ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ រឿង មហាចោរនៅទល់ដែន (ភាគ៦០)

អក្សរសិល្ប៍ខ្មែរ រឿង មហាចោរនៅទល់ដែន (ភាគ៦០)

(ស្រីទុគ៌ត)

            បាទសិស្សខ្ញុំៗ បានបង្ហាត់វិជ្ជាគ្រប់យ៉ាង ទាំងអក្សរទាំងក្បាច់ចម្បាំងជាមួយគីរីសុមេរុ?

            អ្នកណា គីរីសុមេរុ?

            ជាក្លើខ្ញុំ នាងមិនស្គាល់ទេ។ គាត់នោះចាស់ណាស់ហើយ តែជាមនុស្សកំពូលមនុស្ស។

            ច៎ាះ! លោកពូធ្លាប់ឃើញប្តីខ្ញុំមែនឬទេ?

            ខ្ញុំមិនដែលជួបទេ តែខ្ញុំមានគ្នីគ្នាទៅរករាល់ពេល។​

            លោក! ប្តីខ្ញុំសុខសប្បាយជាទេ?

            សុខសប្បាយជាទេ

            គាត់ធាត់ ឬស្គម?

            នៅដដែលដូចមុនទេមើលទៅ។ ខ្ញុំមិនសូវដឹង ព្រោះយើងឃ្លាតគ្នាតាំងតែពីពេលនាងចេញពី សិរីសោភ័ណមកនោះផង។

            អូ! យូរណាស់ហើយ តែលោកពូ! លោកពូ! ឳទុក្ខខ្ញុំធំណាស់។ ប្តីខ្ញុំនឹងស្មានថា ខ្ញុំនេះជាស្រី ដែលក្បត់គាត់។

            ខ្ញុំជាសាក្សីស្រាប់ តើភ័យអ្វី?

            ច៎ាះ! ច៎ាះ! សូមលោកពូមេត្តាជួយពន្យល់គាត់ផង។ ឳ! ទុក្ខខ្ញុំមានយូរហើយ ពេលនេះខ្ញុំ ទើបបានសប្បាយម្តង។​

          ចូលនាងកុំព្រួយឲ្យសោះ

          ហ៊ឺ! លោកពូមានគុណនឹងខ្ញុំដល់ម្ល៉េះ តើលោកពូនាមឈ្មោះអី? នៅស្រុកណា? ប្រពន្ធ ឈ្មោះអី? មានកូនប៉ុន្មាន?

          ខ្ញុំជាមនុស្សអត់ឈ្មោះ អត់ស្រុកទេស អត់គ្រួសារ អត់កូនចៅទេ

          ម៉េចក៏យ៉ាងដូច្នោះ?

          សូមនាងកុំចង់ដឹងរឿងខ្ញុំឲ្យសោះ។

          មនុស្សធ្វើមុខស្រងូតស្រងាត់ក្រៃពេក ដែលនាំឲ្យនាងទេវីមានចិត្តអាណិតរកអ្វីមក ប្រដូចពុំបាន។

          ឃើញដូច្នោះ នាងក៏អត់ដង្ហើម មិនសួរអ្វីពីរឿងនេះទៀតឡើយ។

          ឳ លោកពូ! មីងចន្ទនៅឯណា?

          នៅបន្ទប់ខាងមុខ

          ខ្ញុំសុំអោយគាត់មកនៅជាមួយខ្ញុំបានទេ?

          ហាសៗ ខ្ញុំមិនចង់ដូច្នោះទេ

          ម៉េចក៏ដូច្នោះ?

          ព្រោះស្រីៗ បើនៅជិតគ្នា ចេះតែនាំគ្នានិយាយពីទុក្ខ រួចយំនាំឲ្យខ្ញុំវេទនាចិត្តណាស់។

          មិនអីទេ ខ្ញុំអផ្សុកណាស់ ខ្ញុំសុំឲ្យគាត់មកនៅជាមួយខ្ញុំមក។ រួចកូនខ្ញុំផង។

          បាទ! កុំនិយាយគ្នា រួចកុំយំណ៎ា!

          ច៎ាះ! ខ្ញុំធានាជូនលោកពូ។

          លំដាប់ក្រោយពីនោះ មីងចន្ទ និងនាងបទុមក៏បានមកនៅជាមួយនាងទេវី។​ រីឯបុរស មិនស្គាល់ឈ្មោះក៏ឡើងទៅលើដំបូលទូកវិញ អ្នកចែវទាំងអស់មានបួននាក់ អ្នកកាច់ចង្កូត ម្នាក់ទៀតត្រូវជាប្រាំនាក់។ បុរសយើងបញ្ជាឲ្យក្មេងម្នាក់ដាំបាយ បម្រើទឹកក្តៅ ទឹកត្រជាក់ដល់ស្រី ទុគ៌តទាំងពីរប្រាណ។ ក្នុងវេលាថ្ងៃនេះ បុរសនិទ្ទ្រាលក់យ៉ាងស្កប់ស្កល់លើដំបូលទូក ដែលលឿនស្លុង ស្លែវបណ្តោយតាមទឹកហូរ។

(ក្បួនការពារឯករាជ្យ)    

            ចលនាតស៊ូដោះលែងជាតិដែលមានមានន្ទដឹកនាំនោះ ក៏ចេះតែធំឡើងៗជាលំដាប់។ បើតាម សង្កេតការលូតលាស់ល្អនេះ មកពីហេតុជម្រៅបីយ៉ាងៈ

១. មកពីការងារធ្វើមានគោលបំណងច្បាស់លាស់ គឺបណ្តេញខ្មាំងជាតិយកឯករាជ្យមាតុភូមិ។

២. មកពីមធ្យោបាយដើម្បីសម្រេចបំណងនេះ មានក្រឹត្យវិន័យម៉ឹងម៉ាត់ល្អជាក់ស្តែង។ អ្នកណា ខុសត្រូវតែទទួលទោសតាមខុស មិនថាអ្នកតូចឬអ្នកធំឡើយ។ ភ្នាក់ងារម្នាក់ៗដឹងមុខការនិងករណី កិច្ចរបស់ខ្លួនគ្រប់ផ្នែកគ្រប់ក្រុម។ ក្រឹត្យវិន័យទាំងឡាយនោះគឺអាចចងជាក្បួនបដិវត្តមួយដ៏វិចិត្រ សម្រាប់រៀនអោយស្គាល់នូវអស់បញ្ហាជាតិខ្មែរ ឲ្យយល់អស់នូវរឿងខ្មែរ ឲ្យជឿនូវអស់តម្លៃជាតិខ្មែរ រួចអោយហ៊ានធ្វើនូវអស់ការងារដែលបានគ្រោងទុកមក។ ក្បួនបដិវត្តនេះជាប្រពៃណីសម្រាប់បំភ្លឺផ្លូវ ឲ្យជនអ្នកតស៊ូដើរតែលើគន្លងត្រូវជានិច្ច។ មិនតែប៉ុណ្ណោះ ការតស៊ូបំភ្លឺហើយដោះស្រាយបញ្ហាទុក្ខ របស់រាស្រ្ត ព្រមទាំងបញ្ហាច្បាប់សម្រាប់ពលរដ្ឋ និងច្បាប់របស់សង្គម ដែលមានអធិបតេយ្យភាពបរិ បូណ៌ពិតៗ មានបញ្ហាសេដ្ឋកិច្ច វប្បធម៌ សិល្បៈ អក្សរសាស្រ្ត យុត្តិធម្មសាស្រ្តជាដើម។

៣. មកមេផ្តើម អ្នកដឹកនាំ និងសមាជិកតស៊ូ គឺសុទ្ធសឹងពិតៗ ជាអ្នកស្នេហាជាតិ ដែលធ្លាប់មាន ការពិសោធន៍ធំៗក្នុងរឿងជាតិ មានសតិសម្បជញ្ញៈយ៉ាងមោះមុតក្នុងកិច្ចប្រតិបត្តិការពុំបណ្តោយខ្លួន ឲ្យធ្លាក់ក្នុងកំហុសដែលរំលោភលើជាតិនោះ។

ហេតុនេះអង្គការតស៊ូរបស់ប្រជាជាតិ ដឹកនាំដោយប្រជារាស្រ្តដើម្បីប្រជារាស្រ្តអង្គការដែល រស់មានជីវិតដូចដើមឈើដែលចេះតែធំឡើងៗ រឹងឡើងៗ ខ្ពស់ឡើងៗជានិច្ច។ គឺជាអង្គការដែលមាន អនាគតយ៉ាងពិស្តារ។

ចំណែកខាងនាទីគ្រប់គ្រងសៀម ដែលមានកាមា និងព្រះនាងមណីជាបរិវារ ព្រឹត្តិការណ៍ មានផ្ទុយទៅវិញ។ រាល់ថ្ងៃ មានតែមនុស្សអាក់អន់ចិត្តដែលមានចំនួនកាន់តែច្រើនៗ សង្គមគ្មាន របៀបរៀបរយនាំឲ្យមនុស្សដណ្តើមយកសុខផ្ទាល់ខ្លួន ម្ល៉ោះហើយមនុស្សទាំងអស់ច្រើនតែ ជោរ ជោគទៅដោយលោភា ទោសោ មោហោ គ្រប់គ្នាៗ។ រឿងនេះជាហេតុធ្វើឲ្យ មានការជិះជាន់គ្នា មាន ការជញ្ជក់ឈាមគ្នាគ្មានអៀនខ្មាស់ មានការប្រើអំណាចហួសហេតុ ដើម្បីប្រយោជន៍បុគ្គល មានការ ឈ្នានីសព្យាបាទគញនដោយអយុត្តិធម៌។ល។ ប្រយោជន៍សាធារណៈគឺជាប្រយោជន៍ ប្រជារាស្រ្ត ដែលជាភាគច្រើនក៏ត្រូវឥតបាន គិតគូរដល់ឡើយ។

ធ្ងន់ទៅទៀត កាលណោះនគរលែងប្រើច្បាប់ មនុស្សជ្រើម មន្ត្រីខូច រាស្រ្តគ្មានសិទ្ធិសេរីភាព អ្នកស្រែរងទុក្ខវេទនា អ្នកក្ររឹតតែក្រ លែងងើបមុខរួច។ គឺជាសង្គមពុករលួយ។ សង្គមបែបនេះរួញ ទៅ។ នាំឲ្យថយកម្លាំជាដរាបរាល់ថ្ងៃ។ ពិសេស គឺសង្គមមួយដែលគ្មានអនាគត។ សង្គមនេះដួលខ្លួន ឯង មិនបាច់អ្នកណាច្រានរំលំឡើយ។

                         (សូមរងចាំតាមដានភាគទី៦១ នៅសប្តាហ៍ក្រោយ)       

 

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!