ប្រទេសអង់គ្លេស៖ ការរកឃើញនូវយុថ្កាដែលធ្វើពីដែក គឺពិតជា “កម្រមិនគួរឱ្យជឿ” ដែលគេគិតថាមានអាយុកាលដល់ទៅ 2,000 ឆ្នាំ។ បច្ចុប្បន្នយុថ្កានេះ កំពុងដាក់តាំងបង្ហាញនៅទីក្រុង Ipswich ប្រទេសអង់គ្លេស។ យុថ្កានេះ គឺត្រូវបានរកឃើញនៅកន្លែងផលិតអគ្គិសនី ( Windfarm) ដោយកង្ហាលខ្យល់ឈ្មោះ East Anglia One ក្នុងឆ្នេរសមុទ្រ Suffolk ក្បែរទីក្រុង Ipswich ប្រទេសអង់គ្លេស។ យុថ្កាដែលបានរកឃើញនេះ ត្រូវបានគេជឿថាស្ថិតក្នុងសម័យកាលរ៉ូម៉ាំង ឬចុងយុគដែក។ វានឹងត្រូវបានបង្ហាញជាលើកដំបូងនៅសារមន្ទីរ Ipswich នៅថ្ងៃអង្គារ មុនពេលយកទៅវិភាគបន្ថែម។ ក្រុមអ្នកជំនាញបាននិយាយថា យុថ្កានេះ ត្រូវបានគេគិតថាបានមកពីកប៉ាល់ទម្ងន់ 500-600 តោន ហើយត្រូវបានគេជឿថាមានអាយុចន្លោះពី1,600 ទៅ 2,000 ឆ្នាំ។
លោក Brandon Mason មកពី Maritime Archaeology Ltd បាននិយាយថា “ទិន្នន័យបានមកពីការវិភាគបឋមបានបង្ហាញថា វាជាយុថ្កាសម័យកាលរ៉ូម៉ាំងដែលមានអាយុកាលជិត 2,000 ឆ្នាំ។ យើងដឹងតែយុថ្កាសម័យមុន Viking ចំនួនបីពីដែនទឹកអឺរ៉ុបខាងជើងនៅខាងក្រៅតំបន់មេឌីទែរ៉ាណេ។ យើងជឿថាការរកឃើញនេះអាចជាឧទាហរណ៌ដ៏ចំណាស់បំផុត ក្នុងចំណោមគំរូនៃយុថ្កា ដែលធ្លាប់បានរកឃើញកន្លងមក ហើយវាបានផ្តល់ឱ្យនូវទិន្នន័យឲ្យយើងបានដឹងអំពីភស្តុតាងនៃបច្ចេកទេស និងការប្រើប្រាស់ផ្លូវទឹកក្នុងសម័យរ៉ូម៉ាំង ប៉ុន្តែយើងដឹងតិចតួចណាស់អំពីរឿងនេះ។ បន្ទាប់ពីការរកឃើញ យុថ្កានោះ ត្រូវបានស្រង់យកចេញ និងបានការពារបរិវេណដែលបានរកឃើញនោះដែលស្ថិតនៅក្រោមបាតសមុទ្រ មុនពេលនៃការងារសាងសង់ដាក់ទួរប៊ីនខ្យល់។
គួរបញ្ជាក់ដែរ យុថ្កាដែលបានរកឃើញនោះ គឺមានប្រវែង 2 ម៉ែត្រ (6.5 ហ្វីត) និងមានទម្ងន់ប្រហែល 100 គីឡូក្រាម (220 ផោន)។ East Anglia One ស្ថិតនៅចម្ងាយប្រហែល 40km (25 ម៉ាយ) ពីឆ្នេរសមុទ្រ Suffolk ដែលមានទួរប៊ីនចំនួន 102។
ដកស្រង់ពី៖ https://www.bbc.com/news/uk-england-suffolk-62989415