ប្រាសាទស្វាយអៀ

បើពោលរៀបរាប់អំពីប្រាសាទបុរាណនៅស្រុកស្ទោង សាមញ្ញជនទូទៅពុំសូវមានការចាប់អារម្មណ៍ឡើយ ព្រោះអ្នកខ្លះមិនធ្លាប់ដឹងថានៅស្រុកស្ទោងនៅសេសសល់ប្រាសាទបុរាណច្រើនឡើយ។ ជាទូទៅ ប្រសិនយើងគិតប្រាសាទដែលនៅឈរមានរូបរាងល្អក្នុងស្រុកស្ទោង មានចំនួន៣ រួមមាន ប្រាសាទបន្ទាយស្ទោង ប្រាសាទស្វាយអៀ និងប្រាសាទអំពិលរលំ ហើយក្រៅពីនេះប្រាសាទដែលបាក់បែកផ្សេងទៀតមានរហូតដល់ទៅជិត ៥០ ប្រាសាទ។ នៅក្នុងអត្ថបទខ្លីនេះ យើងសូមលើកយកមកនិយាយតែប្រាសាទស្វាយអៀមួយប៉ុណ្ណោះ។

ប្រាសាទស្វាយអៀ មានទីតាំងស្ថិតនៅភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ភាគខាងលិចទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ពីទីប្រជុំជនស្រុកស្ទោង។ ប្រាសាទនេះមានទីតាំងស្របទិសគ្នាពីកើតទៅលិចជាមួយប្រាសាទអំពិលរលំ ចម្ងាយប្រមាណ ៧គីឡូម៉ែត្រ។ ឈ្មោះ “ស្វាយអៀ” នេះ គឺជាឈ្មោះដែលយើង​ស្គាល់តាមឯកសារផ្សេងៗរបស់​អ្នកស្រាវជ្រាវតែប៉ុណ្ណោះ ពោល មិនមែនជាឈ្មោះដែលអ្នកស្រុក​ហៅប្រាសាទនេះឡើយ។ អ្នកស្រុកហៅ​ប្រាសាទនេះថា “ប្រាសាទ” ឬជួនកាលហៅប្រាសាទ “បី” ដូចនៅអំពិលរលំដែរ ព្រោះគេសំដៅលើតួប៉មប្រាសាទដែលមាន​ចំនួនបី ប៉ុន្តែសព្វថ្ងៃតួប៉មចំនួនពីរបានបាក់បែកអស់ទៅហើយ នៅ​សល់តែតួប៉មកណ្តាលមួយប៉ុណ្ណោះ។ ឈ្មោះ “ស្វាយអៀ” នេះ គឺគេហៅសំដៅលើឈ្មោះភូមិឬឈ្មោះវត្ត តែ​បណ្តាអ្នកស្រាវជ្រាវបានភ្ជាប់ឈ្មោះនេះ​ជាមួយឈ្មោះប្រាសាទតែម្តង។ កន្លងមក  ប្រាសាទនេះពុំសូវមានអ្នកសិក្សាចាប់អារម្មណ៍ច្រើនឡើយ ពោល គឺមានតិចតួចដូចជា លោក Etienne Aymonier ឆ្នាំ១៩០០ លោក Lunet De Lajonquière ឆ្នាំ១៩០២ ហើយការសិក្សាទាំងអម្បាលម៉ាន រៀបរាប់សង្ខេបតិច​បំផុត ពោល គឺអាចរាប់បានថាជាបញ្ជីសារពើ​ភណ្ឌតែប៉ុណ្ណោះ។

ប្រាសាទស្វាយអៀ សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើប្រវែង ៤,៧០ម៉ែត្រ បែរមុខទៅទិសខាងកើត ​ដែលពីមុនមកមានតួប៉មចំនួនបីរត់ជួរគ្នាតាមអ័ក្សពី​ជើង​ទៅត្បូង តែសព្វថ្ងៃតួប៉មពីរទៀតបាក់បែកអស់​ហើយ នៅសល់តែតួប៉មកណ្តាលមួយប៉ុណ្ណោះដែលនៅឈរ ហើយសម័យក្រោយមកគេបានកសាងព្រះវិហារព្រះពុទ្ធសាសនាថេរវាទធ្វើអំពីបេតុងនៅជាប់ខាងកើតប្រាសាទ។

ប្រាសាទនេះ មានទ្វារ​ចូលតែមួយទិសប៉ុណ្ណោះ គឺទ្វារចូលនៅ​ទិសខាងកើត ហើយនៅទិសចំនួនបីផ្សេងទៀតគេលម្អជាទ្វារ​បញ្ឆោតមិនមានក្បាច់លម្អអ្វីច្រើននោះទេដែលជាទូទៅមាន​លក្ខណៈរូបរាង និងក្បាច់លម្អជាទូទៅដូចប្រាសាទគុកលិច  (ប្រាសាទ​ត្នោតជុំ​ខាងលិច)។ នៅមុខខាងកើត យើងឃើញនៅសល់ផ្តែរទ្វារមួយ​ផ្ទាំង និងសសរពេជ្រពីរដុំ។ ផ្តែរទ្វារនេះ មាន​ក្បាច់លម្អយ៉ាង​រស់រវើកដោយនៅផ្នែកកណ្តាលសិល្បករឆ្លាក់រូបព្រះឥន្រ្ទកាន់វជ្រ  គង់នៅលើដំរី​ព្ធវ៌តមានក្បាលមួយ​ ដែលខាងក្រោមដំរីទ្រដោយក្បាច់ជើងទម្រមួយ។ នៅផ្នែកកណ្តាលក្រោមបង្អស់ មានរូបរាហូ ឬព្រះកាលខ្ជាក់​កម្រងផ្កា អមដោយរូបសត្វតោចំនួនពីរកំពុង​​ខ្ជាក់ក្បាច់បន្ទាត់ធ្នូ ដែលនៅពីលើនិងក្រោម​មាន​ចង្វាយក្បាច់ភ្ញីទេសឆ្លាស់គ្នាយ៉ាង​ប្រណិត។ ផ្នែកជួរខាងលើបង្អស់ គេឆ្លាក់រូបទេពក្នុងកាយ​វិការអង្គុយសមាធិតម្រៀបជាជួរ និង​ផ្នែកខាងចុងផ្តែរជួរកណ្តាលមានរូបក្បាលនាគ។ ចំណែក សសរ​ពេជ្រវិញ សិល្បករឆ្លាក់មាន​រាងប្រាំបីជ្រុងដោយមានឆ្លាក់ក្បាច់ជាកង់ៗលម្អដោយក្បាច់ត្របកឈូកនិង​ក្បាច់ផ្សេងៗទៀត។

ក្រៅពីផ្តែរដែលនៅជាប់នឹងប្រាសាទ មានផ្តែរទ្វារចំនួនពីរទៀត គេយកទៅរក្សាទុកនៅខាងក្នុងព្រះវិហារ (ខាងក្រោមបល្ល័ង្កព្រះជី) ដែលជារបស់តួប៉មបាក់បែកចំនួនពីរទៀត។ ផ្តែរទី១ ឆ្លាក់រូបព្រះឥន្រ្ទគង់ឈរនៅលើដំរីព្ធវ៌តមានក្បាលបី ក្នុងកាយវិការប្រយុទ្ធ ឬកាយវិការគប់វជ្រទៅកាន់សត្រូវ។

ផ្តែរទី២ គេឆ្លាក់រូបព្រះឥន្រ្ទគង់ឈរនៅលើដំរីព្ធវ៌តដូចគ្នា ដោយមានលក្ខណៈស្រដៀងផ្តែរដែលនៅជាប់នឹងប្រាសាទដូចរៀបរាប់ខាងលើ ប៉ុន្តែនៅអមសងខាងព្រះឥន្រ្ទមានទេពស្រីចំនួនពីរអង្គ។ ផ្តែរទាំងបីដែលបានរៀបរាប់ សុទ្ធសឹងបង្ហាញអំពីទេពព្រះឥន្រ្ទ ដែលជាស្តេចនៃស្ថានសួគ៌ ជាអ្នកបង្កើតឱ្យមានភ្លៀង និងជាលោកបាលប្រចាំនៅទិសខាងកើត។ ដូច្នេះហើយ បានសេចក្តីថា បុព្វបុរសខ្មែរនៅសម័យបុរាណមានជំនឿទៅលើព្រះឥន្រ្ទខ្លាំងណាស់ ព្រោះមនុស្សខ្មែរមានកង្វល់ជាធំទាក់ទងនឹងរឿងកសិកម្ម ពោល គឺត្រូវតែគោរព​ទេពដែលទាក់ទងនឹងទឹកភ្លៀងជារឿងចាំបាច់។

ដោយហេតុថា ប្រាសាទស្វាយអៀ មិនមានសេសសល់នូវសិលាចារឹកដូចប្រាសាទអំពិលរលំដែលនៅក្បែរគ្នាឡើយ ម្ល៉ោះហើយការកំណត់អាយុកាលរបស់ប្រាសាទ គេត្រូវពឹងផ្អែកជាសំខាន់ទៅលើប្លង់ និងគ្រឿងលម្អដែលនៅជាប់នឹងប្រាសាទ។ បើសិនយើងក្រឡេកមើលផ្នែកស្ថាបត្យកម្ម និងគ្រឿងលម្អរបស់ប្រាសាទ បង្ហាញថា វាមានលក្ខណៈស្រដៀងច្រើនទៅនឹងប្រាសាទត្នោតជុំខាងលិចដែលស្ថិតនៅស្រុកបារាយណ៍។ ហេតុដូច្នេះហើយ យើងអាចទាញសេចក្តីសន្និដ្ឋានបឋមបានថា ប្រាសាទស្វាយអៀ ទំនងជាប្រាសាទកសាងឡើងដើម្បី​ឧទ្ទិសដល់ព្រហ្មញ្ញ​សាសនា ឬព្រះពុទ្ធសាសនា នៅសម័យអង្គរ ក្នុងរវាងស.វ.ទី១០ ពោល គឺអាចចន្លោះពីរជ្ជកាលព្រះហស៌វរ្ម័នទី១ (គ.ស.៩១០-៩២២) ដល់រជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧)។ ម្យ៉ាងវិញទៀត បើយើងក្រឡេកមើលពីគមនាគមន៍សម័យបុរាណ ទីតាំងប្រាសាទស្វាយអៀ គឺស្ថិតនៅតាមបណ្តោយផ្លូវដ៏សំខាន់ភ្ជាប់ពីសំបូរព្រៃគុក និងតំបន់ខាងត្បូងទៅកាន់តំបន់អង្គរ ដោយឆ្លងកាត់តាមប្រាសាទអណ្តែត ប្រាសាទទ្វារក្តី និងប្រាសាទផ្សេងៗមួយចំនួនទៀតនៅក្នុងស្រុកស្ទោង៕

———————————-

Svay Ier Temple

Svay Ier Temple is located in Svay Iar Village, Chamna Krom Commune, Stoung District, Kampong Thom Province, about 40 km west of Kampong Thom Provincial Town. This temple is located parallel from east to west with the Prasat Ampil Rlom about 7 kilometers. The name “Svay Iar” is the name we only know from various documents of researchers, not the name called by locals. The locals actually call this temple “Prasat” or sometimes “Prasat Bei” as in Ampil Rlom because it refers to the three towers of the temple, but today two towers have collapsed and only one central tower remains. The name “Svay Iar” refers to the name of the village or pagoda, but researchers have linked this name to the name of the temple. In the past, the temple has not attracted many scholars, such as Etienne Aymonier in 1900, and Lunet De Lajonquière in 1902, and the study is very brief, and can only be counted as an inventory.

Svay Iar Temple is built of brick with a square shape 4.70 meters in size and facing east, which previously had three towers along the axis from north to south, but today the other two towers are already destroyed, there are only the central tower remains, and later Theravada Buddhist temple was built of concrete on the east side of the temple.

On the east side, we see the remains of a lintel and two Colonnettes. The lintel has an impressive ornament contained featuring Indra holding a Vajra standing on the Airavata elephant in the center, and colonnettes were carved in an octagonal shape with decorative lotus petals and other carvings. In addition, there are two lintels that are kept inside the Vihear (below the throne) belonging to two other ruined towers. Both lintels carved an image of Indra standing on the Airavata elephant with three heads fighting or throwing Vajra at the enemy. These lintel images are the same lintel on the temple.

Svay Iar temple does not remain inscriptions as the adjacent Ampil Rlom Temple, so the age of the temple depends mainly on the plan and ornaments attached to the temple. If we look at the architecture and ornaments of the temple, it shows that it is very similar to the West Tnaot Chum Temple in the Baray district. Therefore, we can draw the preliminary conclusion that Svay Iar temple was probably built to dedicate to Brahmanism or Buddhism in the Angkorian period during the 10th century CE which could be between the reign of King Hasavarman I (910-922) to the reign of King Rajendravarman (944-967). On the other hand, if we look at the ancient infrastructure, the location of Svay Iar temple is along the main road connecting Sambor Prei Kuk and the southern area to Angkor, passing through the Prasat Andet, Prasat Tvear Kdei and other temples in Stoung district.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!