ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥៥)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥៥)

(ថ្កើងត្រង់ណា)

តើជនទាំងពីរស្លាប់ ឬរស់?

គាប់ជួនរដូវនោះជារដូវវស្សា ភ្លៀងធ្លាក់ញឹកញយអណ្តូងដែលនាយកត និងនាយឡំបាន ធ្លាក់ទៅនោះមានទឹក។ ដោយដឹងខ្លួនធ្លាក់ខ្ពោកទៅក្នុងទឹកឮសូរគ្រាំ នាយកតប្រវេប្រវាឳបនាយឡំ ដែលធ្លាក់ទៅមុន ច្របូកច្របល់ក្នុងទឹកដែលហូរតាមរូងមួយធំចុះទៅខាងចំហៀងម្ខាង។

            នាយកតនិយាយថាៈ

            អើវើយ! វាប្រុងសម្លាប់យើងមែន។

            នាយឡំសើច។

            យើងមិនទាន់ស្លាប់ទេ!

            អឺ ឯងថាប្រុងណាស់ដែរ

            គង់តែភ្លាត់ស្នៀតបាន!

            ហាស់ៗ ហួសចិត្តពេក! អញនឹកថា យើងនៅក្នុងអន្ទាក់វាឥឡូវនៅមែន!

            រងាណាស់វើយ! យើងនាំគ្នាទៅមានខ្សែទឹកទៅឬ?

            ទេ! កុំទាន់អាលទៅណាប្រយ័ត្នគ្រោះទៀត។

            ចុះធ្វើយ៉ាងណា?

            នាយកតគ្រវីក្បាលៈ

            រងចាំមើលហេតុការណ៍សិន! មិនបានទេ មីខត្តិយាណីនេះវាប្រសប់សម្លាប់យើងមែន! វាចេះ ប្រមូលយើងឲ្យមកនៅក្នុងត្រកដូចត្រី!

            នាយឡំសើចយ៉ាងរីករាយ!

            អញសប្បាយចិត្តនឹងស្លាប់ដែរ ព្រោះចាញ់ឧបាយកលស្រ្តី! អើល្មមងូតទឹកចានទាបសម្លាប់ ខ្លួនដែរ! ហា ៗ…

            នាយកតគំហ៊កថាៈ

            ឆ្កួត! មើលយើងរាវមើលខាងស្តាំឯងមើលទឹកវាហូរមកពីណា

            អៃយ៉ា! មានរូងធំណាស់វើយ! ប្រហែលជាហូរមកពីកំពូលភ្នំស្វាយនេះឯង។

            បើដូចនោះ យើងមានតែផ្លូវបណ្តោយខ្លួនឲ្យហូរចុះទៅខាងក្រោមឬ យើងនាំគ្នាឡើងទៅលើ ភ្នំក៏បាន! យី! វាមិនអស់ផ្លូវឯណា?

            នាយសើចម្តងទៀត។

            អញដូចមិនទាន់ទៅណាសោះ គឺចង់តែឡើងទៅលើមើលគន្លឹះគ្រែអន្តរធាននេះម្តងទៀត។

            នាយកតឆ្លើយកាត់ភ្លាមថាៈ

            ឆ្កួត! ឡើងណារួច អណ្តូងនេះជ្រៅណាស់ណ៎ា!

            វាចង់សម្លាប់យើង។ មុននេះអណ្តូងនេះសុទ្ធតែថ្ម។ វាស្មានថាយើងស្លាប់ហើយមើលទៅ! យី! ស្ត្រីតិរច្ឆាននេះពូកែមែន

            ភីង! វត្ថុអ្វីមួយយ៉ាងធ្ងន់ធ្លាក់មកពីលើផែនដីទាំងពីរ ដែលកំពុងនិយាយគ្នា។ ទឹកបែកខ្ចាយ ព្រោង។

            នាយកតលាន់មាត់ “ង៉ឹក”។ នាយឡំលាន់មាត់ស្រែក “វ៉ាស”។

            នាយកតនិយាយយ៉ាងញាប់ថាៈ

            ស្អីៗៗ?

            វត្ថុដែលធ្លាក់ពីលើនេះងើបឡើង។ នាយឡំស្ទុះភ្លែតទៅលើលើកឡើងហើយស្រែកថាៈ

            អៃយ៉ា! កតមនុស្ស! មនុស្សវើយ!

            អឺមនុស្សឬ? អ្នកណាហ្នឹង?

            នាយកតចាប់សក់ក្បាលបុរសថ្មីលើកឡើង នាយឡំចាប់ដៃទាំងពីរជាប់សួរថាៈ

            ហាស៎ៗ! ពូឯងមកពីណា?

            បុរសថ្មីដោយឈ្លក់ទឹកផង ដោយភ័យផង ឆ្លើយរដឹបរដុបថាៈ

            បាទ…បាទ…ខ្ញុំបាទ…ទាន!

            ចិត្តនាយកត និងនាយឡំដែលដំបូងនឹកថា បានមនុស្សម្នាក់ទៀតជាគ្នាក្នុងអណ្តូងមរណភាព នេះលុះដល់ឮសូរសំឡេងមាត់មនុស្សនេះ ក៏ប្រែទឹកមុខខាំធ្មេញគំហ៊កវិញភ្លាមថាៈ

            អាណា? អាណា? អាឯងឬ?

            កតបន្ទរថែមថាៈ

            ហេសៗ អាថ្លើមមួយ ពេលនេះជីវិតអាឯងស្លាប់មិនខាន។ គ្មានមេត្តាករុណាអីទេ! អញហុត ឈាមទាំងរស់ឥតឲ្យស្រក់មួយដំណក់ដល់ដីទេ។ អាបម្រុង! អាក្បត់!

            ថាតែប៉ុណ្ណោះ នាយកតដាក់នាយបម្រុងមួយដៃផូង។ នាយបម្រុងដួលផ្កាប់ផ្ងារជ្រមុជទៅក្នុង ទឹក។ នាយឡំស្រង់ លើកឡើង វាត់មួយដៃទៀតលាន់ឮប៉ែស។ នាយបម្រុងស្រែកៈ

            យូយ!

            ងើបឡើងភ្លាម នាយបម្រុងផ្លាស់សំឡេងនិយាយយ៉ាងនឹងនួនថាៈ

            ឈប់មិត្តជាទីស្នេហាទំាងពីរ។ ក្នុងពេលនេះប្រាកដជាខ្ញុំស្លាប់មិនខាន។ ប៉ុន្តែមុនពេលស្លាប់ខ្ញុំ សូមជជែកជាមួយមិត្តទាំងពីរឲ្យបានបន្តិចសិន។​

            នាយកតឡូឡាថាៈ

            អើជជែកទៅ! ថាទៅ! អស់កិច្ចកាលណា ចាំអញអារកឲ្យឃើញជាក់ស្តែង។

            នាយឡំសង្កត់ធ្មេញនិយាយថាៈ

            ហ៊ឺស អញមិនចង់ឲ្យវានិយាយបានបីម៉ាត់ទៀតទេ! អាក្បត់គ្នាឯងដូចនេះ។ អញចង់តែពុះ ក្បាលវាជាពីរមើលខួរក្បាលវាឲ្យច្បាស់នូវអីក៏អាក្រក់ម្ល៉េះ ខួរខ្ញុំគេ ខួរបង្កង។

            កតរាដៃ ពោលថាៈ

            ឈប់! ទុកឲ្យវានិយាយចុះ។

            នាយបម្រុងលេបទឹកមាត់ក្អឿកៗ ប្រឹងទប់ស្មារតីនិយាយមួយៗថាៈ

            ក្នុងពេលនេះ ខ្ញុំបានធ្វើខុសមែន! ខ្ញុំបានក្បត់មិត្តទាំងអស់គ្នាមែន ខ្ញុំទទួលថា ខ្ញុំខុសពេញទី! ដូចមិត្តទាំងពីរជ្រាបច្បាស់លាស់ហើយថា ចិត្តខ្ញុំយ៉ាងណាចំពោះជាតិយើងនោះ។ តែពេលនេះខ្ញុំ បានមកខកខូចជឿសំដីស្រីកាឡិកណ្ណីប្ញស្យា។ ឥឡូវខ្ញុំដឹងខ្លួនហើយ។ ដូចនោះបើទុកជា មិត្តទាំងពីរ មិនសម្លាប់ខ្ញុំទេក៏គង់ខ្ញុំសម្លាប់ខ្លួនខ្ញុំដែរ។ បើខ្ញុំរស់នៅ ខ្ញុំខ្មាស់មិត្តឯទៀតណាស់ ខ្ញុំខ្មាស់ប្រជាជនខ្មែរ ណាស់ ខ្ញុំខ្មាស់ខ្លាំងណាស់ ខ្ញុំខ្មាស់ខ្លួនឯងណាស់។

            ឳ! មិត្តទាំងពីរ ខ្ញុំរស់នៅមិនកើតទេ ត្រូវតែស្លាប់ដើម្បីចាប់ជាតិថ្មី។ ហើយក្នុងជាតិនេះ ខ្ញុំសូម ឲ្យមានចិត្តសប្បុរសចំពោះការងារដែលយើងកំពុងធ្វើ កុំឲ្យដូចជាតិនេះទៀត។

            នាយកតស្រែកឡើងថាៈ

            គ្មានទេ! អញគ្មានជឿពាក្យសំដីអាឯងទេ!

            នាយឡំ គំហ៊កថាៈ យើ! អាចង្រៃ ឯងចេះណាស់ ចេះនិយាយសម្របនឹងអញណាស់។ ឯងខ្លាចស្លាប់ឬ? អញមិនឲ្យឯងសម្លាប់ខ្លួនឯងទេ។ គឺអញត្រូវសម្លាប់ឯងនឹងដៃអញ!(សូមរងចាំតាមដានភាគទី៥៦ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!