ប្រាសាទតាកែវ ជាប្រាសាទមួយស្ថិតនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប ដែលចាប់ផ្ដើមកសាងឡើងនៅក្នុងរាជ្យព្រះបាទស្រីជ័យវម៌្មទេវទី៥ (ជ័យវរ្ម័នទី៥ គ.ស.៩៦៨-១០០១ ) និងបន្ដរហូតដល់រាជ្យព្រះបាទស្រីសូរ្យវម៌្មទេវទី១ (គ.ស.១០០២-១០៥០)។ ប៉ុន្ដែយ៉ាងនេះក្ដី ប្រាសាទនេះពុំបានសាងសង់រួចរាល់ទេ។ យើងអាចឃើញក្បាច់ចម្លាក់ល្អមានចំនួនតិចតួចនៅលើផ្ទៃថ្មប្រាសាទ ដែលជាទូទៅជាផ្ទៃទំនេរពុំមានក្បាច់លម្អឡើយ។
នៅប្រាសាទនេះ មានសិលាចារឹកសរុបទាំងអស់ចំនួន៧ផ្ទាំង គឺ K.២៧៥-៧៨ និង K.៥៣៤-៥៣៦។ សិលាចារឹកទាំងនេះធ្លាប់សិក្សាកន្លងមកដោយអ្នកស្រាវជ្រាវជនជាតិភាសាបារាំង។ នៅក្នុងអត្ថបទនេះ យើងជ្រើសរើសយកសិលាចារឹក K.២៧៦ ដែលចារជាភាសាសំស្ក្រឹត១បន្ទាត់ និងខ្មែរបុរាណ២៤បន្ទាត់ មកប្រែសម្រួលជាភាសាខ្មែរទំនើប។ សិលាចារឹកនេះមានទីតាំងនៅលើមេទ្វារត្បូង ច្រកខាងលិច ក្លោងទ្វារចូលខាងក្រៅនៃប្រាសាទតាកែវ។ សិលាចារឹកនេះជាបញ្ជីកត់ត្រាបុណ្យរបស់រាជបុរោហិតព្រះបាទស្រីសូរ្យវម៌្មទី១ គឺព្រាហ្មណ៍ស្រីយោគីសូរបណ្ឌិតដែលបានថ្វាយតង្វាយទៅកាន់ប្រាសាទនានាដូចជាប្រាសាទកោះកេរ ប្រាសាទនៅអង្វេទន្លេ ប្រាសាទព្រៃបាសាក់ ប្រាសាទស្រីចាម្បេសូរ ប្រាសាទកន្ទួតទឹក ប្រាសាទបាសែត ប្រាសាទភ្នំបូព៌ ប្រាសាទច្បារឫស្សី ប្រាសាទតាកែវ និងប្រាសាទឯកភ្នំ។ តង្វាយដែលថ្វាយទៅប្រាសាទឯកភ្នំ មានបញ្ជាក់លម្អិតនៅក្នុងសិលាចារឹកនាប្រាសាទឯកភ្នំ K.២១១ ដោយសារលោក គឺជាអ្នកចាត់ចែងការសាងសង់ប្រាសាទនោះ ដើម្បីតម្កល់ព្រះសិវលិង្គឧទ្ទិសថ្វាយចំពោះព្រះបាទស្រីសូរ្យវម៌្មទេវទី១ ដែលមានព្រះនាមថា «ស្រីសូរ្យវម៌្មេសូរ»។
សិលាចារឹកនេះ ពុំមានចុះកាលបរិច្ឆេទឡើយ ប៉ុន្ដែតាមទម្រង់តួអក្សរ គឺចារឡើងក្នុងរវាងស.វ.ទី១១ ក្នុងរាជ្យព្រះបាទស្រីសូរ្យវម៌្មទេវទី១។ ទម្រង់តួអក្សរមានលក្ខណៈល្អវិចិត្រ ច្បាស់ល្អ ចារត្រង់បន្ទាត់ ប៉ុន្ដែផ្ទៃថ្មពុំបានរំលីងឱ្យមានផ្ទៃរាបស្មើល្អប៉ុន្មានឡើយ។ បើពិនិត្យលើក្បួនសំណេរវិញ ចំពោះពាក្យខ្មែរ មានប្រើសញ្ញាវិរាមនៅលើតួប្រកប លើកលែងតែពាក្យ «ម្វាយ» «វ្យរ» និង «បី»។ ក្នុងករណីមិនប្រើសញ្ញាវិរាម គេប្រើតម្រួតព្យញ្ជនៈខាងចុងលើខ្លួនឯងដូចពាក្យ «ប្វាន្ន» និង «អំបល្ល» ជាដើម។ ចំណែកក្នុងករណីតួប្រកបខាងចុងពាក្យពុំដាក់សញ្ញាវិរាម ព្យញ្ជនៈខាងដើមពាក្យបន្ទាប់ត្រូវសរសេរនៅខាងក្រោមព្យញ្ជនៈខាងចុងនៃពាក្យទីមួយ។ របៀបដូច្នេះ នាំឱ្យមានការសរសេរតម្រួតពាក្យចាប់ពីពីរបញ្ចូលគ្នា។
អត្ថបទដើមជាអក្សរទំនើប
១- .ôឱំនមឝ្ឝិវាទិភ្យោគុរុភ្យះទេវឝ្រីយោគីឝ្វរបន្ទិតស្យោទយសិទ្ធិរស្ដុô
២- ជំន្វន៑វ្រះកម្រតេង៑អញ៑ឝ្រីយោគីឝ្វរបន្ទិតស្រុក៑វ្នុរ៑កំទ្វាត៑វិ
៣- ឞយវ្យាធបុរ◦តកម្រតេង៑ជគត្លិង្គបុរ◦មុខវស៑ម្វាយ◦វ្រះត្រិឝូ
៤- លលង្គៅម្វាយ៑ភារតីស្ឋាបនាតិឦឝាន.តកន្លោងកម្រតេង៑អញ៑អង្វេ
៥- ទន្លេតិប្រតិឞ្ឋាវ្រះកម្រតេង៑អញ៑ឝ្រីត្រិបុរទហនេឝ្វរកនកាង្គស្ដច៑ប
៦- ញ្ចោត្សវអំវលនុភគវតីជ្វន៑ហេមទោលាម្វាយ.តកម្រតេង្ជគត៑វ
៧- ក្ឯក៑ឝិវិកាម្វាយតិស្ឋាបនាវ្រះកម្រតេង៑អញ៑ឝ្រីនាតកេឝ្វរទឝភុ
៨- ជនុសមស្ដាភរណតគិនុភោគតអំបាល្លនេះហ◦ហេមករង្កម្វាយជ្យង៑
៩- វ្យរលិង្តប្ប·ខាល្មាស៑ម្វាយលិង្តប្ប◦រុប្យករង្កម្វាយជ្យង្បិយលិង្តប្ប·
១០- រុប្យប្រតិគ្រហម្វាយជ្យង្តប្បម្វាយ◦រុប្យកលឝម្វាយជ្យង៑ប្រម្វាយលិ
១១- ង្តប្ប◦វុទិប្រាក៑ម្វាយជ្យង៑ប្រម្វាយលិង្តប្ប◦រុប្យភាជនម្វាយជ្យង៑ប្រំបិ
១២- យ◦រុប្យកមន្ទលុម្វាយលិង្តប្ប◦មាយូរច្ឆត្រ·គណាតោយអំបេណគិត
១៣- បំរេ.តកម្រតេង្ជគត៑ឝ្រិចាម្បេឝ្វរតិប្រតិឞ្ឋាវ្រះកម្រតេង៑អញ៑ឝ្រី
១៤- ត្រិភុវនញ្ជយអំវល(នុ)ភគវតីឝ្រីយកនកាង្គស្ដច្បញ្ចោត្សវ·
១៥- ហេមទោលាម្វាយអទ៌្ធលោម្វាយកនកាង្គ·សិតច្ឆត្រ.តកម្រតេង្ជគ
១៦- ត្កំទ្វាត៑ទិក្តិជៅភូមិភទ្រាវិទ្យាវីរចាំចំនាំឝ្វេតតន្ទុលាទិយថាវិភវô
១៧- តកម្រតេង្ជគត៑ឝ្រីជយក្ឞេត្រសុវណ៌្នភាជនម្វាយអង្គុលិយក
១៨- ប្រំវ្យល·វ្រះអន្រោញ៑សវ៌្វទន្ដ◦សិតច្ឆត្រសវ៌្វទន្ត◦រត្នតប្បសូយ៌្យ
១៩- កាន្តាទិវុទិបទិគះប្វាន្ន·តម្រ្យម្វាយ.តកម្រតេង៑ជគត៑វ្នំបូវ៌្វ·តិ
២០- ប្រតិឞ្ឋាវ្រះកម្រតេង៑អញ៑ឝ្រីត្រិភុវនញ្ជយស្ដចបញ្ចោត្សវ.
២១- តកម្រតេង្ជគត៑ឆ្បាររន្សិ◦វ្រះបីថសវ៌្វទន្ដ·គន្គិន្សវ៌្វទន្ដសុវណ៌្នរ
២២- ចិត.តកម្រតេង្ជគត៑ហេមឝ្ឫង្គទុក៑ថ្និំតវ្រះអច៌្ចា◦បញ្ចឝូល◦រ
២៣- ណមទ៌្ទណតម៌្មាំ.តកម្រតេង្ជគត៑ឝ្រីនរេន្ទ្រគ្រាមវ្រះស្រុក៑ភីមបុរមន្គិ
២៤- តស្ឋាបកជ្វន៑រុប្យកលឝម្វាយជ្យង៑ប្រំបីយ◦រុប្យករង្កម្វាយជ្យង្បិយ
២៥- ស្រុក៑ជាគ្រាមវ្រះទក្ឞិណាតិជ្វន៑វិង៑ជាចំនាម.ô
អត្ថបទប្រែសម្រួល
(១) ឱម សូមនមស្ការចំពោះព្រះគ្រូមានព្រះឥសូរជាអាទិ៍។ សេចក្ដីសម្រេចនិងសេចក្ដីចម្រើន ចូរមានដល់ព្រះស្រីយោគីសូរបណ្ឌិត។
(២-៤) តង្វាយ(របស់)ព្រះគម្ដែងអញស្រីយោគីសូរបណ្ឌិតស្រុក(នៅ)ផ្នូរកន្ទួត(ព្រៃ នៃ)តំបន់វ្យាធបូរ (ថ្វាយ)ចំពោះគម្ដែងជគតលិង្គបូរ(គឺប្រាសាទកោះកេរ មាន) មុខពស់១ ព្រះត្រីសូល៍(ទម្ងន់)១ភារ ស្ថាបនា(តម្កល់នៅទិស)ឦសាន។
(៤-៦) (តង្វាយ)ចំពោះកន្លោងគម្ដែងអញអង្វេទន្លេ(មាន) ប្រតិស្ឋានព្រះគម្ដែងអញស្រីត្រីបុរទហនេសូរ(ធ្វើអំពី)មាស (ជា)ធំ(នៅក្នុងពិធី)បញ្ចោត្សវ និងព្រះភគវតី ថ្វាយអង្រឹងមាស១។
(៦-១៣) (តង្វាយ)ចំពោះគម្ដែងជគតវកឯក(មាន) គ្រែស្នែង១ ស្ថាបនាព្រះគម្ដែងអញស្រីនាដកេសូរព្រះហស្ថ១០ ដោយមានបំពាក់គ្រឿងអលង្ការ និង(ថ្វាយនូវ)ភោគទ្រព្យអម្បាលនេះ(មាន) ផ្ដិលឬចានមាស១ (ទម្ងន់)២ជញ្ជីង ១០តម្លឹង, ខាលមាស១ (ទម្ងន់)១០តម្លឹង, ផ្តិលឬចានប្រាក់១ (ទម្ងន់)៣ជញ្ជីង ១០តម្លឹង, កន្ថោរស្ដោះប្រាក់១ (ទម្ងន់)១១ជញ្ជីង, ថូក្លស់ប្រាក់១ ៦(ទម្ងន់)ជញ្ជីង ១០តម្លឹង, ថូវុទិប្រាក់១ (ទម្ងន់)៦ជញ្ជីង ១០តម្លឹង, ភាជន៍ប្រាក់១ (ទម្ងន់)៨ជញ្ជីង, ថូកមណ្ឌលុ១ (ទម្ងន់)១០តម្លឹង, មយូរឆ័ត្រ, (និង)ក្រុមអ្នកបែន(ស្រូវ)ជាអ្នកបម្រើ(ការ)។
(១៣-១៥) (តង្វាយ)ចំពោះគម្ដែងជគតស្រីចាម្បេសូរ(មាន) ប្រតិស្ឋានព្រះគម្ដែងអញស្រីត្រីភុវនញ្ជ័យនិងព្រះភគវតីស្រី(ធ្វើអំពី)មាស ជាធំ(នៅក្នុងពិធី)បញ្ចោត្សវ អង្រឹងមាស១ អទ៌្ធលោមាស១ (និង)ស្វេតឆត្រ។
(១៥-១៩) (តង្វាយ)ចំពោះគម្ដែងជគតកន្ទួតទឹក (គឺ)ជាវភូមិភទ្រាវិទ្យាវីរ(ថ្វាយ) (និង)រៀបចំគ្រឿងរណ្ដាប់បូជាមានអង្ករសម្រិតជាដើម តាមទ្រព្យដែលមាន។
(១៩-២០) (តង្វាយ)ចំពោះគម្ដែងជគតស្រីជ័យក្សេត្រ(គឺប្រាសាទបាសែត (មាន) ភាជន៍មាស១, ចិញ្ចៀន៧, ព្រះអន្រោញភ្លុកសុទ្ធ, ស្វេតឆត្រភ្លុកសុទ្ធ, រតនមណី១០ (មាន)កែវសូរ្យកាន្តជាដើម, ថូវុទិ, កន្ថោរស្តោះ៤ (និង)ដំរី១។
(១៩-២០) (តង្វាយ)ចំពោះគម្តែងជគតភ្នំបូព៌ (គឺ)ប្រតិស្ឋានព្រះគម្តែងអញស្រីត្រីភុវនញ្ជ័យជាធំ(ក្នុងពិធី)បញ្ចោត្សវ។
(២១-២២) (តង្វាយ)ចំពោះគម្តែងជគតច្បារឫស្សី(មាន) គ្រែព្រះ(ធម៌ធ្វើពី)ភ្លុកសុទ្ធ (និង)គន្គិន(ធ្វើពី)ភ្លុកសុទ្ធរំលេចមាស។
(២២-២៣) (តង្វាយ)ចំពោះគម្តែងជគតហេមស្រឹង្គ(គឺប្រាសាទតាកែវ) ថ្វាយគ្រឿងអលង្ការដល់ព្រះបដិមា, បញ្ចសូល៍ (និង)ដំបងចម្បាំងសម្រាប់អ្នករបាំ។
(២៣-២៥) (តង្វាយ)ចំពោះគម្តែងជគតស្រីនរេន្ទ្រគ្រាម(គឺប្រាសាទឯកភ្នំ) (នៅ)ព្រះស្រុកភីមបុរៈ ដែលលោក(គឺព្រាហ្មណ៍យោគីសូរបណ្ឌិត)ជាអ្នកស្ថាបនា(មាន) ថ្វាយថូក្លស់ប្រាក់១ (ទម្ងន់)៨ជញ្ជីង, (និង)ផ្ដិលឬចានប្រាក់១ (ទម្ងន់)៣ជញ្ជីង។ ស្រុកជាគ្រាម (ជា)ព្រះតង្វាយដឹងគុណ ថ្វាយ(ដល់ប្រាសាទនេះ)ជាគ្រឿងចំណាំបូជា។
វាក្យសព្ទ
ករង្ក (សំ.) ថូ ពែង ផ្ដិល ឬចាន។
កលឝ (សំ.) ថូក្លស់ ថូឬភាជន៍សម្រាប់ស្រង់ទឹក។
គន្គិន វត្ថុប្រើប្រាស់ម្យ៉ាងដែលគេពុំទាន់អាចកំណត់ន័យបាន។
ជំន្វន៑ ជំនូន តង្វាយ។ ជំន្វន៑ < ជ្វន៑ “ជូន”។
ចំនាំ គ្រឿងរណ្តាប់បូជា គ្រឿងរៀបចំសម្រាប់បូជា។
ត ដ៏, ដល់, ចំពោះ,…។
តម្រ្យ ដំរី។
ថ្និំ គ្រឿងអលង្ការ គ្រឿងប្រដាប់កាយ។
ទក្ឞិណា (សំ.) រង្វាន់ឬប្រាក់សគុណចំពោះគ្រូ ឬព្រាហ្មណ៍, តង្វាយ,…។
បីថ (សំ.) កៅអី អាសនៈ បល្ល័ង្ក គ្រែព្រះធម៌(?)។
ប្រតិគ្រហ (សំ.) កន្ថោរស្តោះ។ ដូចពាក្យ បទិគះ ដែរ។
ភារ (សំ.) ជាខ្នាតរង្វាស់ទម្ងន់របស់ឥណ្ឌា។
រណមទ៌្ទណ (សំ. រណ = ចម្បាំង សង្គ្រាម + មទ៌ន = កិន កម្ទេច បុក…) ដំបងចម្បាំង ដំបង។
ម៌្មាំ អ្នករាំ។
រូប្យ (សំ.) ដែលធ្វើពីប្រាក់ ដែលមានរូបល្អ។
លង្គៅ ស្ពាន់។
វុទិ (សំ.) ថូម្យ៉ាង។
ឝ្វេតតន្ទុល (សំ. < ឝ្វេត = ស + តន្ទុល =អង្ករ) អង្ករសម្រិត។
សវ៌្វទន្ត (សំ. សវ៌្វ = សព្វ + ទន្ដ = ធ្មេញ ភ្លុក) ភ្លុកសុទ្ធ។
ស្ឋាបក (សំ.) អ្នកស្ថាបនា។
ហេមទោលា (សំ. ហេម = មាស + ទោលា = អង្រឹង) អង្រឹងមាស។
អង្គុលិយក (សំ.) ចិញ្ចៀន។
អច៌្ចា (សំ. អច៌ា)រូបបដិមា។
អទ៌្ធលោ វត្ថុប្រើប្រាស់ម្យ៉ាងដែលគេពុំទាន់អាចកំណត់ន័យបាន។
អំបេណ (< បេន៑ =បែន) អ្នកបែន(ស្រូវ)។
—————————————
Prasat Takeo Inscription K.276
Takeo Temple is a temple in the Angkor area of Siem Reap Province, which began being built during the reign of Sri Suryavarman V (Jayavarman IV 968-1001 CE) and continued until the reign of Sri Suryavarman I (1002-1050 CE). However, the temple was not completed. We can see a few fine sculptures or ornaments on the wall surface of the temple. In this temple, there are a total of seven inscriptions, K.275-78 and K.534-536. These inscriptions were previously studied by French researchers. In this article, we choose the inscription K.276, which is inscribed in 1 line of Sanskrit and 24 lines of Khmer language, and translated into modern Khmer. This inscription is located on the south gate of the west gate of the outer entrance of Takeo temple. This inscription is a record of the ceremony of the royal priest of Sri Suryavarman I, the Brahmin Sri Yogi So Bandit, who made offerings to temples such as Prasat Koh Ker, temples at the Angve Tonle, Prasat Vrai Basac, Prasat Sri Champe So, Prasat Kantuot Teuk, Prasat Basset, Prasat Phnom Bo, Prasat Chbar Russey, Prasat Takeo, and Prasat Ek Phnom. The offering to Ek Phnom is detailed in the inscription on Ek Phnom K. 211 because he was in charge of the construction of the temple to keep the Shiva Linga dedicated to Sri Suryavarman I, named “Sri Suryavarman So”.
This inscription has no dated, but in alphabetical form, it was written between the 11th century during the reign of Sri Suryavarman I. The letter form is fine, clear and straight, but the stone surface is not smooth enough.
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង