ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទភ្នំសណ្ដក K.១៩២

សិលាចារឹកប្រាសាទភ្នំសណ្ដក K.១៩២

ប្រាសាទភ្នំសណ្តកស្ថិតនៅភូមិតែល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តាមរយៈគេហទំព័រ CISARK បានឱ្យដឹងថាប្រាសាទនេះមានកំពែងពីរជាន់ ដែលសង់ឡើងពីថ្មបាយក្រៀម និងជណ្តើរថ្មបាយក្រៀមនៅជម្រាលភ្នំខាងត្បូង។ កំពែងជាន់ទីមួយមានច្រកទ្វារបីនៅជាន់នេះមានប្រាង្គចំនួនប្រាំពីរធ្វើពីឥដ្ឋ រាងចតុកោណកែង ហោរណបពីរសង់ពីឥដ្ឋស្ថិតនៅជ្រុងអាគ្នេយ៍អាចជាហោត្រៃ និងអគារទ្រវែងពីរទៀតសង់ពីថ្មបាយ​ក្រៀម​នៅជ្រុងនីរតីនិងខាងលិច។ ជាន់ទីពីរមានច្រកទ្វារបីនៅខាងកើត ទីនោះមានអគាររាងកាកបាទនិងអគារតូចពីរនៅសងខាង។ នាពេល​កន្លងមក អ្នកស្រាវជ្រាវ​បាន​រកឃើញសិលាចារឹក៦ផ្ទាំងនៅប្រាសាទនេះ រួមមាន K.១៩០ K.១៩១ K.១៩២ K.១៩៣ K.១៩៤ និង K.១៩៥។ សិលាចារឹក K.១៩២ ដែលលើកយកមកសិក្សានាពេលនេះ ជាសិលាចារឹកភាសាខ្មែរបុរាណ​ មានចំនួន២១បន្ទាត់។  ក្នុង​អត្ថបទ​ចារឹកនេះមានពាក្យថា «ម្រតាញខ្លោញវ្នំកំម្រតេងជគត​​ឝិវបុរិ» ដែលមានន័យថា ចៅអធិការប្រាសាទគម្តែងជគតសិវបុរី ឬសិវបូរ ដែលជាឈ្មោះពីបុរាណរបស់ប្រាសាទភ្នំសណ្តក។ ប្រាសាទនេះក៏មានឈ្មោះថា សិវបូរទន្ទេន ផងដែរតាមរយៈសិលាចារឹក K.១៩៤ K.១៩៥ និងសិលាចារឹកស្តុកកក់ធំ K.២៥៣។

ទិដ្ឋភាពប្រាសាទភ្នំសណ្តក​ (ប្រភពរូប៖ ស៊ឹម នីឡា)​
ទិដ្ឋភាពប្រាសាទភ្នំសណ្តក​ (ប្រភពរូប៖ ស៊ឹម នីឡា)​
ទិដ្ឋភាពកំពែងថ្មបាយក្រៀមប្រាសាទភ្នំសណ្តក​ (ប្រភពរូប៖ ស៊ឹម នីឡា)

សិលាចារឹកនេះចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៨៧៨ ត្រូវនឹងគ្រិស្ត​សក​រាជ​ ឆ្នាំ៩៥៦ គឺស្ថិតនៅក្នុងរាជ្យព្រះបាទស្រីរាជេន្ទ្រវម៌្មទេវ​។ ខ្លឹមសារនៃសិលាចារឹកនេះនិយាយពីព្រះរាជសាសន៍របស់ព្រះមហាក្សត្រ ត្រាស់​បញ្ជាដល់ចៅអធិការប្រាសាទសិវបុរី/សិវបុរ​(ប្រាសាទភ្នំសណ្តក) និងម្រតាញស្រីវីរេន្ទ្រវិជ័យ ឱ្យធ្វើបញ្ជីកត់ត្រានូវទ្រព្យទាំងឡាយរួមមានខ្ញុំបម្រើ គោ ក្របី ដំរី សេះ ស្ពក ថូវៅទិ ខ្ទះ ស្រុក ស្រែ របស់​ស្តែញ​អញ​អាចារ្យ​ភគវន ​គម្ដែង​អញ​រាជបុត្រី​ចាស់នៅឯផ្នូរព្នៅ​ ​ និងគម្ដែង​អញរាជបុត្រី​​​ក្មេង​​ដែល​ជា​​ប្អូន។

​សិលាចារឹកនេះក៏មានអ្នកប្រាជ្ញបានសិក្សារួចមកហើយដែរ ដូចជាលោក ស៊ក សេដេស ដែលបានសិក្សាសិលាចារឹកប្រាសាទភ្នំសណ្តក K.១៩២ និង១៩៣ នៅក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៦ និងក្រោយមកលោក ហ្វីលីព ចេណ្ណឺរ បានសិក្សាក្នុងស្នាដៃរបស់លោក Part xml, № 42 និងចុះផ្សាយនៅគេហ​ទំព័រ http://​sealang.​ne​t​/​ok/corpus.htm

សំណៅផ្ដិតសិលាចារឹកប្រាសាទភ្នំសណ្ដក K.១៩២ (ប្រភពរូប៖ EFEO តាមរយៈ CISARK)

២- អត្ថបទដើមជាអក្សរទំនើប

១-    ○ជយសិទ្ធិស្វាស្ដិ៨៧៨ឝកអឞ្ដមិកេតបុឞ្យ​ចន្ទ្រវារ​នុមាន​វ្រះ​

២-    ឝាសន​ធូលិវ្រះបាទ​ធូលិជេង​វ្រះបាទ​កំម្រតេង​អញ​តម្រតាញ​ខ្លោញ​វ្នំ​កំម្រ

៣-   តេងជគត​ឝិវបុរិនុម្រតាញឝ្រិវិរេន្ទ្រ​វិជយ​ថ្វេបាញ្ជិយ​គិ​អ្នក​ស្ដេងអញ៑​អាចា

៤-    យ៌្យ​ភគវន​នុយា​កំម្រតេង​អញ​រាជបុត្រ​អាយវ្នុរវិនៅ​តអ្ចស​នុ​កំម្រតេង៑អញត​កន្ម្យ​ង៑

៥-    តផ្អ្វននុទ្រវ្យ​តមាន​ផោងខ្ញុំថ្មុរ​ក្របិតម្រ្យ​អ្សេះ​ស្វោកវៅទិគទាហ​ស្រុក

៦-    ស្រេខ្ញុំ​វ្រះវ្លេងមន​កល្បនា​ឃោកន្សត​ឃោវរ​ឃោភាជ​តៃ​កន្ធន​តៃ​កន្ទិច​តៃ

៧-    ខ្នប​កុលាកំបិត​តៃ​មាធវិ​តៃ​កន្ដេង​តៃលង្គាយ​តៃថ្ឯកតៃបន្លាស​តៃភទ្រ

៨-    ឃោថ្គោត​ឃោកញ្ច្យសឃោឮត​ឃោកំវន​ក្វលបិង្គល​តៃ​គន្ធ​តៃកវ្រៅ​តៃកង្វា(ត)

៩-    ឃោ(រំ)នោច​ក្វល​សំវរ​ឃោកំវ្រៅ​អាត្មាប្រទាន​តៃកនអស​តៃ​កនហ្យង​តៃជ្វិក​តៃ​កំប្រ្វត​

១០-  តៃសំអប​តៃកញ្ជាតៃឧត្បល​ក្វលចំលាកតៃសំអប​ក្វន​សំអប​ផោង​តៃកំបិត​នុក្វន​

១១- កំបិត​ផោង​តៃ​កញ្ចាន​តៃកំបិត​នុក្វន​កំបិត​ផោង​តៃ​បិន្ទាតៃ​ថ្បល​គិជ្មះ​ហក្វន​បិន្ទា

១២- នុតៃ​កនឥន​តៃ​បន្ហេំ​ឃោកនរាក​ឃោវម៌្ម​ឝិវ​ឃោ​កំវ្រៅ​ឃោគន្ធ​ឃោបន្លស​ឃោ

១៣- សំម្ឫត​ឃោ​កន្សោ​ឃោថ្លេំ​ឃោ​កំវាស​តៃធម៌្ម​សិបន្ហេំ​ផអ្វន​បន្ហេំ​វ្យរ​តៃ​ក្រ​តៃ​ឧត្ប

១៤- ល​សោត​ឃោកំបុរ​តៃបន្លាស​ក្វន​បន្លាស​ផោង​តៃសំអប​តៃ​បន្ទាន​នុក្វន​បន្ទាន

១៥- វ្រៃ​តាញតិំតៃបន្ទាន​ឃោ​មាហេន្ទ្រ​តៃ​កញ្ចុនុ​ក្វន​កញ្ចុផោង​អ្មេ​បន្លាស​នុ​បន្លាស

១៦- ទយ​វាបគប​នុ​គណាវាបផោង​តៃស្រាច្តវ្រះ​នុក្វន​ផោង​តៃកំបិត​សោត​នុក្វន​

១៧- ផោង​តៃឆ្កេតៃកំបុរ​នុ[[ក្វន​]]កំបុរផោង​ស្រេអំវិ​ជេងវ្រះ​ទំនប្ប​ចប​ត្រវាងស្វាយ​ទៅ​ល្វះ

១៨- ស្ដុកក្របិ​ល្វះឦឝាន​បទនុស្រុកផ្លេគិស្រុក​បាសខ្មៅ​នុស្រេ​ផ្លេគិ​ស្រេ​អំវេ​វាប​ឝិខា

១៩- ឝាន្ដិ​អាយ​វ្រៃ​បតៅនុឆ្បារ​ផ្លេ​គិ​ស្រេ​បាសខ្យល​ស្រេ​វក​ទ្ន្យាំ​នុឆ្បារ​ផ្លេគិស្រេ​ចំនាំ

២០- ស្ដេងអញ​អាយ​វ្យោម​ស្រេ​ចំនាំ​ស្ដេងអញ​អាយ​ស្ដុករន្សិ​ជ្មះ​ចន្ហ្វរវ្រច្ច​នេះ​

២១- តអំបាល្ល​គិ[[យ]]​ជមាន​តល◦    

-​ អត្ថបទប្រែសម្រួល

(១-៦) ជ័យ សិទ្ធិ សួស្ដី មហាសករាជឆ្នាំ​៨៧៨ ទី៨កើត​ ខែបុស្ស ថ្ងៃចន្ទ​ នូវ​មាន​ព្រះ​រាជ​សាសន៍​នៃធូលីព្រះបាទ​ធូលីជើង​ព្រះគម្ដែង​អញ​ (ត្រាស់)ដល់​ម្រតាញ​អធិការ​​ប្រា​សា​ទ​​​សិវបូរ និង​ម្រតាញ​ស្រីវីរេន្ទ្រា​វិជ័យ ​(ឱ្យ)ធ្វើ​បញ្ជី​(របស់)​ស្តែញ​អញ​អាចារ្យ​ភគវន​ យាយ​គម្ដែង​​អញ​​រាជបុត្រី​ដ៏ចាស់នៅឯផ្នូរព្នៅ​ ​ គម្ដែង​អញរាជបុត្រី​​ដ៏ក្មេង​ដែល​ជា​ប្អូន​ និង​ទ្រព្យ​ផង​ទាំង​ឡាយ​​មានដូចជាខ្ញុំបម្រើ គោ ក្របី ដំរី សេះ ស្ពក ថូវៅទិ ខ្ទះ ស្រុក ស្រែ។

(៦-១៧) ខ្ញុំ​បម្រើ​ព្រះភ្លើង​ដែលរៀបចំ​មាន​ឃោកន្សត ឃោ​វរ ឃោភាជ តៃ​កន្ធន តៃ​កន្ទិច​ ​តៃខ្នបនិង​បងប្អូនស្រី​(គឺ)កំបិត ​តៃ​មាធវី តៃ​កន្ដេង ​តៃលង្គាយ ​តៃថ្ឯក តៃបន្លាស​ តៃ​ភទ្រ ឃោថ្គោត​ ឃោកញ្ច្យស ឃោឮត​ ឃោកំវននិងបងប្អូនប្រុស(គឺ)បិង្គល ​តៃ​គន្ធ​ តៃ​កវ្រៅ ​តៃ​កង្វា(ត) ឃោ(រំ)នោចនិងបងប្អូនប្រុស(គឺ)​សំវរ ​ឃោកំវ្រៅ​អាត្មាប្រទាន ​តៃកនអស​ តៃ​កនហ្យង​ តៃជ្វិក​​ តៃ​កំប្រ្វត​ តៃសំអប់ ​តៃកញ្ជា តៃឧត្បលនិងបងប្អូនប្រុស(គឺ)ចំលាក តៃ​សំអប​​និងកូនតៃសំអបផង ​តៃកំបិតនិងកូនតៃ​កំបិត​ផង ​តៃ​កញ្ចាន ​តៃកំបិតនិងកូន​តៃ​​កំបិត​ផង ​តៃ​បិន្ទា តៃ​ថ្បលនិងកូនឈ្មោះ​បិន្ទា ​តៃ​កនឥន​ និងតៃ​បន្ហើម ​ឃោកន្រាក​ ឃោវម៌្ម​សិវ ​ឃោ​កំវ្រៅ​ ឃោគន្ធ​ ឃោបន្ទស​ ឃោសំម្ឫត ​ឃោ​កន្សោ​ ឃោថ្លើម ​ឃោ​កំវាស ​តៃធម៌្ម ​សិបន្ហើមនិងប្អូនបន្ហើមពីរនាក់ ​តៃ​ក្រ ​តៃ​ឧត្បលម្នាក់ទៀត​សោត ​ឃោកំបុរ ​តៃបន្លាសនិង​កូន​​​បន្លាស​ផង ​តៃសំអប ​តៃ​បន្ទាននិងកូន​បន្ទានព្រៃ​ទទឹម តៃបន្ទាន ​ឃោ​មាហេន្ទ្រ​ តៃ​កញ្ចុ​និង​កូន​កញ្ចុផង ម្ដាយ​បន្លាសនិង​​បន្លាសម្នាក់ទៀត វាបគប​និង​គ្នីគ្នា​វាបផង ​តៃ​ស្រាច្ត​វ្រះ​និង​កូនផង​ តៃកំបិត​ម្នាក់ទៀតសោតនិងកូនផង ​តៃឆ្កែ តៃកំបុរនិង​កូន​កំបុរផង។

(១៧-២០) ​ស្រែចាប់ពីជើងព្រះទំនប់ចាប់ពីត្រពាំងស្វាយ​​ទៅដល់ស្តុកក្របី ទៅ​ដល់​ឦសានបទ។ នូវស្រុកផល គឺស្រុកបាសខ្មៅ នូវស្រែផល គឺស្រែដែលធ្វើដោយវាបសិខាសាន្តិនៅឯព្រៃផ្តៅ នូវច្បារផល គឺស្រែបាសខ្យល់ ស្រែវកទ្នឹម នូវច្បារផល គឺស្រែដែលជាគ្រឿងរណ្តាប់បូជាស្តែងអញនៅឯវ្យោម។ ស្រែដែលជាគ្រឿងរណ្តាប់បូជាស្តែងអញនៅឯស្តុកឫស្សីឈ្មោះចង្ហូរព្រេច។

(២០-២១) ទាំងអម្បាលនេះគឺម្ចាស់ទាន(ថ្វាយ)ដល់[ប្រាសាទ]។

-​ វាក្យសព្ទសំខាន់ៗ

ថ្វេ               ធ្វើ (ថ > ធ, េ > ើ)។

បាញ្ជិយ ​      (សំ.)បញ្ជី។

យា             យាយ។

អ្ចស             ចាស់។

កន្ម្យង៑          ក្មេង (្យ > េ)។

ផ្អ្វន             ប្អូន (្វ > ូ)។

ថ្មុរ              គោ។

តម្រ្យ           ដំរី (ត > ដ, ្យ > ី)។

អ្សេះ            សេះ។

វ្លេង               ភ្លើង (វ​ > ព > ភ, េ>ើ)។ វ្រះវ្លេង = ព្រះភ្លើង, ព្រះអគ្គី។

កល្បនា       គ្រឿងរណ្តាប់បូជា។

ក្វន             កូន (្វ>ូ)។

កុលា           បងប្អូនស្រី។

ក្វល            បងប្អូនប្រុស។

ទយ~ទៃ       ដទៃ, ផ្សេង, ផ្សេងទៀត។

គណា           (សំ. គណ) > គ្នា = ក្រុម, ពួក, គ្នីគ្នា។

ចប             ចាប់។

ផ្លេ               (សំ.) ផ្លែ (េ > ែ) ផ្លែ, ផ្លែផ្កា, ភោគផល។

អំវេ               អំពើ (េ>ែ) អំពី, អ្វីដែលបានធ្វើហើយ។

យជមាន       (សំ.) មនុស្សធម្មតាឬព្រាហ្មណ៍ដែលថ្វាយឬរៀបចំតង្វាយបូជាព្រះឬអាចហៅជាខ្លីថាម្ចាស់ទាន​។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!