ប្រាសាទមង្គលាថ៌ ឬប្រាសាទតុបខាងកើត ស្ថិតក្នុងកំពែងក្រុងអង្គរធំ នៅខាងលិចប្រាសាទបាយ័ន និងខាងត្បូងក្លោងទ្វារជ័យ ដែលមានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះ ជាប្រាសាទតូចមួយក្នុងចំណោមប្រាសាទជាច្រើននៅក្នុងតំបន់អង្គរ។ ប្រាសាទនេះមានការស្រាវជ្រាវតាំងពីដើមសតវត្សរ៍ទី២០មកម្ល៉េះ មានជាអាទិ៍ដូចជា លោក Lunet de Lajonquiére លោក Henri Marchal លោក Louis Finot និងលោក George Cœdès ជាដើម។ នៅឆ្នាំ១៩១១ លោក Lunet de Lajonquiére បានចុះបញ្ជីសារពើភណ្ឌប្រាសាទមង្គលាថ៌ក្នុងលេខរៀងទី៤៨៧។ ក្នុងឆ្នាំ១៩១៨ លោក Henri Marchal បានកត់ត្រាឈ្មោះប្រាសាទនេះ “ប្រាសាទតុប” ហើយពាក្យនេះគាត់បានឮពីអ្នកស្រុក ដ្បិតអ្នកស្រុកយល់ថាប្រាសាទនេះមានរាងកន្តុបៗ ប៉ុន្តែតាមរយៈសិលាចារឹក ប្រាសាទនេះមានឈ្មោះដើមថា មង្គលាថ៍។
ប្រាសាទមង្គលាថ៌ សង់អំពីថ្មភក់នៅលើខឿនពីរជាន់ មានប្លង់ជារាងកាកបាទ មានទ្វារចូលនៅទិសខាងកើត និងមានទ្វារបញ្ជោតនៅទិសខាងលិច ខាងត្បូង និងខាងជើង។ តាមរយៈការសិក្សារបស់អ្នកស្រាវជ្រាវមួយចំនួនយល់ថា ប្រាសាទមង្គលាថ៌ ជាសំណង់ប្រាសាទសង់អំពីថ្មភក់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាចុងក្រោយគេបង្អស់នៅសម័យអង្គរ ដោយផ្អែកលើសិលាចារឹក បច្ចេកទេសនៃការសាងសង់ និងសមាសធាតុសំណង់។
ចំពោះសិលាចារឹកនៅប្រាសាទនេះមានចំនួន២ផ្ទាំងជាភាសាសំស្ក្រឹត។ សិលាចារឹកមួយផ្ទាំង ចារនៅជាប់នឹងប្រាសាទ (មេទ្វារខាងត្បូង) និងមួយផ្ទាំងទៀតចារនៅលើសសរ ដោយសព្វថ្ងៃនៅសល់តែសិលាចារឹកនៅជាប់នឹងប្រាសាទតែប៉ុណ្ណោះ។ សិលាចារឹកនេះ ត្រូវបានសិក្សាដោយលោក Louis Finot និងក្រោយមកលោក Goerge Cœdès បានចុះបញ្ជីនៅក្នុង Inscription du Cambodge, Tome VIII គឺ K.៤៨៨ និង K.៥៦៧។ តាមរយៈឯកសារសិលាចារឹករបស់ប្រាសាទនេះ ធ្វើឲ្យយើងដឹងថា ប្រាសាទមង្គលាថ៌ សង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ័្មនទី៨ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍ឈ្មោះ ជ័យមង្គលាថ៌ និងម្តាយរបស់គាត់ឈ្មោះ សុភទ្រា និងឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនានិកាយព្រះនរាយណ៍។
បច្ចុប្បន្ន ប្រាសាទនេះទទួលរងការខូចខាតដោយសារកត្តាធម្មជាតិ និងមនុស្សព្រមទាំងអាយុកាលរបស់សំណង់ទាំងមូល។ នៅផ្នែកខាងក្នុងប្រាសាទ ឃើញមានជើងទម្របដិមាមួយដែលមានប្រហោងពីរ ប្រហែលជាប្រើសម្រាប់តម្កល់បដិមា។ រីឯគ្រឿងលម្អស្ថាបត្យកម្មនៅប្រាសាទមង្គលាថ៌ មានដូចជាហោជាង ផ្តែរទ្វារ សសរពេជ្រ សសរផ្អោប រួមទាំងចម្លាក់ផ្សេងៗទៀត មានសភាពសឹករេចរិល និងបែកបាក់ច្រើន។ ហោជាង និងផ្តែរទ្វារនៅប្រាសាទមង្គលាថ៌ មានឆ្លាក់បង្ហាញអំពីរឿងទេវកថានៃព្រហ្មញ្ញសាសនាសំខាន់ផ្សេងៗគ្នា។
ផ្តែរទ្វារខាងកើត៖ មានលក្ខណៈខូចខាតច្រើន ដោយផ្នែកសងខាងនៃផ្តែរបានសឹករេចរិលអស់ នៅសល់តែផ្នែកកណ្តាលនៃផ្តែរតែប៉ុណ្ណោះ។ ប៉ុន្តែយើងអាចដឹងបានថាផ្តែរនេះឆ្លាក់បង្ហាញអំពីឈុតរបស់ព្រះក្រឹស្ណៈប្រយុទ្ធជាមួយនាគកាលិយៈ ដោយជើងទាំងពីររបស់ទ្រង់កន្ធែកក្រៀកចាប់ខ្លួននាគនោះ និងព្រះហស្តរបស់ទ្រង់ម្ខាងហែកក្បាលនាគ និងម្ខាងទៀតលើកឡើងលើ។
ផ្តែរទ្វារខាងលិច៖ មានប្រវែង១៣៣សង់ទីម៉ែត្រ និងទទឹង៤៨សង់ទីម៉ែត្រ ឆ្លាក់បង្ហាញអំពីរឿងក្រឹស្ណៈទ្រភ្នំគោវធ៌ន។ សិល្បករឆ្លាក់រូបព្រះក្រឹស្ណៈក្នុងកាយវិការឈរពីលើក្បាលរាហូ ដោយព្រះហស្តឆ្វេងកាន់ដំបងបញ្ឈរចុះក្រោម និងព្រះហស្តស្តាំលើកឡើងលើទ្រភ្នំគោវធ៌ន។ ឯជើងស្តាំខ្វែងទៅក្រោយ ដោយឈរជើងតែម្ខាង។ នៅសងខាងព្រះក្រឹស្ណៈ គេឆ្លាក់ឲ្យឃើញជារូបមនុស្សពីរនាក់ទៀតអង្គុយលុតជង្គង់ ដែលទំនងតំណាងឲ្យក្មេងគង្វាល ឬអ្នកស្រុក ដែលចុះចូលជ្រកក្រោមភ្នំគោវធ៌នដែលទ្រដោយព្រះក្រឹស្ណៈ។ នៅអមរូបរាហូ មានឆ្លាក់រូបសត្វតោខ្ជាក់កម្រងស្លឹកឈើដែលមានរាងជាដងធ្នូ។
ផ្តែរទ្វារខាងជើង៖ តាមរយៈឯកសាររូបថតរបស់សាលាបារាំងចុងបូព៌ា (EFEO) បង្ហាញពីផ្តែរខាងជើងនៃប្រាសាទនេះ ឆ្លាក់អំពីរឿងកូរសមុទ្រទឹកដោះដើម្បីទទួលបានទឹកអម្រឹត (រូបលេខ៦)។ នៅលើផ្តែរខាងជើងនេះ មានបង្ហាញតួអង្គពួកអសុរៈកាន់ខាងក្បាលនាគវាសុកី ចំនួន៥នាក់ និងពួកទេពឈរកាន់នៅខាងកន្ទុយមានចំនួន៥នាក់។ នៅផ្នែកកណ្តាលនៃផ្តែរ មានសសរត្រង់មួយដែលជាភ្នំមន្ទរដោយនៅខាងក្រោមសសរមានអណ្តើកធំមួយឈ្មោះកុម៌ ដែលជាអវតារទីពីររបស់ព្រះនរាយណ៍មកទ្រភ្នំមន្ទរកុំឲ្យលិចចូលក្នុងសមុទ្រក្នុងកំឡុងពេលកូរសមុទ្រទឹកដោះ។ នៅខាងក្រោមអណ្តើកកុម៌ ឃើញលេចចេញជារូបទេពមួយប្រហែលជាព្រះនាងលក្ស្មី (?) កាន់កេតនភណ្ឌរបស់ព្រះនរាយណ៍។ នៅកណ្តាលសសរ ជារូបព្រះនរាយណ៍មានព្រះហស្តបួន និងនៅផ្នែកខាងលើសសរមានទេពមួយអង្គគង់នៅលើផ្កាឈូក គឺជាព្រះព្រហ្មមានព្រះសិរបួន និងព្រះហស្តបួន។ សព្វថ្ងៃពុំឃើញមានស្លាកស្នាមផ្តែរនេះនៅសល់នោះទេ។
ហោជាងខាងកើត៖ ហោជាងខាងកើតនៃប្រាសាទនេះ បានបាក់មួយកំណាត់ ប៉ុន្តែយើងអាចដឹងបានថា ចម្លាក់នេះបង្ហាញពីរឿងព្រះនារាយណ៍ផ្ទុំដើម្បីរងចាំបង្កើតលោកថ្មី ដោយនៅផ្នែកខាងចុងហោជាង មានលម្អជាក្បាច់ក្បាលនាគ និងដងខ្លួនបង្កើតជាក្បាច់ដងក្ការ។ ក្នុងចម្លាក់នេះ ព្រះវិស្ណុមានព្រះហស្តបួនផ្ទុំសណ្តូកខ្លួននៅលើនាគអនន្ត ដោយព្រះហស្តខាងឆ្វេងដាក់ច្រត់នៅលើខ្នងនាគ និងព្រះហស្តខាងឆ្វេងសណ្តូកឡើងលើ។ នៅផ្នែកខាងក្រោមចម្លាក់ព្រះនារាយណ៍ផ្ទុំ មានរូបទេពអង្គុយលត់ជង្គង់ជាជួរចំនួន៦អង្គ យើងពុំដឹងថាមានរូបទេពចំនួនប៉ុន្មានអង្គសរុបនោះទេ ដ្បិតថាផ្នែកពាក់កណ្តាលនៃហោជាងបានបាក់ទៅហើយ។
ហោជាងខាងត្បូង៖ បង្ហាញពីចម្លាក់ត្រីវិក្រមឬព្រះនរាយណ៍ឈានបីជំហាន។ ហោជាងនេះមានរាងដូចកញ្ចុំជើងឆ្មា និងមានសភាពសឹករេចរិលច្រើន។ នៅចំកណ្តាលជារូបព្រះនារាយណ៍ ក្នុងអវតារជាវាមន ឬព្រាហ្មណ៍តឿ មានព្រះហស្តបួន ព្រះហស្ដឆ្វេងកាន់ដំបង និងព្រះហស្តផ្សេងទៀតយើងពុំដឹងថាកាន់កេតនភណ្ឌអ្វីផ្សេងឡើយ ដោយសារតែការសឹករេច រិល។ នៅផ្នែកខាងឆ្វេងនៃព្រះបាទរបស់ព្រះនារាយណ៍ មានមនុស្សពីរនាក់អង្គុយលើកដៃប្រណម្យ និងនៅផ្នែកខាងស្តាំព្រះវិស្ណុវិញមានទេពស្រីអង្គុយទ្រព្រះបាទស្តាំ ដែលទេពស្រីនោះប្រហែលជារូបព្រះនាងលក្ស្មី ដែលជាមហេសីរបស់ទ្រង់។ នៅផ្នែកខាងលើជិតព្រះនារាយណ៍វិញ មានឆ្លាក់ជារូបមួយត្រឹមពាក់កណ្តាលខ្លួនចុះក្រោម រួមជាមួយនឹងភាពសឹករេចរិលផងនោះ ធ្វើឲ្យយើងពិបាកមើលថាតើជារូបទេពអប្សរឬជាសត្វគ្រុឌដែលជាយានជំនិះរបស់ព្រះនរាយណ៍។ នៅក្រោមជំហានព្រះបាទទ្រង់ មានឆ្លាក់ជារូបសត្វក្រពើ និងផ្កាឈូកដែលតំណាងឲ្យទឹក។
ហោជាងខាងជើង៖ ឆ្លាក់បង្ហាញអំពីរឿងព្រះឥសូររាំដៃ៤ និងមានសក្តិរបស់ទ្រង់នៅលើភ្លៅ ហើយនៅផ្នែកខាងស្តាំព្រះហស្តទ្រង់មានរូបមនុស្សអង្គុយលើកដៃប្រណម្យ និងមានអប្សរាចំនួន៦នាក់នៅឈររាំអមសងខាង។ សព្វថ្ងៃហោជាងនេះបានដាក់រលំអស់ទៅហើយ នៅសល់តែមួយផ្នែកតូចខាងក្រោមដែលមានរូបអប្សរាតែប៉ុណ្ណោះ។
ហោជាងខាងលិច៖ មានសភាពបាក់បែកស្ទើរទាំងស្រុង ដោយយើងពុំដឹងថាហោជាងនោះឆ្លាក់រឿងអ្វីនោះទេ។ សព្វថ្ងៃនៅសល់តែផ្នែកក្បាលនាគ ចំណែកនៅផ្នែកកណ្តាលនៃហោជាងមានការខូចខាតច្រើន ដោយបាក់និងបាត់ថ្មមួយចំនួនធំផងដែរ។
សម្រាប់ថ្មគោលនៅប្រាសាទមង្គលាថ៍វិញ មានឆ្លាក់ជារូបអាទិទេពបែបព្រហ្មញ្ញសាសនា លទ្ធិព្រះនារាយណ៍ (បច្ចុប្បន្នរក្សាទុកនៅសារមន្ទីរជាតិអង្គរ) ដោយចុះបញ្ជីសារពើភណ្ឌវត្ថុ C.A.ក ០៥៤ និងលេខចាស់ N៧៥,២៥៥៦ ដែលមានរាងបួនជ្រុង និងមានទំហំស្មើគ្នា សង់អំពីថ្មភក់។
ជ្រុងទី១៖ រូបព្រះនារាយណ៍មានដៃប្រាំបី ដោយព្រះហស្តស្តាំខាងក្រោមកាន់ដំបង និងព្រះហស្តបីខាងលើដាច់ត្រឹមកដៃ និងព្រះហស្តឆ្វេងខាងក្រោមដាច់ពាក់កណ្តាល និងព្រះហស្តឆ្វេងខាងលើកាន់ខ្យងស័ង្ខ។
ជ្រុងទី២៖ ព្រះនារាយណ៍ផ្ទុំនៅលើនាគអនន្ត ឬសេសៈ ក្នុងទម្រង់បង្កើតលោកថ្មី មានលេចចេញព្រះព្រហ្មនៅក្នុងផ្កាឈូក និងនៅចុងព្រះបាទព្រះនារាយណ៍មានទេវរូបភេទស្រី ដែលប្រហែលជាមហេសីរបស់ទ្រង់គឺព្រះនាងលក្ស្មី។
ជ្រុងទី៣៖ នរសិង្ហ (?)។
ជ្រុងទី៤៖ ព្រះនារាយណ៍ជិះគ្រុឌ មានកាន់កេតនភណ្ឌ៤ គឺកងចក្រ ដុំមូល ខ្យងស័ង្ខ និងដំបង និងនៅជិតសត្វគ្រុឌផ្នែកខាងក្រោម មានបង្ហាញជារូបសត្វជ្រូកព្រៃ និងនៅឆ្វេងដៃព្រះនារាយណ៍មានរូបមនុស្សស្រីតូចមួយ។
សរុបជារួមមក ប្រាសាទមង្គលាថ៍ ជាប្រាសាទដែលសង់ពីថ្មភក់ និងជាសំណង់បែបព្រហ្មញ្ញសាសនាចុងក្រោយគេបង្អស់នៅក្នុងតំបន់អង្គរ ដោយផ្អែកលើសិលាចារឹក សមាសធាតុសំណង់ បច្ចេកទេសសំណង់របស់ប្រាសាទទាំងមូល។ តាមរយៈសិលាចារឹក K.៤៨៨ និង K.៥៦៧របស់ប្រាសាទនេះ បានធ្វើឲ្យយើងដឹងថា ប្រាសាទមង្គលាថ៌ សង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ័្មនទី៨ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍ឈ្មោះជ័យមង្គលាថ៌ និងម្តាយរបស់គាត់ឈ្មោះ សុភទ្រា។ ដោយឡែកដូចជាចម្លាក់ផ្តែរ ហោជាង និងចម្លាក់ថ្មគោលនៃប្រាសាទនេះ ភាគច្រើនឆ្លាក់ទាក់ទងនិងព្រះនារាយណ៍ ដូចជារឿងព្រះនារាយណ៍ផ្ទុំបង្កើតលោក ព្រះនារាយណ៍ឈានបីជំឈាន ព្រះក្រឹស្ណៈជាដើម។ ដូច្នេះយើងអាចយល់បានថា ប្រាសាទមង្គលាថ៍ សាងសង់ឡើងឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍៕
———————————-
Mangalartha or West Prasat Top
Mangalartha or West Prasat Top is located within the walls of Angkor Thom, west of Bayon Temple and south of the Victory Gate, about 12 km from Siem Reap province. This is a small temple in the Angkor area. The temple has been studied since the early 20th century, including Mr. Lunet de Lajonquiére, Mr. Henri Marchal, Mr. Louis Finot, and Mr. George Cœdès. In 1911, Lunet de Lajonquiére listed the inventory of the Mangalartha Temple as 487th. In 1918, Henri Marchal recorded the name of this temple “Prasat Top” and he heard the word from the locals because the locals understood that the temple was small in shape, but through the inscription, the temple was originally named Mangalartha.
The Mongalartha temple is built of sandstone, with a cross-shaped plan, with an entrance on the east side and a blind door on the west, south, and north side. According to some researchers, Mongalartha Temple is a sandstone temple dedicated to the latest Brahmanism in the Angkorian period, which is based on inscriptions, techniques of construction, and construction materials.
There are two inscriptions in this temple in Sanskrit. One inscription is next to the temple (south gate) and the other is inscribed on the columns, but today only the inscription remains next to the temple. This inscription was studied by Louis Finot and later Goerge Cœdès, which is listed in the Inscription du Cambodge, Tome VIII, K. 488 and K. 567. According to the inscriptions of this temple indicated that the temple was built during the reign of Jayavarman VIII, dedicated to the Brahmin Jaymangalartha and his mother, Subhadra, and dedicated to the Brahmins of the Narayan sect.
Today, the temple is damaged by natural and man factors, as well as the period of the entire temple structure. Inside the temple is a pedestal with two holes, probably used to hold the statue. As for the architectural ornaments at Mangalartha temple, such as the pediment, lintel, colonettes, and pilasters, as well as other sculptures are in a state of damage and collapse. The pediment and lintel at Mangalartha temple have carvings depicting various important myths of Brahmanism. In conclusion, Mangalartha temple is a single sandstone sanctuary and the latest Brahminical structure in the Angkorian period if we see the inscriptions, construction elements, and construction techniques of the entire temple. Based on the inscriptions K. 488 and K. 567 of the temple indicate that the temple was built during the reign of Jayavarman VIII, dedicated to the Brahmin Jaymangalartha and his mother Subhadra. Besides, such as the sculptor on the lintel, pediment, and a collection of decorated steles of this temple are mostly carved in relation to Narayana, namely the story of Narayana creation the world, three steps of Narayana, Krishna, etc. Therefore, we can understand that Mangalartha temple was built dedicated to the Brahmanism of the Narayana sect.
អត្ថបទដោយ៖ ងួន ចាន់ដារីយ៉ា