ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“មាឃបូជា” តាមទំនៀម​​ពុទ្ធសាសនិកខ្មែរ

“មាឃបូជា” តាមទំនៀម​​ពុទ្ធសាសនិកខ្មែរ

ពុទ្ធសាសនិកខ្មែរ​ពន្យល់ថា “មាឃ​បូជា”​ គឺជាបុណ្យ​​​​ប្រារព្ធ​ដើម្បី​​​រំឭក​ដល់​​​​​​ចតុរង្គ​សន្និ​បាត​របស់ភិក្ខុ១២៥០អង្គ និងរំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធកំណត់ព្រះជន្មាយុសង្ខារ។ ព្រឹត្តិការណ៍​​ទាំងពីរ ​គេតែង​សង្កេត​ឃើញ​គូរ​បង្ហាញ​នៅតាមវត្ត។ តាម​ឯកសា​រ​ព្រះរាជ​ពិធី​ទ្វាទសមាស​សន្និដ្ឋាន​ថា មាឃបូជា​ប្រហែល​ចាប់​ផ្តើម​ប្រារព្ធ​ក្នុង​ពុទ្ធសករាជ​ជាមួយ​គ្នា​នៃ​ពិសាខបូជា ពោលគឺក្នុង​រាជ្យ​ព្រះបាទហរិរក្ស​រាមា​ (ព្រះអង្គដួង) កាល​ទ្រង់​គង់​នៅ​ក្រុង​ឧត្តុង្គ ក្នុងពុទ្ធសករា​២៣៩៧ គ្រិស្តសករាជ​១៨៥៤។ តាំងពីដើម​រៀង​មក ពិធីនេះក៏ចាត់​ជា​ព្រះរាជ​ពិធីបុណ្យ ដែល​ព្រះមហាក្សត្រ​តែង​យាង​បំពេញ​ព្រះរាជកុសល ​​តាម​ព្រះរាជ​ប្រវេណី​ក្នុង​ថ្ងៃ​១៥កើត ខែមាឃ (រូបលេខ​១)។ រីឯ​ប្រជា​រាស្រ្ត​ទូទៅ​​ក៏​ប្រារព្ធនៅតាម​វត្ត​អារាម​នានា​​ក្នុង​ថ្ងៃ​​​ពេញ​បូណ៌មី​ខែមាឃនេះដែរ។

ជាការពិតកាល​ព្រះសម្មាសម្ពុទ្ធទ្រង់គង់​នៅជាធរមាន មាន​ហេតុ​ពីរ​ប្រការ​គឺ​ការ​ប្រជុំ​​ចតុរង្គសន្និបាត​នៃភិក្ខុ​១២៥០អង្គ និង​ការ​កំណត់​ព្រះជន្មាយុសង្ខារ​របស់​ព្រះ​អង្គ​នៅ​ក្នុង​​​ថ្ងៃ១៥ កើត ខែមាឃ។​ ពុទ្ធសាសនិកចាត់​ទុកថា ចតុ​រង្គ​សន្និ​បាតនោះគឺជា​សន្និ​បាត​ដ៏​​​​អស្ចារ្យ​​ប្រកបដោយ​អង្គ​បួន​ ហើយ​កើត​ឡើង​​តែម្តង​គង់​ក្នុង​សម័យ​ពុទ្ធកាល ពោលគឺ​ទី១​ កើត​ឡើង​​​ចំ​ថ្ងៃ​១៥កើត ពេញ​បូណ៌មី​ខែ​មាឃ។ ទី២ភិក្ខុ​ទាំង​​​១២៥០អង្គ​ ​និមន្ត​​ចូល​​រួម​សុទ្ធ​តែ​ជា​​​ព្រះ​អរហន្ត​ជាន់​ខ្ពស់។ ទី៣ភិក្ខុ​ទាំ​ង​១២៥០​អង្គ​ បាន​​និមន្ត​មក​​​ដោយ​ចិត្ត​ឯង​គ្មាន​ការ​គ្រោង​​​​​ទុក​​មុន​ និង​ទី៤​គឺ​ភិក្ខុ​ទាំង​១២៥០អង្គ សុទ្ធ​តែ​ជា​​ឯហិ​ភិក្ខុដែល​​បួស​ភ្លាមៗ​ក្រោយ​​​​​​​​ព្រះ​​ពុទ្ធ​​​ទ្រង់​​អនុញ្ញាត។ តាមរយៈ​សិល្បៈ​គំនូរ​​តាម​វត្ត​ គេឃើញ​ត្រង់​ឈុត​ចតុរង្គ​សន្និបាត​​នេះ​តែង​​គូរ​បង្ហាញ​ព្រះសម្មាសម្ពុទ្ធគង់​កណ្តោ​ល​ចំណោម​ភិក្ខុ​​​រាប់​ពាន់អង្គនៅក្នុង​ព្រៃឫស្សី ដូច​សេចក្តី​ចែង​ក្នុង​ពុទ្ធប្រវត្តិ ​(រូបលេខ​២-៣)​។

ដោយឡែក ចំពោះការ​ណ៍​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​​បាន​​កំណត់​ព្រះ​ជន្មា​យុ​សង្ខា​រ គឺ​ចំ​ពេល​ចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ៨០ព្រះវស្សា នាថ្ងៃ១៥កើត ពេញបូណ៌មីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ប្រកាសដាក់អាយុសង្ខារដោយប្រាប់មារថា ព្រះអង្គនឹង​ចូល​បរិនិព្វាន​​ក្នុង​រយៈ​ពេលបីខែទៀត។ សេចក្តីត្រង់នេះបើ​ពិនិត្យ​មើលលើ​សិល្បៈគំនូរ​គេ​តែង​សង្កេត​ឃើញ​​គូរ​​បង្ហាញ​​ព្រះពុទ្ធអង្គ​គង់​លើ​បល្ល័ង្ក​​ក្រោម​ដើម​ឈើ​​ ហើយ​មាន​មារ​ម្នាក់​​មក​​ថ្វាយ​​បង្គំ​អារាធនា​ព្រះ​អង្គ​ឱ្យ​ចូលនិព្វាន។ ព្រះអង្គ​រឭក​នឹក​ឡើង​ថា នេះដល់​វេលា​ដែល​ព្រះ​តថាគត​ត្រូវ​​រៀបចំ​ព្រះដំណើរ​យាង​ចូល​និព្វាន​ស្ថាន​បរម​សុខ​ នឹង​មិន​​ត្រឡប់​កើត​មក​ក្នុង​លោក​​ឯណា​មួយ​វិញឡើយ (រូបលេខ​៤-៥)។

ព្រឹត្តិការណ៍យ៉ាង​សំខាន់​ទាំងពីរ ដែល​កើត​ឡើង​ក្នុង​​សម័យ​ពុទ្ធកាល​នេះ បាន​ដក់​ក្នុង​​ចិត្ត​ពុទ្ធសាសនិកខ្មែរ​​តាមរយៈ​សិល្បៈ​គំនូរ​បង្ហាញ​នៅតាមវត្ត​ និង​ជា​ពិសេស​បំផុត​គឺ​ការរៀបចំ​ប្រារព្ធ​មាឃបូជា ​ដើម្បីរំឭកជារៀង​រាល់ឆ្នាំ​(រូបលេខ​៦-៧)។  ពាក់​ព័ន្ធ​នឹង​របៀ​ប​ ឬដំណើរ​​នៃ​ការ​រៀប​ចំ​ពិធី​បុណ្យ​មាឃ​បូជា​​ក្នុង​សង្គម​​ខ្មែរ​ក្រៅ​ពី​ព្រះរាជពិធីក្នុង​ព្រះ​បរម​​រាជ​វាំង គេ​សង្កេត​ឃើញ​មាន​ទិដ្ឋភាពពីសំខាន់​គឺ ​នៅ​ព្រឹកនិង​ពេល​​យប់ នៃ​ថ្ងៃ​១៥​កើត​​ពេញ​​បូណ៌មី​។ ជាធម្មតា​នៅពេលព្រឹក​ នៅតាម​វត្ត​មួយ​ចំនួនព្រះសង្ឃ​តែង​ដឹក​នាំ​ពុទ្ធបរិស័ទ​​ដង្ហែ​ព្រះពុទ្ធបដិមា ឬព្រះបរមសារីរឹក​ធាតុ​និង​គ្រឿង​​សក្ការៈ​ផ្សេងៗ​​​​តាម​ផ្លូវនានា​ក្នុង​ភូមិ​ស្រុក​​ ឬឆ្ពោះទៅបូជនីយដ្ឋាន​គោរព​បូជាក៏មាន ​(រូប​លេខ​​៨-៩)​។ ប៉ុន្តែ​នៅ​តាម​​វត្ត​ខ្លះ គេ​​ពូន​ភ្នំខ្សាច់ ឬរៀបចំស្អិតស្អាង​ព្រះពុទ្ធបដិមា​គោរព​បូជា​ ឬ​និមន្ត​​​ព្រះសង្ឃ​​​រាប់​បាត្រ​ ​(រូប​លេខ​១០-១១)​។

នៅ​វេលា​រាត្រីក្នុង​ថ្ងៃដដែល ពុទ្ធ​​បរិស័ទ​ជិត​ឆ្ងាយ​តែង​រៀប​ចំ​គ្រឿង​សក្ការៈ​ផ្សេងៗ​​សម្រាប់​បូជា​ព្រះរតនត្រ័យ​​ដូច​ជា ទៀន ធូប ប្រទីប ​និង​ផ្កា​ភ្ញី​​ដែល​ភាគ​ច្រើន​រៀប​ចំ​ថ្វាយ​​ចំពោះ​ព្រះ​ភក្រ្ត​ព្រះពុទ្ធ​បដិមា​ក្នុង​ព្រះវិហារ។ បន្ទាប់​​​​មក​គេ​​ក៏​​រៀ​ប​ចំ​​នមស្ការ​ព្រះ​រតន​ត្រ័យ​ និមន្ត​ព្រះ​សង្ឃ​​សូត្រ​មន្ត ​និង​ចម្រើន​​ព្រះ​បរិត្ត​​ទៅតាម​លំអាន​ព្រះពុទ្ធសាសនា​។ ​រួច​ពី​នោះ​មកទើប​លោក​អាចារ្យ​ ឬ​ព្រះ​ថេរ​អង្គ​ណា​មួយ​ដែល​​មាន​ភាព​ឈ្លាស​ជាង​គេ​ ក៏​ក្រោក​ឡើង​ ហើយ​​​សូត្រ​ប្រកាស​មាឃ​បូជា​។ សេចក្តីប្រារព្ធមាឃបូជា​នោះ គឺផ្តើម​ដោយ​កិច្ច​វេរគ្រឿងសក្ការៈ និង​បទនមសក្ការ រួច​ទើប​សូត្រ​បទគាថា​ប្រារព្ធមាឃបូជា ដែល​បុរាណ​​លោក​បាន​​ប្រែ​សេចក្តី និង​ចងក្រង​ជា​ពាក្យ​កាព្យ​យ៉ាង​ពីរោះ​។​​ ទន្ទឹមនឹងនេះ នៅ​តាម​​វត្ត​ភាគច្រើន​តែងរៀបចំ​អុជ​ប្រទីបជ្វាលា ឬបង្ហោះគោម​ក្នុង​រាត្រី១៥ កើត​ខែមាឃ​​​។

សរុបសេចក្តីមកមាឃបូជា​ ជាថ្ងៃប្រារព្ធរំឭកដល់ហេតុអស្ចារ្យពីរគឺការប្រជុំចតុរង្គ​   ស​​សន្និបាត និងការកំណត់​ព្រះជន្មាយុសង្ខារ​របស់ព្រះសម្មាសម្ពុទ្ធ នៅក្នុង​ថ្ងៃ១៥ កើត​​ខែ​មាឃ​។ ក្នុង​ថ្ងៃនេះ ទាំង​ព្រះ​មហាក្សត្រនិង​​ប្រជា​រាស្រ្ត​​ទូទៅ ​​បាន​ទុកជា​ថ្ងៃ​បំពេញ​ព្រះរាជ​កុសលនិង​សាង​កុសល​ដ៏​ធំ​ធេង​តាម​លំអាន​ព្រះពុទ្ធសាសនា៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!