ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាឆ្អឹងដាយ​ណូស័រដំបូង​ រកឃើញនៅ​ប្រទេសកម្ពុជា​

ឆ្អឹងដាយ​ណូស័រដំបូង​ រកឃើញនៅ​ប្រទេសកម្ពុជា​

កន្លងមកអត្ថបទស្តីពី ការរក​ឃើញ​ឆ្អឹងដាយណូស័រ​ដែល​មាន​វ័យ​ចំណាស់​ ស្ថិត​នៅ​កោះប៉ោ ក្នុង​ខេត្ត​កោះ​កុងបាន​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ​។ ​​ចំពោះអត្ថបទនេះ បង្ហាញពីការសិក្សាស្រាវជា្រវ និងព័ត៌មានបន្ថែម អំពីការរក​ឃើញ​ឆ្អឹងដាយណូស័ររដំបូង​នៅ​ប្រទេសកម្ពុជា​​ ដោយក្រុមការងារផូស៊ីលក្រសួងបរិស្ថាន នៃប្រទេសកម្ពុជាសហការ​ជា​មួយ​អ្នក​ជំនាញ​ឆ្អឹងដាយណូស័រមកពីបរទេស​ចុះសិក្សា និងធ្វើកំណាយស្រាវជ្រាវដល់ទីតាំងផ្ទាល់​ ថាតើ​ឆ្អឹង​នេះ​ជាប្រភេទ​ឆ្អឹង​អ្វី​?​

ឆ្អឹង​នេះ​បាន​រក​ឃើញ​នៅ​ កោះ​ប៉ោ​ ស្ថិតនៅ​ភូមិ​កោះ​ប៉ោ​ ឃុំ​បាក់​ខ្លង​ ស្រុក​មណ្ឌល​​សីម៉ា​ ខេត្ត​កោះ​កុង ជាប់​ដែន​ជម្រកសត្វ​ព្រៃ​តាតៃ​​។​​ តាមរយៈការទទួល​​ពត៌​មាន​ជា​រូប​ថត​​​ថ្ងៃ​ទី២​ ខែ​មីនា​ ឆ្នាំ​២០២១ ពី​មន្រ្តីឧទ្យានុរក្សនៃមន្ទីរ​បរិស្ថាន​ខេត្ត​កោះ​កុងអំពីការ​ប្រទះឃើញ​ឆ្អឹងដូចជាឆ្អឹង​ដំរី​កប់​នៅ​ក្នុង​ថ្ម​ជាប់​ដៃ​សមុទ្រនៅកោះប៉ោ។ ក្នុងនោះក្រុមការ​ងារផូស៊ីលក្រសួងបរិស្ថានរួមមាន៖ លោក​ លឹម វណ្ណច័ន្ទ លោក​ងួន រ៉ាន់​ដា​ និងលោក ​លី​ ពេជ្រ​ស័ក្ត នៅថ្ងៃ​ទី០៨-១១ ខែ​មីនា​ ឆ្នាំ​២០២១ បាន​ចុះសិក្សា និងពិនិត្យដល់ទីតាំងជាក់ស្តែង ដោយកាលណោះ យើងបានសន្និដ្ឋានជាបឋមថាអាចឆ្អឹងសត្វដាយ​​ស័រ ដោយយើងត្រូវរងចាំការសិក្សាលម្អិតបន្ថែម។​​

ផែនទីទីតាំង​ផូស៊ីល​ឆ្អឹង​ដាយណូស័រ

 ​តាម​រយៈ​ផែន​ទី​ភូ​គព្ភ​សាស្ត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា តំបន់​ជួរភ្នំក្រវាញ ដែលមាន​សញ្ញា​សំគាល់ ​J3 K1SS​ ជាប្រភេទ​ថ្ម​ភក់(​រូប​លេខ​២​)​។​ តំ​បន់​ដែលរកឃើញឆ្អឹងដាយណូស័រ​អាច​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៅចុង​ជួរ​ភ្នំ​ក្រវ៉ាញ​មក​ត​ភ្ជាប់​និង​សមុទ្រ​។ តំបន់​នេះ​ត្រូវ​បាន​ចាត់​ចូល​​ក្នុង​ ស័ក​ទី​២​ សម័យ​ Jurassic បន្ត​ទៅ​សម័យ​ Cretaceous ដែល​មាន​អាយុ​កាលចន្លោះ​ ៦៥.​៥ ដល់​ ១៩៩.​៦​លាន​ឆ្នាំ​មុន​។ ហេតុ​អ្វី​បាន​ជា​យើង​អាច​អះ​អាង​ថា​ផូស៊ីល​ឆ្អឹងដាយណូស័រ​នេះ​ មានអាយុកាលចាស់​ ដោយនេះអាច​មាន​ទំនាក់​ទំនង​នឹង​ភូគព្ភ​សាស្ត្រ​នៃ​តំបន់​នេះ​?​ ដោយឆ្អឹងនេះ​បាន​រក​ឃើញ​ស្ថិត​នៅ​ក្នុង​ស្រទាប់​ថ្ម​ភក់​ដែល​មា​ន​ភាគ​ច្រើន​នៅ​តំន់​ភ្នំ​ក្រវាញ​ដែល​មាន​អាយុ​កាល​សម័យ​ Jurassic បន្ត​ទៅ​សម័យ​ Cretaceousដោយអាយុកាលនេះត្រូវគ្នានឹងផែនទីតាំងភូមិសាស្រ្តខាងលើ។ នៅ​ក្នុង​សម័យ​កាលនោះ​សត្វ​ដែលរស់រៀនមានជីវិត​ ភាគច្រើនជា​ពពួក​ដាយ​ណូស័រ​។​

ផែន​ទី​ភូ​គព្ភសាស្ត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​

ចំពោះការសិក្សាស្រាវជ្រាវ និងធ្វើការវិភាគទៅលើឆ្អឹងដាយណូស័រនេះ ក្នុងនោះមាន​​អ្នក​ជំនាញ​ដាយ​ណូស័រ​បារាំង Dr Eric Buffetaut, Director of research emeritus, Centre national de la recherche scientifique, Paris, France, expert on dinosaurs, fossil birds ខ្ញុំ​បាទ លឹម វណ្ណច័ន្ទ​ អ្នក​ស្រាវជ្រាវ​ផូស៊ីល​ នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ អគ្គ​នាយកដ្ឋាន​សហគមន៍​មូលដ្ឋាន នៃ​ក្រសួង​បរិស្ថាន​ និង​ឯកឧត្តម​បណ្ឌិត​ ហេង​ សុផាឌី អ្នក​ជំនាញ​បុរេ​ប្រវត្តិសាស្រ្ត​កម្ពុជា និង​ សាកលវិទ្យា​ធិការ នៃសាកល​វិទ្យា​ល័យភូមិន្ទ​វិចិត្រ​សិល្បៈ​ បានសហការគ្នាធ្វើសិក្សាស្រាវជ្រាវលម្អិតលើឆ្អឹងដាយណូស័រនេះ និងបានធ្វើ​បទ​បង្ហាញក្នុងប្រទេស និងឆាក​អន្តរជាតិ​ ដើម្បីផ្សព្វផ្សាយអំពីព័ត៌មាននៃការរកឃើញឆ្អឹងដាយណូស័រនេះ និងបានពិភាក្សាប្តូរយោបល់គ្នាជាមួយជំនាញផ្សេងៗ​។ ក្នុងនោះអ្នក​ជំនាញ​ ក៏បាន​ប្រៀប​ធៀប​ឆ្អឹង​នេះជា​មួ​យ​ប្រភេទ​ផូស៊ីល​ឆ្អឹង​ដាយ​ណូស័រ​ដែល​រក​ឃើញ​នៅ​ប្រទេស​ថៃ​ ដែល​ពពួក​ Sauropod Dinosaur ដែល​មាន​ក​វែង​។

ប្រៀប​ធៀប​ឆ្អឹង​ដាយ​ណូស័រ​នៅ​កោះ​កុង និង​ឆ្អឹង​ដែល​រក​ឃើញ​នៅ​ប្រទេស​ថៃ​

សូមបញ្ជាក់ថា ឆ្អឹង​ដែល​យើង​បាន​រក​ឃើញ​ក្បែរ​ស្នាក់​ការ​កោះ​ប៉ោ​ មាន​ប្រវែង​៧០​ស.ម​ ទទឹង​ក្បាល​ឆ្អឹង​២០​ស.ម​ និង​ឆ្អឹង​ស្មង​តូច​បំផុត​៧ស.ម​ នេះ​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ​នៃ​ការ​ស្រាវជ្រាវ​បែប​បុរាណ​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នៅពេលថ្មីៗនេះ ​ថ្ងៃ​ទី២០​​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​អន្តរជា​តិ​ រួមមាន Dr Eric Buffetaut​, ​Dr. Haiyan, Dr.Lionel Cavin​ មន្ត្រីជំនាញ​ក្រសួង​បរិស្ថាន សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​មន្ត្រីក្រោ​ម​ឱវាទខេត្ត​កោះ​កុង បាន​ធ្វើចូលរួមពិនិត្យ​ និងធ្វើ​កំ​ណាយ​ស្រាវជ្រាវលើទីតាំងរកឃើញឆ្អឹងដាយណូស័រនេះដែលស្ថិតនៅ​កោះ​ប៉ោ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ថាតើជាប្រភេទផូស៊ីលដាយណូស័រឬយ៉ាងណា? តាមរយៈការធ្វើកំណាយ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ នេះ​ជា​ឆ្អឹង​ដាយ​ណូស័រ ក្នុង​អំបូរ​ Sauropod Dinosaur ដែល​មាន​ក​វែង។​ តែពុំទាន់​អាច​បញ្ជាក់ជាក់​បាន​ថា​អំបូរ​នេះ​ វា​ដូច​គ្នា​ទៅនឹង​ប្រភេទ​ដែល​បាន​រក​ឃើញ​នៅ​​ប្រទេសថៃ​ឬ​យ៉ា​ណា​នៅ​ឡើយ​ទេ​? ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវ​នឹង​បន្ត​ការ​សិក្សា​នេះ​ជា​បន្ត​ទៅ​ទៀត​។​ ចំពោះសំណាក​ផូស៊ីល​ដែល​បានធ្វើ​​កំណាយ​នេះ​ នឹង​យក​មករក្សា​ទុក​នៅ​ក្រសួង​បរិស្ថាន​ដើម្បី​បន្ត​ការ​ស្រាវ​ជ្រាវ​។​

ជីវិត​របស់​ដាយ​ណូរស័រ

ដាយណូស័រ គឺជាក្រុមសត្វល្មូនមួយក្រុមដែលមានភាពចម្រុះ។ ពួកគេបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសម័យ​កាល ទ្រីយ៉ាស៊ីក​ចន្លោះឆ្នាំ ២៤៣ និង ២៣៣,២៣ លានឆ្នាំមុន។ ទោះបីជាមានប្រភពដើម និងពេលវេលាជាក់លាក់នៃការវិវត្តរបស់ដាយណូស័រក៏ដោយ តែនេះប្រធានបទនៃការស្រាវជ្រាវដ៏សកម្មមួយផងដែរ។ ពួកវាបានក្លាយជាសត្វមានដើមកំណើតនៅលើដីដែលមានភាពលេចធ្លោបន្ទាប់ពីយុគសម័យ Triassic-Jurassic  ២០១.៣ លានឆ្នាំមុន។ ភាពលេចធ្លោរបស់ពួកគេបានបន្តពេញមួយយុគសម័យ Jurassic និង Cretaceous។ កំណត់ត្រាផូស៊ីលបង្ហាញថាសត្វស្លាប គឺជាប្រភេទ​មួយ​នៃ​ដាយណូស័រដ៏គួរឱ្យខ្លាចដែលមានការវិវឌ្ឍន៍ពីមុនៗ ក្នុងកំឡុងយុគសម័យ Jurassic ហើយវាជាខ្សែស្រឡាយ​ដាយណូស័រតែមួយគត់ដែលអាចរស់រៀនមានជីវិតពីយុគសម័យ Cretaceou-Paleogene ដែលបាន​ផុតពូជបានប្រមាណ ៦៦ លានឆ្នាំមុន៕

អត្ថបទដោយ៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!