ដូហាមី (Dohamey) គឺឈ្មោះព្រះរាជាណាចក្រមួយដែលបច្ចុប្បន្នស្ថិតនៅខាងត្បូងនៃប្រទេសបេនីន (Benin) ក្នុងទ្វីបអាហ្រ្វិចខាងលិច។ ព្រះរាជាណាចក្រនេះចាប់ផ្តើមរីកចម្រើននៅស.វ.ទី១៧ រហូតដល់ស.វ.ទី២០។ នៅក្នុងប្រវត្តិសាស្រ្តនៃដូហាមី ស្តេច Wegbaja គឺជាអ្នកដែលធ្វើឱ្យព្រះរាជាណាចក្រមួយនេះ មានការរីកចម្រើនខ្លាំង។

ប្រភព៖ https://www.nationalgeographic.com
ព្រះរាជាណាចក្រដូហាមី នៅអំឡុងពេលនៃការដឹកនាំដោយ ស្តេច១២អង្គ ផ្សេងៗគ្នា ដែលចាប់ពីឆ្នាំ១៦២៥ រហូតដល់១៩០០ គឺបានធ្វើឱ្យដូហាមី មានឥទិ្ឋពល និងជាមហាអំណាចមួយនៅតំបន់ឆ្នេរសមុទ្រនៃទ្វីបអាហ្វ្រិចខាងលិច។ នៅក្នុងប្រវត្តិសាស្រ្តរបស់ដូហាមី គឺមានទាហានស្រីដំបូងដែលបង្កើតឡើងក្នុងរជ្ជកាលស្តេច Ghezo ឆ្នាំ១៨១៨ ដល់១៨៥៨។ នៅដើមស.វ.ទី១៩គ.ស. កំណើននៃចំនួនទាហានស្រីមានការកើនឡើងជាង៣០ ទៅ ៤០ភាគរយ នៃចំនួនទាហានសរុបនៃដូហាមី។ នៅចុងស.វ.ទី១៩ ក្រោមការដឹកនាំដោយ ស្តេច Behanzin ទាហានទាំងនោះ ត្រូវបានបែងចែកជា៥ ប្រភេទផ្សេងៗគ្នា រួមមាន៖ ១. Huntresses (“Gbeto”) ជាកងទ័ពស្រីដែលមានវ័យចំណាស់ ដោយមានជំនាញខាងបរបាញ់សត្វដូចជា ដំរី ខ្លា និងមានជំនាញខាងសំលាប់សត្វព្រៃ។ ២. Riflewomen (“Gulohento”) ជាកងទ័ពដែលមានជំនាញខាង បាញ់សភាវុធ កាំភ្លើងវែង ខ្លី កាំបិត និង ព្រួញជាដើម។ ៣. Reapers (“Nyekplohento”) ជាទ័ពស្ត្រីដែលជំនាញខាងកាំបិតខ្លី វែង។ ៤. Archers (“Gohento”) មានជំនាញខាងគប់លំពែង ព្រួញដែលភាគច្រើនជាក្មេងស្រី។ ៥. Gunners (“Agbalya”) គឺជាទ័ពស្រី្ត មានពូកែខាងកាំភ្លើងធំ។


ប្រភព៖ Unesco
តាមរយៈនៃទីតាំងភូមិសាស្រ្តដែលមានភាពអំណោយផល ធ្វើឱ្យដូហាមី ងាយស្រួលវាយធ្វើសង្រ្គាម និងក្លាយជាអាណាចក្រនៅតំបន់ឆ្នេរ សមុទ្រ ដែលគ្រប់គ្រងលើតំបន់ Allada និង Whyda។ ចាប់ពីឆ្នាំ ១៧២០ រហូតដល់ឆ្នាំ ១៨៥២ តំបន់នោះ បានក្លាយជាការជួញដូរទាសករទៅឱ្យពួក អង់គ្លេស បារាំង និងព័រទុយកាល់។
អាបូមី គឺជាឈ្មោះ នៃរាជវាំងរបស់ ដូហាមី ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសបេនីន។ រាជវាំងមួយនេះ មានទំហំផ្ទៃដី៤៦ហិតាដែលមាន១០អាគារ កសាងនៅក្បែរគ្នា និងមានកំពែងដីជុំវិញ។ អាគារទាំងនោះ គឺតុបតែងតាមសិល្បៈវប្បធម៌ Aja-Fon ដែលធ្វើពីដីឥដ្ឋ ដោយមានការតុបតែងជាចម្លាក់សត្វតូចៗ និងសិល្បៈផ្សេងៗទៀត។


ប្រភព៖ Metmuseum
Behanzin គឺជាស្តេចចុងក្រោយគេនៃព្រះរាជាណាចក្រ ដូហាមីមុនពេលដែលពួកអឺរ៉ុបបានមកដាក់អាណានិគមនៅស.វ.ទី១៩ ។
រាជវាំងនេះ គឺទ្រព្យសម្បត្តិដ៏សំខាន់មួយសម្រាប់ប្រជាជន ដូហាមី។ ទីតាំងរបស់ស្តេច Akaba និង ស្តេច Wegbaja គឺបែងចែកគ្នាដោយមានផ្លូវមួយ។ ក្នុងចំណោមអាគារទាំង១០ នោះមានអាគារចំនួនពីររបស់ Glele និង Guezo ត្រូវបានជួសជុល និងកែលម្អ ដោយគម្រោង World Monuments Fund ដែលសព្វថ្ងៃជាសារមន្ទីរប្រវត្តិសាស្រ្តក្នុងតំបន់ និងប្រជាជន ដូហាមី។ ចំណែកឯអាគារផ្សេងពុំទាន់មានការជួសជុលនៅឡើយដែលនៅសភាពទ្រុបទ្រោម និងមានគ្រោះថ្នាក់ខ្លាំង នៅពេលរដូវភ្លៀង។ គួរបញ្ជាក់ដែរថា រាជវាំងអាបូមី ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ ១៩៨៥ ក្នុងទំហំ៤៧ ហិតា។
សរុបរួមមក ដូហាមី គឺជាព្រះរាជាណាចក្រមួយដែលមានការរីកចម្រើនចាប់ពីស.វទី១៧ រហូតដល់ស.វទី២០ និងសំបូរទៅដោយទាហានស្រីយ៉ាងច្រើន។ ព្រះរាជាណាចក្រមួយនេះ មានរាជវាំងឈ្មោះ អាបូមី ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសបេនីនបច្ចុប្បន្ន៕
អត្ថបទដោយ៖ លោក អេង តុលា
———————————-