ទំព័រដើមប្រវត្តិសាស្ត្រអមោឃបាសនៅក្នុងសិល្បៈខ្មែរ

អមោឃបាសនៅក្នុងសិល្បៈខ្មែរ

នៅសម័យដំបូង ព្រះពុទ្ធសាសនានិកាយមហាយាន បានលេចចេញជារូបរាងនៅពេលប្រហាក់ប្រហែលគ្នាជាមួយព្រះពុទ្ធសាសនានិកាយថេរវាទដែរ។ ក្នុងនោះ ទេវរូបដែលធ្វើអំពីថ្ម និងលោហៈធាតុនៅក្នុងនិកាយនេះក៏លេចចេញជាហូរហែ ហើយទេពដែលគេកត់សម្គាល់ខ្លាំងជាងគេនោះគឺ “ព្រះពោធិសត្វអវលោកិតេស្វរ” ឬ “លោកេស្វរ” (លោកេសូរ)។ នៅរវាងចុងស.វ.ទី៧ គេឃើញមានសិលាចារឹកមួយនៅប្រាសាទបី ខេត្តកំពង់ធំ K.163 បានចារឹកអំពីព្រះនាមអាទិទេព “អវលោកិតេស្វរ” ដំបូងបំផុត ហើយសម័យក្រោយមកទៀតគេលែងហៅពេញបែបនេះហើយ ពោល គេហៅខ្លីត្រឹមថា “លោកេស្វរ” ដូចឃើញដំបូងនៅសិលាចារឹកប្រាសាទតាគាម គ.ស.៧៩១។ អវលោតិកេស្វរ គឺជាព្រះពោធិសត្វដែលតែងតែជួយសង្រ្គោះមនុស្សលោកឱ្យផុតពីទុក្ខវេទនាទាំងពួង ហើយនាំមនុស្សលោកទៅសោយសុខនៅស្ថានសុខាវតីនៃព្រះពុទ្ធអមិតភៈ។ ជាទូទៅ នៅក្នុងសិល្បៈខ្មែរ គេបង្ហាញព្រះហស្តលោកេសូរចាប់ពី ២ រហូតទៅដល់ ៣២។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងរៀបរាប់ដោយសង្ខេបអំពីទម្រង់ព្រះពោធិសត្វលោកេសូរ មានព្រះសិរ១ និងព្រះហស្ត៨ ដែលគេស្គាល់ទម្រង់នេះថា “អមោឃបាស” (Amoghapāśa)។

អមោឃបាស ជាទម្រង់ដ៏ស្មុគស្មាញមួយនៅក្នុងទម្រង់បែបតន្រ្តនៃលទ្ធិព្រះពុទ្ធសាសនា ដែលមានន័យន័យថា “សទ្ធាដែលមិនសាបសូន្យ” ពោល គឺសំដៅដល់សេចក្តីមេត្តាគ្មានទីបញ្ចប់ នាំសព្វសត្វទាំងឡាយឱ្យរួចផុតពីសេចក្តីទុក្ខ ហើយឆ្ពោះទៅរកក្តីសុខឈានទៅរកការត្រាស់ដឹង។ ថ្វីដ្បិតតែព្រះពុទ្ធសាសនាបែបតន្រ្ត​កើតឡើងដំបូងនៅប្រទេសឥណ្ឌាក៏ពិតមែន តែរូបភាពបង្ហាញព្រះពោធិសត្វលោកេសូរជាទម្រង់អមោឃបាសមានព្រះហស្ត៨ ពុំបានលេចឡើងដំបូងនៅឥណ្ឌានោះទេ។ ទម្រង់នេះលេចឡើងដំបូងនៅប្រជុំកោះម៉ាឡេ (អតីតកាលជាក្រុងស្រីវិជយ) ដែលយ៉ាងហោចណាស់គេរកឃើញរូបនេះច្រើនជាង២០ មានអាយុកាលចាប់ពីស.វ.ទី៧ រហូតដល់ស.វ.ទី១១ ហើយអ្នកប្រវត្តិសិល្បៈបានចាត់ទុករូបលោកេសូរទម្រង់ព្រះហស្ត៨នេះ គឺជាសិល្បៈតំណាងឱ្យតំបន់ Malay Archipelago ថែមទៀតផង។ ក្នុងនោះរូបប្រតិមាអមោបាសមានព្រះហស្ត៨ ដំបូងគេ នៅស្រីវិជយ គឺជារូបសំរិទ្ធរកឃើញនៅ Bantaeng ភាគខាងត្បូង Sulawesi សាងឡើងនៅរវាងស.វ.ទី៧។ នៅស.វ.ទី១៣ ទម្រង់នេះបានលេចឡើងម្តងទៀតនៅកោះស៊ូម៉ាត្រា និងជ្វា ក្នុងកំឡុងពេលសន្តតិវង្សសិង្ហសារិ (Siṅhasāri) បានកាន់កាប់តំបន់ម៉ាឡេ។ ព្រះពោធិសត្វលោកេសូរទម្រង់អមោឃបាសព្រះហស្ត៨ បានរីកសាយភាយទៅកាន់អាស៊ីខាងត្បូង​ (ឥណ្ឌា) ដែលយ៉ាងហោចណាស់មានរូបចំនួនពីរដែលគេរកឃើញនៅ Swāt (សព្វថ្ងៃប្រទេសប៉ាគីស្ថាន) និងនៅ Nālandā ក្នុងទម្រង់មហាភយ (ទម្រង់កាច)។

ដោយឡែក នៅក្នុងសិល្បៈខ្មែរវិញ ព្រះពោធិសត្វលោកេសូរក្នុងទម្រង់ជាអមោឃបាសមានព្រះហស្ត៨ ចាប់ផ្តើមលេចឡើងនៅស.វ.ទី១០ ហើយលេចធ្លោខ្លាំងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងស.វ.ទី១២ ដើមស.វ.ទី១៣។ ដោយហេតុថា ទម្រង់នេះលេចឡើងនៅខ្មែរមានអាយុកាលយឺតជាងនៅស្រីវិជយ នាំឱ្យអ្នកស្រាវជ្រាវមួយចំនួនសន្និដ្ឋានថា​ តើទម្រង់អមោឃបាសនៅស្រុកខ្មែរ យកគំរូតាមស្រីវិជយដែរឬយ៉ាងណា?។ ម្យ៉ាងវិញទៀតនោះ គេធ្លាប់រកឃើញបដិមាសិល្បៈស្រីវិជយធ្វើពីសំរិទ្ធនៅស្រុកខ្មែរផង។ លោក Sinclair (2022) យល់ថា ការបង្ហាញទម្រង់អមោឃបាសព្រះហស្ត៨នៅក្នុងសិល្បៈខ្មែរ ច្រើនជាប់ពាក់ព័ន្ធជាមួយគម្ពីរ ការណ្ឌវ្យូហ (Kāraṇḍavyūh)។

ចម្លាក់ព្រះពោធិសត្វលោកេសូរក្នុងទម្រង់អមោឃបាសមានព្រះហស្ត៨ នៅក្នុងសិល្បៈខ្មែរ នាស.វ.ទី១០ គេប្រទះឃើញមានឆ្លាក់ជារូបឈរនៅលើឥដ្ឋនៅជញ្ជាំងខាងក្នុងប្រាសាទភ្នំត្រប់ (ប្រាសាទឧទ្ទិសដល់ព្រះពុទ្ធសាសនានិកាយវជ្រយាន) តួប៉មខាងត្បូង ដែលអមដោយរូបទេពស្រីមានព្រះហស្ត៤នៅសងខាង (សូមមើលលម្អិតនៅក្នុងសារណារបស់លោក សួន សុភ័ក្រ្តា ឆ្នាំ២០១៨ ទំព័រ ៤៦-៤៧)។ ចម្លាក់លោកេសូរទម្រង់អមោឃបាសនេះ មានទម្រង់ជាសិល្បៈរចនាបថប្រែរូប ឆ្លាក់មានជំហរខ្ពស់ផុតឆ្ងាយពីរូបទេពស្រី ដោយព្រះហស្តពីរដាក់ទម្លាក់ចុះមកក្រោមក្នុងកាយវិការវរទមុទ្រា (varadamudrā) ជាកាយវិការតំណាងឱ្យការផ្តល់ជូន (giving gesture) ឬជានិម្មិតសញ្ញាបង្ហាញថា “លែងត្រូវការអ្វីតទៅទៀត”។ រីឯព្រះហស្តចំនួនប្រាំមួយទៀតលើកឡើងទៅលើ ដោយទំនងមានកាន់កេតនភណ្ឌគ្រប់ព្រះហស្តទាំងអស់ តែចម្លាក់នៅប្រាសាទភ្នំត្រប់បាត់សភាពដើមច្រើន គេមិនអាចកំណត់ថាកាន់អ្វីឱ្យប្រាកដទេ។

ចម្លាក់ព្រះពោធិសត្វលោកេសូរ-អមោឃបាសមានព្រះហស្ត៨នៅជញ្ជាំងប្រាសាទភ្នំត្រប់ (ប៉មខាងត្បូង)

មកដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេប្រទះឃើញរូបប្រតិមាឈរទោលជាទម្រង់ព្រះពោធិសត្វអមោឃបាសមានព្រះហស្ត៨ ច្រើនណាស់ មានទាំងប្រភេទចម្លាក់ថ្ម និងសំរិទ្ធ។ ប្រតិមាទាំងនោះ អ្នកស្រាវជ្រាវខ្លះឱ្យឈ្មោះថា “បំភ្លឺ” ឬ “រស្មី” (irradiant) (សូមមើល Baptiste & Thierry 2008) ហើយអ្នកស្រាវជ្រាវខ្លះទៀតហៅរូបនេះដូចព្រះនាមព្រះពុទ្ធបដិមាធំនៅប្រាសាទបាយ័ន្តដែរ គឺជ័យពុទ្ធមហានាថ (Jayabudhhamahānātha)។

ប្រតិមាព្រះពោធិសត្វលោកេសូរមានព្រះហស្ត៨នៅប្រាសាទតាព្រហ្ម ទន្លេបាទី
(សព្វថ្ងៃតម្កល់នៅសារមន្ទីរជាតិភ្នំពេញ)

រូបទាំងនោះបង្ហាញដោយព្រះសិរ១ ព្រះហស្ត៨ ព្រះនេត្រទីបីនៅលើថ្ងាស នៅលើផ្នួងសក់មានព្រះពុទ្ធសមាធិធំមួយជាលក្ខណៈសម្គាល់ជាទូទៅ។ ជាពិសេសនោះ រូបនីមួយៗច្រើនតែបង្ហាញជារូបព្រះពុទ្ធសមាធិតូចៗនៅពាសពេញព្រះកាយ និងគ្រប់ម្រាមព្រះបាទទាំងដប់ ហើយបន្ថែមពីរូបព្រះពុទ្ធសមាធិតូចៗគេឃើញមានរូបនៅលើទ្រូង១ព្រះអង្គ នៅលើចង្កេះផ្នែកខាងមុខ៥ព្រះអង្គនិងខាងក្រោយ៣ព្រះអង្គ ជាព្រះពុទ្ធកាន់កេតនភណ្ឌជាប់នឹងព្រះហស្ត។ ប៉ុន្តែក៏មានរូបខ្លះមិនសូវមានរូបព្រះពុទ្ធសមាធិពាសពេញព្រះកាយដែរ ឧទាហរណ៍ រូបប្រតិមាលោកេសូរព្រះហស្ត៨ កំពុងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ យើងឃើញផ្នែកខាងក្រោមដើមទ្រូងមិនមានចម្លាក់ព្រះពុទ្ធសមាធិតូចៗ តែនៅខាងលើដើមទ្រូងមាន។

ប្រតិមាលោកេសូរ ព្រះហស្ត៨ តម្កល់នៅអភិរក្សដ្ឋានអង្គរ

ចំណែក រូបព្រះពោធិសត្វក្នុងទម្រង់អមោឃបាសមានព្រះហស្ត៨ ជាចម្លាក់ជាប់ជញ្ជាំងនៅចុងស.វ.ទី១២ ដើមស.វ.ទី១៣វិញ គេឃើញមាននៅប្រាសាទបន្ទាយឆ្មារចំនួន ២ ផ្ទាំង។ តែជាអកុសល នៅប៉ុន្មានទសវត្សរ៍មុននេះ ក្រុមចោរបានលួចកាត់យកចម្លាក់ទាំងពីរផ្ទាំងនេះបាត់ទៅហើយ។ រូបទាំងពីរផ្ទាំងនេះ ជាប់ទាក់ទងជាមួយគម្ពីរ ការណ្ឌវ្យូហ (Kāraṇḍavyūh)។ លោក Boisselier (1965) ធ្លាប់បញ្ជាក់ថា ចម្លាក់លោកេសូរនៅប្រាសាទបន្ទាយឆ្មារមានវគ្គមួយដែលព្រះឥសូរ និងព្រះនាងឧមា កំពុងជម្រាបសួរនាំទៅកាន់ព្រះពោធិសត្វលោកេសូរ ដើម្បីធានាទ្រង់ទាំងពីរបានទៅកើតទៅជា “តថាគត”

ប្រតិមាលោកេសូរ ព្រះហស្ត៨ អមដោយព្រះសទាសិវ និងព្រះនាងឧមានៅជញ្ជាំងប្រាសាទបន្ទាយឆ្មារ
សព្វថ្ងៃបាត់ពីទីតាំងដើមហើយ (ប្រភព៖ EFEO Photo)

ព្រះពោធិសត្វលោកេសូរ សិល្បករបង្ហាញជាទម្រង់ឈរនៅផ្កាឈូកដាក់បាតជើងកន្ធែកចេញក្រៅ ហើយព្រះហស្តទាំងអស់កាន់កេតនភណ្ឌផ្សេងៗដែលពិបាកនឹងកំណត់ថាមានអ្វីខ្លះ។ ចំណែកព្រះឥសូរ គេសម្គាល់បានដោយសារមានត្រីសូល៍ ដោយបង្ហាញទ្រង់ក្នុងទម្រង់ជាសទាសិវ (Sadāsiva) នៅខាងក្រោមផ្នែកខាងឆ្វេងព្រះពោធិសត្វ ហើយព្រះនាងឧមាអង្គុយនៅខាងក្រោមផ្នែកខាងស្តាំព្រះពោធិសត្វ។ ជាការគួរកត់សម្គាល់ ទម្រង់អមោឃបាសមានព្រះហស្ត៨ដែលបង្ហាញនៅប្រាសាទបន្ទាយឆ្មារ​ ស្តែងឱ្យឃើញពីគំនិតរបស់សិល្បករស្វែងយល់ស៊ីជម្រៅអំពីគម្ពីរ ការណ្ឌវ្យូហ (Kāraṇḍavyūh) ដែលចែងមកថា ព្រះពោធិសត្វលោកេសូរឈ្នះអស់លើទេពដែលមិនស្ថិតនៅក្នុងព្រះពុទ្ធសាសនា។ រីឯចម្លាក់មួយផ្ទាំងទៀតនៅប្រាសាទបន្ទាយឆ្មារដែលបង្ហាញលោកេសូរក្នុងទម្រង់អមោឃបាសមានព្រះហស្ត៨​កំពុងឈរដូចគ្នាដែរនោះ គេមិនទាន់អាចកំណត់ជាក់លាក់ថាត្រូវនឹងឈុតណាឱ្យប្រាកដឡើយ តែលោក គិតថាអាចត្រូវនឹងការពិពណ៌នាអំពី “បលិន” (Balin) (ស្តេចនៃអសុរ)។

ប្រតិមាលោកេសូរ ព្រះហស្ត៨ អាចទាក់រឿងស្តេចអសុរបាលីន? នៅជញ្ជាំងប្រាសាទបន្ទាយឆ្មារ
សព្វថ្ងៃបាត់ពីទីតាំងដើមហើយ (ប្រភព៖ EFEO Photo)

ជាទូទៅគេសម្គាល់ឃើញថា រូបព្រះពោធិសត្វលោកេសូរក្នុងទម្រង់អមោឃបាសនៅក្នុងសិល្បៈខ្មែរ អាចសង្ខេបមកថា មានលក្ខណៈពិសេសសំខាន់ៗចំនួនបីយ៉ាង។ ទី១៖ ទម្រង់ព្រះហស្ត៨ជាលក្ខណៈដោយឡែករបស់ខ្មែរ (unique) ដូចបង្ហាញតាមរយៈរូបខាងលើ ដែលវាមានលក្ខណៈប្លែកពីសិល្បៈស្រីវិជយ។ ទី២៖ មានលក្ខណៈជារូបភាពលោកធាតុតាមគំរូគម្ពីរ ការណ្ឌវ្យូហ (Kāraṇḍavyūh) ដែលអាចសម្គាល់បានតាមរយៈរូបនៅលើព្រះកាយតំណាងឱ្យព្រះពោធិសត្វ រូបប្រតេយេកពុទ្ធ (prateyekabuddha) និងព្រះពុទ្ធសមាធិជាច្រើនដែលរស់នៅក្នុងរន្ធញើសរបស់ព្រះពោធិសត្វលោកេសូរ។ ទី៣៖ មានព្រះភក្រ្តដូចរូបបដិមាតំណាងព្រះបាទជ័យវរ្ម័នទី៧ ព្រោះគេដឹងតាមរយៈសិលាចារឹកប្រាសាទព្រះខ័ន K.908 ថា មានរូបសំណាកតំណាងព្រះអង្គតម្កល់នៅទីតាំងចំនួន ២៥ កន្លែង។            

ជារួមមកបដិមានិងចម្លាក់ព្រះពោធិសត្វលោកេសូរក្នុងទម្រង់ជាអមោឃបាសមានព្រះហស្ត៨ ទំនងលេចឡើងដំបូងនៅក្នុងសិល្បៈខ្មែរនៅស.វ.ទី១០ ហើយមានភាពលេចធ្លោខ្លាំងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១ – ១២២០)។ ដោយសារទម្រង់ប្រភេទនេះលេចឡើងដំបូងនៅក្នុងសិល្បៈស្រីវិជយតាំងពីស.វ.ទី៧ ហើយមិនមាននៅស្រុកឥណ្ឌាទៀតផង យើងពិបាកជឿឬមិនជឿថា ទម្រង់អមោឃបាសនេះអាចមានឥទ្ធិពលពីស្រីវិជយតាមរយៈព្រះសង្ឃដែលធ្វើដំណើរតាមផ្លូវសមុទ្រមកកាន់អាណាចក្រខ្មែរនិងអាស៊ីខាងត្បូង (ឥណ្ឌា) ឬយ៉ាងណានោះទេ។ ប៉ុន្តែ Sinclair (2022) កត់សម្គាល់ថា នៅក្នុងពេលទម្រង់អមោឃបាសកំពុងតែពេញនិយមនៅស្រុកខ្មែរ នៅប្រជុំកោះម៉ាឡេ (ស្រីវិជយ) ឯណោះ បានផ្អាកផលិតរហូតដល់ជាងពីរសតវត្សរ៍ ដែលអាចបណ្តាលមកពីការចូលឈ្លានពានរបស់សន្តតិវង្សចោល (Cola) នៅក្នុងគ.ស. ១០២៥។ ម្យ៉ាងវិញទៀត ក្រោយពីព្រះបាទជ័យវរ្ម័នទី៧សោយទិវង្គតទៅ រូបព្រះពោធិសត្វលោកេសូរទម្រង់អមោឃបាសព្រះហស្ត៨ ក៏លែងមានតទៅទៀតដែរ ផ្ទុយពីនៅប្រជុំកោះម៉ាឡេ (ស្រីវិជយ) ឯណោះវិញ ទម្រង់នេះបានរស់ឡើងវិញ ដោយសារការសាយភាយឥទ្ធិពលពីអាស៊ីខាងត្បូងមកកាន់ប្រជុំកោះម៉ាឡេវិញ៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!