ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកពើងគំនូរ K.176

សិលាចារឹកពើងគំនូរ K.176

ពើងគំនូរ មានទីតាំងស្ថិតនៅភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ទីតាំងនេះ មានសិលាចារឹកចំនួនពីរផ្ទាំង ដែលស្ថិតនៅក្បែរគ្នាតែម្តង។ សិលាចារឹកទី១ ចារឹកជាភាសាខ្មែរ ចារនៅត្រង់ផ្នែកខាងលើចម្លាក់ឥសីម្នាក់ដែលកំពុងអង្គុយក្នុងឥរិយាបថយោគិសន និងមានភ្នួងសក់ផង ដោយបង្ហាញតែមួយបន្ទាត់ប៉ុណ្ណោះ សរសេរថា “វ្រះសិវសោម” (ឈ្មោះរបស់ព្រះរាជគ្រូ)។ សិលាចារឹកមួយទៀត ចារឹកជាភាសាសំស្រ្កឹត មានចំនួន ១៦បន្ទាត់ ដែលធ្លាប់សិក្សានិងបកប្រែពីសំស្រ្កឹតទៅជាបារាំងដោយលោក ហ្សក សឺដេស ម្តងរួចមកហើយ ប៉ុន្តែលោកហៅឈ្មោះសិលាចារឹកនេះថា ពើងកេងកង ទៅវិញ។

អត្ថន័យសង្ខេបរបស់សិលាចារឹកនេះ រៀបរាប់សរសើរអំពីគុណលក្ខណៈរបស់ព្រាហ្មណ៍ម្នាក់ឈ្មោះ “សិវសោម” ដែលជាព្រះរាជគ្រូរបស់ព្រះបាទស្រីន្រ្ទវម៌្មទេវ (ឥន្រ្ទវរ្ម័នទី១) សោយរាជ្យសម្បត្តិនៅនគរហរិហរាល័យ នៅចុងស.វ.ទី៩ (គ.ស.៨៧៧ ដល់ ៨៨៩)។ ប៉ុន្តែ សិលាចារឹកនេះពុំមែនចារនៅស.វ.ទី៩ ដំណាលពេលនៃសាច់រឿងដែលបានរៀបរាប់នោះទេ ពោល គឺចារនៅមហាសករាជឆ្នាំ៩៩៦ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ១០៧៤ (ចុងស.វ.ទី១១)។ តាមរយៈសំណេររបស់សិលាចារឹក យើងអាចដឹងព័ត៌មានច្រើនអំពីពើងថ្មនេះ ជាក់ស្តែងនៅសម័យបុរាណកាលគេហៅពើងនេះថា “មហេន្រ្ទគុហា”។ ព័ត៌មានបន្ថែមទៀតនោះគេបានបញ្ជាក់ថា “រូងគុហានេះស្ថិតនៅត្រង់ចង្កេះភ្នំមហេន្រ្ទបព៌ត” (មហេន្រ្ទបព៌ត ជាឈ្មោះបុរាណរបស់ភ្នំគូលែន)។ អ្វីដែលគួរកត់សម្គាល់នោះ គឺរូបចម្លាក់របស់ព្រាហ្មណ៍សិវសោម ក៏បានឆ្លាក់ទុកនៅលើជញ្ជាំងថ្មពើងគំនូរនេះដែរ។

ចម្លាក់រូបព្រាហ្មណ៍សិវសោម នៅពើងគំនូរ

យោងទៅតាមគម្ពីរវ្ឫត្តរត្នាករ កំណាព្យសំស្រ្កឹតស្លោកទី១របស់សិលាចារឹកពើងគំនូរជាប្រភេទ “អតិធ្ឬឆន្ទ” ដែលមានចំនួន ១៩ ព្យាង្គ មានឈ្មោះថា “ឝាទ៌ូលវិក្រិឌិកា / ឝាទ៌ូលលិតាប្រកបដោយ ម,ស,ជ,ស,ត,ត,គ។ ស្លោកទី២ ជាប្រភេទ “ប្រក្ឫតិឆន្ទ” មានចំនួន ២១ ព្យាង្គ មានឈ្មោះថា “ស្រគ្ធរា” ប្រកបដោយ ម -រ -ភ -ន -យ -យ -យ -យ។ ស្លោកទី៣ ជាប្រភេទ “អនុស្តុភ៑” ដែលជាកំណាព្យគេនិយមតាក់តែងខ្លាំងនៅសម័យបុរាណខ្មែរ ដ្បិតវាមានភាពងាយស្រួលក្នុងការនិពន្ធទៀតផង។ អនុស្តុភ ជាប្រភេទមេកាព្យមួយប្រភេទដែលចែកជាច្រើនប្រភេទ ដោយកំណត់ចំណាំងាយជាងគេបំផុតគឺនៅត្រង់គ្រាប់ព្យាង្គទី៥ទាំងអស់របស់បាទ ត្រូវតែជាព្យាង្គ “លឃុ” (សំឡេងស្រាល) ព្យាង្គទី៧របស់បាទទី២និងទី៤ ជាព្យាង្គ “គរុ” (សំឡេងធ្ងន់វែង)។ ស្លោកទី៤ ជាប្រភេទ “ត្រិស្តុភឆន្ទ” មានឈ្មោះថា “ឧបជាតិ” ដែលឆន្ទនេះកើតឡើងពីការបន្សំរវាងឥន្ទវជ្រា និងឧបេន្ទ្រវជ្រា។ ស្លោកទី៥ និងទី៦ ជាប្រភេទអយ៌ាឆន្ទ (មាតាវ្ឫត្ត)។

សិលាចារឹកពើងគំនូរ

អត្ថបទពាក្យចារឹក

១.        ឝាកេ ឞណ្នវរន្ធ្រកេ សហ គណៃរ ទេវា មហេឝាទយោ

          ទេវ្យឝ៑ ឝៃលសុតាទយឝ៑ ច ឝិវសោមាខ្យេន សម្យង្មយា

          មហេន្ទ្រាទ្រិគុហាតដេឞុ វិធិនា សំស្ថាបិតាស៑ តាឝ៑ ច តេ

          ទេយាសុរ៑ មុនយេ តបស្យត ឥហ ស្វគ៌ាបវគ៌ៅ សទា

ប្រែថា៖ ក្នុងឆ្នាំសក. ដែលកំណត់ដោយ រន្ធ=៩ នវ=៩ និង៦ =៩៩៦សក. ព្រះជាអម្ចាស់(ទេវ) មានព្រះបរមនាមផ្តើមដោយពាក្យថា “មហេស” ទេវគណៈរបស់ទ្រង់ ព្រមទាំងព្រះទេវី (អគ្គទេពី) ជារាជបុត្រីរបស់ស្តេចភ្នំ (ហិមាលយ) បានសាងឡើងតាមក្បួនតម្រាសាស្ត្រ ដោយខ្ញុំម្ចាស់មាននាមថា “សិវសោម” នៅត្រង់ចង្កេះគុហាភ្នំស្រីមហេន្ទ្របព៌តនេះ។ សូមឱ្យ ព្រះមហេស្វរ និងព្រះនាង  បាវ៌្វតី ជួយតាមឃុំគ្រងថែរក្សា ដោយការប្រោសប្រទាននូវមេឃ ដើម្បីជួយទ្រទ្រង់នូវកិច្ចប្រតិបត្តិ តបៈនៅត្រង់ទីនេះរហូតតរៀងទៅ។

២.        យឝ្ចាខ្យាំ សោមនិឞ្ថាំ សុភតបសិ យមី សំយតាត្មា ឝិវាទិ

          ក្ឫត្ស្នានាន្ទេវវហ្និទ្វិជគុរុជគតាន្តប៌កោ ភៃក្ឞភោគ្យៃះ

          អាត្មីយន្និត្យកម៌្មាទ្ភុតមសមមិវាទឝ៌យន្នេវមាទ្យា

          ន្ទេវីទីប្រាសុរទ្វិដ្ប្រថមមខភុជាមត្រ រូបាណិ ចក្រេ

ប្រែថា៖ ព្រាហ្មណ៍នោះបានអប់រំខ្លួន ដោយការធ្វើតបធម៌ដ៏បរិសុទ្ធិ អាចយកឈ្នះលើអាត្ម័នរបស់ខ្លួនឯង មានចិត្តជ្រះថ្លាបរិសុទ្ធជាមួយនឹងព្រះ ព្រះអគ្និ (ភ្លើង), ព្រាហ្មណ៍, ព្រះ គ្រូ និងពពួកសត្វនិករទាំងឡាយដោយគ្មានចិត្តលំអៀង ចិញ្ចឹមជីវិតដោយទ្រព្យសម្បត្តិ មានការបរិច្ចាគទាន គាត់មាននាមខាងចុងដោយពាក្យថា សោម និងផ្តើមដោយពាក្យថា សិវ។ គាត់បានបំពេញ កាតព្វកិច្ចដ៏អស្ចារ្យដោយខ្លួនឯង ហើយគ្មាននរណាអាចប្រដូចបាន។ ព្រះតេជព្រះគុណ សិវសោម បានកសាងនូវទេវបដិមា  ទេវី អគ្នី វិស្ណុ ដែលជាសត្រូវជាមួយពួកអសុរៈ និងបានសាងបដិមាព្រះសិវ ដែលបានទទួលតង្វាយជាបឋម។

៣.       យឝ្ឝៃវឝៃលសំស្ថាយី             តបស្វី វហុបុណ្យកះ

          ភៃក្ឞឝី ឝិវសោមាខ្យា            ស្សោការយទិមា និមាះ

ប្រែថា៖ គាត់ជាតាបស បានអាស្រ័យនៅលើភ្នំ ឧទ្ទិសខ្លួនថ្វាយជាសាវ័កព្រះសិវ ជាអ្នកបានតាក់តែងសម្រង់អត្ថបទ ជាអ្នកមានបុណ្យច្រើន ហើយជាអ្នកចិញ្ចឹមជីវិត មានប្រក្រតីដោយការបរិច្ចាគទាន ហើយគាត់មាននាមថា សិវសោម លោកបានកសាងទេវបដិមានៅត្រង់ទីកន្លែងនេះ។

៤.        សវិឞ្ណុរឥស្សគណឝ្ច សោមះ              ផលំ ប្រទាតុំ ឝិវសោមនាម្នេ

តបស្យតេ នាកសមេ មហេន្ទ្រ            សានៅ គុហាយាមនិឝន្និតស្ថៅ

ប្រែថា៖ ព្រះឦស ព្រះវិស្ណុ ព្រះសោម ជាមួយនិងទេវពលបរិវារ បានថ្វាយពរសព្វសាធុការដល់តាបសមាននាមថា សិវសោម មានប្រក្រតីអាស្រ័យនៅក្នុងគុហា លើកំពូលភ្នំស្រីមហេន្ទ្របព៌ត ដែលប្រដូចបានទៅនឹងស្ថានសួគ៌ាល័យ។

៥.        ឝិវសោមមុនិម៌តិមា               ន្មាន្យោ យមិនាំ យមី គុហាវាសី

          ភគវត្បាទាមរនា                   ទាជ៌ុនជដិលោ បិង្គាវារី

ប្រែថា៖ ព្រះតេជព្រះគុណ សិវសោម ប្រកបដោយប្រាជ្ញាវាងវៃ ជាអ្នកសមនឹងទទួលបាននូវការគោរពពីអ្នករាល់គ្នា អ្នកទទួលមានជោគជ័យលើអារម្មណ៍របស់ខ្លួន ជាអ្នកឈ្នះលើខ្លួនឯង។ គាត់ជាអ្នកមានប្រក្រតីដោយការរស់នៅ អាស្រ័យព្រះគុហាជាទីពុំនាក់ គាត់មានភ្នួងសក់ពណ៌ស និងស្លៀកដណ្ដប់ដោយសំពត់ពណ៌លឿង។

៦.        សច្ឆិលវរោ យោគ្យោ             យោគាភ្យាសោ តិយោគវីន្នមិតះ

          អស្យាមេតាះ ប្រតិមាះ           បរមេឝ្វរភក្តយេ ក្ឫតវាន៑

ប្រែថា៖ គាត់ជាកំពូលមនុស្ស លើមនុស្សទាំងពួង មានសមត្ថភាពខាងធ្វើតបៈ និងយោគៈ ជាអ្នកមានចំណេះដឹងខ្ពស់មានប្រក្រតីជាអ្នកប្រព្រឹត្តបន្ទាបខ្លួន ឱនលំទោន ជាអ្នកកសាងទេវបដិមាក្នុងរូងគុហានេះ ដើម្បីសម្រាប់ជាការគោរពបូជាដល់ព្រះបរមេស្វរ។

ជារួមមក សិលាចារឹកពើងគំនូរដែលបានរៀបរាប់ខាងលើនេះ រំលេចឃើញអំពីព័ត៌មានសំខាន់ខាងផ្នែកអក្សរសាស្រ្ត និងភាសាសាស្រ្ត ដែលរំលេចឱ្យឃើញអំពីការបរិច្ឆេទជាក់លាក់នៃការតែងនិពន្ធ។ ជាពិសេសនោះ គឺបញ្ជាក់អំពីតួអង្គដែលមាននៅក្នុងប្រវត្តិសាស្រ្តពិត ពោល គឺព្រាហ្មណ៍ដ៏សំខាន់ម្នាក់ឈ្មោះថា “សិវសោម” ដែលបានបម្រើស្តេចឥន្រ្ទវរ្ម័នទី១ នៅចុងស.វ.ទី៩។ លើសពីនេះ ព័ត៌មានរបស់សិលាចារឹកក៏បានឱ្យយើងយល់ដឹងអំពីតួនាទីរបស់ព្រាហ្មណ៍នេះកាន់តែច្បាស់បន្ថែមទៀត។ ម្យ៉ាងវិញទៀត សិលាចារឹកនេះក៏បានឱ្យយើងស្គាល់ឈ្មោះបុរាណរបស់ភ្នំគូលែន ពោល គឺបុរាណកាលគេហៅថា “មហេន្រ្ទបព៌ត” ហើយគុហាដែលយើងហៅថា “ពើងគំនូរ” នោះ មានឈ្មោះថា “មហេន្រ្ទគុហា”៕

ក្រដាសផ្តាមសិលាចារឹកពើងគំនូរ (ផ្តិតដោយ៖ កំ វណ្ណារ៉ា)

———————————–

Peung Kumnou Inscription K.176

Peuong Kumnu/the cave of Kumnu is located in Trapeang Tim Village, Ta Siem Commune, Svay Leu District, Siem Reap Province. This site has two inscriptions next to each other. The first inscription is in Khmer, inscribed on the top of a sculpture of a hermit sitting in a Yoki-san posture and with a bun hairstyle, showing only one line that writes “Vraḥsivasom” (the name of the master). Another inscription, written in Sanskrit, consists of 16 lines, which had been studied and translated from Sanskrit into French by George Cœdès, but he called this inscription Peung Keng Kang.

The summary of this inscription describes the virtues of a Brahmin named “Sivasom”, the master of King Sri Indravarman Devar (Indravarman I) who reigned in the Hariharalaya ancient capital city of the Khmer empire in the late 9th century. However, this inscription does not date back to the 9th century, at the time of the story, that is, it was written in 996 GE and corresponds to 1074 GE (late 11th century). According to the inscriptions, we can know a lot of information about this Peung, for instance, in ancient times, this Peung is called “Mahendra Kuha”. Further information states that “this Peung is located at the middle of Mount Mahendraparvata” (Mahendraparvata is the ancient name of Phnom Kulen). It is noteworthy that the statue of Brahmin Sivasom was also carved on the stone wall of Peung.

អត្ថបទដោយ៖ កំ វណ្ណរ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!