ទំព័រដើមសិល្បៈសំណង់​ផ្សេងៗនៅក្នុង​វត្ត (ភាគ២ បញ្ចប់)

សំណង់​ផ្សេងៗនៅក្នុង​វត្ត (ភាគ២ បញ្ចប់)

ក្រៅពីសាឡុំ ឧបោ​សថាគារ ព្រះវិហារ សាលាឆាន់ និង​កុដិ​តូច​ធំ​ដូច​​​ខ្ញុំបានរៀបរាប់​ត្រួស​ៗក្នុង​អត្ថបទ​ភាគ១ នៅក្នុង​វត្ត​អារាម គេ​ឃើញ​មាន​​អគារ​ផ្សេងៗ​​ទៀត​​​​កសាងឡើង​ប្រកប​ដោយ​លក្ខណៈ​ស្ថាបត្យកម្ម​ និង​គំនិត​សិល្បៈ​ទាំង​បុរាណ​ និង​ទំនើប។ សំណង់​ខ្លះ​ ​គឺ​ជា​តម្រូវការ​ចាំបាច់​​សម្រាប់បម្រើ​ដល់​ការ​សិក្សា​រៀន​សូត្ររបស់ព្រះសង្ឃ​ដូចជា​ សាលា​បាលី​​ ​និងហោត្រ័យ។​ សំណង់​ខ្លះ​​ ជានិមត្តរូបនៃ​ព្រះពុទ្ធសាសនា ឬជំនឿ​របស់​អ្នក​ស្រុក​ដូចជា​ ចេតិយ ប្រាង្គ ឬស្តូប ហើយ​សំណង់ខ្លះ​​​​កសាងឡើង​សម្រាប់​រៀបចំ​កិច្ច​ពិធីតាម​ទំនៀម​ និង​ជំនឿ​​អ្នកស្រុក​ដូចជា​ ឈាបនដ្ឋាន ឬមេរុ ព្រមទាំងសំណង់ខ្លះទៀត​កសាង​ឡើង​តម្រូវ​តាមការ​ចាំ​បាច់​របស់​វត្ត​ដូចជា​ រោង​ទូក រោង​បាយ តូបដូនជី-តាជី។ល។

​​ក.សាលាបាលី៖ គឺ​ជា​អគារ​សិក្សា​ចាំបាច់​បំផុត​នៅ​តាម​វត្ត​រាម ដែល​គេតែង​ហៅ​ថា​​ “ពុទ្ធិកសិក្សា”​។ ជាទូទៅ​នៅក្នុង​​វត្ត​នីមួយៗ គេឃើញ​​យ៉ាង​ហោចណាស់​​​មាន​សាលា​ពុទ្ធិក​បឋម​​សិក្សា​​​​ សម្រាប់​​​បើក​បង្រៀន​ដល់​​​ព្រះ​សង្ឃ​​ដែល​​បួស​គង់នៅ​ក្នុង​​វត្ត​នោះ។ នៅ​តាម​តំបន់​​ខ្លះ​គេ​ហៅ​សាលា​​នេះថា “សាលា​ធម្មវិន័យ” ឬខ្លះហៅថា “សាលា​ធម្មត្រៃ”។ សំណ​ង់​ទាំង​នេះ​អាច​សង់​ពី​ឈើ ឬថ្ម​ អាស្រ័យតាម​ការនិយម និង​ធនធាន ហើយនៅតាម​វត្ត​​ទូទៅ​​អាច​​មាន​ពុទ្ធិក​បឋម​​សិក្សា ពុទ្ធិកអនុវិទ្យាល័យ ឬពុទ្ធិកវិទ្យាល័យ អាស្រ័យ​តាម​តម្រូវ​ការ​របស់​ព្រះសង្ឃ​ក្នុង​វត្ត​សាម៉ី និង​វត្ត​ជុំវិញ។ ផុតពីកម្រិតនោះ ព្រះសង្ឃ​អាច​និមន្ត​សិក្សា​បន្ត​​នៅពុទ្ធិកសាកលវិទ្យាល័យ​​ស្ថិត​នៅតាម​ទីរួមខេត្ត ឬ​នៅរាជ​ធានីភ្នំពេញ។

ខ.ហោត្រ័យ៖ គឺ​ជា​អគារ​ដ៏មាន​សារៈសំខាន់​បំផុត​ សម្រាប់បម្រើ​ឱ្យ​វិស័យ​សិក្សា​នៅ​​​​​​​តាម​វត្ត​អារាម ទន្ទឹម​នឹង​សាលា​ពុទ្ធិកសិក្សា។​ អ្នក​ខ្លះ​ហៅ​សំណង់នេះថា​​បណ្ណាល័យ ឬខ្លះ​ទៀត​​ហៅ​ថា​ធម្មមន្ទីរ​ ឬ​ធម្ម​ត្រ័យ ដែល​​ទុក​ជា​អគារ​សម្រាប់​តម្កល់​ឯកសារ​​​​​សំខាន់ៗ​ផ្សេងៗ​ដូជា​ គម្ពីរ ក្បួន ​ច្បាប់​ សាស្រ្តា​​ ហើយជាពិសេស​​គឺ​តម្កល់​​ព្រះ​ត្រៃបិដក​សម្រាប់​ព្រះសង្ឃ​សិក្សា​​រៀន​សូត្រ។ ជាទូទៅ​គេ​ច្រើន​​សង់​​ហោត្រ័យ​​​នៅក្បែរ​នឹង​សាលា​​ពុទ្ធិកសិក្សា ហើយ​​​គេ​​​អាច​សង់​តាម​ទម្រង់​​សំណង់​​បុរាណ ឬ​ទំនើប​តាមការ​និយម។ មិន​តែ​ប៉ុណ្ណោះ​​នៅ​តាម​វត្ត​ខ្លះ គេ​តែង​តម្កល់​ទុក​របស់​មាន​តម្លៃ​ជាសម្បត្តិ​រួម​របស់សហគមន៍​នៅ​ក្នុង​ហោត្រ័យ​ដែរ។

ធម្មមន្ទីរវត្ត​ត្នោតជុំ, សង់ឆ្នាំ​១៩៣៣ (កំពង់ធំ)

គ.ឈាបនដ្ឋាន ឬមេរុ៖ គឺជាកន្លែង​សម្រាប់​បូជា​សព ដែល​គេ​អាច​កសាង​នៅ​ក្នុង​​បរិវេណវត្ត​ ឬទីទំនេរណាមួយ​ក្នុង​ទិសឦសាន។ សំណង់នេះ​ ខ្លះ​ហៅ​ថា​ “ប៉ាឆា” ឬ​ហៅ​រត់​មាត់​ថា “បច្ឆា” ក៏មាន។ ប៉ុន្តែ​បើ​គេសង់ក្នុង​ពិធីបូជា​សពនៅតាម​ជនបទ​ ជាពិសេស​​​​​នៅ​តំបន់​​អង្គរ​គេហៅថា “ភ្នំយោង” ហើយគេ​ក៏​តែង​សង់​រំកិល​​ទៅទិស​ឦសាន​ នៃ​​រោង​បុណ្យ​​ដែរ ដ្បិត​ទិសនេះ​ជាទិសពាក់​ព័ន្ធ​នឹង​ជំនឿ​កើត និង​ស្លាប់។ រីឯ​​ឈាបន​ដ្ឋាន ឬមេរុ​នៅតាមវត្ត គេសម្គាល់ឃើញ​ធ្វើ​រាង​ជា​មេរុមុខ​ដាច់​ ដែល​មាន​ដំបូល​ត្រួត​គ្នា​ បែរ​ទៅ​ទិស​ទាំងបួន មាន​កំពូលស្រួច​ទៅលើ។ ​ ​ចំពោះខ្លឹមសារ​នៃឈាប​នដ្ឋានឬមេរុនេះ ក៏មាន​ន័យ​​ដូច​ចេតិយ​ដែរ ពោលគឺ​ជា​ជា​និមិត្ត​រូប​នៃភ្នំព្រះសុមេរុ ដែល​ជា​ស្ថាន​ទេពស្ថាន​ឬ​ស្ថាន​ខ្ពង់ខ្ពស់​ ជាទី​ប្រាថ្នា​ឱ្យ​អ្នកស្លាប់បានទៅចាប់កំណើត។

ឃ.ចេតិយ៖ តាមជំនឿគេ​យល់ថា​ចេតិយ​មាន​តួនាទីនិងនិមិត្តរូប​ដូច​ប្រាសាទ​​ដែរ​ គឺ​គេទុក​ដូចជា​ភ្នំ​ព្រះសុមេរុដែល​ជា​ស្ថាន​ទេពនៅកណ្តាល​ចក្រ​វាល ឬលោក​ធាតុ។ ធាតុ​អ្នក​​ស្លាប់​ដែល​បញ្ចុះ​ក្នុង​ចេតិយ​ គឺឧទ្ទិស​ឱ្យ​បាន​ទៅដល់​ “សុគតិភព” ជា​ទេវស្ថាន ឬ​ទេវ​លោក។ ក្នុង​សិល្បៈ​ពុទ្ធសាសនា​គេ​យល់ថា​ចេតិយ​​មាន​​​៤ យ៉ាង​គឺ​ ធាតុចេតិយ (ចេតិយ​​​សម្រាប់បញ្ចុះ​ធាតុអ្នកស្លាប់) ធម្មចេតិយ (ចេតិយ​សម្រាប់​តម្កល់​គម្ពីរ​ ក្បួន​ ច្បាប់ វិន័យ​…) បរិភោគ​ចេតិយ (បញ្ចុះ​គ្រឿង​បរិក្ខា​​របស់​ព្រះ ឬព្រះសង្ឃ​) និង​​ឧទ្ទេសិកចេតិយ (​សម្រាប់​គោរព​​បូជា​ដូចព្រះ ឬសម្រាប់ឧទ្ទិសទុក​ជា​ទីសក្ការៈ)​​។

នៅតាមវត្ត​ខ្លះ អ្នកស្រុក​​តែង​មាន​ទំនៀម​​​សង់ចេតិយ​​​ធំ​​មួយ​​ទុក​សម្រាប់តម្កល់​ធាតុ​រួម​​។ រីឯនៅ​តាម​វត្ត​ខ្លះទៀត​ គេ​​​តែង​​​ឃើញ​​​​មាន​​​បណ្តុំ​​ចេតិយ​តូចធំ​​​ ប្រកប​​ដោយ​ក្បាច់​​រចនា​សម្បូរ​បែប​ច្រើនយ៉ាង​តាម​ទឹក​ដៃ​សិល្បៈ​​ស្រុក​​ទេស​​​ ហើយ​​លើ​ចេតិយ​​​​​បុរាណខ្លះ ​តែង​សង្កេតឃើញ​មាន​​ពាក្យ​ឧទ្ទិស​​​ក្នុង​ន័យ​គោរពសក្ការៈ ឬ “សូម​​ឱ្យ​ព្រះពុទ្ធ​សាសនា​​​បាន​​៥០០០ព្រះវស្សា”។​ ប៉ុន្តែ​សព្វថ្ងៃ គេច្រើនសង់ចេតិយ​​មាន​ទម្រង់​ដូចៗគ្នា​ជា​ជួរៗ​​​នៅ​​​ជុំវិញ​​ព្រះវិហារ។

ង.រោង​ទូក៖ ​នៅតាម​បណ្តា​វត្ត​នីមួយៗ ជាពិសេស​វត្ត​តាម​ដងទន្លេ គេតែង​សង្កេត​ឃើញ​សង់​រោង​ទូក​នៅក្បែរ​ព្រះវិហារ (ភាគច្រើន​ទិស​ឦសាន)។ ប៉ុន្តែ​អ្នក​ស្រុក​តំបន់ខ្លះ គេ​​អាចយក​ទូក​ទៅ​តម្កល់​ទុក​ក្រោម​​ដើម​ឈើ ឬសង់​រោង​ជាប់​នឹង​មាត់​ទន្លេ​​តែម្តង។ ក្នុង​រោង​ទូក​នីមួយៗគេតែង​​មាន​ដាក់ក្លស់​មួយ​ខាង​ក្បាល​​ទូក​និង​​រៀប​គ្រឿ​ងសក្ការៈ​​​ថ្វាយ​​រាល់​ថ្ងៃ​សីល ឬក្នុង​ថ្ងៃ​បុណ្យ​ផ្សេងៗ ​ ដ្បិត​​គេ​យល់ថា​នៅជាប់នឹង​ក្បាលទូក​​តែង​មាន​ព្រាយ​​ចាំ​ថែរក្សា​។ មិន​តែប៉ុណ្ណោះ នៅក្បែររោង​ទូក​ក្នុងវត្ត​ខ្លះ​តែង​​មាន​ខ្ទម​អ្នកតា​តម្កល់​បំណែក​ទូក​​​បាក់បែកចាស់ៗ​ ​ដែល​​នាំ​ឱ្យគេ​មើលឃើញ​ច្បាស់​ពី​ជំនឿ​យ៉ា​ងមុត​មាំ​​របស់​អ្នកស្រុក​ចំពោះ​​ការ​​សង់​រោង​​ទូក​នៅ​​តាម​វត្ត។

ច.សំណង់ផ្សេងៗ៖ ក្រៅពីសំណង់សំខាន់ៗដូចរៀបរាប់ខាងលើ នៅតាម​វត្ត​ខ្លះ​គេ​ឃើញ​មាន​សំណង់​ផ្សេងៗ​ទៀតកសាង​​តម្រូវ​តាមការ​ចាំបាច់​​ក្នុងវត្ត​ តែ​ពោរពេញ​ដោយ​ទឹក​ដៃ​សិល្បៈ​គួរ​ឱ្យ​កោត​សរសើរ​។ រោងខ្លះទៀត​សម្រាប់ព្រះសង្ឃ​ចម្អិន​​ចង្ហាន់​​(រោងបាយ)នៅវត្ត​កោះតូច និង​វត្ត​ព្រះប្រសប់។ ជាទូទៅគេសង់រោង​នេះ​ទាប​ជាប់​ដី នៅ​ក្បែរ​​សាលាឆាន់ ហើយ​ធ្វើឱ្យ​ស្រឡះ និងមាន​ខ្យល់ចេញចូលល្អ។ អ្វីគួរឱ្យ​កត់សម្គាល់ រោង​បែបនេះច្រើន​ធ្វើដំបូលតាម​បែបផ្សេងៗ​ អាស្រ័យ​តាម​ចំណូលចិត្តអ្នកស្រុក។

រោង​ចម្អិន​ចង្ហាន់ព្រះសង្ឃ​នៅវត្ត​កោះតូច (កណ្តាល)

តូប​ដូន​ជីនៅវត្ត​បុទុម (​កំពង់ធំ) ដែលជាទូទៅគេ​ច្រើន​សង់​តូប​សម្រាប់ដូនជីស្នាក់នៅមើលថែវត្ត ឬសម្រាប់ដូនជី-តាជី​ អញ្ជើញមក​​ស្នាក់​អាស្រ័យរក្សា​សីល​​រាល់ខែ ឬ​ពេល​មាន​បុណ្យទាន។ ចំណែកឯសំណង់ខ្លះទៀត សង់ជា​ជង្រុកស្រូវ​ដែលយើងឃើញនៅ​វត្ត​ស្នឹង​ ខេត្ត​បាត់ដំបង និង​ជង្រុកស្រូវ​នៅវត្ត​​សាមគ្គីរតនារាម​ នៅខេត្ត​តាកែវ។ មក​ដល់​ត្រង់​នេះ​សូមបញ្ជាក់ថា ដើម​ឡើយ​វត្ត​នៅតាម​ជន​បទ​ភាគច្រើនតែងមា​ន​ស្រែជុំវិញវត្ត ហើយ​រាល់​ខែ​មាឃគេច្រើនធ្វើបុណ្យ​ដារលាន​ពូនភ្នំស្រូវ​ប្រគេនព្រះសង្ឃ។ នៅតាម​វត្ត​ខ្លះ តែង​បរិច្ចាគ​ស្រូវ​​មួយភាគទៅ​ដល់អ្នកក្រខ្សត់ផងក៏មាន។ ចំពោះអគារ​សម្រាប់ហាត់រៀន និង​សម្តែង​សិល្បៈ​នៅវត្ត​ប្រម៉ា ស្ថិត​ក្នុង​ខេត្តសៀមរាប។ សំណង់បែបនេះ គេច្រើនសង់នៅដីវត្ត​ដែលទំនេរ​ តែ​ឃ្លាតពីវត្ត​បន្តិច​ ដើម្បីងាយស្រួល​សម្រាប់​ហាត់រៀន​សិល្បៈ​ផ្សេងៗដូចជា​ ភ្លេង​ របាំ ឬ​ល្ខោនជាដើម។ សូម​​កុំភ្លេច​ថា មកដល់សព្វថ្ងៃមាន​សិល្បៈ​បុរាណ​តាម​សហគមន៍​មួយ​ចំនួន​បាន​រស់រាន​ឡើង​វិញ​ដោយ​ការ​​​យកចិត្តទុកដាក់​ពី​សំណាក់វត្ត​អារាមដូច​ជា​ ស្បែកធំវត្ត​រាជបូព៌​ (សៀមរាប) និង​យីកេ​ភូមិ​នីពេជ្រ (កំពង់ធំ) ជាដើម។

សរុបសេចក្តីមក សំណង់​នៅតាម​វត្ត​មាន​ច្រើន​បែប​យ៉ាង​ណាស់ ហើយមាន​តួនាទី​​​ ​ផ្សេងៗ​គ្នា។ សំណង់ខ្លះ គឺជាកន្លែងសក្ការៈ​សម្រាប់រៀបចំធ្វើបុណ្យទាន មាន​​កំណត់​គោល​​សីមា កំណត់​ជាកន្លែងពិសិដ្ឋ។ សំណង់ខ្លះ​សម្រាប់បម្រើកិច្ចការទូទៅ​ក្នុង​ពុទ្ធ​សាសនា និង​​ក្នុង​សហគមន៍​។ សំណង់ខ្លះ កសាងឡើង​ទុក​ជាកន្លែង​​គង់​​នៅ ឬស្នាក់​អាស្រ័យ​សិក្សា​រៀន​សូត្រ​របស់​ព្រះសង្ឃ ដូនជី តាជី ឬកូនអ្នក​ស្រុក​ដែល​ចេញ​ទៅបន្ត​ការ​រៀន​សូត្រ​ឆ្ងាយពីគ្រួសារ​ជាដើម​។ លើស​ពីនេះ សំណង់​ខ្លះទៀត​មាន​តួនាទី​ជា​ផ្នែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ទ្រទ្រង់​មត៌កវប្បធម៌។ ដូច្នេះសំណង់​នីមួយៗ​នៅតាម​វត្ត​ ក្រៅ​ពីបង្ហាញពីទម្រង់ស្ថាបត្យកម្ម​បុរាណ​ ឬទំនើប វាក៏បង្ហាញ​ឱ្យ​ឃើញ​ពី​តួនាទី​ និង​ទំនាក់​ទំនងយ៉ាង​ជិតស្និទ្ធរវាង​សហគមន៍​ និង​វត្ត​អារាមដែរ​៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!