ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ«រូបពីរ» វិមាន​រំឭកគុណអ្នកអនិច្ចកម្មក្នុង​ចម្បាំងធំ

«រូបពីរ» វិមាន​រំឭកគុណអ្នកអនិច្ចកម្មក្នុង​ចម្បាំងធំ

«រូបពីរ» ជាពាក្យ​ខ្មែរ​ហៅសំដៅដល់​ស្តូបសាងសង់ឡើង​ដើម្បី​រំឭកគុណ​​ដល់​វីរ​ភាព​​យុទ្ធ​ជន​​ខ្មែរ និងបារាំង ដែល​​ពលីជីវិត​ក្នុង​សង្រ្គាម​កាល​ពីឆ្នាំ​១៩១៤-១៩១៨។ តាម​រយៈ​ឯកសារ​រាជកិច្ច​រាជការ បោះពុម្ព​ឆ្នាំ​១៩២៥ ហៅស្តូប​នេះថា «វិមាន​រំឭក​គុណ​ដល់​អ្នក​ដែល​ទទួល​អនិច្ច​កម្ម​ក្នុង​ចម្បាំង​ធំ (ពីឆ្នាំ​១៩១៤​ ដល់ឆ្នាំ​១៩១៨)» ហើយ​មាន​ចារឹក​​ពាក្យ​​បារាំងថា “Monument aux Morts”។ អតីតស្តូបនេះ​ កសាង​ឡើង​​នៅ​ម្តុំ​​រង្វង់​មូល​​គល់​​ស្ពាន​ជ្រោយ​ចង្វារ​ត្រើ​យ​ខាងលិច ក្នុងរាជធានីភ្នំពេញ ពោលគឺ​ស្ថិត​នៅពុំឆ្ងាយ​ពី​ស្ថាន​​ទូត​បារាំងឡើយ។​ ប៉ុន្តែក្នុង​សម័យ​សង្រ្គាម​ទសវត្សទី​​១៩៧០ គេ​​​បានបំផ្លាញ​​ស្តូប​​ខាង​​​​លើរហូត​ក្លាយជា​បំណែកៗ ហើយ​ថ្មីៗនេះរាជរដ្ឋា​ភិបាល​គ្រោង​នឹង​រៀបចំ​ស្ថាបនា​ឡើង​វិញ​ទុក​ជា​និមិត្ត​រូបនៃសាមគ្គីភាពរវាង​បារាំង និង​កម្ពុជា។

“រូបពីរ” ឬស្តូបរំឭកគុណអ្នកអនិច្ចកម្ម​ក្នុង​សង្រ្គាម (ប្រភព៖ delcampe.net)

ជា​ការ​ពិត​តាមរយៈ​ប្រវត្តិ​សាស្រ្ត​ឱ្យ​ដឹង​ថា ​សង្រ្គាម​រវាង​មហា​អំណាច​ធំៗក្នុង​ពិភព​លោកកាល​ពីឆ្នាំ​១៩១៤ ដល់ឆ្នាំ​១៩១៨ ឬ​គេ​ហៅថា «សង្រ្គាម​លោក​លើកទី១» ពល​រដ្ឋ​នៃ​ប្រទេស​​ស្ថិត​ក្រោម​​អាណាព្យាបាល​របស់​មហាអំណាចទាំងអស់ ត្រូវ​គេកែនបញ្ជូន​ឱ្យ​ទៅ​ជួយ​​​​ច្បាំង​ដែរ។ ​គ្រានោះកម្ពុជា​ដែល​ស្ថិត​ក្រោម​អាណា​ព្យាបាល​បារាំង​​បាន​បញ្ជូន​​​​​យុទ្ធជនចំនួន​១៨៨នាក់ទៅ​ចូលច្បាំង ហើយខ្លះបាន​បាត់​បង់​ជីវិត ខ្លះ​​របួស​ធ្ងន់​ស្រាល​​ដោយ​​​អំណាច​សង្រ្គាម។ ក្នុង​បំណង​សងគុណបំណាច់ដ៏​ធំធេង​នៃ​ពលី​កម្ម​នេះ នៅ​​រវាង​​ឆ្នាំ​​១៩២២ គេ​បាន​ចាប់ផ្តើម​ស្ថាបនា​​ចារ​ឈ្មោះ​យុទ្ធជន​ទាំង១៨៨​នាក់​ ទុក​​ជា​វិមាន​​រំឭ​ក​ដែល​​ខ្មែរ​ទូទៅតែងហៅថា«រូបពីរ»។ វិមាន​នេះស្ថាបនា​រួចស្រេច ហើយ​​សម្ពោធ​យ៉ាង​​ឱឡារិក​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​១៩២៥។

រូបថតនៃយុទ្ធជន​កម្ពុជាមួយ​ចំនួន​ដែល​ចូល​ច្បាំង​ក្នុងសង្រ្គាមលោកលើកទី១​ (ប្រភពរូប៖ ?)​

បើតាម​សេចក្តីអធិប្បាយ​ក្នុង​ឯកសារ​រាជកិច្ច​រាជការឆ្នាំ​១៩២៥ បាន​ពិពណ៌នា​ទិដ្ឋ​ភាព​ពិធី​សម្ពោធវិមាន​ខាងលើថា​ មាន​ភាព​ឱឡារិក​គគ្រឹក​គគ្រេង​ក្រៃលែង ដ្បិត​មាន​ព្រះរាជ​​វត្ត​មាន​​របស់ ​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​ស៊ីសុវត្ថិ​ ព្រះរាជានុកោដ្ឋ និង​ព្រះ​ករុណា​​​​ព្រះ​បាទ​សម្តេច​ព្រះស៊ីសុវត្ថិ​ មុនីវង្ស ព្រះ​បរម​ខត្តិយកោដ្ឋ ព្រម​ទាំង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​បារាំង​គឺលោក ហ្វ្រង់ស័រ បូដូវ៉ាំង (François Baudoin) អគ្គទេសា​ភិបាល​បារាំង​ប្រចាំឥណ្ឌូចិន ក៏ដូច​ជា​ព្រះវត្ត​មាន និង​វត្ត​មាន​ព្រះសង្ឃ មន្រ្តីអាណា​ព្យា​បាល​បារាំង កងទាហាន​​ជើង​ទឹក​-ជើង​គោកបារាំង ក្រុម​កាំភ្លើង​ធំ តំណាង​ក្រុម​ទាហាន​ពីព្រៃ​នគរ ជា​ពិសេសគឺមាន​ក្រុម​ភ្លេង​​-របាំ​ និងជាតិសាសន៍ផ្សេងៗក្នុងកម្ពុជា​។

វិមាន​រំឭកគុណយុទ្ធជនខ្មែរ​-បារាំង​​ ឬគេហៅខ្លីថា «រូបពីរ» ស្ថាបនា​ឡើង​អំពីថ្ម និង​លម្អដោយ​ចម្លាក់​ស្មិត​យ៉ាង​វិចិត្រ​ក្រៃលែង។ វិមាន​នេះ​សង់ខ្ពស់​ត្រដែត ហើយ​មាន​បីផ្នែក​គឺនៅផ្នែក​ខាងលើ​ និង​ផ្នែក​កណ្តាល គេសាង​ឡើងអំពីលោហៈ​​​។ នៅផ្នែក​លើ​​បំផុត​នោះ គេ​​តម្កល់​រូប​មនុស្ស​ប្រុស​ពីរនាក់ ដែល​ម្នាក់រាងខ្ពស់ជាទាហានបារាំង ឯម្នាក់ទៀតតូចជាង​នោះ​បន្តិចជាទាហានខ្មែរ។ រីឯ​នៅផ្នែក​កណ្តាល​ មាន​សណ្ឋាន​​មូល​ស្រដៀង​​​នឹង​អង្គ(ខ្លួន)​នៃចេតិយ​ ហើយ​​មាន​ឆ្លាក់​រូប​មនុស្ស​ប្រុស​ស្រី​ ទាំងក្មេង​ទាំង​ចាស់​​ក្នុង​កាយ​វិការ​ផ្សេងៗ​ព័ទ្ធ​ជុំវិញ​​ផង។ ចំណែក​​ផ្នែក​ក្រោម​ គេ​សាង​ឡើង​​អំពីថ្ម មាន​រាង​បួន​ជ្រុង ហើយ​នៅ​​មុម​​​​ជ្រុង​​នីមួយៗ​​ គេ​​លម្អ​ដោយ​រូប​ក្បាល​ដំរី​ខាងក្រោម​ និង​ក្បាល​នាគ​ខាង​លើ។ ប៉ុន្តែ​រូប​ក្បាល​ដំរី និង​ក្បាល​នាគ​ទាំងអស់​នេះ គេ​សាង​អំពី​លោហៈ ហើយ​នៅ​ផ្ទៃ​ថ្ម​គេចារ​ឈ្មោះយុទ្ធជន​​ចំនួន​​១៨៨នាក់​។ ដោយឡែក​​នៅ​ជ្រុង​ទាំងបួន​នៃខឿន​ជុំវិញ គេតម្កល់​​រូប​តោ​ដែល​សាង​អំពី​​​លោហៈ​ដែរ។ ផុត​ពីនោះមកគឺជា​បរិវេណ​សួន​ ដែលគេ​ឃើញ​មាន​តម្កល់​ដាក់​តម្កល់​កាំភ្លើង​ធំ​នៅតាម​ជ្រុង​នីមួយៗ។

ទិដ្ឋភាពវិមាន​រំឭកគុណ​ខ្មែរ-បារាំង “រូបពីរ” ថត​ចុង​ទសវត្សទី២០ (ប្រភព៖ quaibranly.fr)

លុះ​ចូល​ដល់​របបកម្ពុជា​ប្រជា​ធិបតេយ្យ (១៩៧៥-១៩៧៩) គេ​បាន​បំផ្លាញ​វិមាន​រំឭក​គុណ​យុទ្ធជន​ខាងលើឱ្យ​អន្តរាយ នៅសល់តែបំណែក​លោហៈ​​បែក​ពី​ផ្នែក​​កណ្តាល នៃស្តូប ក្បាល​រំដី ​ក្បាលនាគ និងតោ។ បំណែកទាំង​នោះ​​សរុប​មាន​ចំនួន​​៧ដុំ ហើយ​ធ្លាប់​​បាន​​ចុះ​បញ្ជី និង​រក្សា​ទុក​នៅសារមន្ទីរ​ជាតិកម្ពុជាដូចជា បំណែក​ចម្លាក់​នៃផ្នែក​កណ្តាល​របស់​ស្តូប​ (Ga.5929) ក្បាល​នាគ (Ga.5930) រូបតោ (Ga.5978) និង​បំណែក​​​ក្បាល​រំដី​​ទាំង​បួន​ទិស (លេខ​ Ga.5927.1, Ga.5927.2, Ga.5927.3 និង Ga.5927.4)

ចំពោះ​បំណែក​នៃផ្នែក​កណ្តាល​របស់ស្តូប ប្រសិនបើ​ពិនិត្យលម្អិតគេ​ឃើញ​ចម្លាក់​នៅលើ​ផ្ទៃ​លោហៈ​នោះគួរឱ្យ​ចាប់អារម្មណ៍​ពន់ពេកណាស់ ពោលគឺទាំង​ទឹកដៃសិល្បៈ​និង​​ខ្លឹមសារ​​។ តាមរយៈ​រូប​ថតតាំងពី​សម័យ​បារាំង​ គឺបង្ហាញ​ឱ្យ​ឃើញ​ថា​ម្ខាង​​នោះមាន​រូប​ស្ត្រី​ម្នាក់​ ក្នុង​ដៃ​មាន​កាន់​កូនតូច​ ឈរ​បន្ទន់​ជង្គង់​ឈ្ងោកមុខ ​​ហាក់​ដូចជា​ហុច​​ទៅ​ឱ្យ​នរណាម្នាក់​នៅខាងមុខ។ ប៉ុន្តែនៅខាងក្រោយ​ខ្នង​ស្រ្តី​នោះ មាន​មនុស្ស​ពីរនាក់​កំពុង​ឈរបាំង​ក្លស់​ឱ្យ​។ ចំណែក​​បំណែក​រូប​រក្សា​នៅ​សារ​មន្ទីរ​ជាតិ​កម្ពុជាគឺ​ជា​រូប​បន្តគ្នា​។ ប៉ុន្តែ​ផ្នែក​ម្ខាង​បំណែករូបកណ្តាលគេឃើញ​ចលនារូប​ផ្ទុយគ្នា​ ពោលគឺ​ខាង​ឆ្វេង​ជា​រូប​ស្ត្រីពរកូន ឯរូប​ខាង​ស្តាំ​​ទំនង​ជា​​រូប​បុរស​ពីរនាក់​ កំពុង​បាំង​ក្លស់​ឱ្យ​មនុស្ស​ម្នាក់​​ទៀត​​នៅខាងមុខ ដែល​​មើល​ឃើញ​​​ជា​មនុស្ស​ស្រីស្លៀក​សំពត់ និង​មានលម្អកងលើកជើងពាក់​ជើង​ផង។ នៅខាងមុខ​ស្រ្តីនោះ គឺមាន​ស្រ្តីម្នាក់​ទៀត​​​​លុត​ជង្គង់​ ហើយ​មាន​បុរស​ម្នាក់​​កំពុង​ក្រាប​សំពះនៅខាងមុខ ហុច​​ជើង​ពាន​ផ្លែ​ឈើ​ជូនស្រ្តីនោះ។ រីឯ​រូប​កូន​ក្មេង​ដែល​ស្រ្តី​​ម្នាក់​​​​កាន់​ គឺឆ្លាក់​នៅផ្នែក​ខាង​លើ​នៃ​បុរស​​កំពុងសំពះនេះ។ ដូច្នេះ​រូប​លើ​តួ​ស្តូប​រូបពីរ​ ​គឺឆ្លាក់​​ដេញ​បន្ត​គ្នា​ជុំវិញ។ ប៉ុន្តែគេពិបាក​សន្និដ្ឋានថា ​ខ្លឹមសារ​នៃចម្លាក់​ទាំង​​នេះសិល្បករ​ចង់​រៀប​រាប់​ប្រធាន​បទអ្វីខ្លះឡើយ។

ដោយឡែក​ចំពោះ​បំណែក​ក្បាល​ដំរី​ទាំង​បួន គេសង្កេត​ឃើញបំណែក​ពីរទំនង​នៅ​ ពេញ​លក្ខណៈដើម ដ្បិត​​មាន​ទំហំធំ កម្ពស់​ប្រហែល​​៣ម៉ែត្រ តែគេសាង​ឡើង​ត្រឹម​​មួយ​កំណាត់​​​ក្បាល ​និង​ជើង​មុខប៉ុណ្ណោះ ដោយមាន​ប្រមោយ​ត្រកង​ផ្កាឈូក​ និង​​ភ្លក់​វែងៗ​ដូចៗ​​​គ្នា។ ​​បំណែក​ពីរ​ផ្សេងទៀត នៅសល់តែ​ក្បាល​ និង​ភ្លុក ពោលគឺបាក់​បាត់​ប្រមោយ និងជើងមុខ។

រីឯ​ក្បាលនាគ និង​តោ​គឺ​នៅមាន​លក្ខណៈ​ពេញលេញ ពុំបែកបាក់ខូចខាតខ្លាំងឡើយ។ ប៉ុន្តែ​បន្ទាប់ពី ​សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បង្ហើប​ប្រាប់លោក​ប្រធានា​ធិបតី​បារាំង អំពីការរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង ហើយ​គ្រោង​នឹង​សាងសង់​រូបសំណាកនោះឡើងវិញនៅមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២២ សារមន្ទីរ​ជាតិភ្នំពេញបាន​​ប្រគល់បំណែកទាំង​៧ ជូនក្រសួងរៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ដើម្បីផ្គុំ និង​សាងសង់ស្ដូបអនុស្សា​វរីយ៍មិត្តភាពកម្ពុជា-បារាំង​ឡើងវិញ។

សកម្មភាពលើកដាក់ដឹកជញ្ជូន​បំណែក​ផ្សេងៗនៃស្តូបរូបពីរចេញ​ពីសារមន្ទីរជាតិកម្ពុជា ដើម្បីយកទៅរៀបចំជួសជុលផ្គុំកសាង​ឡើងវិញ (ប្រភពរូប៖ ហ្វេសបុកសារមន្ទីរជាតិកម្ពុជា)

ដូច្នេះជារួមមក អតីតស្តូប ឬវិមាន​រំឭក​គុណយុទ្ធជន​ពលីកម្មក្នុង​សង្រ្គាម​លោក​លើក​ទី១ ដែល​ភាគច្រើនហៅថា “រូបពីរ” គឺបង្ហាញ​ឱ្យ​ឃើញ​ពី​ទឹក​ដៃសិល្បៈ​យ៉ាង​ល្អ។ មិន​តែប៉ុណ្ណោះ​ វិមាន​នេះ​ជា​ភស្តុតាង​ប្រវត្តិសាស្រ្ត​កម្ពុជា​​សម័យ​អាណាព្យាបាល​បារាំង ដែល​យុទ្ធជន​ខ្មែរ​បាន​បូជា​ជីវិត​ក្នុង​ការសង្រ្គាម​លោកផង និង​ជា​និមិត្តរូប​យ៉ាង​សំខាន់​នៃ​ទំនាក់​​ទំនង​​ជា​មិត្តរបស់​បារាំង​និង​កម្ពុជា៕​​

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!