អ៊ីរ៉ាក់៖ ក្រុមបុរាណវិទូនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់បានធ្វើការរកឃើញនូវចម្លាក់ថ្មដ៏ស្រស់ស្អាតជាច្រើនដែលមានអាយុកាលប្រហែល 2,700 ឆ្នាំ។ ការរកឃើញនូវទីតាំងចម្លាក់នេះ គឺស្ថិតនៅទីក្រុង Mosul ដោយក្រុមបុរាណវិទ្យា អាមេរិក-អ៊ីរ៉ាក់ ដែលធ្វើការដើម្បីស្ថាបនាឡើងវិញនូវក្លោងទ្វារ Mashki ដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) បានបំផ្លាញក្នុងឆ្នាំ 2016។ អ៊ីរ៉ាក់ គឺជាប្រទេសមួយដែលមានទីក្រុងបុរាណជាច្រើនក្នុងពិភពលោក រួមទាំងទីក្រុងបាប៊ីឡូនផងដែរ ប៉ុន្តែភាពចលាចលជាច្រើនឆ្នាំបានកើតឡើងនៅតាមទីតាំងបុរាណជាច្រើនក្នុងប្រទេសនេះ ដោយភាគច្រើនត្រូវបានគេលួច និងខូចខាតដោយក្រុមសកម្មប្រយុទ្ធ និងសកម្មភាពយោធា។
ក្រុមប្រឹក្សាភិបាលវត្ថុបុរាណ និងបេតិកភណ្ឌរដ្ឋអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានដកស្រង់ដោយ AFP ថា ពួកគេបានរកឃើញនូវរូបចម្លាក់ដែលឆ្លាក់ជាប់នឹងជញ្ជាំងចំនួនប្រាំបីផ្ទាំងដែលបង្ហាញពីឈុត សង្រ្គាម ការរស់នៅជាដើម ដែលមានកាលបរិច្ឆេទក្នុងរាជស្តេចអាសស៊ើរ សេនណាឆរីប (Assyrian Sennacherib) បានគ្រប់គ្រងទីក្រុងបុរាណនីនីវេ (Nineveh)ពីឆ្នាំ 705 ដល់ 681 មុនគ.ស។ សេនណាឆរីប ជាស្តេចដ៏មានអំណាចមួយ ដែលត្រូវបានគេស្គាល់ថា ជាស្តេចដែលមានឥទ្ឋពលខ្លាំងលើយុទ្ធនាការយោធា រួមទាំងការប្រឆាំងនឹងបាប៊ីឡូន និងការពង្រីកទឹកដីដ៏ធំរបស់ទ្រង់នៅនីនីវេ។
លោក Fadel Mohammed Khodr ប្រធានក្រុមបុរាណវិទ្យាអ៊ីរ៉ាក់ បានប្រាប់ AFP ថា លោកជឿថា សារីរិកធាតុរបស់ស្តេច សេនណាឆរីប បានតម្កល់នៅទីនេះដែល ធ្លាប់ជាព្រះរាជវាំងរបស់ទ្រង់ ហើយបន្ទាប់មកត្រូវបានផ្លាស់ប្តូរទៅកាន់ក្លោងទ្វារ Mashki Gate។ Mashki គឺជាក្លោងទ្វារដ៏ធំបំផុតមួយនៅក្នុងទីក្រុង Nineveh ហើយជារូបតំណាងនៃ អំណាចរបស់ទីក្រុង។ ច្រកទ្វារនេះត្រូវបានសាងសង់ឡើងវិញក្នុងទសវត្សរ៍ឆ្នាំ 1970 ប៉ុន្តែត្រូវបានបំផ្លាញដោយពួកសកម្មប្រយុទ្ធ ISIS ក្នុងឆ្នាំ 2016។
ក្រុមបុរាណវិទូ ដែលជាអ្នកជំនាញមកពីសាកលវិទ្យាល័យ Mosul របស់ប្រទេសអ៊ីរ៉ាក់ និងសាកលវិទ្យាល័យ Pennsylvania របស់សហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីស្ដារទីតាំង Mashki Gate ឱ្យមានលក្ខណៈដូចមុន។ ទីតាំងស្ថានីយបុរាណវិទ្យាជាង 10,000 ត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែក្នុងចំណោមនោះ ទីក្រុងបុរាណ Palmyra ក៏ ត្រូវបានបំផ្លាញដោយក្រុម ISIS ក្នុងឆ្នាំ 2015។
របាយការណ៍ឆ្នាំ 2009 របស់អង្គការយូណេស្កូ ដែលជាទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ បានរកឃើញថា កងទ័ព និងក្រុម ISISក្នុងប្រទេសអ៊ីរ៉ាក់ “បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងបុរាណដោយការជីក បំផ្ទុះ លើសំណង់បុរាណទាំងនោះ”៕
ដកស្រង់ពី ៖ https://www.bbc.com/news/world-middle-east-63323825