ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿជំនឿលើព្រះគម្លង់​មុខវត្ត​ឧណ្ណាលោម

ជំនឿលើព្រះគម្លង់​មុខវត្ត​ឧណ្ណាលោម

ស្ថិត​នៅលើសួនច្បារមុខ​វត្ត​ឧណ្ណាលោមក្នុងរាជធានីភ្នំពេញ មាន​បដិមា​មួយ​ហៅ​​​ថា “ព្រះគម្លង់” ឬ “ស្តេចគម្លង់” ឬបើ​តាម​អ្នកស្រាវជ្រាវ​​ថា “ព្រះយម” ឬ “ព្រះ​យម​រាជ”។ បដិមា​នេះ​ពុំ​ដឹង​​សាង​​ពីត្រឹមណាមកឱ្យប្រាកដទេ​​ តែ​យ៉ាង​​ហោច​ណាស់គេ​ឃើញថត​ជាប់​​​ ក្នុង​​​ឯកសារ​​​ក្បួន​ដង្ហែ ព្រះករុណា​​ ព្រះបាទ​សម្តេច ​ព្រះស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយ​កោដ្ឋ កាលទ្រង់ឡើង​គ្រង​រាជ​សម្បត្តិ។​ មក​ដល់​​សព្វ​ថ្ងៃ គេបាន​ដាំដើម​ពោធិ៍​ថ្វាយ​​​មួយ​​ដើម ព្រម​ទាំង​ជួស​ជុល​​​កែសម្រួល​បល្ល័ង្ក ​និង​លាបបដិមាជា​ពណ៌​មាស​​យ៉ាង​ឆ្អិន​​ឆ្អៅ។ រៀងរាល់ថ្ងៃ គេ​សង្កេត​ឃើញ​អ្នកមាន​​ជំនឿ​ពីទីជិត​ឆ្ងាយ​ ទាំង​អ្នក​ទេសចរ​​ជាតិ​សាសន៍​​ផ្សេងៗ​​ផង តែង​​ចូល​អុជទៀនធូបថ្វាយ​គ្រឿង​សក្ការៈ​​​គោរព​បូជា​​ស្ទើរ​មិនលស់​ពេល​​ឡើយ ជាពិសេស​ក្នុងថ្ងៃសីល។

ព្រះគម្លង់ ឬស្តេចគម្លង់ គឺជា​នាម​ចេញពីនិទានរបស់អ្នកស្រុក ហើយ​ជា​ពិសេស​អ្នក​ស្រុក​តំបន់អង្គរ ដ្បិត​ក្នុង​បរិវេណ​​អង្គរធំ​មាន​បដិមា​នេះសាងពីថ្ម ​​តម្កល់​​គោរពបូជា​នៅ​ទិស​ឦសាននៃ​អតីតព្រះបរមរាជវាំងហៅ​ថា “លាន​ស្តេច​គម្លង់”។ និទានដែល​អ្នក​ស្រុក​​​ពន្យល់​ហេតុហៅថា “ព្រះគម្លង់” ឬ “ស្តេច​គម្លង់” គឺពាក់ព័ន្ធនឹង​រឿង​នគរ​គោក​ធ្លក ហើយ​​​មាន​សេចក្តី​​​សង្ខេប​ថា ស្តេចភូជង្គនាគ​បាន​រៀបអភិសេកនាងនាគ​​ជាមួយ​ព្រះ​ថោង រួច​បូម​ទឹក​​សមុទ្រ​​ព្រួស​ទៅឆ្ងាយ យក​កន្ទុយ​បក់រវិច ដើម្បី​​វាតទី​យក​ដី​ឱ្យ​បុត្រសាង​នគរ​។ ប៉ុន្តែ​​​មុននឹង​យាង​​ចុះ​ទៅស្ថាន​បាតាល​វិញ ស្តេចភូជង្គនាគ​ផ្តាំផ្តាច់បុត្រ​ប្រសាថា សាង​​អ្វី​ក៏បាន​ ស្រេច​តែ​នឹង​ចិត្ត ចៀសវាង​កុំឱ្យ​មាន​មុខ​ព្រហ្មឱ្យ​សោះ ដ្បិត​ព្រះអង្គ​ខ្លាច​ណាស់។ ប៉ុន្តែ​​ព្រះថោង​មាន​ព្រះទ័យ​ផ្ទុយ​នឹង​បណ្តាំ​បិតា​ក្មេក ក៏​សាង​​ព្រះរាជ​វាំង​មាន​កំពូល​​ដំបូល​មុខ​​​ព្រហ្ម​​ទាំង​អស់​ មិន​ថា​ព្រះរាជដំណាក់​គង់​នៅ ឬខ្លោង​ទ្វារ​ឡើយ។ ថ្ងៃមួយ​ស្តេច​នាគ​នឹក​​កូនក៏ហែល​ឡើង​មក​នគរ​គោក​ធ្លក តែ​ពេលម​កដល់​ភ្លាម​ ងាក​ទៅឯណា​ក៏ទត​ឃើញ​មុខ​​ព្រហ្ម​​ ហើយ​​ស្តី​​បន្ទោស​ព្រះ​ថោង​ថា ​សាងមុខ​ព្រហ្មទាំងអស់នេះ​គឺមាន​ចិត្ត​ផ្គើ​ន​នឹង​បណ្តាំ រហូត​​​ក្លាយ​ជា​​ជម្លោះ។ ទី​បំផុត​ព្រះថោង​កាប់​ឪពុក​ក្មេក​ដាច់​ជា​ច្រើន​កំណាត់។ ឈាម​​​ស្តេច​ភូជង្គនាគ​​បាញ់​​ប្រសេច​ប្រសាចប៉ះលើ​ខ្លួន​ព្រះថោង។ ដោយ​ពៀរវេរា​សម្លាប់​បិតា​ក្មេក ឈាម​នោះ​ចេញ​ជា​រោគ​ឃ្លង់​ពាស​ពេញ​ស្បែក ហើយ​គេ​ហៅថា “ស្តេចគម្លង់”។

បដិមា​ព្រះគម្លង់នៅលានស្តេចគម្លង់ អង្គរធំ (រវាងឆ្នាំ​១៩១០-១៩៣០) (ប្រភព៖ delcampe.net)

ដោយឡែក ឈ្មោះមួយទៀតថា “ព្រះយម” ឬ “ព្រះយម​រាជ” គឺជា​ឈ្មោះ​ដែល​ខ្មែរ​ស្គាល់​​តាំងពី​បុរាណ​ ពោលគឺតាំងពីខ្មែរទទួល​អារ្យ​ធម៌ឥណ្ឌា​ម្ល៉េះ ហើយ​ទុក​ជា​​​ទេព​យ៉ាង​សំខាន់ក្នុង​ជំនឿ ដោយ​មាន​ឆ្លាក់​​រូប​នៅ​តាម​ប្រាសាទច្រើន​កន្លែង​​រាប់ពុំអស់។ ជា​ទូទៅ​​គេ​ឆ្លាក់​​​ទេពអង្គនេះអង្គគង់លើក្របី​ (ជួនក្របីក្បាលបី) ដៃកាន់ដំបង។ រីឯទីតាំង​ឆ្លាក់​តម្កល់​​ទេព​នេះ គេសម្គាល់ឃើញ​ច្រើន​នៅទិស​ខាងត្បូង ទោះជា​ឆ្លាក់​លើ​ផ្តែរ ឬលើ​ផ្នែក​អ្វី​មួយ​​នៃ​ប្រាសាទ។ ឧទាហរណ៍នេះ គេឃើញច្បាស់នៅត្រង់​ចម្លាក់​ឋាន​សួគ៌-នរក​ លើជញ្ជាំង​ខាង​ត្បូង​​​​​​នៃប្រាសាទអង្គរ​វត្ត ឆ្លាក់​ជា​រូប​ធំ​ មាន​ដៃ១៨ កាន់ដំបងស្ទើរទាំងអស់ ហើយ​គង់លើ​ក្របី​ មាន​ចារអក្សរ​នៅជិត​នោះថា “វ្រះយម” (ព្រះយម)។ ចំពោះដំណើរ​រឿង​នៃព្រះយម ខ្ញុំសូមស្រង់​សេចក្តីសិក្សា​របស់​លោកសាស្រ្តា​ចារ្យ​ អាំង​ ជូលាន “សង្ខេប​ជំនឿ​លើ​ព្រះយម​រាជ​នៅ​ប្រទេស​កម្ពុជា​” ថា ព្រះ​យម​​​មាន​ប្អូន​ភ្លោះ​ម្នាក់​​ជា​ស្រីឈ្មោះ“យមី”។ កាល​ជាន់នោះ​​គ្មាន​ទេ​យប់គឺ​ចក្រវាឡ​ទាំង​មូល​ភ្លឺ​រហូត។ ក្រោយ​​មក​ព្រះយម​ក៏ស្លាប់ទៅ​ ធ្វើឱ្យ​នាង​យមី​កើត​ទុក្ខ​គ្មាន​ល្ហែ។ ទេពនិករ​ទាំង​ពួង​ឃើញ​នាង​​យំ​ក៏សួរ​ថា “ហេតុអ្វី​បាន​ជា​យំ?” នាង​ឆ្លើយ​ថា “មក​ពី​បងខ្ញុំស្លាប់”។ ទេព​​សួរ​ថា “ស្លាប់​ពី​កាល​ណា?” នាង​ឆ្លើយ​ថា “ស្លាប់ថ្ងៃនេះ”។ ក្រោយមក​ទេព​ក៏​សួរ​នាង​ដដែល ឯ​ចម្លើយ​នាង​​ក៏នៅ​ដដែល​។ ឃើញដូច្នេះទេព​ក៏​ពិគ្រោះ​គ្នាថា “បើមិន​បង្កើត​ឱ្យ​មាន​​​យប់ទេ ច្បាស់​ជា​ទុក្ខ​នេះ​ពុំ​ស្បើយ​ឡើយ​ ដ្បិត​ពេល​មិន​​រំកិល​ទៅមុខ”។ គិត​ដូច្នេះ​​​ក៏​ព្រម​ព្រៀង​​គ្នា​បង្កើត​​យប់​​និង​ថ្ងៃ​ឆ្លាស់គ្នា ហើយ​​អំណឹះ​តមក​ ក៏មាន​យប់​ មាន​ថ្ងៃ មាន​ម្សិល​មិញ ថ្ងៃនេះ ​ថ្ងៃស្អែក ​អតីត​ បច្ចុប្បន្ន និ​ងអនាគត…។ ទេព​ក៏​មក​សួរ​នាង​យមី​ម្តងម្កាល ហើយ​​នាង​ក៏ឆ្លើយ​ថា “ស្លាប់​ម្សិល​​​មិញ” “ស្លាប់​ខែមុន” “ស្លាប់​ឆ្នាំ​មុន”…​។ រីឯ​ទុក្ខរបស់នាង​ក៏​ស្បើយ​​បន្តិច​ម្តង​ៗ ​ដោយ​​​ពេល​​វេលាចេះតែរំកិល​ទៅមុខ។ ចំណុច​ខាងក្រោយ​នេះ​សំខាន់​​ណាស់​ ព្រោះ​ព្រះ​យម​​មាន​​ទំនាក់​ទំនង​ជាមួយ “កាល” ដែល​ជាពាក្យ​សំស្រ្កឹត​មាន​ន័យ​ថា “ពេល” ផង និង​ថា “ស្លាប់” ផង។ ប៉ុន្តែ​ក្នុងជំនឿ “ស្លាប់” ពុំមែនជា​ទីបញ្ចប់ឡើយ គឺកើត​​ហើយ​​ស្លាប់ ស្លាប់​ហើយ​​​​កើត​វិញ។ ត្រង់នេះហើយ​ទើប​ព្រះយម​ ឬព្រះគម្លង់ស្ថិត​នៅ​ទិស​​ឦសាន​​វាំង​​អង្គរ​ធំ ហើយ​​វាល​មេរុ​ស្ថិត​នៅ​ទិស​ឦសាន​​វាំង​ភ្នំពេញ។ មិនតែប៉ុណ្ណោះ ​បើ​មើល​ទៅ​ព្រះ​គម្លង់​​​​​មុខ​​​វត្ត​ឧណ្ណាលោម ឃើញ​ស្ថិត​នៅរវាង​ទិស​​ឦសាន​ដែរ។ ចំណុចត្រង់​នេះខ្ញុំ​គ្រាន់​តែ​ទាញ​ការ​ចាប់អារម្មណ៍ថា តើ​បដិមា​ព្រះគម្លង់សំខាន់​ដូច​ម្តេច ​​ទើប​សាង​នៅ​ត្រង់​កូន​ដី​ទំនេរ​តូច​មួយ​មុខ​វត្ត​ឧណ្ណាលោមនោះ​ ហើយ​គោរព​បូជា​រហូត​​​ដល់សព្វថ្ងៃ​។

បដិមា​ព្រះគម្លង់នៅមុខ​វត្តឧណ្ណាលោម (រវាងឆ្នាំ​១៩៤០?) (ប្រភព៖ delcampe.net)
អ្នកស្រុក​ចូលគោរពបូជា ​ព្រះគម្លង់នៅមុខ​វត្តឧណ្ណាលោម (ប្រភព?)

ដូចបានបង្ហាញខ្លះក្នុង​ចំណុចខាងលើ បដិមា​ព្រះគម្លង់តម្កល់​មុខ​វត្ត​ឧណ្ណា​លោម​ យ៉ាង​ហោច​ណាស់ឃើញ​ក្នុងឯកសារតាំងពីឆ្នាំ១៩២៨។ លើសពីនោះរហូត​ដល់​រវាង​​ ទស​វត្ស​រ៍​​​ទី​៤០ ក៏នៅឃើញ​តម្កល់​ព្រះគម្លង់​​ត្រង់មុខ​វត្ត​ដដែល ដែលស្តែង​ឱ្យ​ឃើញ​​ពី​ជំនឿ និង​​សារៈ​សំខាន់នៃទេពអង្គនេះពុំប្រែប្រួលឡើយ។ ប៉ុន្តែក្រោយការរៀបចំ​ឡើង​វិញ​ ទីតាំង​តម្កល់​​បដិមានេះហាក់ដូចជា​រំកិល​ថយ​ក្រោយបន្តិច។ មិន​តែ​ប៉ុណ្ណោះ​ គ្មាន​ឯកសារ​​ណា​បញ្ជាក់​ឡើយថា ​បដិមា​តម្កល់សព្វថ្ងៃជាបដិមា​ដើម ឬសាង​តាម​លំនាំ​ដើម​ទេ។ បដិ​មា​​សាង​​ពីស៊ីម៉ងត៍ ក្នុង​ឥរិយា​បថ​អង្គុយ​បញ្ឈរជង្គង់ខាងស្តាំ ហើយ​ដៃ​ស្តាំដាក់​លើ​ជង្គង់​​ស្តាំ​នោះ។ ចំណែកឯជើង​ឆ្វេង​បត់មក​មុខ​ ដៃឆ្វេង​ ផ្ងារ​បាត​ដៃ​ដាក់​ទ្រ​ត្រឹមផ្ចិតខុសពីព្រះគម្លង់​​​នៅអង្គរ​ដាក់ដៃឆ្វេង​ផ្កាប់លើ​ជង្គង់ឆ្វេង។ ប៉ុន្តែ​យ៉ាង​​ណាក្តី គេ​សម្គាល់​ឃើញ​​ថា​បដិមា​ព្រះគម្លង់ ឬព្រះយម​ ច្រើនសាងឱ្យមានមុខ​កាច មាន​ពុកមាត់ សក់​រួញ​​បួង​ឡើង​បន្តិច និង​ធ្លាក់គ្របគល់កខាងក្រោយ ហើយ​ពុំឃើញមាន​ឆ្លាក់ជា​គ្រឿង​​លម្អ​ខ្លួន​ ឬសម្លៀកបំពាក់ ឬជិះក្របី ហើយកាន់ដំបង។

ព្រះគម្លង់នៅមុខ​វត្តឧណ្ណាលោម (រូបថតឆ្នាំ​២០១២)
លក្ខណៈព្រះគម្លង់នៅមុខ​វត្តឧណ្ណាលោម​ក្នុង​ពេលសព្វថ្ងៃ

មក​ដល់បច្ចុប្បន្ន គេសង្កេតឃើញថា​ជំនឿលើព្រះគម្លង់មុខវត្ត​ឧណ្ណាលោម​ នៅតែ​បន្ត​ប្រតិបត្តិឥតដាច់។ ជារៀងរាល់ថ្ងៃ គេអ្នកមាន​ជំនឿទាំងខ្មែរ និង​ភ្ញៀវទេសចរ​សាសន៍​ដទៃតែង​ចូល​​ទៅ​បូជា​គ្រឿង​សក្ការៈ​ផ្សេងៗ​ដូចជា ស្លាធម៌ដូង ផ្កាឈូក ទៀនធូប ផ្លែឈើ និង​​មាន់​ស្ងោរ​​ជាដើម​។ ពេលចូលទៅដល់ ភ្នាក់ងារ​ប្រចាំការ​នៅទីនោះ​តែង​ចាក់​​បន្លឺ​​សំឡេង​​​ភ្លេង​ពិណពាទ្យចេញ​ពីឧបករណ៍​បំពងសំឡេង​តូចមួយ ហើយ​អ្នក​ចូលទៅ​បន់ស្រន់​​​ក៏​​​អុជ​ទៀន​ធូប​ ដាក់គ្រឿង​សក្ការៈ​ ឬ​ដង្វាយ​​​​​​របស់​ខ្លួន​​​ចំពោះ​ព្រះគម្លង់ រួចផ្តើម​​បួង​​សួ​ង​​​តាម​​ជំនឿ​ប្រាថ្នា​​។ លើសពី​នេះ អ្នក​ខ្លះ​​ចូល​​​ទៅ​សុំ​ទឹក​​មន្ត​ដែលមាន​ស្រេច​ស្រាប់​ដាក់​ក្នុង​​ផ្តិល​មុខ​​ព្រះគម្លង់ ដើម្បី​យក​ទៅ​ប្រស់​​ព្រំ​ សុំ​​សេចក្តី​សុខ​​សេចក្តី​ចម្រើន។ មិន​តែប៉ុណ្ណោះ អ្នក​ខ្លះ​ចូល​​ទៅ​​ចាក់គម្ពីរ​ផ្សេង​ជោគ​វាសនា​​​រាសី​​ក៏​មាន។ ការ​ចាក់គម្ពីរនេះ គេ​ត្រូវ​ថ្វាយ​បង្គំ​ព្រះ​គម្លង់​បីដង រួច​យក​គម្ពីរ​ដែលរក្សា​ក្នុង​ដៃឆ្វេង​ព្រះ​គម្លង់ មក​លើក​​ផ្សេង​លើក្បាល​ រួច​ចាក់​​​ និង​កាត់យកសេចក្តី​តាមខ្លឹមសារ​ដែល​​ចែង​​ក្នុង​សន្លឹក​គម្ពីរ​នោះ។

អ្នកមានជំនឿជិត​ឆ្ងាយ​ចូលមកគោរពបូជា​ព្រះគម្លង់

សរុបមក បដិមាព្រះគម្លង់ ឬព្រះយមរាជតម្កល់មុខ​វត្តឧណ្ណាលោម​ គឺជា​ទីសក្ការៈ​មួយ​យ៉ាង​សំខាន់ក្នុងរាជធានីភ្នំពេញ តាំងពីដើមរៀងមកដល់​សព្វថ្ងៃ។ ការ​ដាក់តម្កល់​ទេព​នេះ​​នៅ​ទិស​​ឦសាន​ព្រះបរមរាជវាំង ហាក់​ដូចជាពុំខុស​គ្នា​ពីលាន​ស្តេចគម្លង់​នៃអតីត​ព្រះ​បរម​រាជវាំង​អង្គរធំឡើយ។ ប៉ុន្តែ​ប្រការ​ចុងក្រោយ​នេះ គេ​គួរ​សិក្សា​ពិចារណា​លើ​ហេតុ​ផល​ផ្សេងៗ​បន្ថែមទៀត ដើម្បី​រំលេច​ន័យ​ និងតួនាទីព្រះគម្លង់​មុខ​វត្ត​ឧណ្ណា​លោម​ឱ្យ​កាន់​តែ​ច្បាស់លាស់ និង​ស៊ីជម្រៅតាម​បែបវិទ្យាសាស្រ្ត​ត្រឹមត្រូវ៕

អត្ថបទដោយ៖ កញ្ញា​ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!