ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទរបងរមាស ខេត្តកំពង់ធំ K.១៥៣

សិលាចារឹកប្រាសាទរបងរមាស ខេត្តកំពង់ធំ K.១៥៣

ប្រាសាទរបងរមាស មានទីតាំងស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅខាងជើងក្រុមប្រាសាទសំខាន់ៗទាំងបី ក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងក្រុមប្រាសាទរបងរមាសទាំងមូល មានប្រាសាទសរុបចំនួន៩ តួប៉ម ហើយគេរកឃើញសិលា​ចារឹកសរុបចំនួន ៤ ផ្ទាំង មានសិលាចារឹក K.150, K.152, K.153 និង K.816។ ក្នុងចំណោម សិលាចារឹកទាំង៤ ផ្ទាំងនេះ សិលាចារឹក K.153 នៅមានលក្ខណៈល្អប្រសើរជាងគេ និងមានចារឹកកាល​បរិច្ឆេ​ទឱ្យដឹងថា ប្រាសាទរបងរមាស សាងសង់ឡើងនៅគ.ស.១០០០ ដើមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ពោល គឺនៅពេលដែលទ្រង់មិនទាន់បានឡើងសោយរាជ្យផ្លូវការនៅរាជធានីអង្គរ។

សិលាចារឹកប្រាសាទរបងរមាស K.153 ចារឹកនៅលើមេទ្វារប្រាសាទ តួប៉ម K.4 ដែលចារឹកជាភាសាខ្មែរ មានចំនួន២៩ បន្ទាត់ ក្នុងមហាសករាជឆ្នាំ៩២២ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ១០០០ ប៉ុន្តែនៅក្នុងសៀវភៅរបស់លោក ហ្សក សឺដេស លោកយល់ថាកាលបរិច្ឆេទរបស់សិលាចារឹក គឺនៅមហាសករាជឆ្នាំ៩២៣ ត្រូវនឹងគ.ស.១០០១។

ប្រាសាទរបងរមាស តួប៉ម K4 (មើលពីមុខឦសាន)
ប្រាសាទរបងរមាស តួប៉ម K4 (មើលពីមុខខាងលិច)

សព្វថ្ងៃសិលាចារឹកនេះគេយកទៅរក្សាទុកនៅ​សារមន្ទីរខេត្តកំពង់ធំ។ ចំ​ពោះ​​អត្ថន័យ និងខ្លឹមសាររបស់ពាក្យចារឹកនេះគឺ៖

បន្ទាត់ទី ១-២ រៀបរាប់ថា នៅក្នុងឆ្នាំ៩២២ នៃមហាសករាជ ព្រះកម្រតេងអញ ស្រីសោមេស្វរបណ្ឌិត នៅឯស្រុកវ្លោកជើងសុរេង មានសទ្ធាជ្រះថ្លាបានមកស្ថាបនាប្រាសាទសម្រាប់តម្កល់បដិមាសិវលិង្គ ហើយព្រមទាំងបានថ្វាយនូវភស្តុភារដីធ្លី ភូមិករ និងខ្ញុំបម្រើជាច្រើននាក់ថ្វាយសម្រាប់ជាប្រយោជន៍ដល់ប្រាសាទ។

 បន្ទាត់ទី ៣-៦ និយាយពីដីមួយកន្លែង និងព្រំប្រទល់ដីដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះបាទសូយ៌្យវម៌្ម។

 បន្ទាត់ទី ៧-១០ និយាយពីដីនៅខាងលិចព្រះអាស្រមដែល វាបបូជាប្រធានស្រុក និងវាប លេស ជាតម្រួត និងជាប្រធានព្រះអាស្រម បានឲ្យសងជាទ្រព្យ ដែលបានខ្ចីបុលដោយគុណមួយជាទ្វេដងនៅពេលសងវិញ។

 បន្ទាត់ទី ១០-១១ និយាយពី វាបចិត ជាតម្រួត និងវាបបពិត្រ ជាតម្រួត, វាបបូ ជាប្រធានស្រុក បានឲ្យសងក្របីដែលបានខ្ចីបុល ដោយគុណនឹងពីរ។

បន្ទាត់ទី ១២-១៨ រៀបរាប់អំពីដង្វាយជាខ្ញុំបម្រើ បុរស និងនារី និងកូនក្មេង ។

បន្ទាត់ទី ១៩ -២០ និយាយពីតង្វាយសម្រាប់បូជាព្រះសិវលិង្គ។

បន្ទាត់ទី ២១-២២ និយាយពីក្រុមគ្រួសារដែលអ្នកអភិបាលរក្សាប្រាសាទ។

បន្ទាត់ទី ២២-២៤ និយាយពីដីស្រែនៅបំហោករបស់ព្រះគម្តែងអញស្រីសិទ្ធេស្វរបណ្ឌិត ដែលគាត់បានទិញ និងថ្វាយចំពោះព្រះលិង្គ។

បន្ទាត់ទី ២៤-២៧ និយាយពីផលដែលទទួលបានពីការថែរក្សាអភិបាល និងទុក្ខទោសចំពោះបុគ្គលណាដែលបានបំផ្លិចបំផ្លាញ ដោយនឹងត្រូវធ្លាក់ទៅកាន់នរក មាន​នរក៣២ អវិចីមហានរក និងមហាសង្ហារនរក ។

អត្ថបទពាក្យចារឹក

១.        ៩២២ឝកនុព្រះកម្រតេង៑អញ៑ឝ្រីសោមេឝ្វរបណ្ឌិតស្រុក៑វ្លោក៑ជេ

២.        ង៑សុរេង៑ស្ថាបនាព្រះកម្រតេង៑អញ៑ឝិវលិង្គជ្វនភូម្យាករនុខ្ញុំតរោះហ

៣.        នេះភូមិភោគេឝ្វរតិទារ៑ព្រះករុណាប្រសាទ៑តធូលីព្រះបាទកម្រតេង៑អញ៑

៤.        ឝ្រីសូយ៌្យពម៌្មទេពតិសំង៑ឝិលាគោលតគិរិទិក៑តប្វាន្នតគិទិឝតប្វាន្នតិបូវ៌្វ ត

៥.        រាប៑មទ្គោទាតិទក្ឞិណតរាប៑ត្រវាង៑កទម្វ៑តោយ៑បឝ្ចិមតរាប៑ផ្លុត

៦.        ប្រសប៑នុភូមិព្រះកទម្វតោយ៑ឧត្តរតរាប៑ត្រវាង៑សស្តុរយ្បរ៑តោយ៑

៧.        បឝ្ចិមព្រះអាឝ្រមតិវាប៑បូប្រធានស្រុក៑វាប៑លេស៑តម្រ្វច៑បាទមូ

៨.        លវ្រះអាឝ្រមឱយស្នោង៑ទ្រវ្យតរោះហនេះហ៑មាន៑បុល៑កទាហម្វាយ្យ

៩.        ងន្នជ្យង៑៤លិង៑១០លិង៑៥គុណវ្យរ៑វិងវោង៑ឝិរម្វាយ្យគុណវ្យរ៑ចន្ល្យក៑ឆ្ល្យ

១០.      ក៑យៅ២គុណយៅ៤ភូមិតិឰឝានវ្រះអាឝ្រមតិវាប៑ចិត៑តម្រ្វច៑នុវាប៑ប

១១.      វិត្រតម្រ្វច៑នុវាប៑បូប្រធានស្រុក៑ឱយ៑ស្នោង៑ក្របិតិបុល៑គុណវ្យរ៑សី

១២.      ស្ថិរ សីថ្គោត៑ សីអម្ឬត សីកន្សោ តៃកន្ទ្វត៑ ក្វន៑តៃកន្ទត៑ សីកញ្ជុ សីកន្ថោក៑

១៣.     សិស្វស្តិ សិកន្ស្រុ តៃកន៑ហ្យង៑ តៃវីជ តៃចាម្ប ក្វន៑តៃចាម្ប តៃកំបិត៑ តៃកំ

១៤.      វ្រៅ តៃកន្រប៑ តៃកំវៃ សីអំបេន៑ ក្វន៑តៃកំបិត៑ តៃកន្សូ តៃកន៑ឥន៑ ក្វន៑តៃ

១៥.      កន៑ឥន៑ តៃកន្ធន៑ សីវ្រហ្ម តៃថ្កេប៑ សីកន្សោំ តៃក្រ្វច៑ តៃកន្ទេស៑  តៃភទ្រ សី

១៦.     រោង៑ តៃនារាយណ តៃលំវាង៑ ក្វន៑តៃលំវាង៑ តៃកន្ទេស៑ ក្វន៑តៃកន្ទេស៑ តៃឆ្កេ តៃ

១៧.     វេទ៑ សីកន្ហស៑ សីកំវិត៑ សីថ្ងេ តៃថ្លេំ តៃអ្នាយ៑ តៃកន្ស ក្វន៑តៃកន្ស

១៨.      តៃកញ្ជូ សីកញ្ជុន៑ តៃកន្ទេង៑ តៃភទ្រ តៃកំបិត៑ ក្វន៑តៃកំបិត តៃកន្តេំ នេះ

១៩.     គិរោះហកល្បនា // យជ្ញលិះ២ចុះឝាលាប្រតិទិនតអ្នក្តបុរោហិតរង្កោលិះ២ស

២០.      ប្បញ្ចោត្សវ ត អ្នក្ត មុខ្យ ឱយ៑ ស្រេ និវន្ធ ជេង៑ ២ ប្រតិបក្ឞ អាយត្ត វ្រះ កម្រ

២១.      តេង៑អញ៑ឝិវលិង្គតកុលគណតបរិបាលនវ្វំអាច៑តិអាយត្តតអធ្យាបក៑ត កុ

២២.      លបតិតអ្នក៑តសញ្ជក៑តអាយត្តវ្រះ អាឝ្រមស្រេបំហោក៑តិវ្រះកម្រតេង៑អញ៑

២៣.     ឝ្រីសិទ្ធេឝ្វរបណ្ទិត ទុញ៑ នុ ប្រាក៑ លិង ៥ ចាំ ចំនាំ ត វ្រះ កម្រតេង៑អញ៑ ឝិវ

២៤.      លិង្គទក្ឞិណរង្កោសង្ក្ររាន្តជេ១រី អ្នកតវទ៌្ធេយធម៌្ម នេះមានផលអធ៌ភាគ

២៥.      រីតបំបាត៑ធម៌្មនេះនុកល្បនាតរោះហឥហលោក កម្រតេ [ ង៑ ផ្ទៃ ក្រោំ ]

២៦.      ឱយទន្ទតវ្វំម្វាយ៑ប្រការតគិបរលោក ស្ថិតតនរកតទ្វាត្រិឝតទំនេប្រ

២៧.     អវិចីយទៅ // ល្វះមហាសង្ហារវេលាអ្នក ….ក ទៃ ត…..ក នោះ

២៨.      ហលេង៑អ្នកនោះគិនាតងត្យង៑ បូវ៌្វាបរ………….ត …..ន្ន

២៩.      ថ្លេង៑ហ្យត …….ង នរកនោះហ ……………………..ន្នថ្លេង៑ហ្យត  

ក្រដាសផ្តាមសិលាចារឹករបងរមាស K.153

បំណកប្រែ

(១-២). ឆ្នាំ៩២២ នៃមហាសករាជ ព្រះកម្រតេងអញស្រីសោមេស្វរបណ្ឌិតនៅស្រុកវ្លោកជើងសុរេង បានស្ថាបនាប្រាសាទតម្កល់សិវលិង្គថ្វាយដីធ្លី ភូមិករ និងខ្ញុំបម្រើទាំងអម្បាលនេះ។

(៣-៦). ដីភោគេស្វរ ដែលបានទទួលអំពីព្រះរាជទានរបស់ព្រះករុណាព្រះបាទស្រីសូយ៌្យ វម៌្មទេវ ដែលមានសង់សិលាគោល រីឯទឹកទាំង ៤ មានគ្រប់ ៤ ទិស ពីទិសខាងកើតដរាបដល់មទ្គោទា ខាងត្បូងដរាបដល់ត្រពាំងក្ទម្ព ខាងលិចដរាបដល់ផ្លូវទៅប្រសព្វនឹងដីព្រះក្ទម្ព ខាងជើងដរាបដល់ត្រពាំងសស្តុរច្បារ។

(៧-១០). ខាងលិចព្រះអាស្រម វាបបូ ត្រូវជាប្រធានស្រុក វាបលេស ជាតម្រួតនិងជាប្រធានព្រះអាស្រម ឲ្យសងជាទ្រព្យ ដែលបានខ្ចីបុលទាំងអម្បាលនេះ មាន ខ្ទះ ១ ទម្ងន់ ៤ ជ្យង ១០ លិង ៥ លិង គុណនឹងពីរពេលសងវិញ វោងសិរ ១ គុណពីរ  សម្លៀកបំពាក់សម្រាប់ស្លៀក ២ សម្រាប់ គុណ ២ ត្រូវជា ៤ សម្រាប់។

(១០-១១).  ដីនៅឯភាគឦសានអាស្រមដែល វាបចិត ជាតម្រួត និងវាបបពិត្រ ជាតម្រួត, វាប បូ ប្រធានស្រុក បានឲ្យសងក្របីដែលបានខ្ចីបុលដោយគុណនឹងពីរ។

(១២-១៨).  ខ្ញុំបម្រើ បុរស (សី)  និងខ្ញុំបម្រើ នារី (តៃ) មាន ៖សីស្ថិរ សីថ្គោត សីអម្ឬត សី       កន្សោ តៃកន្ទ្វតនិងកូន សីកញ្ជុ សីកន្ថោក សិស្វស្តិ សិកនស្រូ តៃកនហ្យង តៃវីជ តៃចាម្បនិងកូន តៃកំបិត តៃកំវ្រៅ តៃកន្រប តៃកំវៃ សីអំបេននិងកូន តៃកំបិត តៃកន្សូ តៃកនឥននិងកូន តៃកនឥន តៃកន្ធន សីវ្រហ្ម តៃថ្កេប សីកន្សោំ តៃក្រ្វច តៃកន្ទេស  តៃភទ្រ សីរោង តៃនារាយណ  តៃលំវាងនិងកូន តៃកន្ទេសនិងកូន តៃឆ្កេ តៃវេទ សីកន្ហស សីកំវិត សីថ្ងេ តៃថ្លេំ តៃអ្នាយ តៃកន្សនិងកូន តៃកញ្ជូ សីកញ្ជុន តៃកន្ទេង តៃភទ្រ តៃកំបិតនិងកូន តៃកន្តេំ។

(១៩-២០).  នេះជាតង្វាយសម្រាប់ជាគ្រឿងបូជាយញ្ញ ២ លិះ នៅសាលជាប្រចាំថ្ងៃ។ ចំពោះអ្នកដែលបុរោហិត ថ្វាយអង្ករ ២លិះ ជារៀងរាល់ឆ្នាំ។ ចំពោះ អ្នករាជការថ្វាយស្រែនិវន្ធ ២ជើង ខាងខ្នើត និងខាងរនោច ត្រូវនៅក្រោមការគ្រប់គ្រងរបស់ព្រះកម្រសិវលិង្គ។

(២១-២២). សម្រាប់ក្រុមគ្រួសារដែលនៅថែរក្សាទីនេះ ពុំស្ថិតនៅក្រោមអធ្យាបកនោះទេ (គ្រូ   អាចាយ៌្យប្រចាំការ), កុលបតិ (អ្នកប្រមុខគ្រួសារ)  អ្នកសញ្ជក (អ្នកនៅជំនិត) ឡើយ តែត្រូវនៅក្រោមចំណុះឲ្យព្រះអាស្រម។

(២២-២៤).  ស្រែនៅបំហោក ដែលព្រះគម្តែងអញស្រីសិទ្ធេស្វរបណ្ឌិតទិញ និងប្រាក់៥ លិង សម្រាប់បូជាចំពោះសិវលិង្គថ្វាយអង្ក១ជេក្នុងថ្ងៃសង្ក្រាន ។

(២៤-២៧). រីអ្នកដែលបានជួយលើកស្ទួយអភិបាលធម៌នេះ នឹងទទួលផលពាក់កណ្តាល។

រីឯអ្នកដែលបំបាត់ធម៌ និងគ្រឿងតង្វាយបូជានេះ បើនៅក្នុងលោកនេះនឹងត្រូវកម្រតេងផ្ទៃក្រោម (ព្រះរាជា) នឹងត្រូវទទួលទណ្ឌកម្មច្រើនប្រភេទ។ បើទៅបរលោក នឹងធ្លាក់ទៅនរក៣២ជាន់ ចាប់ពីអវិចីមហានរក រហូតដល់មហាសង្ហារនរក។

(២៧-២៩). វេលា អ្នក ….ដទៃ ….. នោះ  អ្នកនោះគឺ នៅពេលដណ្តឹងសួរ តាំងពីដើមដល់ចប់ ………ថ្លែង ហ្យត ……. នរក នោះ …….. ថ្លែងប្រាប់។

——————————-

Inscription of Robang Romeas temple, Kampong Thom province K.153

Robang Romeas Temple is located in the area of ​​Sambor Prei Kuk Temple, located north of the three main groups of temples in O’Kruke village, Sambo commune, Prasat Sambo district, Kampong Thom province. There are a total of nine towers in the entire Robang Romeas group of temples, and a total of four inscriptions, K.150, K.152, K.153, and K.816, have been found.

Among these four inscriptions, inscription K.153 is still in better condition and is able to recognize the date inscription that the Robang Romeas Temple was built in 1000 CE during the reign of King Suryavarman I, that is, he has not yet officially ascended the in Angkor capital city.

The inscription of Robang Romeas temple K.153 is inscribed on the main door of tower K.4, which is inscribed in Khmer with 29 lines in 922 GE, corresponding to 1000 CE. However, according to Coedès, G. understood that the date of the inscription is 923 GE, corresponding to 1001 CE. Today, this inscription is kept at the Kampong Thom Provincial Museum.

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!