ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៥)

អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៥)

(ក្បួនការពារឯករាជ្យ)    

            មហាកាលសើចៈ

            ឯងសងសឹកឲ្យអញតទៅទៀត។

            អារុណងក់ក្បាលៈ

            ប្រាកដហើយ! កុំយូរពេក! ទៅសង្គ្រាម! ជយោសង្រ្គាម

            វីរៈចងចិញ្វើមគំហ៊កថាៈ

            ជយោសន្តិភាព! តែចូលយ៉ាងណា?

            អារុណ ឆ្លើយភ្លាមឥតបង្អង់ៈ

            ហ៊ឺ! ទៅឆោតអី ដើរចូលត្រង់ៗ រួចទៅគោះទ្វារហៅវាមកបានហើយ! យើងមានដាវគ្រប់ដៃ។ កាលណាវាបើកទ្វារចេញមកយើងកៀកកវា ចងវាដូចជាវាចងបងកាលឯង កាលជាប់គុកដូច្នោះ!

            មហាកាលសើចនឹងអនុស្សាវរីយ៍ ដែលអារុណរំលឹកក្នុងពេលជិតមានអាសន្ននេះ។

            នាយឡំសួរថាៈ

            ចូលតាមណាលោកគ្រូ?

            មហាកាលឆ្លើយៈ

            ដើរព័ទ្ធមួយជុំផ្ទះសិន ក្រែងមានឆ្កែ។

            ជនទាំងប្រាំក៏ដើរមួយជុំផ្ទះយ៉ាងអង់អាច បីដូចឥតមានរឿងអ្វីឡើយ។

            ឯអារុណវិញ ឥតធ្វើតាមអ្នកឯទៀតឡើយ។ អារុណលោតចុះតាមបង្អួចរួចហួចឮវើតៗ រីឯអ្នកទាំងបួនទៀតក៏រត់ស្រចូលតាមអារុណឥតបង្អង់។

            ជនទាំងប្រាំបានទៅដល់ផ្ទះ។ ចង្កៀងមួយឆេះផ្លុងៗ។ នៅសងខាងគ្រែដែលនិលពេជ្រដេក ឃើញមានតុ និងទូរត្រៀបត្រា។

            អារុណបិទបង្អួចដោយខ្សឹបថាៈ

            ក្រែងវារត់តាមបង្អួចនេះរួច គិតតែខ្ទប់វាដូចយើងខ្ទប់ដូច្នោះឯង។

            មហាកាលលាន់មាត់ថាៈ

            យី! ផ្ទះនេះចំណាប់ចំនួនមែន! ប្រយ័ត្ន!

            ជនទាំងប្រាំហូតដាវរឹបដំណាលគ្នា។ នាយឡំ និងនាយកត គេចទៅខាងឆ្វេងមានមាត់ទ្វារត្រៀមចាំលោតទៅចាប់និលពេជ្រកាលណានិលពេជ្រមកដល់មាត់ទ្វារនេះ។ វីរៈអែបខ្លួននឹងជញ្ជាំងខាងស្តាំមាត់ទ្វារ។ មហាកាលនឹងអារុណ ក្រោយពីពេលចោលកន្ទុយភ្នែកយ៉ាងលឿនទៅលើវត្ថុនានា ដែលនៅក្នុងផ្ទះ ហើយក៏ចូលស្លុងទៅរកចំណីដោយវាត់ដាវម៉ាំងលើគូថនិលពេជ្រដែលកំពុងដេកលក់។ អារុណស្រែកឡើងថាៈ

            អ្ហេ៎! លោកសម្លាញ់ចាស់! ក្រោកឡើងឆាប់ៗ។

            និលពេជ្រជូតភ្នែកល្ងីល្ងើ ស្រាប់តែភ្ញាក់ដូចគេកន្រ្តាក់ ព្រោះឃើញមហាកាល។ រហ័សដូចខ្លា និលពេជ្រគេចខ្លួនផាំងចម្ងាយពីរម៉េត្រ ដកដាវវីត!

            ហាសៗ បងកាលអ្នកណាមិនស្គាល់និលពេជ្រ។

            អារុណភ្លែតកាប់និលពេជ្រម៉ាំង ផូងៗ ជាប់ញាប់ដូចកង្ហារ។ និលពេជ្រកាត់ប៉ាំង យ៉ាងញាប់ដៃ។ ផូងទៅផូងមកៗ ញាប់ៗ ល្អមើលជាទីអស្ចារ្យ។​

            មហាកាលឈរមើល ញញឹមយ៉ាងស្រស់ រួចក៏ស្ទុះទៅច្រានអារុណចេញ ចូលកាប់និលពេជ្រប៉ាច់ៗ។ និលពេជ្ររងគេចរត់ថយ មហាកាលវាយរន្ថើនរណ្តំគ្នា សួរយ៉ាងពិរោះដោយនិយាយថាៈ

            អញចង់យូរហើយ ! អញនឹកមិនភ្លេចទេ កាលអញជាប់គុក! ហ៊ឺស! អញហុតឈាមអាឲ្យបានក្នុងពេលនេះ។

            មហាកាលវាត់វឹងចំកនិលពេជ្រ ស្រាប់តែមានដាវមួយទៀតមករងចែសទាន់។ និលពេញលេបទឹកមាត់ក្អឿកៗ។ មហាកាលខឹងយ៉ាងខ្លាំងស្ទុះវឹងទៅរកមនុស្សថ្មីនេះ។ អារុណស្ទុះវឹងចូលទៅទៀត។

            វីរៈ នាយកត នាយឡំ ក៏ឥតនៅព្រងើយស្ទុះវឹងទៅដែរ ដាវនៅដែ។ បុរសថ្មីកាត់ដាវជាប់ទាំង ប្រាំយ៉ាងខែង ហាក់ដូចគ្មានប្រឹងអ្វីដល់តិចតួចសោះ។​

            អារុណដោយខឹងខ្លាំងពេក ចាក់គេមិនត្រូវស្រែកថាៈ

            អាណា?

            ហ៊ឺសៗៗ

            អារុណលុតជង្គង់គ្រឹបៈ

            លោកគ្រូ! លោកគ្រូ!

            ជនទាំងប្រាំឈប់ដូចម៉ាស៊ីន ស្ទុះទៅឳបបុរសថ្មីនេះ ឥតបង្អង់ឡើយ។ និលពេជ្រដែលឈរមើលគេជួបគ្នា ភ័យរឹតតែខ្លាំងឡើង គិតរត់តែមានន្ទចោលកន្ទុយភ្នែកទាន់ យកដាវរាំងទ្វារជាប់ ធ្វើឲ្យនិលពេជ្រឈរស្ងៀមមួយកន្លែង។

            មហាកាលសួរថាៈ

            លោកគ្រូអញ្ជើញទៅណាបាត់យូរម្ល៉េះ?​

            ខ្ញុំឥតទៅណាទេ!

            លោកគ្រូសុខសប្បាយជាទេ?​

            ជាធម្មតា។

            អារុណនិយាយប្រជែងថាៈ

            លោកគ្រូអើយ! ពួកយើងចាំមើលតែផ្លូវលោកគ្រូ។ ដល់បាត់យូរពេក ទើបពួកយើងមកតាមនេះឯង។

            មានន្ទ ទះស្មាអារុណសើច រួចច្រានជនទាំងប្រាំឲ្យមករួមគ្នាខ្សឹបថា

            ទៅសិនចុះ! ភ្លាមទៅស្កាត់ផ្លូវភ្នំស្វាយ។ ព្រឹកនេះជិតភ្លឺបក្សីវានាំមាសពេជ្រទៅដាក់ក្នុងរូងភ្នំស្វាយ។​

            អ្នកទាំងអស់បើកភ្នែកធំៗ។ មានន្ទបន្តទៅទៀតថាៈ

            គឺមាសពេជ្ររបស់ឪពុកខ្ញុំ បក្សីវាលួចបួនដប់ថ្ងៃមុននេះឯង។ គ្នាវាម្ភៃនាក់។ វាយយកឲ្យបាន។ យើងាន មាសពេជ្រនេះ យើងយកទៅធ្វើសឹកសង្គ្រាមយើងទៀត! ប្រយ័ត្ន! កុំអោយអ្នកណាដឹងឲ្យ សោះណ៎ា! ទៅៗ! កុំនៅយូរ។(សូមរងចាំតាមដានភាគទី៦៦ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!