ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទូកប្រណាំង​និង​ទំនៀម​អ្នកស្រុក (ភាគ២ បញ្ចប់) 

ទូកប្រណាំង​និង​ទំនៀម​អ្នកស្រុក (ភាគ២ បញ្ចប់) 

ទូកប្រណាំងឬហៅថា “ទូកង” ​ប្រចាំវត្ត​នីមួយៗ ជា​សម្បត្តិ​រួមដ៏​មាន​តម្លៃ​របស់​អ្នក​ស្រុក​។ ​តាម​ទំនៀម គេតែង​ដាក់​ឈ្មោះ​ទូក​ដោយ​ភ្ជាប់​នឹង​​ឈ្មោះវត្ត​ អ្នកតា​ ឬ​បារមី​​ប្រចាំ​វត្ត​​ ហើយគេ​ជឿថាទូកនោះ​មាន​អមនុស្ស​ថែរក្សា​ ជា​ពិសេស​គឺ​មាន “ព្រាយ” កាន់ផង។ រៀង​​រាល់ឆ្នាំ​ ចាប់​​ពី​ភ្ជុំ​បិណ្ឌ​រហូត​ដល់​​ចេញ​ព្រះវស្សា​ អ្នក​ស្រុក​​តែង​ធ្វើ​​កិច្ច​ដាក់​ទូក​​​​ចុះ​ទឹក ដើម្បី​​​ប្រណាំង​​​ជាមួយ​ទូក​​​វត្ត​ផ្សេងៗ។ ការ​ប្រណាំង​នេះ​គេ​មើល​ឃើញ​ថា​ជាទំនៀម​​របស់​អ្នក​ស្រុក​រស់នៅ​តាមទន្លេ​ផង ហើយ​​ជា​ឱកាសជ្រើស​​​​រើស​រក​​ទូកល្អ ប្រណាំង​​​ឈ្នះគេ ដើម្បី​ចូលរួមប្រណាំង​​ជាមួយ​​​ទូក​មកពី​​ស្រុក​​​ផ្សេងទៀត ក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក​នៅ​មុខ​​ព្រះ​បរម​រាជ​វាំង។

រាជពិធីបុណ្យ​អុំទូក​មុខ​ព្រះបរមរាជវាំង​ ឆ្នាំ​១៩៤៨ (​រូបថត៖ EFEO)

ជាការពិត​ នៅតាម​​​បណ្តាវត្ត​នីមួយ​ៗ​គេ​តែង​សង្កេត​​​ឃើញ​មាន​សង់រោង​តម្កល់​ទូក​​នៅក្បែរ​ព្រះវិហារ។ តាម​ទំនៀម​បុរាណ​ ​លោក​តែង​ជ្រើស​រើស​​ទីតាំង​សង់​រោង​ទូក​នៅ​ទិស​ឦសាន​ព្រះ​វិហារ​ ក្បាល​ទូក​ដាក់​ទៅ​ទិស​ខាងកើត កន្សៃទៅ​ទិស​ខាង​លិច​។ ប៉ុន្តែអ្នក​ស្រុក​តំបន់​​​​​ខ្លះ គេ​យក​ទូក​ទៅ​តម្កល់​ទុក​ក្រោម​ដើម​ឈើ​ ឬសង់​រោងជាប់​នឹង​​មាត់​ទន្លេ​​តែ​ម្តង។ ក្នុង​រោង​រក្សា​ទូកនោះសោត គេ​​​ឃើញ​ជាទូទៅ​យ៉ាង​ហោច​ណាស់​​មាន​​​​ក្លស់​​មួយ​ថ្វាយ​​នៅខាងក្បាល​ទូក ហើយ​​តាម​ទម្លាប់​គេតែង​​​​យក​គ្រឿង​​សក្ការៈ​ ឬ​តង្វាយ​​​​ផ្សេងៗ​ទៅ​ថ្វាយ​រាល់ថ្ងៃសីល ឬថ្ងៃ​បុណ្យ​ ​(រូប​លេខ​៥-៧)។ ដោយ​​មាន​ជំនឿ​​ពាក់ព័ន្ធនឹង​អមនុស្ស ឬព្រាយ​រក្សាទូក​ដូច​រៀបរាប់ខាងលើ គេ​តែង​ទូន្មាន​​មនុស្ស​ស្រី​ពរពោះ​​មិន​ឱ្យ​ទៅក្បែរ​រោង​ទូកឡើយ ដ្បិត​ខ្លាច​មានគ្រោះដូចជា​រលូត​កូន ឬស្លាប់ម្តាយ។

រោង​ទូក​នៅវត្ត​ព្រះធាតុបាស្រី

នៅក្បែរ​រោង​ទូកខ្លះគេក៏តែងសង្កេត​ឃើញ​មាន​ខ្ទម​អ្នក​តា ដែល​ហាក់​ដូចជា​​មាន​ទំនាក់​​ទំនង​ផ្ទាល់ជាមួយ​ទូកផងដែរ។ មិន​តែ​ប៉ុណ្ណោះបើទូក​នោះ​ចាស់ ​ឬ​បាក់​​​បែក​​ខូច គេតែង​យកតួ​ទូក ឬបំណែក​ទូក​​ទៅ​រក្សា​ទុក​​ក្នុង​​​ខ្ទម​​​អ្នកតា​​ជានិច្ច។ លើសពីនេះអ្វីដែល​បង្ហាញឱ្យ​ឃើញ​កាន់​​​តែ​ច្បាស់ ​​​អំពី​​​ទំនាក់​ទំនង​រវាងទូ​ក​និង​អ្នកតា គឺ​​ទូក​​​ខ្លះ​គេ​គូរ​រូប​តួអង្គអ្នកតា​នោះនៅ​ក្បាល​​ទូក ឬដាក់​ឈ្មោះ​អ្នកតា​​​ភ្ជាប់នឹង​ទូក​តែ​​ម្តង។​ មកដល់​ចំណុច​នេះ គេ​គួរ​ចាំថា​តាម​ទំនៀម​បុរាណ​ លោក​ច្រើន​ដាក់​ឈ្មោះ​​ទូកប្រណាំង​ពាក់​ព័ន្ធនឹង​ “ស្រី” ព្រោះដោយជឿថាជា​ “ម្នាងទូក” ឬជា​អមនុស្ស​​​ភេទ​​ស្រី (ព្រាយ) ដែល​តាម​ថែរក្សា​ទូកដូចជា ស្រី​ខ្មៅ ស្រីស ស្រីស្រស់​ ស្រី​កែវ​ស្រីស្រាវ នារី​ឧត្តម្ភ រស្មីនារី នារីរង្សី នារីរ័ត្នមានឫទ្ធិជាដើម។

ទូកឈ្មោះ “រំដួល​រិទ្ធិជ័យ​បារមីតាដំបងដែក” ​តម្កល់មុខ​​ខ្ទម​អ្នកតាដំបងដែក​ស្ថិត​នៅភូមិរំដួល ក្នុង​ខណ្ឌកំបូល​ រាជធានីភ្នំពេញ

ដោយឡែក​ បើត្រឡប់មក​និយាយ​អំពី​ទំនៀម​ប្រណាំង​ទូក​វិញ អ្នកស្រុក​តែង​​ចាប់​ផ្តើម​តាំងពី​ថ្ងៃភ្ជុំបិណ្ឌ រហូត​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា ដែលគេ​ច្រើន​ហៅថា “ផ្តាច់ព្រ័ត្រ”។ ប៉ុន្តែ​មុននឹង​យក​ទូក​ទៅប្រណាំង គេត្រូវ​ជួស​ជុល​ កែ​លម្អ រួច​ទើប​ធ្វើ​កិច្ច​ប្រុង​ពលី​ដាក់​​ពី​បង្គង​​ចុះ​ទឹក​ ដើម្បីហាត់សម​ចំណុះ​ទូក (រូបលេខ​១២)។ នៅក្នុង​កិច្ច​ប្រុង​ពលីលើក​ទូក​ចុះ​ទឹកនេះ ជួនកាល​គេ​ធ្វើពេលព្រឹក ជួនកាល​ពេលល្ងាច។ ក្នុង​កិច្ច​នេះ គេត្រូវ​រៀប​បាយ​ស្រី ស្លាធម៌ ចេក​ ស្រា ក្បាល​ជ្រូក មាន់ស្ងោរ បង្អែម​ ចម្អាម និង​នំចំណី​ជា​ច្រើន​ទៀត ព្រម​ទាំង​​មាន​ថ្វាយ​ភ្លេង​ផង (រូបលេខ​១៣)។ ក្នុង​ឱកាស​នោះ ជួន​កាល​មាន​កិច្ច​បញ្ចូល​​បញ្ជាន់​បារមី បំពាក់​ភ្នែកទូកដែរ ហើយ​កិច្ច​​ចុងក្រោយ​គឺ ​​និមន្ត​​​ព្រះសង្ឃ​ប្រស់​ព្រំ​ពរ​ជ័យ ដើម្បី​សុំសេចក្តីសុខ​ដល់​ចំណុះ​ទូក និង​អ្នកភូមិ​ផង។

ការជួស​ជុលទូក​មុននឹងធ្វើកិច្ចប្រុង​ពលី​ចុះទឹក
កិច្ចប្រុង​ពលីលើក​ទូក​​ចុះទឹក ដើម្បី​ហាត់​សម​មុននឹង​ប្រណាំងផ្តាច់ព្រ័ត្រ (រូបថត៖ ស៊ុំ កុសល)

ចំពោះការ​ប្រណាំងទូក​តាម​ទំនៀម​​អ្នកស្រុក ដើម​ឡើយ​គេ​ច្រើន​អុំ​ប្រណាំង​៣ថ្ងៃ​ក្នុង​ពេល​ភ្ជុំ​បិណ្ឌ ហើយ​មូលមាត់​គ្នា​ប្រណាំង​ផ្តាច់ព្រ័ត្រ​ក្នុង​ថ្ងៃ​ចេញ​ព្រះវស្សា។ ក្នុង​ពេល​​​ប្រណាំង​គេត្រូវ​តម​មាត់​តមកណាស់ ពោលគឺ​មិន​ត្រូវ​និយាយ​ពាក្យ​ផ្តេស​ផ្តាស មិន​ត្រូវ​នោម​ដាក់​លើ​ទូក ហើយ​គេ​ត្រូវ​ដោត​​ទង់​ជ័យ​រូប​ប្រាសាទ​ ឬរូបហនុមាន​នៅ​កន្សៃ​ទូក មាន​ម្នាក់​ជា​គ្រូបង់​បត់ ឬ​ជា​អ្នក​មាន​សម្តី​ថ្វី​មាត់​គ្រាន់​​សម្រាប់​ស្រែក​យក​ជ័យ។ មុន​ពេ​លចុះ​ទូករៀបចំប្រណាំង គេត្រូវ​ប្រស់ព្រំ ឬអុជធូប​ថ្វាយ​ផ្លែឈើ​នៅក្បាល​ទូកម្តងទៀត។ បន្ទាប់​ពី​ប្រណាំង​រួចជើងទី១ ឬទី២ ឬក៏សំចតទូក​រង់ចាំប្រណាំង​ផ្តាច់​ព្រ័ត្រ​ក្តី គេត្រូវ​យក​​​ក្លស់​មក​បាំងក្បាលទូកឡើងវិញ (រូបលេខ​១៧)។ ប៉ុន្តែបច្ចុប្បន្ន ការ​ប្រណាំង​ទូក​​តាម​ស្រុក​នីមួយៗ គេកត់​សម្គាល់​ឃើញ​ការ​រៀបចំ​យក​​លំនាំ​​ការ​ប្រណាំង​​នៅ​​មុខ​ព្រះ​បរម​​រាជ​វាំង​ដែរ ពោលគឺ​ទាំង​ការ​រៀបចំ​​លេខ​សម្គាល់​ទូក ផ្គូរ​ផ្គងទូក​ ចម្ងាយ​អុំ ខ្សែទឹក​ និង​ការ​កំណត់​ឈ្នះ​ចាញ់​ជាដើម តែពុំមានកាត់ព្រ័ត្រឡើយ (រូបលេខ​១៩-២១)។

បាំងក្លស់ក្បាលទូក
ក្បួនទូកប្រណាំងនៅស្ទឹង​សៀមរាប
ការប្រណាំងទូករបស់អ្នកស្រុកនៅមុខ​វត្ត​ក្បាលកោះ ស្ថិត​ក្នុងសង្កាត់កោះដាច់

សង្ខេបសេចក្តីមក ទូកប្រណាំងគឺជាទ្រព្យអ្នកស្រុក​ប្រចាំ​តាមវត្ត​នីមួយៗ ដែលគេ​មាន​ជំនឿ និងគោរពថែរក្សា​។ មិនតែ​ប៉ុណ្ណោះ អមនុស្សដែលថែរក្សា​ទូក ក៏​​ថែ​រក្សា​​ស្រុក​ភូមិរបស់គេ ហើយហាក់ដូចជាមាន​ជីវិត និង​មានទំនាក់​ទំនង​នឹង​អ្នកស្រុកផង ជា​ពិសេ​ស​ក្នុង​​ពេល​ដល់រដូវ​ប្រណាំង​​ទូកតាម​ទំនៀម​អ្នកស្រុក៕

អត្ថបទដោយ៖ កញ្ញា ហៀង សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!