ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកគោកអង្កាញ់ K.៨៤៤

សិលាចារឹកគោកអង្កាញ់ K.៨៤៤

បុរាណដ្ឋានគោកអង្កាញ់ ស្ថិតនៅក្នុងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាបស្ថិត​នៅ​ទិសអាគ្នេយ៍ត្រពាំងដូនមាស​ប្រមាណជា​១,៥គីឡូម៉ែត្រ​ និង​ខាងកើត​ភូមិព្រៃយាង​១គីឡូ​ម៉ែត្រ។​ នៅក្នុងឯកសារ​របស់លោក ហ្ស៊ក សេដែស ហៅឈ្មោះទីនេះថា គុកអង្កាញ់​ (Kŭk Aṅkằñ)។  នៅ​ទី​នោះ​មានប៉ម​​ប្រាសាទមួយធ្វើអំពីឥដ្ឋ ព័ទ្ធជុំវិញដោយគូទឹក មាន​ផ្លូវ​ចូល​ពី​ទិស​ខាងកើត។ មេទ្វារ​មាន​សិលាចារឹកចារចំនួន​៤០បន្ទាត់​នេះ​ បានរកឃើញ​នៅខែធ្នូ ឆ្នាំ១៩៣៥ ដោយ​អ្នកផ្តិតសិលាចារឹកនៃមន្ទីរអភិរក្សអង្គរ និង​បាន​យក​មក​រក្សាទុកដោយ​ចុះបញ្ជី​សារពើភណ្ឌលេខ៣៧៧០។

រូបថតផ្ដែរប្រាសាទ​គោកអង្កាញ់ (ប្រភពរូប៖ EFEO_CAM17493)​
រូបថត​សសរពេជ្រនិងថ្មទ្រនាប់ជណ្ដើរប្រាសាទគោកអង្កាញ់ (ប្រភពរូប៖ EFEO_CAM11201)

សិលាចារឹកនេះ បាក់ជាពីរបំណាក់។ នៅផ្នែកខាងស្ដាំ នៃបំណាក់ខាងលើ​ ផ្ទៃថ្ម​បែក​នាំឱ្យបានអក្សរបន្ដិចបន្ដួច ដែលអាចយល់បាននូវ​ពាក្យដែល​បាត់មួយចំនួន​។ នៅ​បន្ទា​ត់​ទី​៤ មាន​ផ្ទៃថ្មខូចខាត​ បាត់អក្សរ​៤-៥តួ ពុំអាចយល់បានថាបាត់ពាក្យអ្វីខ្លះ។ ​បំណា​ក់​ផ្នែកខាង​ក្រោម​ ផ្ទៃថ្មខាងស្ដាំបានបែក ប៉ុន្ដែយើងក៏អាចយល់បាន​នូវពាក្យ​ដែលបាត់​នោះ​បាន​ផងដែរ។ អត្ថបទ​នេះពុំមានកាលបរិច្ឆេទ​ទេ ប៉ុន្ដែបើ​ផ្អែកតាមរូបរាងអក្សរ «រ» ដែលដូច​ទៅ​នឹងអក្សរ «ប» តែមានប្រឡោះកណ្តាល​ចង្អៀត​ លោក សេដែស បានកំណត់ថាសិលា​ចារឹក​នេះមាន​អាយុកាល​មិនហួសស.វ.ទី១០ឡើយ​ ព្រោះទម្រង់អក្សរ «រ» របៀបនេះ​លែង​ឃើញប្រើក្រោយពីពេលនោះទេ។ ចំណែកឯ​លោក ចេណ្ណឺរ វិញ ​បានកំណត់​អាយុ​កាល​សិលា​ចារឹកនេះ​នៅ​ចន្លោះពីស.វ.ទី៩-១១ គឺរវាងគ.ស.៨៧៨-១០៧៧។

លោក ហ្ស៊ក សេដែស បានសិក្សាសិលាចារឹកនេះ ចុះផ្សាយនៅក្នុងសៀវភៅរបស់​លោក ​ដែលមានចំណងជើង​ថា «សិលាចារឹកនៃប្រទេសកម្ពុជា» ក្បាលទី៥ នៅឆ្នាំ១៩៥៣ជា​​ភាសាបារាំង។ ក្រោយមក លោក ហ្វីលីព ចេណ្ណឺរ បានសិក្សាសិលាចារឹកនេះជាភាសា​​​​អង់គ្លេសនៅក្នុងស្នាដៃ Part xml, № 44 និងចុះផ្សាយនៅគេហទំព័រ http://sealang.net​/ok/​corpus.​htm​។

ចំពោះ​អត្ថន័យសំខាន់នៃសិលាចារឹកនេះ គឺ​ជាការបង្ហាញអំពីតង្វាយជាដី​និង​ភោគ​ផល​សម្រាប់បូជាដល់​ប្រាសាទសិវលិង្គ​ពីរកន្លែង ហើយ​ប្រាសាទនោះ​គឺជាបុណ្យ​កសាង​ឡើង​ដោយព្រាហ្មណ៍ជាអ្នកបួសដែលពុំបានបង្ហាញឈ្មោះ។ សេចក្ដីមួយភាគធំ​ក្នុង​អត្ថប​ទ​នេះ គឺជាការរៀបរាប់អំពីព្រំប្រទល់ដីដែលថ្វាយទៅកាន់ប្រាសាទសិវលិង្គទាំង​ពីរ។ ចុងបញ្ចប់នៃអត្ថបទ​ បានបញ្ជាក់ថាដីទាំងនេះ គឺស្ដែងម្នាក់ដែលឈ្មោះរលុបបាត់​ បាន​ទិញដើម្បីថ្វាយទៅប្រាសាទទាំងពីរ។

២- អត្ថបទដើមជាអក្សរទំនើប

១-      ៙វ្រះកំម្រតេង៑អញ៑ឝិវលិង្គតវ្យរ៑បុន្យវ្រ[ះបំ]

២-      ន្វស៑ប្វសគិនក្កស្ឋាបនាចោងឥត៑រិយភូ[[មិ]]

៣-     នុផ្លេបុជាវ្រះកម្រតេង៑អញ៑ឝិវលិង្គអំវិ—

៤-      ថ្នល៑ស្រេម្វាយ៑ជេង៑ទៅល្វះហ៑–(ង៑)–តោ

៥-      យ៑វាយវ្យសំទប្បនោះទៅតោយ៑បឝិ្ចម[ល្វះ]

៦-      តគិផ្លុវ្រេក្កផ្លុម្វាយ៑ទៅវកោង៑ផ្លុម្វាយ៑ច្វ

៧-      ល៑វ្នុរ៑ស្រមោតោយ៑ឧត្តរផ្លុវកោង៑គោល៑ថ្មេទៅ

៨-      ទក្ឞិ[[ណ]]ល្វះតគិស្ន្វល៑គោល៑ម្វាយ៑តនោះអំវិ

៩-      តនោះទៅបុវ៌្វល្វះតគិមុឪត្រវាង៑ស្វាយ៑ឆ

១០-    ត្ដោយ៑នៃឫតិយ៑គោល៑ម្វាយ៑នោះទៅល្វះតគិ

១១-​    មុត្រវាង៑ស្វាយ៑ឆត្តោយ៑[ឥ]ឝានសោត៑គោល[[ម្វា]]

១២-    យ៑អំវិតនោះទៅឧត្តរសោត៑ល្វះតិបឝ្ចិមស្តុក៑ស្លិ-

១៣-   គោល៑ម្វាយ្តិតនោះអំវិតនោះទៅបឝ្ចិមល្វះតគិ

១៤-    ត្រវាង៑ឆ្មារតីអគ្នេយតិឧត្តរវ្រះកម្រតេង៑អញឝិវ[[លិ]]

១៥-    ង្គតោយឧត្តរផ្លុសំទប្បមុត្រវាង៑វ្លាង៑តឥឝានគោ[[ល៑ម្វា]]

១៦-    យ៑អំវិតនោះទៅឧត្ត[[រ]]ជេង៑ប្វន៑វាក្តោង្តង្គោល[[ម្វាយ៑]]

១៧-   សំទប្បនោះទៅបឝ្ចិមផ្លុថ្ងាយ៑លុច្ចស្រេ[[គោល៑ម្វា]]

១៨-    យ៑ទៅទក្ឞិណសំទប្បមុស្ឋលាតិវាយវ្យ[[តិបឝ្ចិ]]

១៩-    មផ្លុគោល៑ម្វាយ៑នេះភុមិតរោះនេះតិស្តេ[[ង៑]]–

២០-    ទុញ៑បិឱយ៑តវ្រះកម្រតេង៑អញ៑ឝិវ[[លិង្គ]]

-​ អត្ថបទប្រែសម្រួល

          (១-២) (ប្រាសាទ)ព្រះគម្តែងអញសិវលិង្គទាំងពីរ (ជា)បុណ្យព្រះបំនួស(ដែល)បួស គឺ​​(ជា)អ្នកស្ថាបនាសង់(ប្រាសាទ)ឥដ្ឋ។

          (២-១៩) រីដីនិងភោគផល(សម្រាប់)បូជាព្រះគម្តែងអញសិវលិង្គ ចាប់​ពី​—ថ្នល់ស្រែ​(ប្រវែង)​មួយជើង (ដីនោះ)ទៅរហូតដល់—ទៅដល់(ត្រង់​ដី?នា)ទិសពាយព្យក្បែរនោះ។ ទៅ​​លិចរហូតដល់ផ្លូវព្រែក(ត្រង់​)ផ្លូវមួយទៅពកោង (និង)ផ្លូវមួយចូល(ទៅ)ផ្នូរស្រម៉។ ទៅ​ជើង(ដល់)​ផ្លូវពកោង(ត្រង់​)គោលថ្ម។ ទៅត្បូងរហូត​ដល់ស្នួល(ត្រង់ថ្ម)គោលមួយនៅទីនោះ។ ចា​ប់​​ពី​ត្រង់​នោះទៅកើតរហូត​ដល់ជ្រុង​ត្រពាំងស្វាយឆត ដល់​ទិសនិរតី(ត្រង់​ថ្ម)គោលមួយ​​(នៅទី)នោះ។  ទៅរហូត​ដល់ជ្រុងត្រពាំងស្វាយឆត ដល់​ទិសឦសាន(ត្រង់​ថ្ម​)គោលមួយដែរ​។ ចាប់​ពី​ត្រង់​នោះទៅជើងរហូត​ដល់ខាងលិចស្តុកស្លិ-(ត្រង់​)គោលមួយនៅទីនោះ​។ ចាប់​​ពី​ត្រង់​នោះទៅលិចរហូតដល់ត្រពាំងឆ្មារ ទៅទិសអាគ្នេយ៍(ដល់)ខាងជើងព្រះ​គម្តែង​អញសិវលិង្គ ទៅខាងជើងផ្លូវក្បែរជ្រុងត្រពាំងភ្លាំងដល់ទិសឦសាន(ត្រង់ថ្ម​)គោលមួយ​។ ចាប់ពីត្រង់​នោះទៅជើង(មានស្រែ​ប្រវែង)បួនជើង (ទៅ​ដល់?)​វាក​តោងតង(ត្រង់​ថ្ម​)គោលមួយនៅក្បែរនោះ។ ទៅខាងលិច (នៅ)ផ្លូវខាងលិចស្រែ(ត្រង់)គោលមួយ។ ទៅត្បូងក្បែរជ្រុងទួលដល់​ខាងពាយព្យ (និង)​ខាងលិចផ្លូវ(ត្រង់​ថ្ម)គោលមួយ។

(១៩-២០) ដីទាំងអស់នេះ ស្តែង–ទិញដើម្បីថ្វាយដល់(ប្រាសាទ)ព្រះគម្តែងអញសិវលិង្គ។

-​ «ចោង៑ឥត៑»

ពាក្យ «ចោង៑ឥត៑» នេះ បើបកប្រែពីពាក្យបុរាណសងមកពាក្យទំនើបត្រង់ៗ គឺ «ចង​ឥដ្ឋ»។ សម្រាប់ពាក្យ​ «ចង» បច្ចុប្បន្ន មនុស្សម្នាទូទៅ​ ហាក់​នឹកសំដៅដល់ការកួច​ភ្ជាប់គ្នា​ធ្វើជាចំណង គឺចងខ្សែជាដើម។ យើងអាចគិតឆ្ងល់ថា «ចងឥដ្ឋ» ដូចខ្សែម្ដេច​កើត​ទៅ? យ៉ាង​ណា​ពាក្យ «ចង» នេះ មានន័យលើពីនេះ ហើយន័យសំខាន់បំផុតគឺ ភ្ជាប់គ្នា។ ដូច្នោះ «ចងឥដ្ឋ»​ គឺភ្ជាប់ឥដ្ឋ ឬរៀបឥដ្ឋ។

បើមើលឱ្យលើសពីនេះ ក្នុងភាសាខ្មែរពីបុរាណ​មក​ មានបម្រែប​ម្រួល​មួយ​គួរឱ្យ​កត់​​សម្គា​​ល់​​នឹង​យក​មកនិយាយ ដើម្បី​ពន្យល់អំពីបញ្ហានេះ។ ការប្រែប្រួលនោះ កើត​មាន​រវាង​ព្យញ្ជនៈ «ច» និង «ស» ដូចជាពីបុរាណប្រើពាក្យ «ច្ទិង» ឯបច្ចុប្បន្នក្លាយមកជា «ស្ទឹង» ជាដើម។ បើមើល​ឃើញត្រង់ចំណុច​នេះ គង់នឹងយើងនឹកពាក្យ «ចងឥដ្ឋ» មានន័យ​ប្រហាក់​ប្រហែលនឹង​ពាក្យ «សង់ឥដ្ឋ» ជាពុំខាន។ តាមរយៈ​ការ​​ពិនិត្យ​មើល​ពាក្យ «ចោង៑» កាលពីបុរាណ​ ដោយ​ពឹងផ្អែក​លើ​ទិន្នន័យសិលាចារឹក​ភាសាខ្មែរ​បុរាណ​នានា​ យើង​សង្កេ​ត​​ឃើញ​មាន​ប្រើដូចខាងក្រោមនេះ៖

  • ចោង៑ប្រាសាទ (៩១, ១៩៤, ២៣៥)   =  សង់ប្រាសាទ
  • ចោង៑ឝិលាប្រាសាទ (២៣៥)            =  សង់ប្រាសាទថ្ម
  • ចោង៑វលភិ (២៣៥)                         =  សង់ប្រាសាទវលភិ
  • ចោង៑កំវេង៑ (២៣៥)                         =  សង់កំពែង
  • ចោង៑​ឥត៑ (២៣៨, ៣៤១, ៨៤៤)      =  សង់(ប្រាសាទ)ឥដ្ឋ

នាសម័យបច្ចុប្បន្ន​ យើង​ក៏សង្កេត​ឃើញ​មាន​ប្រើ​ពាក្យ «ចង» ជាមួយ​ពាក្យ​ក្នុង​សំណង់​ស្ថាបត្យកម្មដែរ​ គឺពាក្យ «ចងស្ពាន» ដូចឃ្លាថា «ចងស្ពាន មានមេត្រី»។ ឃ្លានេះ អាចឱ្យយើងបកស្រាយថា «ភ្ជាប់ស្ពាន ដើម្បីសាងមេត្រីនឹងគ្នា» ឬថា «សង់ស្ពានដើម្បីឆ្លង​ទៅរកមេត្រីភាព»។ ដែលកាន់តែច្បាស់នោះ នៅក្នុងការសម្ដែងរបាំរឿង​រាមកេរ្ដិ៍ មាន​ឈុត​មួយ​​​ត្រង់ហនុ​មាន​ត្រូវសង់ស្ពាន​ដើម្បីឆ្លងទៅក្រុងលង្កា ខ្មែរយើងនិយមហៅថា «ហនុមាន​ចង​ស្ពាន» ដែលឯកសារសំណេរខ្លះក៏សរសេរថា «ចងថ្នល់» ឬ «កថ្នល់​» ផងដែរ​។

ស្ថាននាម «វកោង៑»

បើយើងមើលស្ថាននាមនេះ តាមការវិវត្តភាសាខ្មែរ ពាក្យ «វកោង» ពីបុរាណ​នឹង​ក្លាយ​មកជាពាក្យទំនើបថា «ពកោង»។ មានអ្នកស្រាវជ្រាវមួយចំនួន បាន​សន្និដ្ឋានថាពា​ក្យ «វកោង៑» នៅក្នុងសិលាចារឹកនេះ គឺត្រូវគ្នាឬមានទំនាក់ទំនង​នឹងភូមិ «បង្កោង» ដែលស្ថិត​នៅ​ក្នុង​ឃុំ​អំពិល​ ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប។ នៅភូមិបង្កោង​នេះ នៅរក្សាកិច្ច​ទំនៀមពីបុរាណ​ជាច្រើន ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍និងស្គាល់ច្រើនជាងគេ​ ការចាប់ត្រី​រួមគ្នានៅត្រពាំងបឹង ដើម្បី​ធ្វើនំបញ្ចុក​យកទៅជុំគ្នា​នៅកន្លែងធ្វើបុណ្យឡើងមាឃ​ គឺដើម្បី​ប្រគេនព្រះសង្ឃផង និង​ថ្វាយអ្នកតាមផង។

យ៉ាងនេះក្ដី ក៏មានសេចក្ដីសន្និដ្ឋានមួយទៀតថា ស្ថាននាម «វកោង៑» កាលពី​បុរា​ណ​នេះ ទំនងជាវិវត្តមកជា​ស្ថាននាមភូមិនិងប្រាសាទ «បាគង» ផងដែរ។ ចំណុច​ដែល​​យើង​អាច​សង្កេតពិនិត្យបានទៅលើបញ្ហានេះ គឺ​ព្យញ្ជនៈ «វ» មានការវិវត្តទៅជាព្យញ្ជនៈ​បបូរ​​មាត់​ដូចជា​ «ព» និង «ភ» ហើយ​សូរបបូរមាត់ពីរនេះ ក៏អាចក្លាយទៅជាសូរបបូរមាត់​ផ្សេង​​ទៀត​ដូចជា «ប» និង «ផ» ផងដែរ។ ចំណុចនេះ យើង​គង់នឹងឃើញបានថា «វ» ក្នុង​ពាក្យ «វកោង» អាចក្លាយទៅជា «ប» ឬ «បា»​ បានដែរ។ ឯ «កោង» អាចនៅរក្សាសូរដដែល ឬ​​ក្លាយ​ទៅជា «គង»។ ដូច្នេះហើយ ស្ថាននាម «វកោង៑» ពីបុរាណ​ ពុំអាចឱ្យយើង​ជ្រះ​ស្រឡះ​​ថាត្រូវនឹង​ទីតាំងណាមួយពិតប្រាកដនោះទេ។ យ៉ាងនេះក្ដី តាម​លទ្ធ​ភាព​នៃ​ការ​វិវត្ត​ភាសា​ បានចង្អុលបង្ហាញទីតាំងពីសំខាន់ៗគឺ «បាគង» និង «បង្កោង» ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​​ប្រាសាទ​បាគង ខេត្តសៀមរាប៕

———————————–

Kŭk Aṅkằñ Inscription K.844

Kŭk Aṅkằñ Archaeological Site is located in Kdei Run Commune, Puok District, Siem Reap Province, about 1.5 km southeast of Trapeang Daun Meas and 1 km east of Prei Yeang Village. In the documents of George Cœdès, this place is called Kŭk Aṅkằñ. There is a brick tower surrounded by a moat with an entrance from the east. On the door frame, there are 40 lines of inscriptions that were discovered in December 1935 by the inscription printer of the Angkor Conservation Department and conserved with inventory registration 3770.

This inscription is broken into two parts. On the right side, there are some breaking on the surface of the inscription but it is understandable some of the missing words. In the fourth line, there is a damaged stone surface, 4-5 letters are missing, and thus, do not know what words are missing. In the lower part, there is a broken part on the right surface. However, we can also understand the missing word. The text has no date, but based on the letter “រ”, which is similar to the letter “ប”, Cœdès determined that the inscription would be in the 10th century because this form of the letter “រ” is no longer used after that time.​ Philip N. Jenner, on the other hand, dates the inscription between the 9-11 century and 878-1077 CE.

Mr. George Cœdès studied the inscription and published it in his book titled “The Inscription of Cambodia”, Volume 5, 1953, in French. Phillip Chenner later studied the inscription in English in Part xml, № 44, and published it at http://sealang.net/ok/ corpus.htm.

The main meaning of this inscription is to show the offerings land and wealth for the sacrifice to the two Shivalinga temples, and that the temple was built by a Brahmin that is a priest but does not show his name. A majority part of this text is about the boundaries of the land dedicated to the two Shivalinga temples. At the end of the text stated that these lands were bought by a person to offer to both temples.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!