អាឡេប៉ូ (Aleppo)គឺជាឈ្មោះនៃទីក្រុងបុរាណមួយក្នុងប្រទេសស៊ីរី ដែលមានន័យថា Halab ក្នុងភាសា អារ៉ាប់។ អាឡេប៉ូ គឺជាទីក្រុងធំទីពីរ ក្នុងប្រទេស និងក៏ជាទីក្រុងដែលមានវ័យចំណាស់ជាងគេផងដែរ ដោយមានការតាំងទីរស់នៅតាំងពីសម័យមុនគ.ស. និង ជាផ្លូវជួញដូរពាណិជ្ជកម្មតាំងពី២០០០ឆ្នាំ មុនគ.ស.។
ទីក្រុងនេះចាប់ផ្តើមរីកចម្រើនផ្នែកនយោបាយ និងពាណិជ្ជកម្មខ្លាំងនៅស.វ.ទី១៨មុនគ.ស. ដែលជារាជធានីនៃអាណាចក្រ យ៉ាមខាដ (Yamkhad)។ ក្រោយមកទៀត នៅក្នុងសម័យ ហេលេនតិច (Hellenistic) ទីក្រុងនេះ គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់នៅតំបន់សមុទ្រមីឌីទែរ៉ាណេ។ នៅទីក្រុងនេះ គឺមានការគ្រប់គ្រងដោយសម័យកាលជាច្រើនផ្សេងៗគ្នា រួមមាន ហិតិ(Hittites) អាសស៊ើរ(Assyrians) អាកាដេន(Akkadians) ក្រិច(Greeks) រ៉ូមាំង (Romans) អូមាយ៉ាត់(Umayyads) អាយយូប៊ីដ(Ayyubids) ម៉ាមលូក(Mameluks) ប៊ីហ្សីនទីន (Byzantine) និងអូតូម៉ង់(Ottomans) ដែលធ្វើឱ្យទីក្រុងមួយនេះសំបូរទៅដោយអរិយធម៌ និងសិល្បៈចំរុះ។
នៅឆ្នាំ៦៣៦គ.ស.ទីក្រុងអាឡេប៉ូ ត្រូវបានគ្រប់គ្រងដោយក្រុមអារ៉ាប់ជាង៨០ឆ្នាំ ដែលដឹកនាំដោយ Umayyad Caliph Sulaiman និងបានកសាងសំណង់ព្រះវិហារដ៏ធំមួយផងដែរ។ នៅស.វ.ទី ១០ គ.ស. អាឡេប៉ូបានក្លាយជារាជធានីនៃសន្តតិវង្ស Hamdanid និងបន្តដល់ ប៊ីហ្សីនទីន។ នៅស.វ.ទី ១៦ ទីក្រុងនេះ គឺជាផ្នែកមួយនៃការគ្រប់គ្រងនៃអាណាចក្រ អូតូម៉ង់។
រចនាសម្ព័ន្ធក្នុងទីក្រុងបុរាណអាឡេប៉ូ គឺមានកំពែងក្រុងជុំវិញដែលកសាងចន្លោះ ស.វ.ទី១២ ដល់១៤គ.ស. ដោយយោធាអារ៉ាប់។ នៅបរិវេណក្នុងក្រុង គឺមានសំណង់ ព្រះវិហារ រាជវាំង និងអាគារជាច្រើនទៀត។ ចំពោះសំណង់ស្ថាបត្យកម្មទាំងអស់នោះ គឺស្ថិតនៅចំរុះគ្នាជាច្រើនដែលមានដូចជាសិល្បៈនៃរ៉ូមាំង ក្រិច ពែក្ស ប៊ីហ្សង់ទិន ឃើញមាននៅតាមសំណង់ប្រាសាទនៅក្នុងទីក្រុងបុរាណមួយនេះ ដោយមានសំណង់ សសរខ្ពស់ៗ ដែលជាអត្តសញ្ញណសំខាន់នៃសិល្បៈក្រិចបុរាណ ដូចជា រចនាបទ Doric Ionic នឹង Corinthian។ សសរទាំងនោះឃើញនៅតាមប្រាសាទ វិហារ នឹងសំណង់សាធារណៈផ្សេងៗ ដែលរួមបញ្ចូលនូវទេវកថាជាច្រើន និងសំណង់ប្រាសាទដ៏ទៃទៀតដែលកសាងតាមសិល្បៈក្រិចរ៉ូមាំង។ ទីក្រុងបុរាណអាឡេប៉ូ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភកលោកក្នុងឆ្នាំ១៩៨៦ ដើម្បីការពារពីការបំផ្លាញដោយក្រុមអីស្លាមជ្រុលនិយម ដូចនៅតំបន់ទីក្រុងបុរាណផ្សេងៗទៀតដូចនៅ ទីក្រុង ផាមមីរ៉ា , បាមីយាំ និងតំបន់បេតិភណ្ឌជាច្រើនទៀត។ ប៉ុន្តែទោះបីជាតំបន់ទាំងអស់នោះ ស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌក៏ដោយ ក៏ត្រូវបានបំផ្លាញដោយសារសង្រ្គាម និងពួកក្រុមអីស្លាមដែរ។
អំឡុងពេលសង្រ្គាមស៊ីវិលក្នុងប្រទេសស៊ីរីដែលចាប់ពីឆ្នាំ ២០១១ ទីក្រុងអាឡូប៉ូ បានគ្រប់គ្រងដោយក្រុម ISIS នឹងបានបំផ្លាញសំណង់ជាច្រើនដោយសារសង្គ្រាម ដែលធ្វើឱ្យរូបបដិមាសំខាន់ៗជាច្រើននៅតាមប្រាសាទក្នុងក្រុង ក្លោងទ្វារចូលក្រុង ជញ្ជាំងកំពែងជាដើម។ នៅក្នុងឆ្នាំ ២០១២ ទីក្រុងនេះត្រូវបានបំផ្លាញយ៉ាងខ្លាំង ដោយសារការបំផ្ទុះគ្រាប់បែក និងធ្វើឲ្យអាគារថ្មីៗជាច្រើនត្រូវបានកំទេចផងដែរ។
តាមរយៈការសិក្សាពីស្រទាប់ដីនៅក្នុងទីក្រុងនេះ បានបង្ហាញថា ស្រទាប់ចាស់ជាងគេគឺនៅស.វ.ទី២០មុនគ.ស. រហូតដល់បច្ចុប្បន្ន។ នៅទីក្រុងនេះ គឺមានការគ្រប់គ្រងច្រើនសម័យកាល តាំងពីសម័យ ហិតិ រហូតដល់អាណាចក្រអូតូម៉ង់ ប៉ុន្តែសំណង់ស្ថាបត្យកម្មបុរាណទាំងនោះ ក៏ត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី៕
អត្ថបទដោយ៖ លោក អេង តុលា