នៅក្នុងសិលាចារឹកវត្តមៀន K.១០៥ ដែលធ្លាប់ចុះផ្សាយកន្លងមក យើងប្រទះឃើញស្ថាននាមមួយចំនួន ដែលគួរនឹងសិក្សា និងលើកយកមកបង្ហាញមហាជនឱ្យបានជាចំណេះដឹង អំពីប្រវត្តិនាមទីតាំងមួយចំនួន ដែលបន្សល់ទុកតាំងតែអំពីបុរាណកាលមក។ ជាក់ស្ដែងបើយោងតាមសិលាចារឹកវត្តមៀន ស្ថាននាម «ព្រៃដើមថ្នឹង» នៅក្នុងខេត្តព្រៃវែង ជាឈ្មោះដែលមានយ៉ាងហោចណាស់តាំងពីសម័យអង្គរមកម្ល៉េះ។ នៅក្នុងសិលាចារឹកដដែលនេះ ក៏ធ្លាប់មានអ្នកស្រាវជ្រាវកន្លងមក បានលើកយកពាក្យ «វ្រះវ្នំ» ឬសរសេរជាពាក្យទំនើបថា «ព្រះភ្នំ» សន្និដ្ឋានថាត្រូវនឹងឈ្មោះ «បាភ្នំ» សព្វថ្ងៃនេះ។ នៅក្នុងអត្ថបទនេះ យើងក៏នឹងពិភាក្សាថា «វ្រះវ្នំ» អាចជាឈ្មោះបុរាណរបស់ «បាភ្នំ» ដែរឬទេ?
១– ស្ថាននាម «ព្រៃដើមថ្នឹង»
នៅក្នុងអត្ថបទផ្នែកទី១ នៃសិលាចារឹកវត្តមៀន ត្រង់ចំណុចរៀបរាប់អំពីដីភូមិដែលជាតង្វាយចំពោះប្រាសាទនៅព្រៃវ្យក ក្នុងខេត្តស្រីឥន្ទ្របូរ គឺមានដីភូមិមួយកន្លែងមានឈ្មោះថា «ស្រុក៑វ្រៃតេំថ្និង៑» នៅកណ្ដាលពល។ ពាក្យ «ស្រុក៑» កាលពីបុរាណរហូតមកដល់បច្ចុប្បន្នប្រើក្នុងន័យចង្អៀតផង និងទូលាយផង។ នាពេលបច្ចុប្បន្ន ពាក្យ «ស្រុក» ដែលប្រើនៅក្នុងប្រព័ន្ធរដ្ឋបាល ដែលជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្ត គឺជាន័យកំណត់ប្រើនៅក្នុងកម្រិតបច្ចេកទេស។ យ៉ាងនេះក្ដី យើងក៏សង្កេតឃើញមានការប្រើប្រាស់ទូទៅក្នុងស្រទាប់មហាជន ក្នុងន័យយ៉ាងទូលាយ ដោយសម្គាល់ទីតាំងប្រជុំជនតូចណាមួយ ភូមិ ឃុំ ស្រុក ខេត្ត ប្រទេស ទ្វីប និងរហូតដលពិភពផង។ នៅក្នុងឆ្នាំ១៩៩៧ លោកបណ្ឌិត ឡុង សៀម បានបោះពុម្ពផ្សាយសៀវភៅមួយមានចំណងជើង «ស្ថាននាមវិទ្យាខ្មែរ តាមឯកសារសិលាចារឹក ប្រទេសកម្ពុជា (សតវត្សទី VI – XIV)» បានផ្ដល់ការពន្យល់យ៉ាងក្បោះក្បាយអំពីពាក្យ «ស្រុក៑» កាលពីសម័យបុរាណ។ ពាក្យនេះ និងពាក្យមនបុរាណ scruk, sruk មានន័យថា ជ្រក ជម្រក ដែលនៅសម័យមុនអង្គរ សម្គាល់តែភូមិដែលមានទំហំតូច ហើយស្រុកដែលទើបបង្កើតថ្មី អាចមានប្រជុំផ្ទះតែពីរបីប៉ុណ្ណោះ។ លោកបណ្ឌិត ឡុង សៀម ក៏បានបង្ហាញដែរថា តាមការរីកចម្រើនរបស់សង្គមបុរាណ នៅសម័យអង្គរ «ស្រុក៑» កាន់តែមានវិសាលភាពធំជាងសម័យមុន។ ស្រុកខ្លះជាសហគមន៍ធំ ដែលអាចមានភូមិឬប្រជុំជនមានមនុស្សរស់នៅច្រើនបញ្ចូលគ្នា ដូចករណី «ស្រុក៑ទឝគ្រាម» ដែលទំនងជាសំដៅដល់ស្រុកនោះ មានភូមិ១០រួមបញ្ចូលគ្នា។
ពាក្យ «វ្រៃតេំថ្និង៑» ត្រូវនឹងសំណេរទំនើបថា « ព្រៃដើមថ្នឹង»។ ស្ថិតនៅចម្ងាយត្រង់ប្រមាណជា៧គីឡូម៉ែត្រពីទិសនិរតីវត្តមៀន មានឃុំមួយស្ថិតនៅក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានឈ្មោះថា «ព្រៃដើមថ្នឹង»។ ឃុំនេះមានភូមិចំណុះចំនួន៤ គឺព្រៃដើមថ្នឹងទី១ ព្រៃដើមថ្នឹងទី២ ព្រៃដើមថ្នឹងទី៣ និងព្រៃដើមថ្នឹងទី៤។ ឃុំនេះ មានព្រំប្រទល់ខាងកើតជាប់នឹងឃុំមៀន នៃស្រុកអូរាំងឪ ខេត្តកំពង់ចាម ខាងលិចជាប់នឹងឃុំព្រៃទឹង ឃុំរំលេច នៃស្រុកស៊ីធរកណ្ដាល ខាងត្បូងជាប់នឹងឃុំឫស្សីសាញ់ ឃុំព្រៃទឹង នៃស្រុកស៊ីធរកណ្ដាល និងខាងជើងជាប់នឹងឃុំរំលេច ឃុំល្វេ ស្រុកស៊ីធរកណ្ដាល។
ឃុំនេះប្រហែលជាទីប្រជុំជនសំខាន់មួយដែលបន្ដមកតាំងពីបុរាណ ទើបសព្វថ្ងៃក្លាយជាទីរួមស្រុកស៊ីធរកណ្ដាល។ បើមើលលើស្ថានភាពជាក់ស្ដែង ទោះបីជាវិសាលភាពទឹកដីឃុំនេះមានទំហំធំគួរសមក្ដី ប៉ុន្ដែភាគច្រើន គឺជាផ្ទៃដីកសិកម្ម។ តំបន់នេះ ក៏នៅក្បែរបុរាណស្ថានសំខាន់មួយទៀត គឺប្រាសាទព្រៃដើមស្រុក (ប្រាសាចុងស្រុក ឬប្រាសាទព្រះធាតុ)។ ដូច្នេះ «ស្រុក៑វ្រៃតេំថ្និង៑» ជាឈ្មោះទីប្រជុំជនបុរាណមួយមាននៅក្នុងសិលាចារឹកវត្តមៀន គឺត្រូវគ្នានឹងទីតាំងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងសព្វថ្ងៃ។
២- «ព្រះភ្នំ»
លោក អៃម៉ូនីញ៉េរ ដែលបានចុះផ្សាយអត្ថន័យសិលាចារឹកវត្តមៀនដំបូងគេ យល់ថាពាក្យ «វ្រះវ្នំ» នៅអត្ថបទផ្នែកទី២នៃសិលាចារឹកនោះ គឺជាឈ្មោះ «បាភ្នំ» បច្ចុប្បន្ន។ ការដែលលោកយល់បែបនេះ ដោយសារតែពាក្យ «វ្រះភ្នំ» វិវត្តមកជាពាក្យ «ព្រះភ្នំ» និងក្លាយសូរមកជា «បាភ្នំ»។ ការវិវត្តសូរពាក្យ «ព្រះ» មកជា «បា» តាមសម្ដីអ្នកស្រុកបែបនេះ សង្កេតឃើញមានច្រើនណាស់នៅក្នុងភាសាខ្មែរ។ ជាក់ស្ដែងដូចប្រាសាទ «ព្រះគោ» កាលដំបូងៗឡើង គេស្គាល់ប្រាសាទនេះថាជាប្រាសាទ «បាគោ»។ លុះក្រោយមក នៅពេលដែលស្គាល់ថាពាក្យ «បា» ជាសូរក្លាយមកពីពាក្យ «ព្រះ» ទើបត្រឡប់មកប្រើជា «ព្រះគោ» ដូចសព្វថ្ងៃនេះវិញ។ លោក ហ្សក សឺដែស ហាក់ដូចជាយល់ស្របនឹងគំនិតរបស់លោក អៃម៉ូនីញ៉េរ ដែលបានលើកឡើងនេះ ព្រោះលោកបានយោងគំនិតនេះដាក់នៅក្នុងអត្ថបទសិលាចារឹកវត្តមៀន របស់លោក។ គួរបញ្ជាក់ផងដែរថា ទីតាំងវត្តមៀន និងបាភ្នំ មានចម្ងាយត្រង់ឃ្លាតគ្នាប្រមាណជា៦០គីឡូម៉ែត្រ។
ឃ្លាសិលាចារឹកក្នុងសិលាចារឹកវត្តមៀនបានចារថា «…បុល៑ក្របិយទ្ន្យំ១ នុទុញ៑ថ្មោអ្លេង៑ នុថ្វេវ្រះវ្នំ» ដែលមានសេចក្ដីថា «បុលក្របី១នឹម ដើម្បីទិញថ្មបាយក្រៀម និងធ្វើប្រាសាទ»។ ជាធម្មតា នៅក្នុងសិលាចារឹកខ្មែរ ពាក្យ «វ្នំ» ក្រៅពីសម្គាល់ភ្នំធម្មតា ក៏សម្គាល់ដល់ភ្នំសិប្បនិមិត្តដែលជាសំណង់ប្រាសាទ គឺពុំខុសពីពាក្យសំស្ក្រឹត «គិរិ» ដែលសម្គាល់ទាំងភ្នំធម្មជាតិនិងប្រាសាទនោះទេ។ កាលពីសម័យបុរាណ ពាក្យ «ក្លោញវ្នំ/ខ្លោញវ្នំ» មានន័យថាចៅអធិការប្រាសាទ ដូចជានៅក្នុងសិលាចារឹកប្រាសាទត្នោតជុំ K.១៤៣ ពាក្យ «ខ្លោញ៑វ្នំចន្ទនគិរិ» ហៅសំដៅដល់ចៅអធិការប្រាសាទនៅតំបន់ប្រាសាទទឹកឆា។ ចំណែកឯប្រាសាទតាកែវវិញ មានឈ្មោះបុរាណថា «វ្រះហេមឝ្ឫង្គគិរិ» ឬសរសេរតាមបែបទំនើបថា «ព្រះហេមស្រឹង្គគិរី»។
ផ្អែកលើការវិវត្តនៃភាសាខ្មែរ ពាក្យ «វ្រះវ្នំ» ក្លាយមកជា «ព្រះភ្នំ» និងមានលទ្ធភាពទៅជា «បាភ្នំ»។ ប៉ុន្ដែយ៉ាងនេះក្ដី ពាក្យ «វ្រះវ្នំ» កាលពីសម័យបុរាណ ប្រើជាទូទៅសម្រាប់ហៅប្រាសាទ និងពុំហៅសំដៅដល់តែប្រាសាទនៅបាភ្នំនោះទេ។ មានសិលាចារឹកយ៉ាងហោចណាស់ចំនួន៤ផ្សេងទៀត ដែលស្ថិតនៅតំបន់ផ្សេងៗគ្នានៃប្រទេសកម្ពុជាសម័យបុរាណ មានប្រើពាក្យ «វ្រះវ្នំ» ដែលសុទ្ធតែសំដៅដល់ប្រាសាទ។ ខាងក្រោមនេះជាសម្រង់ឃ្លាសិលាចារឹកដែលមានប្រើពាក្យនេះ៖
សម្រង់ឃ្លា | សិលាចារឹក និងទីតាំង |
[…]ទុក៑ចំនាំសង៑ក្រាន៑តរង៑កោជេ១អាយ៑វ្រះវ្នំកំប្រុង៑[…] (ទុកគ្រឿងដង្វាយសម្រាប់សង្ក្រាន្ត អង្ករ១ជើ នៅឯប្រាសាទកំប្រុង) | K.៣៣ ប្រាសាទភ្នំជីសូរ្យ |
[…]ប្រេម្រតាញ៑ខ្លោញ៑ទិវាករភត្តទុញ៑….ង្គអឞ្ដទិវសនអាយ៑វ្រះវ្នំទេប៑ឱយ៑ទក្ឞិណា[…] (ប្រើម្រតាញខ្លោញទិវាករភត្តទិញ….សម្រាប់ថ្ងៃទី៨ នៅឯប្រាសាទ ទើបថ្វាយគ្រឿងដង្វាយ) | K.២៦៣ ប្រាសាទព្រះឥន្ទកោសីយ៍ |
[…]វាប្បាស្ដេញ៑វ្រះត្នោត៑ជៅភូម្យឆោក៑សង្កេតភូម្យវ្រះកម្រតេង៑អញ៑ឝិវបាទបូវ៌្វតស្ដេង៑វ្រះវ្នំខ្លោញ៑វ្រះវ្នំឝិវបាទ[…] (វាប្បាស្ដេញព្រះត្នោតជាវដីឆោកសង្កែជាដីព្រះគម្ដែងអញសិវបាទបូព៌ពីចៅអធិការប្រាសាទ) | K.៣៤៤ ប្រាសាទនាគបួស |
[…]រិខ្ញុំវ្រះវ្នំវ្រាហ្មណតិអ្នក៑លក៑អាយក្រោយ៑[…] (រីខ្ញុំបម្រើប្រាសាទ ព្រាហ្មណ៍ជាអ្នកលក់ពេលក្រោយមក) | K.៦១៧ ប្រាសាទសេកតាទុយ |
ដូច្នេះយើងឃើញថា «វ្រះវ្នំ» នៅក្នុងសិលាចារឹកវត្តមៀន អាចសំដៅដល់ប្រាសាទវត្តមៀន ឬប្រាសាទនៅតំបន់ក្បែរនោះ និងពុំសំដៅដល់ទីតាំង «បាភ្នំ» បច្ចុប្បន្នទេ។ ប៉ុន្ដែផ្ទុយមកវិញ ពាក្យ «បាភ្នំ» បច្ចុប្បន្ននេះ មានលទ្ធភាពក្លាយមកពីពាក្យបុរាណថា «វ្រះវ្នំ» បើទោះបីជាពុំមានសិលាចារឹកនៅទីនោះបញ្ជាក់ក្ដី ប៉ុន្ដែតាមសេចក្ដីលើកឡើងខាងលើ អាចឱ្យយើងយល់ពីដានពាក្យនេះបាន។ ទីតាំងបាភ្នំនេះ ជាទីតាំងបុរាណស្ថានសំខាន់មួយ និងមានអ្នកប្រាជ្ញមួយចំនួនចាត់ទុកថាជាទីប្រជុំជនរាជធានីវ្យាធបូរផងដែរ៕
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង