ប្រាសាទលាក់នាង ជាប្រាសាទឥដ្ឋ ប្រាង្គទោល មានទីតាំងនៅជ្រុងឦសានប្រាសាទប្រែរូប ចម្ងាយប្រមាណ១២០ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រាសាទនេះសាងសង់ឡើងក្នុងសតវត្សរ៍ទី១០ ដោយផ្អែកលើផ្ដែរប្រាសាទដែលស្ថិតនៅក្នុងរចនាបទប្រែរូប។ នៅប្រាសាទនេះ មានសិលាចារឹកចំនួន២ផ្ទាំង ចារនៅលើមេទ្វារខាងត្បូង និងមេទ្វារខាងជើង ដែលចុះលេខបញ្ជីសារពើភណ្ឌសិលាចារឹកខ្មែរ K.២៦៥។
សិលាចារឹកនេះធ្លាប់សិក្សានិងបោះពុម្ពផ្សាយកន្លងមក ដោយលោកសាស្ត្រាចារ្យ ហ្សក សឺដែស នៅក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៤ របស់លោក។ បន្ទាប់មក លោកសាស្ត្រាចារ្យ ហ្វីលីព ចេណ្ណឺរ ក៏បានសិក្សានៅក្នុងស្នាដៃរបស់លោក Part xml, № 46 & 48 និងចុះផ្សាយក្នុងគេហទំព័រ http://sealang.net/ok/corpus.htm។
អត្ថបទនៅផ្ទាំងខាងត្បូងបានឱ្យយើងដឹងថានៅមហាសករាជឆ្នាំ៨៨១ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ៩៦០ ម្រតាញស្រីរណវីខ្យាតដែលបានទទួលងារព្រះរាជទានថ្មី(ឈ្មោះនោះដាច់បាត់) និងបានក្រាបទូលព្រះមហាក្សត្រ ដើម្បីទិញដីសន្ទូរ ដែលជារបស់ប្រាសាទព្រះគម្តែងអញស្រីន្ទ្រេសូរ(ប្រាសាទបាគង) ព្រះគម្តែងអញភ្នំកណ្តាល(ប្រាសាទភ្នំបាខែង) ព្រះគម្ដែងអញបរមេសូរ(ប្រាសាទព្រះគោ) ពួកអ្នកខ្មាប និងពួកអ្នកអញ្ចេនដើម្បីថ្វាយចំពោះប្រាសាទព្រះគម្តែងអញសិវលិង្គ។ ព្រះមហាក្សត្រចេញបញ្ជាដល់មន្ត្រីឋានៈជាខ្លោញឃ្លាំង និងតម្រួតព្រះរាជការ ឱ្យនាំព្រះបន្ទូលដល់អធិការប្រាសាទ(ខ្លោញវ្នំ) ទេពបរិចារ(អ្នកបម្រើក្នុងប្រាសាទ) ខ្លោញអ្នកបម្រើដែលធ្វើការក្នុងប្រាសាទ និងពួកអ្នកដែលមានដីនៅទីនោះ ប្រើឱ្យថ្វាយដីសន្ទូរទៅប្រាសាទព្រះគម្តែងអញសិវលិង្គ ដែលអ្នកទាំងនោះសុទ្ធសឹងតែធ្វើតាមព្រះរាជបន្ទូល។ ចុងក្រោយជាការរៀបរាប់ពីទ្រព្យធនដែលយកទៅទិញដីនីមួយៗ និងពួកអ្នកដែលបានគោរពតាមព្រះរាជបន្ទូល។
ចំណែកឯសិលាចារឹកនៅផ្ទាំងខាងជើង បានខូចខាតអត្ថបទផ្នែកខាងឆ្វេងនិងដាច់បាត់កាលបរិច្ឆេទ។ អត្ថបទនេះបង្ហាញពីមានព្រះរាជបន្ទូលដល់ស្តេងអញអាចារ្យថ្នាក់ទីពីរ និងកំស្តេងអញស្រីវីរេន្ទ្រវម៌្ម ទៅតម្កល់អ្វីម្យ៉ាងឱ្យម្រតាញស្រីរណបរាក្រមឱ្យដូចមុនវិញ និងរៀបរាប់ពីតង្វាយសម្រាប់ថ្វាយជារៀងរាល់ថ្ងៃនិងសម្រាប់ពិធីដុតស្រូវ។ តង្វាយទាំងអស់មានស្រុក ស្រែ ភូមិករ និងអ្នកបម្រើទាំងនេះ គឺសម្រាប់បម្រើដល់ព្រះ ហើយចៅអធិការប្រាសាទ ខ្លោញការងារ និងទេពបរិចារ មិនអាចហៅអ្នកបម្រើនេះទៅធ្វើការខាងប្រេងជាដើម នៅប្រាសាទព្រះថ្កោលទេ គឺអ្នកទាំងនោះមាននាទីថ្វាយគ្រឿងរណ្តាប់បូជាតែប៉ុណ្ណោះ។
ប្រាសាទសិវលិង្គ នៅក្នុងសិលាចារឹកមេទ្វារខាងត្បូងនេះ ហាក់ពុំសំដៅដល់ប្រាសាទលាក់នាងនេះឡើយ គឺទំនងជាសំដៅដល់ប្រាសាទប្រែរូប ជាប្រាសាទរាជ្យរបស់ព្រះបាទស្រីរាជេន្ទ្រវម៌្មទេវ ដែលធ្វើពិធីឆ្លងនៅក្នុងគ្រិស្ដសករាជឆ្នាំ៩៦១។ ដីដែលជាវទាំងនោះ គឺជាចំណែកបុណ្យរបស់ម្រតាញស្រីរណវីខ្យាត ដែលខ្នះខ្នែងជាវដាក់ចំណុះឱ្យប្រាសាទរាជ្យរបស់ព្រះមហាក្សត្រ។ ទំនងជាដោយសារហេតុនោះហើយ ទើបព្រះមហាក្សត្រទ្រង់ប្រទានងារថ្មីមួយដល់ម្រតាញរូបនេះ។ ចំណែកឯប្រាសាទសិវលិង្គនៅជាប់ជើងទំនប់ព្រះតដាក ទើបសំណៅដល់ប្រាសាទលាក់នាងនេះ។ យ៉ាងនេះក្ដី ប្រាសាទនេះច្បាស់ជាស្ថិតនៅក្នុងឧបសម្ព័ន្ធរបស់ប្រាសាទប្រែរូបពុំខាន។
១– អត្ថបទសិលាចារឹកជាអក្សរខ្មែរទំនើប
ផ្ទាំងខាងត្បូង
១- ៙៨៨១ឝកបញ្ចមីកេត៑ផល៑[គុណនុ][[ម្រតាញ៑]]
២- ឝ្រីរណវីខ្យាតតទារ៑ជ្មះម្រតាញឝ្រីន—–
៣- វីរបង្គំថ្ប្វោង្និវេទនបិជៅវនេះភូមិសន្ទូរនៃ[វ្រះក]
៤- ម្រតេង៑អញ៑ឝ្រីន្ទ្រីឝ្វរនៃវ្រះកម្រតេង៑អ[ញ៑វ្នំក]
៥- ន្ដាល៑នៃវ្រះកម្រតេង៑អញ៑បរមេឝ្វរនៃវក៌្គខ្មា[[ប៑នៃវ]]
៦- គ៌្គអញ្ចេន៑បីឱយ្តវ្រះកម្រតេង៑អញ៑ឝិវលិង្គ[[មាន៑]]
៧- វ្រះឝាសនធូលីវ្រះបាទធូលីជេង៑វ្រះកម្រតេង៑អ[[ញ៑ត]]
៨- ម្រតាញ៑ខ្លោញ៑ឝ្រីវីរេន្ទ្រវម៌្មខ្លោញ៑គ្លាង៑នាឯក៑[[ម្រតាញ៑]]
៩- ឝ្រីនរេន្ទ្របតីខ្លោញ៑គ្លាង៑នាត្រីណីនុម្រ[[តាញ៑]]
១០- ឝ្រីន្ឫបេន្ទ្រវីខ្យាតតំរ្វចវ្រះរាជកាយ៌្យនាចត្វារី◦[ប្រេប]
១១- ន្ទ្វល៑វ្រះឝាសនតស្ដេញ៑ខ្លោញ៑វ្នំនុទេវបរិចារនុ[ខ្លោ]
១២- ញ៑អ្នក៑ផោង៑នាវ្រះហនុវគ៌្គតមាន៑ភូមិប្រេឱយ៑
១៣- ភូមិសន្ទូរតវ្រះកម្រតេង៑អញ៑ឝិវលិង្គស្យង្ដទៅឱយ៑[ភូ]
១៤- មិរោះហវ្រះឝាសន◦ទ្រវ្យមន៑ជៅវភូមិនាវ្រះ[ក]
១៥- ម្រតេង៑អញ៑ឝ្រីន្ទ្រីឝ្វរក្របិ៦ថ្មុរ៑១០-១គិតទ្វល៑វ្រះ[ឝាស]
១៦- នស្ដេញ៑វម៌្មឝិវខ្លោញ៑វ្នំទេវបរិចារសីវិទ្យាមយ [សី]
១៧- កំបិត៑ខ្លោញ៑អ្នក៑សីអ្គតសីកន៑លោញ៑សីកន៑–[សី]
១៨- កញ្ជុណ៑◦ភូមិនាវ្រះកម្រតេង៑អញ៑វ្នំកន្ដាល៑[[ក្របិ]]
១៩- ៥ថ្មុរ៑៥តទ្វល៑វ្រះឝាសន(ស្ដេញ៑ខ្លោញ៑វ្នំ)ស្ដេញ៑[ខ្លោ]
២០- ញ៑កាយ៌្យទេវបរិចារសីម្ឫ[[ទុភាវ]](សិកញ្ចុ◦)[[ភូមិ]]
២១- នាវ្រះកម្រតេង៑អញ៑បរមេឝ្វរ[ក្របិ២ថ្មុរ៑២](តទ្វល៑)[វ្រះ]
២២- ឝាសនស្ដេញ៑ឝីវាចាយ៌្យទេវ(បរិចារសិកញ្ជា)◦នា
២៣- ភូមិវគ៌្គខ្មាប្ប(តិទុញ៑)វាប៑អំម្ឫត[ខ្លោញ៑ជ្ន្វល៑]ខ្មា(ប៑)ថ្មុរ៑–
២៤- នាភូមិ[[អញ្ចេន៑]]តិទុញ៑តតាញ៑–មាស៑បា[[ទ]]—
២៥- ឝុក្ដិ១ (ចន្ល្យាក៑)យៅ១—–
ផ្ទាំងខាងជើង
១- — (ឝ)កអឞ្ដមីកេត៑អាឞាធឝុក្រវារនុមាន៑វ្រះឝាសនធូលិវ្រះ
២- [បាទធូ]លីជេង៑វ្រះកំម្រតេង៑អញ៑តស្ដេង៑អញ៑អាចា
៣- [យ៌្យ](នា)ទោនុកំស្ដេង៑អញ៑ឝ្រីវីរេន្ទ្រវម៌្មបិប្រេតំគល្លគិ
៤- —ម្រតាញ៑ឝ្រីរណបរាក្រមវិង៑លេង៑រុតតេល◦
៥- [វ្រះ]កំម្រតេង៑អញ៑ឝិវលិង្គជេង៑វ្រះតដាកសំសិទ្ធា
៦- [យ]នុវ្រះថ្ក្វល៑កល្បនាស្រុកអំរេក៑ទិក៑កេះស្រុកអឝ្វ
៧- [វា]រ◦ភាជន១កោឝ១រង្កោលិះ២ប្រតិទិនវេលាតុត៑ស្រូ
៨- -ស្រូជេ១ឆត្រ១យជ្ញ១ទៅឱយ៑នាតុត៑ស្រូវគិស្រុ
៩- [ក៑]ស្រេភូម្យាករខ្ញុំឥស៑បំរេតវ្រះ◦យជមាន
១០- (ថ្វេ)បូជាវ្រះស្ដប៑វត៌្តមានរុតតេល៑វ្វំអាច៑តិខ្លោញ៑
១១- វ្នំនុខ្លោញ៑កាយ៌្យនុទេវបរិចារហៅអ្នក៑វ្រះនេះបិប្រេ
១២- តចញ្ចូលផោង៑នាវ្រះថ្ក្វល៑កល្បនាយជមានគុស៑គិត
១៣- ជាបិមាន៑◦
២- អត្ថបទប្រែសម្រួលជាភាសាខ្មែរទំនើប
ផ្ទាំងខាងត្បូង
(១-៦) ៙មហាសករាជឆ្នាំ៨៨១ ៥កើត ខែផល្គុណ នូវម្រតាញស្រីរណវីខ្យាតដែលទទួលបានឈ្មោះម្រតាញស្រីន—–វីរ ក្រាបបង្គំទូលថ្វាយ(ព្រះមហាក្សត្រ) ដើម្បីជាវដីសន្ទូរនៃព្រះគម្តែងអញស្រីន្ទ្រេសូរ(ប្រាសាទបាគង) នៃព្រះគម្តែងអញភ្នំកណ្តាល(ប្រាសាទភ្នំបាខែង) នៃព្រះគម្តែងអញបរមេសូរ(ប្រាសាទព្រះគោ) នៃពួកអ្នកខ្មាប នៃពួកអ្នកអញ្ចេន ដើម្បីថ្វាយចំពោះព្រះគម្តែងអញសិវលិង្គ។
(៦-១៤) មានព្រះរាជសាសន៍ធូលីព្រះបាទធូលីជើងព្រះគម្តែងអញ(ព្រះបាទស្រីរាជេន្ទ្រវម៌្មទេវ) ត្រាស់ដល់ម្រតាញខ្លោញស្រីវីរេន្ទ្រវម៌្មជាប្រធានឃ្លាំងនាថ្នាក់ទីមួយ ម្រតាញស្រីនរេន្ទ្របតីប្រធានឃ្លាំងនាថ្នាក់ទីបី និងម្រតាញស្រីនឫបេន្ទ្រវីខ្យាតជាតម្រួតព្រះរាជការនាថ្នាក់ទីបួន ប្រើទូលព្រះរាជសាសន៍ឱ្យដល់ស្តេញអធិការប្រាសាទ ទេពបរិចារ និងប្រធានអ្នកបម្រើទាំងឡាយនៅប្រាសាទ និងពួកអ្នកដែលជាម្ចាស់ដី ប្រើថ្វាយដីសន្ទូរចំពោះព្រះគម្តែងអញសិវលិង្គ (អ្នកទាំងនោះ)សឹងថ្វាយដីតាមព្រះរាជសាសន៍។
(១៤-១៨) ទ្រព្យដែលយកទៅជាវដីនាព្រះគម្តែងអញស្រីន្ទ្រេសូរមាន ក្របី៦ក្បាល គោ១១ក្បាល។ អ្នកទទួលព្រះរាជសាសន៍មានស្តេញវម៌្មសិវៈជាចៅអធិការប្រាសាទ ទេពបរិចារគឺ សីវិទ្យាម័យ (និង)សីកំបិត ប្រធានអ្នកបម្រើគឺសីអ្គត សីកន្លោញ សីកន– (និង)សីកញ្ជុណ។
(១៨-២០) ដីនាព្រះគម្តែងអញភ្នំកណ្តាល(ទិញនឹង)ក្របី៥ក្បាល គោ៥ក្បាល។ អ្នកទទួលព្រះរាជសាសន៍ គឺស្តេញអធិការប្រាសាទ ស្តេញប្រធានការងារ ទេពបរិចារគឺសីម្រឹទុភាវ (និង)សីកញ្ចុ។
(២០-២២) ដីនាព្រះគម្តែងអញបរមេសូរ(ទិញនឹង)ក្របី២ក្បាល គោ២ក្បាល។ អ្នកទទួលព្រះរាជសាសន៍គឺស្តេញសិវាចារ្យ ទេពបរិចារគឺសីកញ្ជា។
(២២-២៣) នាដីពួកអ្នក(នៅតំបន់)ខ្មាបដែលទិញពីវាបអម្រឹតជាខ្លោញឈ្នួលខ្មាប (ទិញនឹង)គោ–។
(២៤-២៥) នាដីអញ្ចេនដែលទិញពីតាញ–(ទិញនឹង)មាស–បាទ ភាជន៍សុក្តិ១ សម្លៀក១យៅ —–។
ផ្ទាំងខាងជើង
(១-៤) មហាសករាជឆ្នាំ— ៨កើត ខែអាសាធ ថ្ងៃសុក្រ នូវមានព្រះរាជសាសន៍ធូលីព្រះបាទធូលីជើងព្រះគម្តែងអញ ត្រាស់ដល់ស្តេងអញអាចារ្យនាថ្នាក់ទីពីរ និងកំស្តេងអញស្រីវីរេន្ទ្រវម៌្ម ដើម្បីប្រើតម្កល់គឺ— ម្រតាញស្រីរណបរាក្រមឡើងវិញឱ្យដូច(ដើម)ដដែល។
(៥-៨) ព្រះគម្តែងអញសិវលិង្គនៅជាប់ព្រះតដាក ចូលរួមសិទ្ធិជាមួយ(ប្រាសាទ)ព្រះថ្កោល។ រៀបចំរណ្ដាប់បូជា(ថ្វាយ)ស្រុកអំរែកទឹកកេះ (និង)ស្រុកអស្វវារ (មាន)ភាជន៍១ លិង្គកោស(គម្របលិង្គ)១ អង្ករ២លិះ រៀងរាល់ថ្ងៃ។ (សម្រាប់)វេលាដុតស្រូវ- (ថ្វាយ)ស្រូវ១ជើ ឆត្រ១ យជ្ញ១ (យក)ទៅថ្វាយនាកន្លែងដុតស្រូវ។
(៨-១០) ស្រុក ស្រែ ភូមិករ អ្នកបម្រើទាំងអស់ គឺ(ដើម្បី)បម្រើព្រះ។ អ្នកធ្វើពិធីបូជាធ្វើពិធីបូជាព្រះនិងស្តាប់ព័ត៌មានដូច(ដើម)ដដែល។
(១០-១៣) ពុំអាចមានខ្លោញភ្នំ ខ្លោញការងារ និងទេពបរិចារ (មក)ហៅ(យក)អ្នកបម្រើព្រះទាំងនេះ ដើម្បីប្រើឱ្យទៅធ្វើការខាងប្រេងផងនាព្រះថ្កោលឡើយ គឺ(អ្នកបម្រើទាំងនេះ) ធ្វើតែជាអ្នកថ្វាយគ្រឿងរណ្តាប់បូជាមួយ(មុខ)គត់។
យោងតាមអត្ថបទសិលាចារឹកទាំងពីរនេះ គឺពុំបានបង្ហាញឱ្យយើងដឹងអំពីការកសាងប្រាសាទនេះឡើយ ប៉ុន្ដែបានបង្ហាញអំពីការជាវដីសម្រាប់ថ្វាយប្រាសាទ របៀបនៃការជាវដី ព្រមទាំងការកំណត់ចាត់ចែងប្រាសាទឱ្យដាក់រួមគ្នា ការកំណត់គ្រឿងរណ្ដាប់បូជា និងការកំណត់តួនាទីរបស់អ្នកបម្រើជាដើម។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺពាក្យ «[វ្រះ]កំម្រតេង៑អញ៑ឝិវលិង្គជេង៑វ្រះតដាក» ដែលមានន័យថា «ប្រាសាទសិវលិង្គនៅជើង(ទំនប់)ព្រះតដាក»។ ចំពោះពាក្យ «វ្រះតដាក» ឬ «ព្រះតដាក» នេះហើយ ដែលវិវត្តមកជា «ប្រដាក» ឬ «ព្រះដាក់» នាពេលបច្ចុប្បន្ន។ ថ្វីដ្បិតតែមានរឿងព្រេងនានា ពន្យល់អំពីស្ថាននាមឃុំព្រះដាក់នេះក្ដី ភស្ដុតាងសិលាចារឹកនេះ មានតម្លៃដែលអាចឱ្យយើងជឿជាក់និងប្រើប្រាស់បាន។
ម្យ៉ាងទៀត ពាក្យ «តុត៑ស្រូ» សំដៅដល់ដល់កិច្ចពិធីដុតស្រូវ ក៏អាចបង្ហាញឱ្យយើងឃើញពីទំនៀមទម្លាប់មួយបែប ដែលបន្សល់ស្លាកស្នាមជាទួលអង្ករខ្មៅ នៅតាមទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជាទួលអង្ករខ្មៅនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យជាដើម។ សម្រាប់ចំណុចនេះ មានអត្ថបទរបស់ AMS អរិយធម៌ខ្មែរធ្លាប់ផ្សព្វផ្សាយរួចមកហើយ សូមអានបន្ថែមតាមរយៈ៖ https://ams.com.kh/khmercivilization/detail/4869។
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង