ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទូកប្រណាំងនិងទំនៀម​អ្នកស្រុក (ភាគ១)        

ទូកប្រណាំងនិងទំនៀម​អ្នកស្រុក (ភាគ១)        

បើសង្កេតមើលវត្តនៅតាម​​បណ្តាដងទន្លេ គេតែងឃើញ​មាន​ទូកប្រណាំង​រក្សា​​ក្នុង​​​​រោង​​សង់​នៅ​ក្បែរ​ព្រះវិហារ។​ ​ទូក​ប្រណាំង​ទាំងនោះ គេតែង​ជ្រើស​រើស​រក​​ជាង​ពូកែ ធ្វើ​ដោយ​​សម្រិត​​​​​សម្រាំងតាម​ក្បួន​ខ្នាត​​​ ​​ ហើយ​រក្សាក្នុង​រោង​​​​​នៅតាម​វត្ត ទុក​ជា​​សម្បត្តិ​រួម​​​​របស់​​​ភូមិ​ស្រុក។ ចាប់ពី​ថ្ងៃ​ភ្ជុំ​​បិណ្ឌ វត្តនីមួយៗតែង​​ធ្វើ​កិច្ច​​ប្រុងពាលី​ដាក់​ទូក​ចុះ​​ទឹក​ ដើម្បី​ហាត់​​អុំ​​ត្រៀម​​​ប្រណាំង​​​ជាមួយ​ទូក​វត្តផ្សេងៗ នៅមុខ​វត្ត​ណាមួយ​​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ ឬ​ថ្ងៃ​ចេញ​​​ព្រះវស្សា​។ ការ​​ប្រណាំង​ជា​ទំនៀម​នេះតែង​ធ្វើ​មុន​ព្រះរាជ​ពិធី​អុំ​ទូក​​ថ្នាក់​​ជាតិ ដ្បិត​​ជាទូទៅ​​គេ​ច្រើន​​រើស​យក​ទូក​ល្អៗ​ពី​ភូមិ​ស្រុក​នានា មក​ប្រណាំង​​​​នៅ​ទន្លេ​​ចតុមុខ មុខ​ព្រះ​បរម​​រាជវាំង។

រូបលេខ១ ​ទិដ្ឋភាពព្រះរាជពិធីអុំទូក​មុខ​ព្រះបរមរាជវាំងក្នុងរវាងដើម​សតវត្សទី២០ (​ប្រភព?)

ជាទូទៅ “ទូកប្រណាំង” គេ​ច្រើន​​សំដៅ​លើ​ទូក​ពីរប្រភេទ​​ដែល​អ្នកស្រុកនិយម​​ធ្វើគឺ ទូក​ចែវនិង​ទូក​អុំ​។​ ចំពោះ​​ទូក​ចែវ អ្នកខ្លះក៏​ហៅថា “ទូក​មួង” ដែរ ហើយ​ទូក​ទាំង​ពីរ​ប្រភេទ​ គេ​​តែង​ហៅ​ថា ​​“ទូកង”។ គេ​ពុំ​ប្រើ​ទូក​ប្រណាំងសម្រាប់​ដឹក​ជញ្ជូន ឬជា​មធ្យោបាយ​​ធ្វើ​ដំណើរ​​​​តាម​​ទឹក​ដូច​ទូក​ធម្មតាឡើយ។ បើនិយាយ​ដោយ​សង្ខេប​នៃ​ការធ្វើទូក​ប្រណាំង​នេះ​សោត គឺ​មាន​​ក្បួនខ្នាត និង​កិច្ចតូចធំ​តាម​ទំនៀម ​រាប់តាំងពី​កាប់ដើម​ឈើ​ធ្វើទូក រហូត​ដល់​ពេល​​ប្រណាំង។​ មុននឹង​កាប់ឈើ គេត្រូវធ្វើ​កិច្ច​​សុំ​ពីអមនុស្ស​ដែល​គេ​យល់​​​​​ថា​ជាអ្នក​នៅ​ថែ​រក្សា​​​​​ដើមឈើ​ និង​ព្រៃភ្នំនោះផង (ខ្លះហៅថារុក្ខទេវតា)​។ គេ​តែង​​និយម​យក​​ឈើពីរប្រភេទសម្រាប់ធ្វើទូកគឺ គគីរ និង​ពពេល។ ប៉ុន្តែ​​ចំពោះឈើ​ដែលគេ​យក​មក​ធ្វើ​ទូកបាន​ល្អ​បំផុតគឺ គគីរ​ម្ស៉ៅ និង​គគីរ​ខ្សាច់។

តាម​ទំនៀម​អ្នកស្រុក មុននឹង​ចាប់ផ្តើម​ធ្វើទូកគេត្រូវធ្វើកិច្ចប្រុងពាលី​។ ប្រសិនបើ​វត្ត​​មួ​យ​​ធ្លាប់មាន​ទូកចាស់​ ហើយ​ត្រូវ​ធ្វើ​ទូកថ្មី​ស្នងទូក​ចាស់​ គេក៏ត្រូវ​ធ្វើកិច្ច​អញ្ជើញ​បារមី​ទូក​​ចាស់​​មក​សន្ឋិត​នៅ​ទូកថ្មី មុននឹង​ចាប់ផ្តើម​ធ្វើទូកថ្មីនោះ។ ចំពោះរបៀបធ្វើ​ទូក គេ​​ឃើញ​មានបច្ចេក​ទេស​​ពីរបែបគឺ “លុង​ឈើ” និង“​លើកក្តារ”​។ របៀប​​ទាំង​ពីរនេះគេ​ក៏​​​ឃើញ​មាន​​និយាយ​​នៅក្នុង​​​កំណត់​ហេតុ ​​ជីវ តាក្វាន់ ជា​អ្នក​ការទូត​ចិន ដែល​កត់​ត្រា​អំពី​ស្រុក​ខ្មែរ​តាំង​ពី​ចុង​សត​វត្សទី​១៣​ដែរ​។ បច្ចេក​ទេស​​ធ្វើ​​ដោយ​លុង​ឈើ​ គេ​ត្រូវ​​ជ្រើស​រើស​យក​​ឈើ​​វែងមួយ​ដើម​ធំ មក​សម្អាតសម្បក​ ​លុង​យក​សាច់ឈើ​​ផ្នែក​កណ្តាលចេញ ចាប់​ពី​គល់​​រហូតដល់ចុង​​។ បន្ទាប់មក គេត្រូវ​​រោល​ភ្លើង​ឱ្យ​​​សាច់​ឈើនោះទន់ ដើម្បី​ញែក​​ពោះ​ទូក​ឱ្យ​បើក​​​ឡើង​​គេហៅថា​ “ទូក​លុង”។

ចំណែក​ឯ​ការ​​ធ្វើ​ទូក​លើកក្តារ គេ​ត្រូវ​ច្រៀក​ឈើ​ជា​​សន្លឹក​ក្តារ​វែងៗ រួច​ហើយ​​​យក​​​សន្លឹក​​​ក្តារទាំងនោះ​​​មក​​ចាប់ផ្គុំភ្ជាប់​នឹង​​កុង​ទូក ​(រូប​​លេខ​​​៨) ដោយ​មាន​មេកណ្តាល​មួយ​ជា​ខ្នាត។ សូមបញ្ជាក់ថា កុង​ទូកក៏​គឺជាខ្នាត​យ៉ាង​សំខាន់ដែរ​ ហើយ​គេ​តែង​ចម្លង​​យក​​ពីទូក​ណាដែលធ្លាប់ប្រណាំង​ឈ្នះច្រើន​ និងមាន​កេរ្តិ៍ឈ្មោះល្បី​។ ប្រសិន​បើគេ​ចង់​​បន្ថែម​ឬ​បន្ថយប្រវែងទូក គេត្រូវ​គណនា​ខ្នាត​កុង​ទូក​នោះ​ដោយ​​ល្អិត​ល្អន់។ ចំពោះ​​​សន្លឹក​ក្តារនីមួយៗ​ត្រូវ​ចាប់ភ្ជាប់នឹង​កុង​លើក​​ឡើង រហូត​ពេញរាង​ជាទូក គេ​ហៅ​ថា​ “ទូក​​​លើក​​ក្តារ”​​។ ប្រភេទ​ទូក​ប្រណាំងទាំង​ពីររបៀបនេះ គេធ្វើមាន​ប្រវែង​​ជា​​មធ្យម​​ពី​២៨​ម៉ែត្រ ទៅ​៣០​ម៉ែត្រ និង​មាន​ទទឹង​​​ផ្នែក​​កណ្តាល​​ប្រវែង​១​ម៉ែត្រ​កន្លះ​។

កុងទូក ដែលទុកជាខ្នាត

ក្នុងការធ្វើទូកប្រណាំង​ទាំងពីររបៀបខាងលើ ពេល​​ចូល​ដល់​ដំណាក់​កាល​បំពាក់​ក្បាល​ និង​កន្សៃ (កន្ទុយទូក) គេត្រូវ​ធ្វើកិច្ចប្រុង​ពាលី​ម្តង​ទៀត​។ ដោយ​ឡែក​​ បើ​ត្រឡប់​មក​និយាយ​ការដាក់ក្បាល និង​កន្សៃ​ទូក​លុង គេតែងធ្វើក្រោយ​ពេល​លុង​សាច់​ឈើ​រួចរាល់។ ប៉ុន្តែចំពោះទូក​លើក​ក្តារ គេសង្កេត​ឃើញ​ធ្វើ​កិច្ច​ប្រុង​ពាលី​ដាក់​ក្បាល​ និង​​កន្សៃ​បន្ទាប់​ពី​វាស់វែង​ខ្នាត និង​​កបាតរួចរាល់។ ក្នុង​កិច្ច​បំពាក់​ក្បាល​ និង​កន្សៃ​ទូក​ទាំង​​នេះ គេ​ថែម​ទាំង​​ថ្វាយ​ភ្លេង​ពិណពាទ្យ​ ព្រម​ទាំង​និមន្ត​​ព្រះសង្ឃ​ប្រស់ព្រំ​ផងដែរ។ ក្នុង​កិច្ចនេះតែង​​មាន​បាយ​​ស្រីច្រើន​ថ្នាក់ ផ្លែឈើ នំចំណី បង្អែម និង​ចម្អាប​ផង។ ​មិន​តែ​ប៉ុណ្ណោះ លើ​ក្បាល​ទូក​ថ្មី​គេថ្វាយ​បាយស្រី ផ្លែឈើដែរ និង​ក្លស់​មួយ។ ប៉ុន្តែ​នៅ​ផ្នែក​កន្សៃ ពុំមាន​ដាក់​តង្វាយ ឬគ្រឿងសក្ការៈ​អ្វីឡើយ។

បន្ទាប់ពី​ធ្វើ​កិច្ច​ប្រុង​ពាលី​បំពាក់ក្បាល និង​កន្សៃទូក​រួច​ហើយ ​បើ​និយាយ​ចំពោះ​តែ​ទូក​​លើក​ក្តារ គេត្រូវ​យក​​បន្ទះ​ក្តា​រ​មក​ស្វាន​ផ្គុំ​ភ្ជាប់​នឹង​កុង​ទូក​។ ការ​ភ្ជាប់​ក្តារ​នេះ ផ្តើម​ចេញ​ពី​បាត​ទូក ក​​​ឡើងមួយសន្លឹក​ម្តងៗ ​(ប្រហែល​ម្ខាង​៥សន្លឹក) រហូត​ដល់​មាត់គែម​ទូក។ លុះ​លើកក្តារ​បាន​​ពេញ​លេញ​តាម​ខ្នាតទូក​ដែល​ចង់បាន​​រួច​ហើយ គេត្រូវ​ផ្កាប់ទូក​ចុះ ដើម្បី​ពិនិត្យ និង​សម្អាត​​បាតទូក​ពីក្រៅ។ ទន្ទឹម​នឹង​នេះ នៅ​គេ​ដំ​បញ្ចូល​ខ្សែ​នីឡុង​​យ៉ាង​ណែន ​ចូល​ក្នុង​​ចន្លោះមុខតំណក្តារ​នីមួយៗ​ដែល​មាន​មុខ​ពីរ​ជល់គ្នា។ ចំណុច​នេះ បើ​តាម​​បច្ចេក​ទេស​បុរាណ​ គេច្រើន​យក​​សំឡីគ ឬសសៃក្រចៅ​ជ្រលក់​ជ័រឈើ​មក​បិទ​។ប៉ុន្តែតាម​បច្ចេក​ទេស​បច្ចុប្បន្ន គេ​លាប​ជ័រទឹកលាយជ័រចុង​​នៅ​តាម​ចន្លោះ​មុខ​តំណ​នោះ​ម្តងទៀត ព្រម​ទាំង​បិទ​ភ្ជិត​តាម​​ក្បាល​​ប៊ូឡុង ឬដែកគោល រួច​ហើយគេ​​យក​ចម្រៀក​​បន្ទះ​ស័ង្កសី​មក​វាយ​ភ្ជាប់ពាស​លើ​មុខ​តំណ​​ក្តារ​នោះ ដើម្បី​​ធានាឱ្យកាន់តែជាប់​មាំល្អ និង​មិន​ជ្រាប​​ទឹកផង​។

បន្ទាប់ពីរៀបចំលក្ខណៈ​បច្ចេក​ទេស​តាមក្បួនខ្នាត និង​បិទជ័រ​ចប់​សព្វគ្រប់​ហើយ គេតែង​រៀប​ចំតុបតែង​លម្អ ពោលគឺ​លាបពណ៌ និងគូរក្បាច់​ជាដើម។ ការ​លម្អ​ទូក​គឺ​ជា​សោភ័ណ្ឌ​មួយ​បែប​ដែល​បង្ហាញ​ឱ្យ​ឃើញ​ទឹក​ដៃសិល្បៈ​។ ការ​លាបពណ៌ និង​គូរក្បាច់​លម្អ​ ដើមឡើយគេ​ច្រើន​រកអ្នកមាន​ទឹកដៃល្អ ពូកែ​គូរក្បាច់ឱ្យ​សម​នឹង​ទម្រង់​ទូក។ សព្វថ្ងៃ​គេ​អាច​​ប្រើ​បច្ចេក​ទេស​បាញ់ពណ៌​ដោយ​ម៉ាស៊ីន និង​គូរ​កាត់​ក្បាច់​លើ​ពុម្ពក្រដាស​ រួច​ដាក់​បាញ់​​​រំលេច​ពណ៌​លើក្បាល កន្សៃ ឬតួ​ទូក។ បន្ទាប់ពីនោះ គេគូរ​កាត់​សសៃ​​ក្បាច់​បន្ថែម​ទៀត​ ដើម្បី​​ឱ្យ​​​លើស​សម្រស់សមភ្នែក ឬគេអាច​គូររូប​សត្វ ឬរូបតំណាង​​វត្ត​នៅលើទូក​​ក៏មាន។ ប៉ុន្តែ​យ៉ាងណាក្តី មុននឹង​សន្មតថាទូក​នោះ​គ្រប់​លក្ខណៈ​ត្រឹម​ត្រូវ​ គេ​​ត្រូវ​ធ្វើកិច្ចប្រុងពាលីចុងក្រោយដើម្បីបំពាក់ភ្នែក ប្រសិទ្ធីតាមទំនៀម​ និងជំនឿ។

ជាធម្មតាទូកដែ​ល​​រៀបចំ​តាម​ក្បួន​ខ្នាតត្រឹម​ត្រូវ​ ហើយ​បុរាណ​តែង​​សម្គាល់​ឃើញ​​ថា​​​ជា​ទូកល្អ តែងតែប្រណាំង​ឈ្នះគេ ​ច្រើន​​ចូល​ក្នុង​លក្ខណៈ​ណាមួយនៃសម្លោកទូក​បីគឺ “បាត​​កន្តាំង ករមាំង កន្ទុយ​ពស់ព្រៃ” “បាតកញ្ជើ កក្រពើ កន្ទុយ​ក្រាយ” និង “ចំហៀងពក ស្រទប​​ចេក​ចាក់”។ ដូច្នេះជារួមមក ការ​ធ្វើទូក​ប្រណាំង​ជា​ទំនៀម​​របស់​អ្នក​ស្រុ​ក​ទន្លេ ដែល​ជា​​កិច្ចការ​​ប្រកបដោយ​បច្ចេកទេស ក្បួនខ្នាត និង​ជំនឿរបស់​អ្នក​ស្រុក។ ជំនឿពាក់​ព័ន្ធនឹង​ការថែរក្សាទូក ព្រមទាំង​ការ​រៀបចំប្រណាំង​ ខ្ញុំសូម​លើកមកនិយាយ​ក្នុង​សប្តាហ៍ក្រោយ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!