ទំព័រដើមប្រវត្តិសាស្ត្រតំបន់ស្ថានីយបុរាណវិទ្យា ស្វើណោត

តំបន់ស្ថានីយបុរាណវិទ្យា ស្វើណោត

ស្វើណោត (Zvartnots) គឺជាឈ្មោះ នៃតំបន់ស្ថានីយបុរាណវិទ្យាមួយដ៏ល្បីល្បាញនៅក្នុងប្រទេស អាមេនី (Armenia)។ គួរបញ្ជាក់ដែរថា អាមេនី មានទីតាំងស្ថិតនៅខាងត្បូងនៃភ្នំ កូកាស៊ីស (Caucasus) ដោយស្ថិតនៅចន្លោះសមុទ្រខ្មៅ Black Sea) និងសមុទ្រ កាសព្យែន (Caspian)។ ប្រវត្តិសាស្រ្តនៃប្រទេសនេះ គឹចាប់ផ្តើមពីយុគសំរិទ្ឋមក និងជាប្រទេសដែលសំបូរទៅដោយវប្បធម៌ចំរុះ ហើយក៏មានភាសា និងអក្សរខ្លួនឯងផងដែរ។ អាមេនីក៏ជាប្រទេសដែលកាន់គ្រិស្តសាសនាចាប់ពីចុងស.វ.ទី៣ និងដើមស.វ.ទី៤គ.សរហូតដល់បច្ចុប្បន្ន។ 

ស្ថានីយបុរាណវិទ្យាសើ្វណោត មានទីតាំងស្ថិតនៅក្នុងខេត្ត អាម៉ាវី (Armavir) ដែលនៅក្បែរនឹងរាជធានី យេរេវ៉ាន់ (Yerevan) នៃប្រទេសអាមេនី ។ នៅទីតាំងនៃស្ថានីយនោះ គឺមានការរស់នៅតាំងពីសម័យបុរាណ ពោល គឺចាប់ពីយុគសំរិទ្ឋ ( Bronze age) យុគដែក ( Iron Age) មកម៉្លេះ ដែលបង្ហាញតាមរយៈភស្ថុតាងសិលាចារឹកចាស់ជាងគេមួយ។ តាមរយៈសិលាចារឹកនោះបានបង្ហាញអំពីពត៌មានផ្សេងៗដែលស្ថិតនៅក្នុងរាជ្ជកាលស្តេច អ៊ុយរ៉ាតៀន រូសា (Urartian Rusa) ទី២ ( ឆ្នាំ ៦៨៥ទៅ ៦៤៥មុនគ.ស.)។ ​នៅលើសិលាចារឹកនោះ ក៏បានបន្តបង្ហាញអំពីឈ្មោះ អ្នកដែលបានចារសិលាចារឹកនោះ​ផងដែរ​។ នៅក្រោយមកទៀត តំបន់នោះ ក៏បន្តក្លាយជាទីក្រុង និងគ្រប់គ្រងដោយ​   ស្តេច យ៉រវ៉ាន់ឌូនីស (Yervandunis) និងជាបន្តបន្ទាប់មកទៀត តំបន់នេះ បានក្លាយជាទីក្រុងនៃសាសនាដ៏សំខាន់នៅក្នុងប្រទេសអាមេនី ។ នៅក្នុងតំបន់នៃស្ថានីយនេះ គឺមានព្រះវិហារគ្រិស្តសាសនាមួយដែលល្បីល្បាញជាងគេ មានឈ្មោះ ថា អេកមីតស៊ីន (Echmiatsin)។ ព្រះវិហារនេះត្រូវបានសាងសង់ឡើងនៅស.វ.ទី ៤គ.ស. ក្នុងរាជ្ជកាលស្តេច ទ្រីដាតទី៣ (King Trdat III) ដែលហៅថា The  Mother Cathedral of Echmiatsin។ នៅក្នុងព្រះវិហារ នេះ គឹមានការតុបតែងប្រកបដោយប្រណិត ជាពិសេស ការតុបតែងដោយក្បាច់ ដោយក្បាច់ Mosaic និងមានគំនូរដែលប្រើប្រាស់ទឹកថ្នាំដែលគួរឲ្យទាក់ទាញ។ ព្រះវិហារនេះ គឺជានិមិត្តរូបនៃប្រទេសអាមេនី និងសំណង់ស្ថាបត្យកម្មបុរាណដ៏ស្រស់ស្អាត។ នៅក្បែរ នឹងព្រះវិហារ Echmiatsin ក៏មានព្រះវិហារផ្សេងទៀត ដែលមានឈ្មោះថា St Gayane កសាងឡើងនៅស.វ.ទី ៧គ.ស ពោលក្នុងឆ្នាំ ៦៣០ ។ បន្តទៀត ព្រះវិហារ St Hripsime ក៏សាងសង់នៅស.វទី​៧ដែរ។ ព្រះវិហារ Shoghakat ជាព្រះវិហារថ្មីមួយកសាងនៅឆ្នាំ ១៦៩៤ ប៉ុន្តែសាងសង់ឡើងនៅលើទីតាំងនៃព្រះវិហារក្នុងស.វ.ទី ៤គ.ស.។ 

ក្រៅពីសំណង់ព្រះវិហារគ្រិស្ត ក៏មានសំណង់ស្ថាបត្យកម្ម ដូចជា ប្រាសាទ​ រាជវាំង នៅក្នុងតំបន់នៃស្ថានីយ ស្វើណោត ភាគច្រើនគឺកសាងនៅស.វ.ទី ៧ ដូចជាប្រាសាទ ស្វើណោត ដែលជាសំណង់ប្រាសាទដ៏ធំ និង សំខាន់ជាងគេ នៅក្នុងស្ថានីយស្វើណោត ដោយសារតែប្រាសាទនេះ អ្នកស្រាវជ្រាវបានបង្ហាញជាប្លង់គោល​ ដំបូងគេដែលប្រើប្រាស់នៅទីនេះ និងជាទីតាំងដែលមានសិល្បៈចំរុះ។ ប្រាសាទស្វើណាតត្រូវបានកសាងឡើងនៅអំឡុងពេលដែលអាមេនីត្រូវបានគ្រប់គ្រងដោយអាណាចក្រអារ៉ាប់ និងមានសិល្បៈ ក្រិច ប៊ីហ្សង់ទិន ផងដែរ។ នៅតាមជញ្ជាំងនៃប្រាសាទ មានការតុបតែងជាចម្លាក់ជាច្រើន និងជាពិសេស មានសសរធំៗ ដែលស្ថិតនៅក្នុងសិល្បៈរ៉ូមាំង និងប៊ីហ្សង់ទិន។

សរុបមកស្វើណោត គឺជាស្ថានីយបុរាណវិទ្យាមួយដែលមានកាលប្រវត្តិជាយូរ ពោលចាប់ពីយុគសំរិទ្ឋ និងរហូតដល់ការកសាងព្រះវិហារគ្រិស្តសាសនាជាច្រើនទៀត។ គួរបញ្ជាក់ដែរថា ទីតាំង នៃស្ថានីយបុរាណវិទ្យា ស្វើណោត និង ព្រះវិហារ Echmiatsin គឺត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០០០ក្នុងទំហំផ្ទៃដី ជាង ៧៤ហិតា៕

អត្ថបទដោយ៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!