គោកប្រដាក ជាទួលប្រាសាទមួយស្ថិតនៅក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ពោលគឺស្ថិតនៅក្បែរព្រំប្រទល់ខេត្តបាត់ដំបង និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ទីនេះមានឈ្មោះហៅផ្សេងទៀតដូចជា គុកប្រដាក (Kŭk Pradak) គោកបណ្ដាក់ និងឃូប្រដាក ដែលស្ថិតនៅចម្ងាយប្រមាណ៣,៥គីឡូម៉ែត្រ និរតីភ្នំតូច និង១គីឡូម៉ែត្រ ខាងជើងភូមិស្នួលកោង។ ទាក់ទងនឹងស្ថាននាមនេះ ហាក់ពុំមានឯកសារស្រាវជ្រាវកន្លងមក បានលើកយកមកពន្យល់ឡើយ។ តាមរយៈផែនទីពីលើអាកាស ឃើញថានៅជ្រុងអាគ្នេយ៍គោកប្រដាក មានស្លាកស្នាមអាងស្ដុកទឹកពីបុរាណមួយដែលមានបណ្ដោយប្រមាណ៨៦០ម៉ែត្រ និងទទឹង២៨០ម៉ែត្រ។ អាងស្ដុកទឹករបៀបនេះ មានឈ្មោះហៅប្លែកៗគ្នាទៅតាមតំបន់ដូចជា បារាយណ៍ ទន្លេអុំ និងប្រដាក ជាដើម។ ដូច្នេះ ស្ថាននាម គោកប្រដាក អាចទាក់ទងជាមួយអាងស្ដុកទឹកនេះ ដូចគ្នានឹងករណីស្ថាននាម ព្រះដាក់ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបផងដែរ។ បច្ចុប្បន្ន អាងស្ដុកទឹកនេះ បានក្លាយជាស្រែបង្កបង្កើនផលទៅហើយ។
ក្រៅពីសំណល់បុរាណវត្ថុមួយចំនួន គេធ្លាប់រកឃើញសិលាចារឹកមួយផ្ទាំង ដែលចារនៅលើមេទ្វារប្រាសាទខាងត្បូង មានចារឹកអក្សរចំនួន១៥បន្ទាត់ ចុះលេខបញ្ជីសារពើភណ្ឌសិលាចារឹក K.៨៧៨។ ដ្បិតតែសិលាចារឹកនេះ ក្រុមអ្នកស្រាវជ្រាវរបស់សាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានផ្ដិតសំណៅតាំងពីឆ្នាំ១៩៣៧មកក្ដី រហូតមកដល់ឆ្នាំ១៩៥៣ ទើបលោកសាស្ត្រាចារ្យ ហ្សក សឺដែស ចុះផ្សាយអត្ថបទសិលាចារឹកនេះ នៅក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា (IC) ក្បាលទី៥ របស់លោក។ បន្ទាប់មក លោកសាស្ត្រាចារ្យ ហ្វីលីព ចេណ្ណឺរ ក៏បានសិក្សានៅក្នុងស្នាដៃរបស់លោក Part xml, № 9 និងចុះផ្សាយក្នុងគេហទំព័រ http://sealang.net/ok/corpus.htm។
សិលាចារឹកនេះ មានចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៨១៨ (គ.ស.៨៩៦) និងមហាសករាជឆ្នាំ៨២០ (គ.ស.៨៩៨) ដែលស្ថិតនៅក្នុងរាជ្យព្រះបាទស្រីយសោវម៌្មទេវទី១ (គ.ស.៨៨៩-៩១០)។ ប៉ុន្តែតាមទម្រង់អក្សរដែលចារ អាចសង្កេតបានថាជាអក្សរនៅចន្លោះរវាងចុងស.វ.ទី១០ និងដើមស.វ.ទី១១ ទៅវិញទេ។ ដូច្នេះមានន័យថា អត្ថបទនេះ ជាអត្ថបទចាររំលឹកពីព្រឹត្តិការណ៍ ដែលកើតឡើងតាំងពីរាជ្យរបស់ព្រះបាទស្រីយសោវម៌្មទេវទី១ នាចុងសតវត្សទី៩មកម្ល៉េះ។
អត្ថបទនេះចាប់ផ្ដើមរំលឹកកាលពីឆ្នាំ៨៩៦ នាពេលដែលធ្វើបុណ្យឆ្លងប្រាសាទស្រីយសោធរវ្រឹសទ្ធ្វជ ម្រតាញខ្លោញរុទ្របានថ្វាយតង្វាយក្នុងព្រះបរមនាមព្រះបាទស្រីយសោវម៌្មទេវទី១ ចំពោះប្រាសាទ និងថ្វាយតង្វាយទាំងនោះ ដែលមានដូចជាស្រែនិងខ្ញុំបម្រើ ដល់ប្រាសាទព្រះគម្ដែងអញស្រីរុទ្រស្វាមីចាត់ចែងគ្រប់គ្រង។ នៅឆ្នាំ៨៩៨ ម្រតាញខ្លោញរុទ្របានទូលសុំព្រៃនិងដីទំពួននៅខេត្តបូព៌ាទិស ថ្វាយដល់ព្រះគម្ដែងស្រីរុទ្រស្វាមី។ ព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យម្រតាញស្រិវិក្រមាយុធ ចុះទៅដណ្ដឹងអ្នកស្រុកអំពីទំហំដីនោះ ដោយបោះបង្គោលព្រំដី។ ម្រតាញខ្លោញរុទ្រក៏បានថ្វាយតង្វាយមានស្លា១ស្មែង ដូង២ និងសំពត់ស២ ដល់ប្រាសាទព្រះគម្ដែងស្រីយសោធរវ្រឹសទ្ធ្វជ ផងដែរ។
នៅផ្នែកខាងចុងបញ្ចប់ គឺជាការបញ្ជាក់ពីការងាររបស់ក្រុមអ្នកបម្រើដែលត្រូវធ្វើ និងពាក្យផ្ដាសាដល់នរណាដែលពុំធ្វើតាមរណ្ដាប់បូជាដែលបានរៀបចំនោះ ត្រូវធ្លាក់ទៅនរកទាំង៧សន្ដាន ដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែគង់នៅ។
លោក ហ្សក សឺដែស បានចោទជាសំណួរមន្ទិលសង្ស័យ ដោយមិនប្រាកដថាប្រាសាទព្រះគម្ដែងស្រីយសោធរវ្រឹសទ្ធ្វជ និងប្រាសាទព្រះគម្ដែងអញស្រីរុទ្រស្វាមី ជាប្រាសាទដែលមានទីតាំងនៅផ្សេងពីគ្នា ឬនៅទីតាំងតែមួយ តែមានក្ដីឬប្រាង្គពីរ។ គួរបញ្ជាក់ផងដែរថា ពាក្យ «វ្រឹសទ្ធ្វជ» មានន័យថា (ទេព)ដែលមានគោឧសភជាសម្គាល់ គឺជាព្រះនាមមួយបែបទៀតរបស់ព្រះឥសូរ ដូចនាម រុទ្រស្វាមី។
១– អត្ថបទសិលាចារឹកជាអក្សរខ្មែរទំនើប
១- ៨១៨ឝកនុធូលិវ្រះបាទឝ្រីយឝោវម៌្មទេវឱ[យ៑]ស្រេជេ[ង៑]៥គម្រ្យាង៑នុខ្ញុំ–សត្តប្រមាន៑
២- ជេង៑តរាញ៑ទក្ឞីណាម្រតាញ៑ខ្លោញ៑រុទ្រនាឆ្លោង៑ប្រាសាទវ្រះកម្រតេង៑អញ៑ឝ្រីយឝោ
៣- ធរវ្ឫឞទ្ធ្វជជ្វន្តវ្រះកម្រតេង៑អញ៑ឝ្រីរុទ្រស្វាមិតបុន្យម្រតាញខ្លោញ៑រុទ្រ◦ឃោលំវិនារា
៤- (យន)ឃោជេន៑ឃោឝីខាឝក្តីឃោកន៑ហិ◦តៃកន្ទេង៑តៃឆ្នេំតៃភទ្រតៃនៃតៃកំមហ៑តៃសំអប៑
៥- តៃបំនង៑តៃប្រ្វោតតៃកំវ្រៅ៙៨២០នុម្រតាញ៑ខ្លោញ៑រុទ្រស្វំប្រសាទវ្រៃភូមិតំវោន៑ប្រមាន៑បូ
៦- វ៌្វទិឝឱយ៑តវ្រះកម្រតេង៑ឝ្រីរុទ្រស្វាមិ◦វ្រះអាជ្ញាប្រេម្រតាញឝ្រីវីក្រមាយុធវ្យា
៧- បារនាទោទៅឱយ៑ឝបតអនក្តស្រុក៑ប្វាន៑តោយ៑តង៑ត្យង៑អំម្រុងភូមិតំវោន៑សង្គោល៑
៨- ឱយ្តវ្រះកំម្រតេង៑អញ៑រុទ្រស្វាមិ◦គោល៑តិបូវ៌្វប្រសប៑ល៌ំបេង៑◦គោល៑តិទក្ឞិណប្រសប៑
៩- ត្រវាង៑វ្រាហ្មណគោល៑តិបឝ្ចិមល្វោះតផ្លូតទិង៑គោល៑តិឧត្តរលោះតផ្លូប្រសប៑សាធុបល្លីយ
១០- ឃោលំវិវិនយោឃោចន្ទ្រវលឃោវន្វន៑ឃោមន្ទាតៃលង្គាយ៑តៃវិចិត្រតៃគោលិតៃតិថ៌តៃមធុរា
១១- កល្បនាម្រតាញ៑ខ្លោញ៑រុទ្រតវ្រះកំម្រតេង៑អញ៑ឝ្រីយឝោធរវ្ឫឞទ្ធ្វជ◦ស្លាចេង៑ម្វាយ៑តោង៑វ្យ
១២- រ៑(វាត៑)សោវ្យរវ្វំអាច្តិហៅអនក៑វ្រះ(បិ)ប្រេទៃតិលេង៑ជ្វន៑ទីក៑នុឱយ៑ស្លាមហានវមីគុស៑អន៑ក៑ភទ្រ
១៣- បត្តនប្រមាន៑ជេងវ្នំឃោកន៑សិប៑ឃោកំវ្រៅឃោកំបុរ៑តៃជានុឝ្រីយតៃភទ្រតៃបរោង៑នេះគិតឱយ៑ស្ឭក
១៤- វិនៅម្វាយ៑សហស្រតគិមាឃគិនាស្វតន្ត្រអន៑ក៑វ្រះតវ្រាហ្មណាចាយ៌្យតស្ដាបវត៌្តមាន◦នៅអន
១៥- ក្តវ្វំថ្វេរោះកល្បនានេះគេទៅតនរកសប្តបុរុឞាន្តរយាវត៑ចន្ទ្រាទិត្យមាន៙
២- អត្ថបទប្រែសម្រួលជាភាសាខ្មែរទំនើប
(១-៥) មហាសករាជឆ្នាំ៨១៨ នូវធូលីព្រះបាទស្រីយសោវម៌្មទេវ(ទី១) (ស្ដេចប្រទាន)ស្រេ៥ជើង(ឯ)គម្រ្យាង ខ្ញុំបម្រើ– (នៅ)ប្រមាណជើងត្រាញ់ (ជា)តង្វាយរបស់ម្រតាញរុទ្រ នា(ឱកាស)ឆ្លងប្រាសាទព្រះគម្ដែងអញស្រីយសោធរវ្រឹឞទ្ធ្វជ (និង)ថ្វាយ(តង្វាយទាំងនេះ)ដល់(ប្រាសាទ)ព្រះគម្ដែងអញស្រីរុទ្រស្វាមី ដ៏ជាបុណ្យរបស់ម្រតាញខ្លោញរុទ្រ។ (ខ្ញុំបម្រើមាន) ឃោលំវិនារាយន ឃោជេន ឃោសិខាសក្ដិ ឃោកន្ហិ តៃកន្ទេង តៃឆ្នើម តៃភទ្រ តៃនៃ តៃកំមះ តៃសំអប់ តៃបំនង តៃប្រួត តៃកំព្រៅ។
(៥-១២) មហាសករាជឆ្នាំ៨២០ នូវម្រតាញខ្លោញរុទ្រសុំព្រះរាជទានព្រៃ(និង)ដីទំពួន(នៅ)ខេត្ត/តំបន់បូព៌ាទិស ឱ្យដល់ព្រះគម្ដែងស្រីរុទ្រស្វាមី។ (ព្រះបាទស្រីយសោវម៌្មទេវទី១ចេញ)ព្រះអាជ្ញា(ត្រាស់)ប្រើម្រតាញស្រីវិក្រមាយុធ(ជា)មន្ត្រីថ្នាក់ទី២ ទៅឱ្យអ្នកស្រុកទាំងបួនស្បថនិងដណ្ដឹងសួរពីទំហំដីទំពួន ដើម្បីសង់បង្គោល(ព្រំដី)ឱ្យដល់ព្រះគម្ដែងអញរុទ្រស្វាមី។ បង្គោលដីនៅទិសខាងកើតប្រសព្វនឹងរលំបេង បង្គោលដីខាងត្បូងប្រសព្វនឹងត្រពាំងព្រាហ្មណ៍ បង្គោលដីខាងលិចដល់ផ្លូវទទឹង បង្គោលដីខាងជើងដល់ផ្លូវប្រសព្វនឹងសាធុបល្លីយ។ (អ្នកបម្រើនៅទីនោះមាន)ឃោលំវិវិនយោ ឃោចន្ទ្រវល ឃោវន្វន ឃោមន្ទា តៃលង្គាយ តៃវិចិត្រ តៃគោលិ តៃតិថ៌ តៃមធុរា។ តង្វាយរបស់ម្រតាញខ្លោញរុទ្រ ថ្វាយចំពោះប្រាសាទព្រះគម្ដែងអញស្រីយសោធរវ្រឹសទ្ធ្វជ (មាន)ស្លា១ចែង(/ស្មែង) ដូង២ សំពត់(?)ស២។ (១២-១៥) ពុំអាចហៅអ្នកបម្រើព្រះដើម្បីប្រើ(ធ្វើការ)ដទៃ(ផ្សេងឡើយ) ឱ្យ(ប្រើ)ជូនទឹកនិងឱ្យស្លាមហានវមីតែប៉ុណ្ណោះ។ អ្នក(បម្រើននៅ)ភទ្របត្តន(ឯ)ខេត្ត/តំបន់ជើងភ្នំ(មាន) ឃោកន្សិប ឃោកំព្រៅ ឃោកំបោរ តៃជានុស្រី តៃភទ្រ (និង)តៃបរោង (ទាំងប៉ុន្មាននាក់)នេះ គឺអ្នកថ្វាយស្លឹកព្នៅ១០០០(សន្លឹក)នៅខែមាឃ គឺជាអ្នកបម្រើព្រះរបស់ព្រាហ្មណ៍និងអាចាយ៌្យដែលនៅចាំស្ដាប់ព័ត៌មាន។ នូវអ្នកពុំធ្វើដូចរណ្ដាប់បូជានេះ អ្នកនោះធ្លាក់ទៅនរក៧សន្ដាន ដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន។
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង