(ស្រីទុគ៌ត)
ហាសៗ លោកគ្រូមកឈឺឆ្អាលក្នុងរឿងនេះ?
គឺរឿងមនុស្ស។ អញឈឺចាប់ណាស់។ ឯងមិនខ្មាស់គេទេមកចាប់ស្រីមេម៉ាយដូច្នេះ?
សុំលោកគ្រូថយចេញអោយប្រញាប់ ប្រុងលោកគ្រូ!
កាមា! កាមា! ប្រុងខ្លួន។
ដាវលោកគ្រូវាត់ឮម៉ាំងៗ ភ្លាមមួយរំពេច។
ខាងទាហានស្ទុះច្រូងមកពីគ្រប់ទិស។ ជនឈ្មោះលោកគ្រូគាត់ កាប់ចាក់រេលបួនប្រាំនាក់គ្មាន យូរឡើយ។ កាមាចូលប្រយុទ្ធយ៉ាងពេញទំហឹង។ អ្នកស្រែកបញ្ជាថាៈ
រទេះបរទៅ!
នាងទេវីប្រឹងបម្រះពីដៃទាហានម្នាក់ដែលចាប់នាងជាប់ រួចប្រឹងស្រែក ប្រឹងយំ តែឥតមានប្រ យោជន៍។ មីងចន្ទ ដួលសន្លប់បាត់ស្មារតីនៅមួយកន្លែង។
ដាវលោកគ្រូជាដាវមួយយ៉ាងចំណាប់មែន ដើម្បីការពារយុត្តិធម៌ និងការពារមនុស្សអន់ ខ្សោយ។ ខាងទាហានដួល ហូរឈាមសស្រាក់។ កាមានិយាយថាៈ
តាំងពីណាមកខ្ញុំមិនដែលបានល្បងជាមួយលោកគ្រូម្តងសោះ។ ហ៊ឺសៗ ប្រុងឆ្វេង!
លោកគ្រូពូកែស្វឹតស្វាញមែន
ពីមុនអញបានចូលដាដៃនិងឯងលួចកូននេះ
ឥឡូវអញទើបដឹងខ្លូនថាឯងជាមនុស្សអាក្រក់បំផុត ដែលអញត្រូវតែកុំទុកជីវិតឯង។
ខ្ញុំទ្រាំនឹងលោកគ្រូមិនបានប្រាកដ។ ខ្ញុំវាយដោះដៃហើយ។
ថាតែប៉ុណ្ណោះ កាមាស្រែកឲ្យកងពលដែលនៅសល់វាយថយរត់យកតែខ្លួន។
បុរសឈ្មោះលោកគ្រូឃើញដូច្នោះ តាំងវាយដណ្តើមយកនាងទេវី។ មិនយូរប៉ុន្មាន ខ្មាំងរត់ ខ្ចាត់ខ្ចាយកណ្តាលយប់ស្ងាត់។ បុរសមិនស្គាល់ឈ្មោះដឹកដៃនាងទេវីរត់ទៅដោយប្រាប់នាងថាៈ
មកនាង! មកតាមខ្ញុំកុំនៅទីនេះត្បិតក្រែងស្អែកគេមកហ៊ុមចាប់ទៀត។
ចុះមីងចន្ទ?
មួយស្របក់ទៀត ខ្ញុំមកដឹកគាត់ទៅពូនកន្លែងមួយស្ងាត់ល្អណាស់។
ចុះកូនខ្ញុំ?
ពួកយើងយកទៅឯទូកហើយ។ ឆាប់ៗ ឥឡូវត្រូវរត់ឲ្យរួចជីវិតសិន។
បុរសទាញដៃនាងចុះទូកមួយដែលមានដំបូលជីតស្លុង។ កន្លះម៉ោងក្រោយមក មីងចន្ទក៏បាន មកនៅក្នុងទូកជាមួយនាងទេវីដែរ។ ទូកក៏ស្រាយខ្សែទម្លាក់ចែវទៅតាមទឹកចុះទៅបាក់ព្រា។
ទូកនោះធំ។ នាងទេវីនៅក្នុងបន្ទប់មួយខាងក្រោយម្នាក់ឯង។ នាងសង្កេតឃើញមានពូកខ្នល់ ខ្នើយយ៉ាងស្អាតសម្រាប់នាង។ នាងនឹកថា អ្នកដែលនាំនាងនេះពុំមែនជាមនុស្សធម្មតាទេ គឺប្រាកដ ជាមនុស្សចេះដឹង ធ្លាប់ស្គាល់ការរស់នៅរបស់អ្នកធំមិនខាន បានជាចេះរៀបចំទីកន្លែងយ៉ាងប្រសើរ ដូច្នេះ។
នារីផ្តេកខ្លួនទៅលើពូកដ៏ស្អាត។ នាងយំខ្សឹកខ្សួលពុំឈប់ឈរឡើយពេញមួយយប់ទើសភ្លឺ។
លុះព្រះអារុណរះឡើង នាងទេវីមើលតាមបង្អួចទូកទៅឃើញតែដងស្ទឹងដែលមានដើមឈើ ខៀវស្រងាត់អមសងខាង។ នាងចង់ចេញទៅលើដំបូលទូក តែទ្វារបិទចាក់សោជាប់។ នាងកើតរកាំ រកុះក្នុងចិត្តជាពន់ពេក។
នៅជិតនោះ មានពាងទឹក ផ្តិល សាប៊ូ សម្រាប់នាងជាស្រេចនាងលុបលាងមុខមាត់ សិតសក់ យ៉ាងស្អាតបាត។ ស្រីហួសនឹងយំសោកទៀតហើយ។
យូរបន្តិច ទ្វាររបើកឡើង។ នាងរីករាយក្នុងចិត្តឥតឧបមា។ មនុស្សដែលលោតពីលើដំបូល ចូលមកនោះមានអាយុប្រមាណជាងសែសិបឆ្នាំ។ បុរសសួរនាងថាៈ
ម៉េចនាងស្រួលទេនៅក្នុងទូកនេះ?
នាងទេវីភ្ញាក់ខ្លួននឹងសំលឹងនេះ។ នាងលើកដៃសំពះដោយទើបបានឃើញមុខមនុស្សអ្នក មានគុណ ដែលគ្រាមុនបានយកកូននាងមកឲ្យ រួចថ្មីៗនេះបានជួយជីវិតនាង និងជីវិតកូននាងទៀត។
ច៎ាះ! ស្រួលទេលោកពូ តែខ្ញុំព្រួយណាស់។
នាងទេវីស្រក់ទឹកភ្នែកច្រោកៗ។ បុរសសើចកម្លា ហើយនិយាយថាៈ
កុំគិតច្រើនអី!
លោកពូ! នាំខ្ញុំទៅណ?
ខ្ញុំនាំនាងទៅរកទីសុខ!
ទីសុខនោះនៅឯណា?
នៅទល់ដែន!
ទលដែន?
ទល់ដែន។
ម៉េចក៏ដូច្នោះ? ខ្ញុំមិនយល់ទេ ម៉េចក៏ទល់ដែនជាទីសុខ?
ត្បិតនៅទីនោះមានសេរី។ មនុស្សកាន់ច្បាប់។ អ្នកមានអំណាចបម្រើអ្នកខ្សត់ខ្សោយ។ យុត្តិ ធម៌ជាធំ។
អ្នកណាកាន់អំណាចជាធំជាងគេ?
ប្តីនាង!
ប្តីខ្ញុំ? ឳព្រះម្ចាស់ថ្លៃអើយ! ប្តីខ្ញុំ? ច៎ាះ! លោកនៅឯណាសព្វថ្ងៃ?
នៅទល់ដែន។
ឳ! លោកនៅទល់ដែន។ ច៎ាះ! ទល់ដែនជាទីសប្បាយមែន។ ច៎ាះ ទល់ដែនជាទីសុខ។
សូមលោកជូនខ្ញុំទៅទល់ដែនផង ខ្ញុំអរគុណនឹងលោកណាស់ អរគុណអស់មួយជីវិតនេះ។ ខ្ញុំ មិនភ្លេចគុណលោកពូទេចា៎ះ! ទល់ដែនៗៗ។ ប្តីខ្ញុំនៅ ទល់ដែន។ តែលោកពូក្រែងមិនមែនប្តីខ្ញុំទេ ឬដឹង?
មានន្ទ
ច៎ាះ! ច៎ាះ! មានន្ទមែនហើយ! ឳព្រះម្ចាស់ថ្លៃអើយ! ច៎ាះ! ប្តីខ្ញុំឈ្មោះមានន្ទនោះឯង។
ម្តេចក៏លោកពូស្គាល់?
សិស្សខ្ញុំ (សូមរងចាំតាមដានភាគទី៦០ នៅសប្តាហ៍ក្រោយ)