័យវរ្ម័នទី១ និងមានរៀបរាប់ដល់ការពោលសរសើរព្រះរាជា។ ចំណែក សិលា​ចារឹកនៅសម័យអង្គរវិញ ទំនងចុះកាលបរិច្ឆេទមហាសករាជឆ្នាំ៨៤៥ (គ.ស.៩២៣) គឺរៀបរាប់អំពីដង្វាយថ្វាយចំពោះអាទិទេពនៃប្រាសាទ ដែលតំណាង​ដោយសិវលិង្គ និងរឿងរ៉ាវផ្សេងៗរបស់មន្រ្តីក្នុងស.វ.ទី១០។

គោលចារឹកអក្សរនៅប្រាសាទភ្នំស្រះខ្ចៅ ដែលបាក់បែកជាពីរកំណាត់

សរុបសេចក្តីមក បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ មានតឹកតាងផ្នែកប្រវត្តិសាស្រ្តយ៉ាងសម្បើមបម្រើដល់ការងារសិក្សាស្រាវជ្រាវ និងអភិរក្ស បើទោះបីសព្វថ្ងៃប្រាសាទបានបាក់រលំទៅហើយក៏ដោយ។ បុរាណដ្ឋាននេះ អាចចាប់ផ្តើមឡើងនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស. ៦៥៧ ដល់ ៦៨១) ដែលជាព្រះមហាក្សត្រដ៏សំខាន់នៅសម័យចេនឡា និងជាស្តេចដែលបានបន្សល់សិលាចារឹកច្រើនជាងគេ ហើយក្រោយមកទៀតគេបានសាងសង់សំណង់បន្ថែមទៀតនៅលើភ្នំស្រះខ្ចៅក្នុងស.វ.ទី១០ មហាសករាជឆ្នាំ៨៤៥ ត្រូវនឹងគ.ស.៩២៣ ពោល គឺត្រូវនឹងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២១-៩៤១) ឬរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ និងព្រះបាទឦសានវរ្ម័នទី២ ដែលទាំងពីរអង្គត្រូវជាបុត្រារបស់ព្រះបាទយសោវរ្ម័នទី១ ឡើងសោយរាជ្យបន្តបន្ទាប់គ្នាចាប់ពីគ.ស.៩១០ ដល់ ៩២៨។ តាមពត៌មានមួយចំនួនពីសិលាចារឹក យើងអាចសន្និដ្ឋានថា បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ សាងឡើងឧទ្ទិសដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!