ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទព្រៃក្មេង K.៧៧៤

សិលាចារឹកប្រាសាទព្រៃក្មេង K.៧៧៤

ប្រាសាទព្រៃក្មេងមានទីតាំងនៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្ត​សៀម​​រាប នៅ​ទិស​នីរតី​នៃ​បារាយណ៍​ទឹកថ្លា(បារាយណ៍ខាងលិច)។ ប្រាសាទនេះ មានឈ្មោះល្បីល្បាញ​ ដោយ​សារ​ផ្ដែរនិង​សសរពេជ្រប្រាសាទនេះ ត្រូវអ្នកប្រវត្តិសិល្បៈកំណត់យកជាគោល​និង​ជា​​​ឈ្មោះ​រចនាបថ​មួយ នៅសម័យ​មុន​អង្គរ រវាងពាក់កណ្ដាល​ទី២ស.វ.ទី៧ គឺ​រចនា​បថ​ព្រៃ​ក្មេង។ នៅប្រាសាទព្រៃក្មេង ក៏​មានសិលាចារឹកចារ​នៅ​មេទ្វារមួយផ្ទាំង ចុះលេខសម្គាល់ K.៧៧៤ ដែល​​រក​ឃើញ​ជាមួយនឹងផ្តែរនិងសសរពេជ្រ ដោយ​​បុរាណវិទូ​បារាំង​នា​ឆ្នាំ​១៩៣៣​។ ​សិលាចារឹក​នេះ​​ចារលើ​​ថ្ម​ភក់​ មានចំណារខ្លះមិនសូវច្បាស់​ល្អ​ នាំ​ឱ្យ​មាន​បញ្ហា​ចោទ​​លើ អំណាន​មួយចំនួន ជាពិសេស​ គឺអំណាន​កាល​បរិច្ឆេទ។ អត្ថបទ​ចារ​ជា​ភាសា​ខ្មែរបុរាណ ​សរុប​មាន​ចំនួន​១៣បន្ទាត់ មានចុះកាលបរិច្ឆេទ៣ដង ដែលសុទ្ធសឹងតែ​ស្ថិតនៅសម័យអង្គរ។ កាល​បរិច្ឆេទ​ទីមួយ នៅមហាសករាជឆ្នាំ៧៨២ (គ.ស.​៨៦០) ទីពីរ​នៅ​មហាសករាជឆ្នាំ​៩១៧ (គ.ស.​៩៩៥) និងចុងក្រោយ​នៅ​មហាសករាជឆ្នាំ​៩១១ (គ.​​​ស.​៩៨៩)។ លោក​ ហ្វីលីព ចឺណ្ណេរ ​បានបង្ហាញ​ថា​​លោក ក្លូដ ហ្សាក់ បានអានសិលាចារឹកជាថ្មី និងស្នើ​កាលបរិច្ឆេទ​នៅ​បន្ទាត់ទី១ ថាជាមហាសករាជឆ្នាំ៨៦០ (គ.ស.​៩៣៨) និងកាលបរិច្ឆេទ​នៅ​​បន្ទាត់ទី៨ ដែល​លោក សឺដេស​ អានជា ៨១៧ ថាជាម​ហាសករាជឆ្នាំ​៩១៧ (គ.​​ស. ៩៩៥) វិញ។ យើង​ពុំ​ទាន់​អាច​រកឃើញឯកសារ​អំណាន​របស់​លោក ក្លូដ ហ្សាក់​ ដើម្បី​ពិនិត្យ​បញ្ជាក់​នៅឡើយ។

ប្រាសាទ​ព្រៃក្មេងសព្វថ្ងៃ (រូបថត៖ https://helloangkor.com/attractions/prei-khmeng/)​

ប្រាសាទ​ព្រៃក្មេង​កសាង​ឡើង​នៅសម័យចេនឡា នា​សតវត្សទី៧ ដោយ​ព្រះបាទ​ស្រី​ជ័យ​វម៌្មទី១ ដើម្បីឧទ្ទិសដល់ព្រះឥសូរ។ ប្រាសាទនេះ​ សាងសង់ដោយប្រើឥដ្ឋ ថ្ម​បាយ​ក្រៀម​ និង​​ថ្មភក់​ នៅលើទីទួល បែរមុខទៅទិសខាងកើត និងមានស្នាមភ្លោះព័ទ្ធជុំវិញ។  បុរាណវិទូបារាំងមកដល់ទីនេះជាលើកដំបូងនៅឆ្នាំ១៩៣៣ បានរកឃើញផ្តែរ សសរ​​​ពេជ្រ និងសិលាចារឹក​មួយផ្ទាំង។ ​ផ្តែរ​និង​សសរ​ពេជ្រ​ប្រាសាទ​ព្រៃក្មេង​ ត្រូវ​គេ​យក​ទៅ​រក្សា​​ទុក​នៅ​សារមន្ទីរ​ហ្គីមេ​ត៍ ​ប្រទេស​បារាំង​។ ចំណែកសិលាចារឹកដែលរកឃើញចុះលេខសម្គាល់ K.៧៧៤ ​បច្ចុប្បន្នរក្សា​ទុក​ដោយ​អាជ្ញាធរជាតិអប្សរា។ តាម​ការ​សិក្សាស្រាវជ្រាវ​របស់អ្នកជំនាញ​ តំបន់នេះ គឺជាទីតាំងរស់នៅរបស់សហគ​មន៍មនុស្សតាំង​សម័យបុរេប្រវត្តិ មកម្ល៉េះ។​ ក្រោយមក គឺនៅសម័យមុនអង្គរ មានការសង់​ប្រាសាទឡើងទុកទីសក្ការៈបូជា និងបន្ដ​រហូត​​មកដល់សតវត្សទី៩រហូតដល់ទី១០ ក៏​នៅ​មានមនុស្សបន្តទៅធ្វើបុណ្យនៅទីនោះ​ដដែល​។

ប្រាសាទ​ព្រៃក្មេង (រូបថត៖ EFEO_ CAM08253)
ផ្ដែរនិង​សសរពេជ្រ​ប្រាសាទ​ព្រៃក្មេង (រូបថត៖ EFEO_ CAM08094)

ប្រវត្តិនៃការសិក្សាសិលាចារឹក

សិលាចារឹក K.៧៧៤ នេះ ធ្លាប់បានសិក្សារួចមកហើយ ដោយលោកសាស្ត្រាចារ្យ ហ្ស៊ក សឺដេស ចុះផ្សាយ​នៅឆ្នាំ១៩៥២ ក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៤។ បន្ទាប់​មកលោក​សាស្ត្រាចារ្យ ហ្វីលីព ចេណ្ណឺរ បានលើកយកមកសិក្សាដែរក្នុង​ Part xml, № 97 និងចេញផ្សាយលើគេហទំព័រ http://​sealang.​ne​t​/​ok/corpus.htm

ចំពោះបញ្ហាចោទលើអំណាន​កាលបរិច្ឆេទ​ តាម​រយៈការផ្ទៀត​ផ្ទាត់ នៅបន្ទាត់ទី១ យើងយល់ស្របទៅ​​តាម​អំណាន​របស់​លោក សឺដេស ប៉ុន្តែយើងក៏យល់​ស្របតាមគំនិត​របស់លោក ក្លូដ​ ហ្សាក់ ដែលបានស្នើកាលបរិច្ឆេទ​នៅបន្ទាត់​ទី៨ ម​កជា​ឆ្នាំ​៩១៧ វិញ​។ តាមរយៈតួ​លេខ​បាន​បង្ហាញឱ្យឃើញច្បាស់ថា តួលេខទី១ គឺជាលេខ «៩»​ ពុំមែនជា​លេខ​​ «៨» ដូចការ​អាន​របស់​លោក ហ្ស៊ក សឺដេស​ នោះទេ។ ការដែលលោក សឺដេស អានជា​មហា​សករាជ​ឆ្នាំ​ «៨១៧» ដោយសារ​លោក​ទាញ​យកសាច់រឿង​នៅខាងមុខ ត្រង់​កាល​ដែល​ឆ្លង​ប្រាសាទ​ភ្នំ​បាខែង មកភ្ជាប់ឱ្យស្រប​គ្នា​។ ប៉ុន្ដែ​យើងយល់ថា​សេចក្ដី​ដែល​គេ​រៀប​រាប់​​អំពី​ព្រះ​បាទ​ស្រីយសោវម៌្ម​ទេវទី១ ស្ដេចប្រទាន​តង្វាយផ្សេងៗចំពោះប្រាសាទ​នេះ គឺ​ដើម្បី​​ជា​សេចក្ដី​​បង្ហាញដល់សាច់​រឿង​នាមហាសករាជឆ្នាំ​៩១១/២ មានវិវាទ​ទាមទារ​កាន់​កាប់​​ទ្រព្យ​សម្បត្តិ​នោះ​កើត​ឡើ​យ ប៉ុន្ដែ​ពុំបានសម្រេចទេ គឺត្រូវប្រគល់​ទ្រព្យ​សម្បត្តិ​ទៅ​ដល់​ប្រាសាទ​​នេះ​វិញ​​ប៉ុណ្ណោះ។ រឿង​សំ​ខាន់​ គឺ​នៅ​មហាសករាជ​ឆ្នាំ​៩១៧ ក្រុមការងារ​ស៊ើប​អង្កេត​​របស់​ព្រះ​សភា ចុះ​មក​កំណត់​សិទ្ធិកាន់កាប់ថានរណាជាអ្នកមានទ្រព្យទាំងនោះ។​ ដោ​​យ​សារ​អត្ថបទ​​សិលាចារឹកនេះ ចារ​សេចក្ដីរៀបរាប់ខ្លីៗ ពុំរៀបរាប់រឿងវែងអន្លាយហូរ​ហែដូច​​ សិលា​ចារឹក​វែងៗទាក់ទង​នឹង​បញ្ហា​ដីធ្លី ទើបយើង​អាចពិបាក​ឬ​យល់​សេចក្ដី​ពុំ​សូវ​ច្បាស់​។ សូម​អាន​សេចក្ដីបកប្រែដែល​យើង​ស្នើជាថ្មី ដើម្បីយល់ពីសេចក្ដីនៃសិលា​ចារឹក​នេះ។

អត្ថន័យសង្ខេប

កម្មវត្ថុសំខាន់នៃសិលាចារឹកនេះ បង្ហាញ​ពី​សិទ្ធិគ្រប់គ្រងដីធ្លី​ ខ្ញុំបម្រើ​ និងទ្រព្យ​សម្បត្តិ​របស់ប្រាសាទព្រះគម្ដែងអញ​ស្រីអារ្យា។ រឿងដែលសំខាន់ គេ​ចារ​នៅ​ត្រង់ពាក់​កណ្ដាល​នៃអត្ថបទ​ ដែល​បង្ហាញ​ថា​នៅ​ក្នុងមហា​សករាជ​ឆ្នាំ​៩១៧ (គ.ស.​៩៩៥) គឺក្នុង​រាជ្យ​​ព្រះបាទ​ស្រីជ័យវម៌្មទេវទី៥ ក្រុម​អ្នកស៊ើបអង្កេត​របស់ព្រះសភា(តុលាការ)​ ចុះ​មក​កំណត់​សិទ្ធិ​គ្រប់គ្រង​ទ្រព្យសម្បត្តិរបស់ប្រាសាទ​នេះ។ ​

នៅផ្នែកដំបូង​នៃសិលាចារឹក​ បាន​រៀបរាប់​រំឮក​ទៅដល់មហាសករាជឆ្នាំ៧៨២ (ត្រូវ​​នឹងគ្រិស្តសករាជ៨៦០) ដែលកាលនោះ​ ព្រះបាទស្រីជ័យវម៌្មទេវទី៣ បានថ្វាយតង្វាយចំពោះព្រះមានគ្រែស្នែង និងដីធ្លី។ នៅរាជ្យនោះដែរ តេងហ្យង ដែលជាអ្នកប្រចាំ​ការ​​បម្រើព្រះបានថ្វាយនូវភាជន៍ អ្នកបម្រើ២នាក់  ថ្មបស១។ ព្រះមហាក្សត្របានប្រទានអ្នកបម្រើនិងស្រុកមួយដល់តេងហ្យង។ បើផ្អែក​ទៅ​​តាម​សិលា​ចារឹក​​​ប្រាសាទ​គោកចក យើង​​​អាច​​ដឹង​ថា​ តេងហ្យង គឺជាសាច់ថ្លៃ​របស់​ព្រះ​បាទ​ស្រី​ជ័យ​វម៌្ម​ទេវ​ទី៣ ដែល​ទទួល​ភារៈ​ជំនួស​ព្រះអង្គ​ ដើម្បីប្រើនិង​ចាត់​ចែ​ងអ្នកបម្រើ​ដើម្បី​បម្រើ​ព្រះ​គម្ដែង​​អញ​សកព្រាហ្ម​ណ៍​​នៅ​វិស្ណុគ្រាម​។

ផ្នែកទី២ បានបង្ហាញថា នៅ​មហាសករាជឆ្នាំ​៩១៧ (ត្រូវនឹងគ្រិស្តសករាជ៩៩៥) ក្រុម​អ្នកស៊ើបក្តីរបស់សភា (តុលាការ)​ បានកំណត់ថាពុំអាចមាននរណា​ជាម្ចាស់សិទ្ធិគ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​និងខ្ញុំ​បម្រើ​នៅ​ប្រាសាទ​ព្រះគម្ដែងអញស្រីអារ្យា​ ក្រៅពីវាបប្រាណ​ដែល​ជាអ្នក​បាន​ទិញ​ដូរនោះឡើយ។ សេចក្ដីក៏រំឮក​ទៅដល់​រាជ្យ​របស់ព្រះបាទ​ស្រី​យសោវម៌្ម​ទេវ​ទី១ កាល​ដែល​ធ្វើ​បុណ្យ​ឆ្លង​ប្រាសាទ​ភ្នំបាខែង ទ្រង់ក៏បាន​ថ្វាយ​តង្វាយ​មាន​ខ្ញុំ​បម្រើ​ ស្រែ កុដិ​ ចំពោះ​ប្រាសាទ​នេះ​។ លុះមក​ដល់​មហាសករាជឆ្នាំ​៩១១/២ មាន​ជម្លោះ​ទាម​ទារ​សិទ្ធិ​​កាន់​កាប់​ទ្រព្យ​ទាំងនោះ​ ប៉ុន្ដែពុំបាន​សម្រេចទេ គឺត្រូវប្រគល់​សិទ្ធិកាន់កាប់ទៅ​ប្រាសា​ទ​វិញ។ ដោយ​សារ​​មានបញ្ហានេះហើយ ទើបនៅមហាសករាជឆ្នាំ​៩១៧ ក្រុមអ្នក​ស៊ើប​​ក្ដី​ចុះ​មក​កំណត់​សិទ្ធិ​កាន់កាប់នេះ។

សំណៅផ្ដិតសិលាចារឹកប្រាសាទ​ព្រៃក្មេង (រូបថត៖ EFEO_ CAM17028-1)​

៤- អត្ថបទសិលាចារឹកជាអក្សរខ្មែរទំនើប

១-      ៧៨២ឝកនុវ្រះបាទស្ដាច៑ទៅវិឞ្នុលោកមោក៑ជ្វន្នឝិវិកា·ប្រសាទភូមិវ្នំ​{២}

២-      នុស្រុក៑(ស្រេសំរេង៑)ជេង៑ប្វនបឝ្ចិមឆ្ទិងក្រលាទុកបឝ្ចិមស្រុក៑សប្តាហ

៣-     ប្រសប៑ភូមិវ្រះកម្រតេងអញឥន្រ្ទានិតគិរាជ្យនោះឧក្កនុតេង

៤-      ហ្យង(លា?)-វនបំចាំជ្វនភាជនម្វាយ៑ខ្ញុំវ្យរថ្មោបិបសម្វាយស្រេផ្លេគិ

៥-      តោយ៑បុវ៌្វទោវតោយទក្ឞិណទោតោយ៑បឝ្ចិមទាល្ត

៦-      ស្រុក៑កលាទាត៌្ឫតោយ៑ឧត្តរទាល្តស្រេវ្រះឥន្ទ្រានិ

៧-      អ្នក៑ស្លិក៑២តបង្គប្បំ​រេផ្សម្និស្រុក្សុវណ៌្នបុរឱយ្តតេង៑ហ្យង

៨-      ៩១៧ឝកតគិបិរោចជេឞ្ឋអង្គារវារ៑គិនុមានចារេវ្រះសភាវ្វំអាច៑តិ

៩-      អ្នក្តមាន(ផោង)មានខ្ញុំនេះវ្រះកម្រតេងអញឝ្រីអាយ៌្យាគិនាក្តមានវាប៑

១០-    ប្រាណទឝាធិក្ឫត្យទ្វារប(ា)លទុញ៑(ត្វរ?)ផោង្ងតគិវ្រះរាជ្យស្ដាច៑ទៅបរមឝិវលោកឆ្លោង៑

១១-    វ្នំកន្ដាលនោះគិនុជ្វនខ្ញុំនេះជ្មោះតៃកន្លាង៑នុស្រេប្វនកុតិយ៑ទុក៑ខ្ញុំនេះ

១២-   ឱយតវ្រះកម្រតេងអញ·៩១១/២ឝកមានឧបវាទ(វ្វំ)សិ

១៣-   ទ្ធិវិងតវ្រះកម្រតេងអញ

៥- អត្ថបទប្រែសម្រួល

(១-៧) មហាសករាជឆ្នាំ៧៨២ នូវព្រះបាទស្តេចយាងទៅវិស្ណុលោក (ព្រះបាទស្រីជ័យវម៌្មទេវទី៣)(យាង)មកថ្វាយព្រះសិវិកា(គ្រែស្នែង) ថ្វាយដី ភ្នំ… និងស្រុកស្រែសំរេង(ទំហំ)​បួនជើង ខាងលិចស្ទឹងក្រឡាទុក ខាងលិចស្រុកសប្តាហ៍ ប្រសព្វដីព្រះគម្តែងអញឥន្រ្ទានិ។ គឺនៅ​ក្នុង​រាជ្យនោះដែរ តេងហ្យង(លា?)-វនដែលជាអ្នកប្រចាំការ​(បម្រើព្រះ) ថ្វាយ​ភាជន៍១ អ្នកបម្រើ២នាក់ ថ្មបស១។ ស្រែជាបុណ្យនោះ​ គឺទិសខាងកើតរហូត​ទៅ ​ទិស​ខាង​​​ត្បូង​រហូត​ទៅ​ ទិសខាងលិចទៅទល់នឹងស្រុកកលាទារត្រី ទិសខាងជើងទល់ស្រែព្រះឥន្ទ្រានិ​។ អ្នកបម្រើ២ស្លឹក (=៨០០នាក់​) ដែល​បង្គាប់(ឱ្យ)បម្រើផ្សំនឹងស្រុកសុវណ្ណបូរ (ព្រះ​បាទ​ស្រី​ជ័យវម៌្មទេវទី២) ប្រទានដល់តេងហ្យង (ជាអ្នកអ្នកគ្រប់គ្រង)។

(៨-១០) មហាសករាជឆ្នាំ៩១៧ ៣រោជ ខែជេស្ឋ ថ្ងៃអង្គារ មានអ្នកស៊ើបក្តីរបស់​ព្រះសភា(តុលាការ) (កំណត់ថា)ពុំអាចមាននរណាជាម្ចាស់ទ្រព្យ​និង​ខ្ញុំ​ទាំងឡាយ​ទាំង​អស់​នេះ​(នៃ)ព្រះគម្តែងអញស្រីអារ្យា(ឡើយ)។ អ្នកដែលមាន​(សិទ្ធិ) គឺ​វាបប្រាណជាទសាធិក្ឫត្យជា​ទ្វារបាល (បាន)ទិញដូរផង។

(១០-១៣) កាលក្នុង​​ព្រះរាជ្យស្តេចទៅបរមសិវលោក(ព្រះបាទស្រីយសោវម៌្មទេវទី១) (នៅពេលធ្វើពិធី)ឆ្លង(ប្រាសាទ)ភ្នំកណ្តាល(ប្រាសាទភ្នំបាខែង)នោះ គឺ(ទ្រង់បាន)ថ្វាយ​អ្នក​បម្រើឈ្មោះតៃកន្លាង​ ស្រែបួន កុដិ(ប្រាង្គប្រាសាទ) ទុកអ្នកបម្រើ​(នៅទី​)​នេះថ្វាយចំពោះ​ព្រះគម្តែងអញ(ស្រីអារ្យា?)។ (ដល់​)មហាសករាជឆ្នាំ៩១១/២ មាន​ជម្លោះ​ (តែ)ពុំ​(បាន​​​​​)សិទ្ធិ(គ្រប់គ្រង)​ (ត្រូវ​ប្រគល់)វិញដល់ព្រះគម្តែងអញ​៕

———————————-

Prasat Prei Khmeng Inscription K.774

Prei Khmeng Temple or Prasat Prei Khmeng is located in Boeng Khnar Village, Khnat Commune, Puok District, Siem Reap Province, southwest of West Baray. This temple is famous for its lintel and colonnette. This temple was considered by art historians to identify a style name in the pre-Angkorian period between the second half of the 7th century as a Prei Khmeng style. At Prei Khmeng temple, there is also an inscription on the main door temple with the registration number K.774, which was found with a lintel and a colonnette by a French archaeologist in 1933. This inscription is inscribed on sandstone, with some inscriptions that are not very clear, leading to some reading problems, especially the date reading. The text is in the ancient Khmer language and has a total of 13 lines, dated 3 times, all of which are from the Angkorian period. The first date was in 782 GE (860 CE), the second was in 917 GE (995 CE), and the last was in 911 GE (989 CE). Phillip N. Jenner points out that Claude Jacques reread the inscription and proposed the date on the first line as 860 GE (938 CE) and the date on the eighth line, which George Cœdès read as 817 in 917 GE (995 CE). So far we have not yet been able to find Claude Jacques’s reading documents for verification.

Prei Khmeng temple was built in the 7th century during the Chenla period by Srei Jayavarman I to dedicate to the Shiva god. The temple is built of bricks, laterites, and sandstones on a hill facing east and moat surrounded temple. French archaeologists first arrived here in 1933 and unearthed a lintel and a colonnette and an inscription. These lintel and colonnette are preserved at the Guimet Museum in France. The inscription found with the code number K.774 is currently kept by the Apsara National Authority. According to researchers, this area has been the home of prehistoric human communities. Later, in pre-Angkorian times, temples were built as shrines and continued until the 9th to 10th centuries, people also continued to practice rituals there.

History of Inscription Studies

The inscription K.774 has already been studied by George Cœdès, published in 1952 in the Book of Inscriptions of Cambodia, Volume IV. After that, Phillip N. Jenner was also mentioned in Part xml, № 97 and published on http://sealang.net/ok/corpus.htm.

As for the issue of reading the date through the verification on the first line, we agree with George Cœdès’s reading, but we also agree with Claude Jacques, who proposed a date on the eighth line in the date 917. The figures make it clear that the first digit is “9” and not “8” as read by George Cœdès. The fact that George Cœdès read in “817 GE” because he drew a part of the story in an inscription that revealed the Phnom Bakheng temple. However, we understand that in the story of King Sri Yasovarman Deva I, the king made various offerings to this temple to show the story of 911/2 GE, there was a dispute to occupy the property, but did not succeed which the property must be returned to the temple. The important thing is that in 917 GE, the Parliamentary Investigation Team came to determine who owned the property. Because this inscription contains short descriptions, not long stories like the long inscriptions relating to land issues, it can be difficult to understand.

Summary meaning
The main object of this inscription shows the right to manage the land, slaves, and property of the temple of Vraḥ gm̥ṭaeṅ Añ Sri Arya. The important thing is inscribed in the middle of the text that shows that in 917 GE (995 CE), during the reign of King Sri Jayavarman V, a group of parliamentary investigators (courts) came to determine the right to manage the property temple.

The first part of the inscription mentions 782 GE (corresponding to 860 CE) when King Sri Jayavarman III offered offerings to the god with horns and land. At that time, Teng Hyeung, who was a regular servant of God, offered the ceramics, two servants, and one ancient grinding stone. The king gave Teng Hyeung a servant and a district. Based on the inscriptions on the Kouk Chak temple, we can know that Teng Hyeung was a relative of Sri Jayavarman III, who took charge instead of him to use and assign servants to serve the Vraḥ Gm̥ṭaeṅ Añ Saka Brahman in Vishnu Kram II.
The second part shows that in 917 GE (995 CE), Parliamentary investigators determined that no one else could own property and slaves at Prasat Vraḥ gm̥ṭaeṅ Añ Sri Arya except Vāpprāṇ that a buyer. It also commemorates the reign of King Sri Yasovarman Deva I, while celebrating the ritual of Phnom Bakheng temple, he also offered offerings such as slaves, a rice field, and a monk hut for this temple. In 911/2 GE, there was a dispute claiming the right to possess the property, but it was not decided to return the right to occupy the temple. Due to this problem, a group of investigators came to determine this right in 917 GE.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!