ទំព័រដើមប្រវត្តិសាស្ត្រហេវជ្រនៅក្នុងសង្គមខ្មែរ

ហេវជ្រនៅក្នុងសង្គមខ្មែរ

នៅសតវត្សរ៍ចុងក្រោយនេះ ការសិក្សាអំពីឥទ្ធិពលនៃព្រះពុទ្ធសាសនា និកាយវជ្រយានកាន់តែមានសន្ទុះខ្លាំងឡើងជាលំដាប់។ អ្នកស្រាវជ្រាវជាច្រើនឯកភាពគ្នាថា និកាយវជ្រយាន គឺប្រណិប័តន៍តាមបែបតន្រ្ត ដែលបំបែកចេញពីនិកាយមហាយាន កើតឡើងនៅកើតឡើងនៅរវាងដើមគ្រឹស្តសករាជ ហើយបានសាយភាយទៅតំបន់ទីបេ ចិន និងជប៉ុននៅចន្លោះស.វ.ទី៧ដល់ទី៩ ហើយបន្តសាយភាយចូលមកក្នុងសង្គមខ្មែរ និងចាមនៅស.វ.ទី១០។ ទេពសំខាន់ៗនៅក្នុងនិកាយនេះ​ មានលក្ខណៈជាទូ​ទៅស្រដៀងនឹងនិកាយមហាយានដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកទេពមួយនៃនិកាយវជ្រយានមកសិក្សាដោយសង្ខេបនោះគឺ ព្រះហេវជ្រ។

ហេវជ្រ គឺជាទេពដ៏សំខាន់ក្នុងបរិបទព្រះពុទ្ធសាសនាបែបតន្រ្ត តំណាងឱ្យសតិសម្បជញ្ញៈ និងការបង្រៀន។ ទ្រង់ គឺជាបុគ្គលម្នាក់ដែលសម្រេចបានការត្រាស់ដឹង ដែលកើតឡើងដោយអាថ៌កំបាំងនៃកាយ វាចា និងចិត្ត ដែលលក្ខណៈទាំងបីនេះរមែងលេចចេញក្នុងលំហតាមដំណើរនៃការសមាធិ រួមមាន កាយជាចក្រវាល វាចាជាប្រាជ្ញាដល់ប្រសើរ និងចិត្តជាសេចក្តីអនុគ្រោះដល់សត្វទាំងឡាយ។ ជាទូទៅ ក្នុងអត្ថបទឥណ្ឌាឈ្មោះថា “និសបន្នយោគាវលី” (Niṣpannayogāvalī) គេស្គាល់ទេពហេវជ្រជាពីរប្រភេទ គឺ កបាលធរហេវជ្រ (Kapāladhara Hevajra) ប្រែថា “អ្នកកាន់លលាដ៍ក្បាល” និងសាស្រ្តធរហេវជ្រ (Śastradhara Hevajra) ប្រែថា “អ្នកកាន់អាវុធ”។ បើទោះបីហេវជ្រ គឺជាទេពសំខាន់នៅក្នុងនិកាយវជ្រយានយ៉ាងណាក្តី នៅក្នុងសិលាចារឹកខ្មែរ​កាលពីសម័យបុរាណ គេមិនធ្លាប់រកឃើញព្រះនាម “ហេវជ្រ” ឡើយ។ ផ្ទុយពីទេពមួយអង្គទៀតដែលមានព្រះនាមថា “វជ្របាណិ” គេតែងជួបជាញឹកញាប់ខ្លាំង ឧទាហរណ៍ សិលាចារឹកប្រាសាទបាតជុំ ខេត្តសៀមរាប (K.266, K.267, K.268)។ ទោះបីជាយ៉ាងណា នៅក្នុងសិលាចារឹកខ្មែរ គេបានជួបព្រះនាមទេពមួយថា “វជ្រិន” ឧទាហរណ៍ សិលាចារឹកវត្តស៊ីធរ K.111 (មុខទី២ បន្ទាត់ទី៣៩ និង៤០)។ ដូច្នេះហើយ នាំឱ្យអ្នកស្រាវជ្រាវមួយចំនួនយល់ថា កាលពីសម័យបុរាណគេអាចហៅ ហេវជ្រ ជា “វជ្រិន”។ ការយល់ឃើញបែបនេះដោយសារការសិក្សាផ្នែកភាសាអំពីពាក្យ “ហេវ” និង “វជ្រ” សំដៅដល់ការប្រកាសជាឱឡារឹកថា “វជ្រ” បានក្លាយជាព្រះនាមរបស់ព្រះ ដូចទៅនឹងអត្ថបទសំស្រ្កឹតរបស់ហេវជ្រតន្រ្ត ដែលគេធ្លាប់ឃើញមានបង្ហាញព្រះនាមទេពហេវជ្រ ជា “វជ្រិន” ដូចគ្នា។ “វជ្រិន” និង “វជ្របាណិ” មានន័យដូចគ្នា គ្រាន់តែខុសត្រង់ថា “វជ្រិន” សំដៅលើការបង្កប់ខ្លឹមសារនៃវជ្រ រីឯ “វជ្របាណិ” សំដៅដល់អ្នកកាន់វជ្រ ឬអ្នកថែរក្សាវជ្រ។

គេអាចសម្គាល់ទេពហេវជ្របានតាមរយៈការបង្ហាញព្រះសិរ៨ ព្រះហស្ត១៦ ព្រះបាទ៤។ ព្រះសិរទាំង៨ របស់ហេវជ្រសុទ្ធសឹងមានព្រះនេត្រទីបីនៅលើនលាដ (ថ្ងាស) ដោយចែកចេញជាបីថ្នាក់។ ថ្នាក់ខាងលើមានព្រះសិរតែមួយប៉ុណ្ណោះ និងផ្នែកកណ្តាលមានព្រះសិរចំនួន៤។ អ្នកស្រាវជ្រាវភាគច្រើនយល់ថា ព្រះសិរខាងលើនិងកណ្តាលបូកបញ្ចូលគ្នាស្មើចំនួន៥ តំណាងឱ្យតថាគតទាំង៥ (ធ្យានិពុទ្ធទាំង៥) ដែលព្រះសិរខាងលើគឺជាព្រះវៃរោចន តំណាងឱ្យការពង្រីកជួរបញ្ឈរនៅផ្នែកកំពូល រីឯផ្នែកកណ្តាលមានព្រះសិរ៤ តំណាងឱ្យផ្នែកបន្ថែមនៅក្នុងប្លង់ផ្តេករបស់ចំណុចសំខាន់ទាំង៤ នៃត្រីវិស័យ រួមមាន ព្រះអក្សោភ្យ (ខាងកើត) ព្រះរត្នសម្ភព (ខាងត្បូង) ព្រះអមិតាភ (ខាងលិច) និងព្រះអមោឃសិទ្ធិ (ខាងជើង)។ លេខ ៥ ក៏ជាសញ្ញាតំណាងឱ្យភាពពេញលេញរបស់លោកធាតុ។ ចំណែកផ្នែកខាងក្រោមនៃព្រះសិរហេវជ្រចំនួន៣ គេមិនដឹងឱ្យប្រាកដថាតំណាងឱ្យអ្វីឡើយ ប៉ុន្តែបើសិនយោងទៅលើគម្ពីរតន្រ្តចំណាស់ៗរបស់ឥណ្ឌាដែលរកឃើញនៅកោះជ្វា និងជប៉ុន គេសន្និដ្ឋានថា ព្រះសិរទាំង៣ ទំនងតំណាងឱ្យព្រះពុទ្ធ ព្រះលោកេសូរ និងព្រះវជ្របាណិ។ ទេពទាំងបីនេះក៏មានរៀបរាប់នៅក្នុងសិលាចារឹកប្រាសាទបាតជុំ ខេត្តសៀមរាប (K.266, K.267, K.268) ដែរ។

ចំណែកព្រះហស្តទាំង១៦របស់ព្រះហេវជ្រ កាន់ពែងក្នុងទម្រង់ជារូបដូចលលាដ៍ក្បាល ដោយពែងនៅក្នុងព្រះហស្តស្តាំផ្ទុកដោយសត្វដំរី សេះលា គោ អូដ្ឋ មនុស្ស សិង្ហ និងឆ្មា រីឯពែងនៅព្រះហស្តឆ្វេងផ្ទុកដោយផែនដី (ព្រះនាងពសុធារា) ទឹក (ព្រះវារុណ) ខ្យល់ (ព្រះវាយុ) ភ្លើង (ព្រះអគ្នី) ព្រះចន្រ្ទ ព្រះអាទិត្យ ព្រះយម (ទេពនៃសេចក្តីស្លាប់) និងព្រះវៃស្រវណ (ទេពនៃទ្រព្យ​សម្បត្តិ)។ ក្នុងដំណើរទៅកាន់ការត្រាស់ដឹង នៅពេលព្រះហេវជ្រសមាធិដោយបិទព្រះនេត្រ ទ្រង់នឹងបើកមកវិញឃើញនូវសត្វជាច្រើននៅក្នុងព្រះហស្តស្តាំរបស់ទ្រង់ ដែលតំណាងឱ្យភាពត្រឹមត្រូវ និងជានិមិត្តរូបនៃអំណាច និងជំនឿអរូបិយ (សិទ្ធិ)។ ចំណែកព្រះហស្តខាងឆ្វេង ជានិមិត្តរូបនៃរូបកាយនៅស្ថានសួគ៌ដែលមានព្រះអាទិត្យ និងព្រះចន្រ្ទ អមដោយធាតុទាំង៤ មាន ទឹក ដី ភ្លើង   ខ្យល់។

ដោយយឡែក ព្រះបាទទាំង៤របស់ហេវជ្រ គឺបង្ហាញក្នុងកាយវិការឈររាំដោយព្រះបាទទាំង៤ជាន់នៅលើមនុស្ស។ រូបមនុស្សដែលហេវជ្ររាំជាន់ពីលើ គឺជា “មារ” ដែលតំណាងឱ្យកាលៈទេសៈនៃវាលវដ្ដសង្សារ (Saṃsara) ពោល គឺជាបាតុភូទដែលកំណត់ដោយការកើតឡើងដោយឥតឈប់ឈរនៃទុក្ខវេទនា ហើយការរាំរបស់ហេវជ្រពីលើនេះទៀតសោតគឺជាការរំដោះខ្លួនចេញពីច្រវាក់នៃទុក្ខវេទនាទាំងពួងនេះ។

ចម្លាក់ហេវជ្រ ស.វ.ទី១៣ នៅប្រាសាទបន្ទាយឆ្មារ
ប្រភព៖ https://sailingstonetravel.com/banteay-chhmar/

នៅក្នុងសិល្បៈខ្មែរ គេបង្ហាញព្រះហេវជ្រ ជាចម្លាក់នៅតាមជញ្ជាំងប្រាសាទ បដិមាទោល និងភាគច្រើនជាចម្លាក់ទោលតូចៗដែលធ្វើពីសំរិទ្ធដែលគេរកឃើញប្រមាណជា ៥០ ដែលភាគច្រើនមានអាយុកាលនៅរវាងស.វ.ទី១០ ដល់ទី១៣នៃគ្រឹស្តសករាជ (រូបលេខ១-៥)។ ការបង្ហាញហេវជ្ររាំនៅក្នុងសិល្បៈខ្មែរ ច្រើនតែរាំម្នាក់ឯង លើកលែងតែយោគិនី (ទេពស្រី) រាំអមជុំវិញពី ៦ ទៅ ៨ អង្គ បង្កើតចេញទៅជារង្វង់មួយនៅជុំវិញព្រះហេវជ្រ ហៅថា “មណ្ឌល” (maṇdala)។ មណ្ឌល ជាមធ្យោបាយនៃការរួបរួមគ្នា និងការរកឃើញជាមួយខ្លួនឯងដែលមិនអាចបំបែកបាន។ ក្នុងនោះ អ្នករាំជុំវិញព្រះហេវជ្រ តំណាងឱ្យភាពពេញលេញនៃចក្រវាលដែលស្ងួតហួតហែងខាងផ្លូវចិត្តនិងវិញ្ញាណរបស់មនុស្ស។ ជាទូទៅ នៅក្នុងប្រពៃណីជំនឿបែបតន្រ្តនៃព្រះពុទ្ធសាសនា គេតែងបង្ហាញព្រះហេវជ្រក្នុងទម្រង់កាច ដូចមានឧទាហរណ៍ច្រើននៅតំបនទីបេ ប៉ុន្តែនៅក្នុងសង្គមខ្មែរព្រះហេវជ្រមិនបង្ហាញជាទម្រង់កាចដូចជា មានសក់បះជ្រោង ភ្នែកមូល មានចង្កូម និងការលម្អលលាដ៍ក្បាលនៅលើរាងកាយដូចនៅទីបេឡើយ។ ផ្ទុយទៅវិញ គេតែងបង្ហាញទម្រង់ទ្រង់ក្នុងភាពស្រស់ស្អាត មានស្នាមញញឹម ដែលមើលទៅស្រដៀងទៅនឹងព្រះឥសូរក្នុងទម្រង់ជាសទាសិវដែរ។ សិល្បករខ្មែរ បង្ហាញហេវជ្រមានព្រះសិរ៨ រៀបចំជា៣ថ្នាក់ (ថ្នាក់ខាងលើមាន១ ថ្នាក់   កណ្តាលមាន៤ និងខាងក្រោមមាន៣) គឺស្របទៅតាមគោលការណ៍ទស្សនវិជ្ជាជាក់លាក់របស់ហេវជ្រតន្រ្ត។ អ្វីដែលជាការកត់សម្គាល់ខ្លាំងនោះ អ្នកស្រាវជ្រាវជំនាន់ក្រោយ បានសន្និដ្ឋានថា ព្រះភក្រ្តនៅប្រាសាទបាយ័ន្តដែលពីមុនគេយល់ថាជាព្រះភក្រ្តព្រហ្ម (តំណាងឱ្យព្រហ្មវិហារធម៌ទាំង៤ មាន មេត្តា ករុណា មុតិតា និងឧបេក្ខា) ខ្លះក៏យល់ថាជាព្រះភក្រ្តព្រះពោធិសត្វអវលោកិតេស្វរ ខ្លះទៀតក៏យល់ថាព្រះភក្រ្តព្រះបាទជ័យវរ្ម័នទី៧ ទំនងជាព្រះភក្រ្តរបស់ព្រះហេវជ្រច្រើនជាង ព្រោះជាទូទៅព្រះព្រហ្ម និងព្រះលោកេសូរមិនមានព្រះនេត្រទី៣នៅលើនលាដ (ថ្ងាស) ទេ តែព្រះហេវជ្រទើបមាន (សូមមើលលម្អិតនៅក្នុងអត្ថបទដ៏មានសារៈសំខាន់របស់ Peter D. Sharrock, 2007 និងអត្ថបទខ្លីរបស់លោក សុខ កែវសុវណ្ណារ៉ា ២០២០)។         

ជារួមមក វប្បធម៌ព្រះហេវជ្រនៅក្នុងសង្គមខ្មែរនៅសម័យបុរាណទំនងចាប់ផ្តើមឡើងនៅពេលដែលខ្មែរបានទទួលយកនិកាយវជ្រយាននៅរវាងស.វ.ទី១០ ហើយលេចធ្លោខ្លាំងនៅស.វ.ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១ ដល់ ១២២០)។ ប៉ុន្តែ បើពិនិត្យមើលទៅចម្លាក់ និងបដិមាទោលជាថ្មនិងសំរិទ្ធតូចៗដែលគេរកឃើញទាំងអម្បាលម៉ាន គេអាចសន្និដ្ឋានថា វប្បធម៌គោរពព្រះហេវជ្រនៅកម្ពុជា ទំនងជាមិនសូវសំខាន់ដូចព្រះសិវ ឬវិស្ណុនៅក្នុងហិណ្ឌូ ឬក៏ព្រះពោធិសត្វលោកេសូរនៅក្នុងពុទ្ធសាសនាឡើយ៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!