ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“ឡើង​មាឃ” តាមទំនៀម​អ្នកស្រុកអង្គរ

“ឡើង​មាឃ” តាមទំនៀម​អ្នកស្រុកអង្គរ

បើផ្អែក​តាម​ប្រតិទិន​ចន្ទគតិ “មាឃ” ជាខែទី៣ ឬគេ​ហៅថា “មាឃធំ” គឺជា​ដើម​រដូវ​ប្រាំង​ ដែល​ជាវេលា​អ្នកស្រុក​តែង​​ប្រារព្ធពិធីបុណ្យ​ទាន​ផ្សេងៗ ​តាម​ទំនៀម​ទម្លាប់​​​ស្រុក​​​រៀងៗ​ខ្លួន​។ ចំពោះ​​អ្នកស្រុក​​រស់​​នៅ​តំបន់​អង្គរ ជារៀង​រាល់ឆ្នាំនៅដើម​ខ្នើត​ក្នុង​​ខែមាឃ គេ​តែង​ប្រារព្ធ​​ពិធី​​មួយ​ហៅថា​ “ឡើង​មាឃ”។ អ្នកភូមិ​ភាគច្រើន​​ប្រារព្ធពិធីនេះ​ នៅ​ថ្ងៃ​៣កើត ហើយ​អ្នក​ខ្លះ​ពិធីនោះ​ហៅ​ថា “៣កើត មាឃធំ” ក៏មាន។ ទីតាំង​​ដែល​គេ​តែង​​​​​ប្រារព្ធ​ពិធី​ឡើង​​មាឃ ឬ៣កើត មាឃធំនេះសោត ​ច្រើនតែជាសាលា​បុណ្យ ឬសាលា​​សំណាក់​​ក្នុង​​ភូមិ​ នៅ​តាម​​ប្រាសាទ នៅ​ខ្ទម​អ្នកតា​ អ្នកតា​​​ក្នុង​​វត្ត​ ឬអ្នកតា​នៅ​តាម​ទីទួល​​នានា ​ហើយ​គេ​ក៏​ហៅ​ពិធី​នេះ​ម្យ៉ាង​ទៀតដែរ​ថា “ឡើង​អ្នកតា​”។

ជាការពិត ឡើង​មាឃ ឬ​៣កើតមាឃធំ ឬឡើង​អ្នកតា​ គឺ​ជា​ទំនៀម​​យ៉ាងសំខាន់​ក្រៃលែង​​​​​ក្នុង​ជំនឿអ្នក​ស្រុករស់​នៅតំបន់អង្គរ ដែល​គេ​សង្កេតឃើញ​មាន​ភូមិ​ជាច្រើន​ ទាំង​នៅតំបន់ភាគខាងលើ តំបន់កណ្តាល និង​​តំបន់​ខិត​ទៅក្បែរ​ទន្លេ​សាបតែង​ប្រារព្ធ​​តាម​វេលា​ខាងលើ​ពុំសូវ​ខក​ខាន​ឡើយ។ បច្ចុប្បន្នទិដ្ឋភាព​ឡើង​មាឃ​នៅ​តំបន់​អង្គ​ដែល​​គេ​ដឹង​​​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គឺ​ឡើង​មាឃ​នៅ​មុខ​​ប្រាសាទអង្គរ​វត្ត នៅ​ភូមិ​នគរ​ក្រៅ នៅ​វត្ត​អធ្វារ និង​នៅភូមិ​បង្កោង​។ ប៉ុន្តែ​យ៉ាង​ណាក្តី​​មាន​កន្លែង​ជា​ច្រើន​ទៀតដូចជា វត្ត​រុន ដូនឪ ត្រពាំង​ធំ ភូមិតាកាំ ភូមិ​ក្បាល​ដំរី ភូមិ​ទម្រឹង ភូមិ​ប្រណីត ភូមិ​ស្រែ​ចង្ហូត ភ្នំក្រោម ចុង​ឃ្នាស និង​កំពង់ភ្លុក​ជាដើម។ ចំពោះ​អ្នក​ស្រុក លុះត្រាតែ​ប្រារព្ធ​ឡើង​មាឃរួច ទើប​គេ​ធ្វើកិច្ចពិធី ឬបុណ្យទាន​​ផ្សេងៗទៀត​​ដូចជា​ បូជា​សពរួមគ្នា ​ចម្រើន​អាយុ ​ចេញ​ម្លប់ ​កោរ​កំប៉ោយ (ផ្តាច់ជុក) និងជាពិសេសគឺ “លៀង​មេមត់” តាមភូមិ ដែលគេ​កម្រឃើញ​ប្រារព្ធមុន​ឡើងមាឃ។​​​ ជាទូទៅ ពិធីឡើង​មាឃ​នៅមុខប្រាសាទអង្គរ​វត្ត​​តែប្រារព្ធនៅថ្ងៃ៣កើត ក្នុង​វេលា​រសៀល​ ដោយ​មាន​កិច្ច​បញ្ចូល​បញ្ជាន់រូប​ ហើយ​មាន​អ្នកភូមិ​មកពីជិតឆ្ងាយ​ជុំវិញ​ចូលរួម​យ៉ាង​​ច្រើន​កុះករ។ មិន​​តែ​ប៉ុណ្ណោះ តង្វាយ​និង​គ្រឿងសក្ការៈ​ដែល​រៀប​ក្នុង​វេលា​នោះ ក៏​​ច្រើន​​​​សម្បូរ​ហូរហៀរ​មានដូចជា ក្បាល​ជ្រូក (ឆ្នាំខ្លះមាន​២ឬ៣គូ) មាន់​ស្ងោ​ ផ្លែ​ឈើ​ បង្អែម​ ចម្អាប និង​បាយស្រីច្រើនថ្នាក់​ផង(រូប​លេខ​​១-៤)​។ ចំពោះ​រូប​សំខាន់​បំផុត​ដែល​គេ​បញ្ចូល​ក្នុង​​ពិធី​នេះ​គឺតារាជ្យ​ បន្ទាប់មក​គឺតាពេជ្រ តាឃ្លាំងមឿង និង​អ្នកតា​តូច​ធំ​ផ្សេងៗ​ទៀ​ត​នៅ​ជុំវិញអង្គរ ឯភ្លេង​ប្រគំថ្វាយ ​គឺ​ភ្លេង​ពិណពាទ្យ។ តាមទំនៀម​ពីបុរាណ នៅក្នុង​វេលា​បញ្ចូល​បញ្ជាន់​រូប​នោះ អ្នកភូមិ​ខ្លះ​តែង​យក​ កាំបិត ពូថៅ ផ្គាក់… ដែល​ជា​ឧបករណ៍​ប្រើប្រាស់​ក្នុង​​ការងារ​ស្រែ​​ចម្ការ​​យក​មក​សែ​ន​​ផង​ដែរ។

ចំពោះ​ពិធីឡើង​មាឃនៅភូមិនគរក្រៅ ដែលជា​ភូមិ​ស្ថិត​នៅកៀក​នឹង​បរិវេណ​អង្គរ​ ហើយ​​អ្នកស្រុកភាគច្រើន​រកស៊ីធ្វើស្រែនិងធ្វើជាកម្ម​ករ​ជួស​ជុល​ប្រាសាទ គឺ​ប្រារព្ធ​ធ្វើ​នៅ​ខ្ទម​​អ្នកតា ក្បែរ​សាលាសំណាក់ ក្នុងថ្ងៃ៣កើត ដូច​នៅអង្គរវត្ត​ដែរ។ អ្នកតា​សំខាន់​នៅ​ទីនោះគឺ អ្នកតា​បាក់​រទេះ (រូបលេខ​៥)។ តាម​សម្គាល់ ពិធីឡើង​មាឃ​ភូមិនេះធ្វើ​នៅ​មុខ​​ខ្ទម​អ្នក​តា ហើយមាន​ភ្លេង​ពិទពាទ្យ​និងកិច្ច​បញ្ចូល​បញ្ជាន់​រូប​ផ្សេងៗ​ចាប់ពីរសៀល​​រហូត​ដល់​​ព្រលប់​​​ផងក៏​មាន ​(រូបលេខ​៦)។ សំណែន​សំខាន់ដែល​អ្នក​ភូមិ​តែង​​យក​មក​ថ្វាយ​អ្នកតា គឺ​នំបញ្ចុក​ ដែល​ពីមុនគេតែងធ្វើតាមផ្ទះ​។ ប៉ុន្តែសំណែន​ផ្សេងពីនោះ​មាន​​​ដូចជា​ បាយ​​ម្ហូប នំចំណី និង​ផ្លែឈើ។ ក្រោយ​​បញ្ចូល​បញ្ជាន់រូប​ចប់សព្វគ្រប់ សំណែន​ទាំង​ឡាយ​នោះ​គេតែង​យក​ទៅចាក់ចូលគ្នា​ក្នុងខ្ទម​អ្នកតា។

ចំណែក​ឯពិធីឡើង​មាឃ​នៅវត្តអធ្វារ គឺធ្វើ​នៅក្នុងថ្ងៃ៣កើត ខែមាឃដែរ ហើយ​អ្នក​ស្រុក​​តែង​រៀបចំ​គ្រឿង​សំណែន​ផ្សេងៗ​ថ្វាយ​បីកន្លែងគឺ ក្នុង​ប្រាសាទ​វត្ត​អធ្វារ ​​​ទួល​ដូន​ប៉ុក និង​ទួល​​តាមឿង ដែល​ជា​កន្លែង​សក្ការៈ​សំខាន់នៅទីនោះ។ ដំបូង​គេ​ធ្វើ​កិច្ច​​បញ្ចូល​រូប​​នៅ​ក្នុង​ប្រាសាទ​​​ជាមុន (រូបលេខ​៧-៨) ទើប​បន្ត​ទៅ​ទួល​ដូន​ប៉ុក (រូបលេខ​៩) និង​បញ្ចប់​​នៅ​ទួល​​តាមឿង (រូបលេខ​១០)។ បំណងទូទៅនៃទំនៀម​ឡើងមាឃទីនេះ គឺ​ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន ​ចៀស​​ឆ្ងាយ​ពី​ជំងឺ​​​ផ្សេងៗ និង​​បញ្ចៀស​គ្រោះ​កាចចង្រៃ​ផុត​ពីមនុស្ស​សត្វក្នុង​ភូមិ។ ភ្លេង​ដែលប្រគំថ្វាយ​ក្នុង​ពិធី​ គឺភ្លេង​អារក្ស ហើយ​គេ​សង្កេត​ឃើញ​មាន​រូប​ស្នង​ជាច្រើន។ ចំពោះអ្នកតាដែល​គេ​បញ្ចូល​មាន​ដូចជា មហារាជ មហាជម្ពូ ស្តេចនាគខៀវ នាគស នាគក្រហម យមភូបាល។ល។ ក្នុង​ពេល​បញ្ចូលរូប អ្នកស្រុកច្រើន​ចូល​ទៅ​សុំទឹក​មន្ត និងឱ្យអ្នកតាទាំងនោះស្តោះផ្លុំ​ព្យាបាល​ជំងឺ​ជាដើម។ ជាចុង​បញ្ចប់ គេយកសំណែន​ផ្សេងៗ​​ចាក់ចូល​សង្ឃឹក រួចធ្វើកិច្ច​​បញ្ជូន។

ដោយឡែកពិធីឡើងមាឃ​ភូមិ​បង្កោង ដែល​ស្ថិត​ក្នុង​ឃុំ​អំពិល ស្រុក​ប្រាសាទ​បាគង​ជា​ពិធី​មួយដែល​ពុំកំណត់​យក​ថ្ងៃជាក់លាក់ “៣កើតខែមាឃ” ដូច​ភូមិ​ផ្សេងៗទេ តែពិធី​ក្នុង​ភូមិ​នេះ​គេក៏សង្កេត​ឃើញ​ប្រារព្ធ​ធ្វើ​ពុំ​ហួស​ខែ​មាឃ​ ឬឆ្លង​ចូលខែផល្គុនដែរ ហើយ​ធ្វើ​ពីរ​ថ្ងៃ។​ តាម​ទម្លាប់​ នៅមុន​ថ្ងៃប្រារព្ធពិធី​ អ្ន​ក​ភូមិ​តែង​ជួប​ជុំគ្នា​នៅ​ត្រពាំង​ធំមួយ​ឈ្មោះថា​ “ត្រពាំង​​បឹង” ដើម្បី​ចុះ​​ចាប់ត្រី​យក​ទៅធ្វើម្ហូប​ ជាពិសេសធ្វើ​សម្ល​នំបញ្ចុកសម្រាប់​រៀបចំ​​ឡើង​​អ្នកតា និង​ប្រគេន​ព្រះសង្ឃ​​ក្នុង​ថ្ងៃបន្ទាប់។ ចំពោះត្រពាំងនេះ អ្នក​ស្រុក​ទុក​ដូចជា​​សម្បត្តិ​រួម​យ៉ាង​សំខាន់របស់​​សហគមន៍ ហើយ​គេ​ពុំ​ដែល​ហ៊ាន​ល្មើស​ទំនៀម​ចុះចាប់ត្រី​ត្រពាំង​នោះ​មុន​ថ្ងៃ​កំណត់​​ឡើយ។ មិនតែ​ប៉ុណ្ណោះ ការ​ចាប់ត្រីក្នុង​ត្រពាំងសហគមន៍​នោះ​​សោត​ គេឱ្យ​​ប្រើ​តែឧបករណ៍នេសាទបុរាណរួមមាន សំណាញ់ មង អង្រុត និង​ឈ្នាង​ជាដើម (រូបលេខ​១១)។ ត្រីដែល​ចាប់បានគេអាចយក​ទៅផ្ទះរៀងខ្លួន តែចុងក្រោយ​គេ​បើក​សម្រាស់​ដែល​​ស្ថិត​នៅកណ្តាល​ត្រពាំង​ ហើយ​​នាំគ្នា​អូស​ព័ទ្ធចាប់ត្រីនោះទុកជា​ត្រីរួម​សម្រាប់ធ្វើម្ហូប​នៅ​​សាលា​បុណ្យ។

លុះស្អែកឡើង អ្នកភូមិ​ចាប់ផ្តើម​រៀបចំ​ម្ហូបចំណី ចង្ហាន់​ព្រះសង្ឃ និង​គ្រឿង​សក្ការៈ​​ ព្រមទាំងស្រូវ​រៀងៗខ្លួន​យកទៅ​កាន់​សាលាបុណ្យ។ នៅក្នុងបរិវេណ​សាលាបុណ្យគេ​តែង​រៀប​ចំ​ឱ្យមាន​​ភ្នំខ្សាច់ និង​​រានទេវតា​តាមទិសទាំង៨។ លុះ​ដល់​វេលា​រសៀល អាចារ្យ​ចាប់​ផ្តើម​ធ្វើកិច្ច​​ប្រុង​ពលី លើកទង់ បួងសួង​សុំសេចក្តីសុខ បំបួស​ភ្នំខ្សាច់ ភ្នំស្រូវ​។ លុះ​វេលា​ព្រលប់​ គេ​និមន្ត​ព្រះ​សង្ឃ​មក​ចម្រើន​ព្រះ​បរិត្តទៅតាម​ទំនៀម​ព្រះពុទ្ធសាសនា។ ព្រឹក​ឡើង​​​ជា​ថ្ងៃបញ្ចប់ គេធ្វើ​ពិធីរាប់បាត្រ​ឆ្លងបុណ្យ។ ចំណែក​ឯភ្នំខ្សាច់ និង​ស្រូវ​ដែល​អ្នក​ភូមិយក​មក​ចូលរួម​នោះ​ក៏​ធ្វើ​កិច្ច​ផ្សឹក​ក្នុង​ថ្ងៃបញ្ចប់នេះដែរ។ ស្រូវ​ទាំងនោះ គេវេរ​ប្រគេន​ព្រះសង្ឃ​​ទុក​នៅវត្ត។ ចំណែក​ឯកិច្ច​​​បញ្ចូល​បញ្ជាន់រូប​ គឺពុំ​ឃើញ​មាន​ប្រារព្ធដូច​​​នៅមុខ​ប្រាសាទ​​អង្គរវត្ត ភូមិ​នគរក្រៅ ឬនៅវត្ត​អធ្វារ​ឡើយ។ សូម​រំឭក​ថា ពិធីឡើង​មាឃ​នៅ​ភូមិ​បង្កោង​ឆ្នាំនេះ ប្រារព្ធ​នៅ​​ថ្ងៃ​១១-១៣​កើត​ ខែមាឃ ត្រូវនឹងថ្ងៃទី​១-៣ ខែកុម្ភៈ ឆ្នាំ​២០២៣។​ សរុបខ្លីមក ឡើង​មាឃ ឬ៣កើតមាឃធំ ឬឡើង​អ្នកតា​​ តាមទំនៀម​អ្នកស្រុក​អង្គរ​បង្ហាញ​​​ពីការ​បញ្ចប់​រដូវ​ធ្វើស្រែ ដ្បិត​គេតែងឃើញ​វត្ត​មាន​ស្រូវ​ប្រើជាវត្ថុ​សំខាន់។ សូម​កុំ​ភ្លេ​ច​ថាខ្មែរ​​​ទុក​ស្រូវ​​ជា​​ដំណាំ​ខ្ពង់ខ្ពស់​​ក្នុង​វប្បធម៌ ជាពិសេស​​​ប្រដូច​ស្រូវ​ទៅ​នឹង​មនុស្ស​​ស្រី​​​។ គំនិត​នេះ គេអាច​សិក្សា​លម្អិតនៅតាម​ភូមិ​ផ្សេងៗទៀត​ ដើម្បីយក​ជាមូលដ្ឋាន​ស្រាវ​ជ្រាវ​វែងឆ្ងាយបាន។​ ប៉ុន្តែ​យ៉ាងណាក្តី អ្នកស្រុក​ពន្យល់ថា​ទំនៀម​ឡើង​មាឃសព្វថ្ងៃ បាន​​ប្រែ​ប្រួ​ល​ប្តូរផ្លាស់​បន្តិចម្តងៗ បើធៀបនឹង​រយៈ​ពេលប្រហែល​១០ ឬ២០ ឆ្នាំមុន៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!