ប្រាសាទភ្នំម្រេច មានទីតាំងភូមិសាស្ត្រស្ថិតនៅចម្ងាយ ៨០០ម៉ែត្រ ខាងលិចភូមិភ្នំម្រេច ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទនេះសង់នៅលើចង្កេះភ្នំម្រេច មានប្រាង្គចំនួន២ សង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត។ នៅលើបន្ទះមេទ្វាររបស់ប្រាសាទនេះមានសិលាចារឹកមួយចុះលេខសម្គាល់ K.178 ចារឹកជាភាសាសំស្ក្រឹត និងភាសាខ្មែរមានចំនួន ១៦ បន្ទាត់។
ជាសង្ខេបរួមមក បន្ទាត់ទី១ និងទី២ ចារឹកជាភាសាសំស្ក្រឹតបែប “វសន្តតិលកាឆន្ទ” ដែលពណ៌នាអំពីព្រះសិវក្នុងឥរិយាបថ ព្រហស្តម្ខាងកាន់លលាដ៍ក្បាល ម្ខាងកាន់កំសៀវទឹក និងមានបញ្ជាក់ឆ្នាំជាមហាសករាជឆ្នាំ ៩១៦ ត្រូវនឹងគ.ស.៩៩៤ ដែលស្ថិតនៅក្នុងរាជ្យរបស់ព្រះបាទស្រីជយវម៌្មទេវ (ទី៥) មានសប្បុរសជនម្នាក់នាមថា សោម បានបរិច្ចាគនូវដីធ្លីច្រើនកន្លែងនៅតំបន់ “គម្រ្យាង” ឬហៅតាមសិលាចារឹកថា ប្រទេសគម្រ្យាង។ ចាប់ពីបន្ទាត់ទី៣ ដល់បន្ទាត់ទី១៦ ចារឹកជាភាសាខ្មែរ ដែលរៀបរាប់អំពីតង្វាយដីធ្លី មានអ្នកបម្រើ និងការចង្វាត់ដី និងព្រំប្រទល់ដី។
តាមរយៈសិលាចារឹកនេះ យើងអាចស្រង់បានស្ថាននាមមួយចំនួន ដែលបង្ហាញអំពីទីតាំងភូមិសាស្ត្រ និងសណ្ឋានដីរបស់ប្រទេសកម្ពុជាសម័យបុរាណ និងបច្ចុប្បន្នបាន។ ស្ថាននាមទាំងនោះមានដូចជា៖
១. គម្រ្យាង ប្រទេស ២.ស្រេ គំម្រ្យាង៑ ៣.ថ្ន្វល៑ ត្រវាង៑
៤.ឆ្បារ៑ រន្សិ ៥.សំទិប៑ ៦.ផ្លុ រុង៑
៧. ស្រុក៑ ជ្រៃយ៑ វាន៑ ៨.ស្រេ ទល្មាក៑ ប៌េល៑ ៩.លាច បតៅ
១០.ទំនប ស្តេងបរមនាថ ១១.លិង្លោង៑ កំត្យង៑ ១២.វ្រះផ្លូ
១៣.ឆ្និង៑ កន្ត្រុម៑ ១៤.ត្រវាង៑ ថ្មស៑ ១៥.ស្តុក៑ ប្រី
១៦.សំទិប៑ ១៧. ត្រវាង៑ ជើងស្រុក ១៨.ស្រេ ប្រលូង៑
១៩.ភូម្យ វេង្វោង៑ ២០.ផ្លូ រុង៑ ២១.ឆោក៑ អំវិល៑
អត្ថបទពាក្យចារឹក
១. ប្រាទាត៑ ស្វបុឞ្បករិណិ ស្វកមន្ទលុមយោ
ភក្ត្យា កបាលណិ និរន្តរធម៌មាគ៌្គេ
២. សោមោ ហិ ណាម រិបុចន្ទ្រវិលេ ចកេ ច
គំម្រ្យាងប្រទេឝពហុភូម្យតបោវនំ សះ។
៣. ចង្វត្តស្រេគំម្រ្យាង៑ គោល៑ កន្តាល៑ ថ្ន្វល៑ ត្រវាង៑ តិ នៃឫតិយ គោល៑ តិ អគ្នេយ ប្រសប៑ ស្រេ
៤. ចំនាំ ឆ្បារ៑ រន្សិ ទៅ សំទិប៑ ផ្លុ រុង៑ ថ្ងាយ៑ លុច៑ ស្រុក៑ ជ្រៃយ៑ វាន៑ ទៅ ល្វះ ត គោល៑ ឦឝាន៑
៥. ប្រសប៑ ស្រេ ទល្មាក៑ ប៌េល៑ អំវិ ត នោះហ៑ ទៅ ល្វះ ត គោល៑ ថ្មោតិវាយវ្យតោយ៑ ជេង៑ ត្យក៑
៦. តេល៑ ចំនត៑ វិចក្ឞ ចំវត្ត ភូម្យ លាច៑ បតៅ តិ ជោវ៑ វ្យរ៑ ទ្ន្យំ ក្របិ តោយ៑ បូវ៌្វ ទំនប៑
៧. ស្តេង៑ បរមនាថ តិ ទក្ឞិន ប្រសប៑ លិង្លោង៑ កំត្យង៑ តិ បឝ្ចិម ប្រសប៑ វ្រះ ផ្លូ តិ ឧ
៨. ត្តរ អង្វេ ឆ្និង៑ កន្ត្រុម៑ តិ ឧត្តរ សោត៑ ចង្វត៑ ស្រេ ត្រវាង៑ ថ្មស៑ តិ ម្រតាញ៑ ភក្តិវិគ្រហ ជោ
៩. វ៑ នុ ប្រាក៑ ត វ្វំ ចញ៑ វ្លេង៑ ជ្យង៑ ៤ តិ បូវ៌្វ ប្រសប៑ ស្តុក៑ ប្រី តិ ទក្ឞិន សំទិប៑ ត្រវាង៑ ជេ
១០. ង៑ ស្រុក៑ នា ស្រេ ប្រលូង៑ តិ បឝ្ចិម ប្រសប៑ ភូម្យ វេង្វោង៑ តិ ឧត្តរ ប្រសប៑ ផ្លូ រុង៑ ស្រេ
១១. កំលុង៑ វ្នំ តិជោវ៑នុប្រាក៑សោលិង៑ ១០ខ្ញុំ២មាស៑លិង៑១ ក្របិ ទ្ន្យំ ១ លង្គៅ ជ្យង៑ ២ ជ្មោល៑ ប
១២. រត៑ ២ ភូម្យ ប្រសាទ តិ បូវ៌្វ ប្រសប៑ ឆោក៑ អំវិល៑ តិ ទក្ឞិណ ល្វះ ត ជេង៑ វ្នំ តិ បឝ្ចិម
១៣. ល្វះ ត ត្រវាង៑ តិ ឧត្តរ ល្វះ ត ឆ្ទិង៑ កន្ត្រុម៑ និយន ភូម្យ ត រោះហ៑ នេះហ៑ អាយត្ត្វ ត
១៤. តៃ ….តៃ កំបន៑ តៃ កំវ្រៅ តៃ កំបិត៑ តៃ.. នុ បំម្រេ ត កម្រតេង៑ ជគត៑ វ្វំ អាច៑ តិ ទារ៑
១៥. រាជកាយ៌្យ នុ ចញ្ចូលិ ផោង៑ វ្វំ អាច៑ តិ ជា គ្មាល៑ នៃ វ្រះ បំន្វស៑ ស្មិង៑ នុ ខ្លោញ៑ បំម្រេ ត
១៦. កម្រតេង៑ ជគត៑ គុស៑ នេះ គិ រោះហ៑ កល្បនា យាជមាន ត មាន៑ ភូម្យ នេះ នុ អ្នក៑ នេះ ។
បំណកប្រែ
(១-២) ប្រាទាត៑ ស្វបុឞ្បករិណិ ស្វកមន្ទលុមយោ
ភក្ត្យា កបាលណិ និរន្តរធម៌មាគ៌្គេ
សោមោ ហិ ណាម រិបុចន្ទ្រវិលេ ចកេ ច
គំម្រ្យាងប្រទេឝពហុភូម្យតបោវនំ សះ។
អ្នកមានព្រះហស្តកាន់លលាដ៍ក្បាល ដែលមានបុប្ផាក្នុងព្រហស្ត និងកំសៀវទឹក(កុន្ទី)ជាមាគ៌ា ដែលមាននិរន្តរភាពក្នុងធម៌។ គាត់ឈ្មោះសោម បានបរិច្ចាគទានក្នុងឆ្នាំសក. កំណត់ដោយ វិល=៩ ចន្ទ្រ=១រិបុ=៦ តបោវ័ន និងដីជាច្រើនកន្លែងនៅតំបន់ គំម្រ្យាងប្រទេស។
(៣-៦) ចង្វាត់ (ព័ទ្ធដីបោះបង្គោល) ស្រែ គំម្រ្យាង គោល(បង្គោល) កណ្ដាល ថ្នល់ត្រពាំង ខាងទិស និរតិ គោល ខាងអគ្នេយ៍ ទៅប្រសព្វ ស្រែជាចំនាំ(រណ្ដាប់តង្វាយ)ច្បារ ឫស្សី ទៅដល់ សំទិប ផ្លូវរុង ខាងលិច ស្រុក ជ្រៃយ វាន ទៅដល់ គោល ឦសាន ប្រសព្វស្រែទល្មាក ប៌េល រាប់គិតចាប់អំពីនោះទៅ រហូតទៅដល់គោល(បង្គោល) ថ្ម,ខាងភាគ ពាយព្យ ដោយជើងដេក ដែលជា ចំនត វិចក្ឞ។
(៦-៨) ចង្វាត់ ភូមិ(ដី) លាច ផ្តៅ ដែលបានជាវ នឹងក្របី២នឹម ដោយគិតរាប់ចាប់ពីទិស បូព៌ ទំនប់ ស្តេង បរមនាថ,ខាងទក្សិណ (ខាងត្បូង) ប្រសព្វនឹង លិង្លោង កំត្យង, ខាងបស្ចឹម ប្រសព្វ និងព្រះផ្លូវ, ខាងឧត្តរ (ខាងជើង) ក្បែរស្ទឹង កន្ត្រុម ខាងជើងទៀត។
(៨-១០) ចង្វាត់ ស្រែ ត្រពាំង ថ្មស ដែល ម្រតាញ ភក្តិវិគ្រហ បានជាវ នូវប្រាក់ដែលពុំចាញ់ភ្លើងចំនួន៤ ជ្យង ខាងកើតប្រសព្វ នឹងស្តុកប្រី ខាងត្បូងសំទិប ត្រពាំងជើងស្រុក ស្រែប្រលូង ខាងលិចប្រសព្វនឹងភូមិ(ដី)វេង្វោង ខាងជើងប្រសព្វនឹងផ្លូវរុង(ផ្លូវធំ)។
(១១) ស្រែ កំឡុង ភ្នំ បានជាវនឹង ប្រាក់ ស ចំនួន១០ លិង អ្នកបម្រើ២នាក់ មាស១លិង ក្របី១នឹម លង្គៅ(ស្ពាន់)២ជ្យង គោឈ្មោល បរត(ភ្ជួរ ឬប្រណាំង) ២។
(១២-១៣) ភូមិ (ដី) ប្រសាទ(ថ្វាយ) ខាងកើតប្រសព្វ ឆោក អម្ពិល ខាងត្បូង ដល់ជើងភ្នំ ខាងលិច ដល់ត្រពាំង ខាងជើងដល់ស្ទឹងកន្ត្រុម ។
(១៣-១៥) ដីធ្លី និងទ្រព្យសម្បត្តិទាំងនេះ ស្ថិតនៅក្រោម ការបង្គាប់ ..តៃ ….តៃ កំបន៑ តៃ កំវ្រៅ តៃ កំបិត៑ តៃ.. បម្រើចំពោះ កម្រតេង ជគត (ព្រះអាទិទេព) ពុំអាចទារ (ទទួល)រាជការ និង ចញ្ចូលិ(ប្រេង) ផង ពុំអាចជាគ្មាល (បម្រើ)ព្រះបំន្វសស្មិង (បព្វជិតអ្នកធ្វើពិធីបូជា) និង ខ្លោញបម្រើ (ប្រធានអ្នកបម្រើ) ចំពោះកម្រតេង ជគត ជាដាច់ខាត។
(១៦) ទាំងនេះជាគ្រឿងតង្វាយសក្ការបូជា មានដីធ្លី និងអ្នកបម្រើ។
ជារួមមក សិលាចារឹកប្រាសាទភ្នំម្រេច គឺជាទិន្នន័យផ្នែកអក្សរសាស្រ្តដ៏សំខាន់មួយដែលបានប្រាប់អ្នកសិក្សាអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ ជាពិសេស គឺព័ត៌មានដែលរៀបរាប់អំពីការបរិច្ចាកដីបម្រើដល់ផ្នែកសាសនា និងស្ថាននាមជាច្រើនកន្លែងនៅក្នុងដែនកម្ពុជាបុរាណ៕
————————-
Phnom Mrech Temple Inscription K.178
Phnom Mrech Temple is 800 meters west of Phnom Mrech Village, Kulen District, Preah Vihear Province. This temple is built on the ridge of Phnom Mrech, with two towers made of brick facing east. On the main door of this temple, there is an inscription numbered K.178, inscribed in Sanskrit and Khmer languages with 16 lines.
Overall, the first and second lines are inscribed in the Sanskrit language “Vassantilakachanda”, which describes Shiva in the posture of one hand holding a skull, one holding a kettle, and the year 916 CE. In 994, during the reign of Queen Srey Jayavarman Tev (5), a philanthropist named Som donated many land areas in the “Kamrong” area or called as in the inscription “Prades Kamrong”. From the third line to the 16th line, the Khmer inscription describes the offering of the land, the servants, and the boundaries.
Through this inscription, we can quote a number of toponymic that show the geographical location and topography of ancient and modern Cambodia.
Overall, the Phnom Mrech temple inscription is important literary data that tells scholars about events that happened in the 10th century during the reign of Jayavarman V. In particular, information describing the donation of land to serve the religious and many toponymic at the ancient sites in Cambodia.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា