ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីបុណ្យភូមិ នៅភូមិកោះកេរ (កម្ពេច)

ពិធីបុណ្យភូមិ នៅភូមិកោះកេរ (កម្ពេច)

ជីវភាពប្រចាំថ្ងៃរបស់មនុស្សដែលរស់នៅក្នុងសហគមន៍ ក្រៅពីការធ្វើកសិកម្ម និងមុខរបរចិញ្ចឹម​ជីវិត គឺប្រជាជនទាំងនោះ រមែងមានធ្វើពិធីបុណ្យនានាដែលប្រព្រឹត្តនៅតាមសហគមន៍របស់ពួកគេរស់នៅផងដែរ។ ដោយឡែកពិធីបុណ្យទានដែលប្រជាជនធ្វើក្នុងសហគមន៍ តែងតែធ្វើឡើងអាស្រ័យទៅលើធនធានដែលមានក្នុងសហគមន៍។ ពិធីដែលតែងតែធ្វើនោះទៀតសោត គឺពុំមានកំណត់ជាពេលវេលាជាក់លាក់ណាមួយឡើយ ដោយអាស្រ័យទៅតាមចាស់ទុំ ឬអ្នកដឹកនាំកម្មវិធី រួមទាំងមតិភាគច្រើនរបស់ប្រជាជនក្នុងសហគមន៍នោះប៉ុណ្ណោះ។

បើក្រឡេកមកមើលតំបន់មួយដែលគេហៅថា កម្ពេច ដែលស្ថិតក្នុង ភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានប្រជាជនរស់ប្រមាណ ៧៨គ្រួសារ។ តំបន់នេះតែងតែមានពិធីបុណ្យនានាទៅតាមរដូវកាល ក្នុងនោះដែរមានពិធីបុណ្យមួយដែលតែងធ្វើឡើងក្នុងកំឡុង ខែធ្នូ និងខែមករា ដែលអ្នកស្រុកតែងហៅថា បុណ្យភូមិ ឬបុណ្យកំសាន្តភូមិ។ បុណ្យភូមិ គឺធ្វើឡើងជារៀលរាល់ឆ្នាំ ក្រោយពេលដែលប្រជាជនប្រមូលផលពីការធ្វើកសិកម្មរួចរាល់។  អ្នកស្ថិតក្នុងតំបន់នេះយល់ថា កាលដែលប្រារព្ធពិធីបុណ្យភូមិនេះឡើង គឺដើម្បីធ្វើកិច្ចសែនព្រេនរំលឹកគុណទៅកាន់អ្នកថែរក្សាម្ចាស់ទឹកម្ចាស់ដីដែលតែងថែរក្សាក្នុងតំបន់របស់ពួកគេរស់នៅ។ មួយវិញទៀត ពិធីបុណ្យនេះគេតែងធ្វើឡើងក្រោយពេលប្រមូលផលស្រូវរួចរាល់។ ព្រោះថា ទោះបីជាមនុស្សរស់នៅតំបន់នេះ ស្ថិតក្នុងតំបន់ខ្ពង់រាបសំបូរព្រៃឈើ ដែលភាគច្រើនអាស្រ័យផលទៅលើដំណាំកសិកម្មតាមបែបចម្ការ និងអាស្រ័យផលព្រៃឈើយ៉ាងណាក្ដី ក៏ពួកគាត់នៅតែមានជំនឿទៅលើពិធីដែលទាក់ទងនិងស្រូវដែរ។  ពោលគឺស្រូវ បានប្រែក្លាយជាបាយដែលជាប្រភពអាហារសំខាន់ប្រចាំថ្ងៃសម្រាប់ពួកគាត់។ ដូចនេះហើយបានជាក្នុងពិធីបុណ្យនេះមានផ្នែកមួយដែលទាក់ទងនិងស្រូវ គឺការប្រមូលស្រូវរួមគ្នាដើម្បីធ្វើបុណ្យភូមិ។ ដោយសារតែប្រជាជនក្នុងតំបន់នេះមានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ទើបបានជាពួកគាត់ធ្វើពិធីបុណ្យនេះរួមបញ្ចូលគ្នាជាមួយជំនឿជីវចលរបស់ខ្លួន ហើយបានប្រែក្លាយជាប្រពៃណីទំនៀមទម្លាប់មួយប្រចាំក្នុងតំបន់នេះ។

ពិធីបុណ្យនេះគេធ្វើឡើងនៅសាលាឆទានកណ្តាលភូមិរួមមួយ ដែលគេបានសាងសង់សម្រាប់ធ្វើបុណ្យរួមក្នុងតំបន់នោះ។ ជានិច្ចកាលគេប្រារព្ធពិធីបុណ្យនេះរយៈពេលពីរថ្ងៃ ដោយនៅពេលល្ងាចថ្ងៃទីមួយ ប្រជាជនបានជួបជុំគ្នានៅម៉ោងប្រមាណ ២រសៀល ដើម្បីរៀបចំស្លាធម៌ បាយសី និងគ្រឿងរណ្តាប់ផ្សេងៗ (រូបលេខ១-២)។ មុននឹងឈានទៅដល់កិច្ចដែលគេបានរៀបចំ ឃើញថាមានប្រជាជននៅតំបន់នោះបាននាំគ្នាយករបស់របរមកជួយបុណ្យដូចជា ស្រូវ ប្រាក់ និងគ្រឿងភេស្ជជៈមួយចំនួនទៀត (រូបលេខ៣ -៤)។ កិច្ចដំបូងគេធ្វើក្នុងពិធីបុណ្យនេះនៅថ្ងៃទីមួយ គេចាប់ផ្តើមធ្វើកិច្ចលើកទង់ នៅម៉ោង៣រសៀល​ ដោយមានអ្នកចូលរួមបានយកលុយទៅដាក់ក្នុងហោប៉ៅទង់ដែលគេហៅថា បូជាបច្ច័យ រួចលើទង់នោះឡើងដាក់នៅខាងមុខសាលាឆទានចំនួនពីរទង់ (រូបលេខ៥-៦)។ ជាកិច្ចបន្ទាប់នៅម៉ោង៤រសៀល គេជួបជុំគ្នានៅពីមុខរានពិធីស្ថិតនៅជ្រុងទិសឦសាន ដើម្បីធ្វើកិច្ចប្រុងពលីដែលមានអាចារ្យម្នាក់ជាអ្នកដឹកនាំ (រូបលេខ៧)។ បន្ទាប់ពីធ្វើកិច្ចប្រុងពលីរួចរាល់គេនិមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចចម្រើនព្រះបរិត្ត និងវេភេស្ជជៈ ជូនព្រះសង្ឃជាកិច្ចចុងបញ្ចប់ក្នុងថ្ងៃទី១ (រូបលេខ៨)។ នៅថ្ងៃទីពីរ មុនម៉ោង៧ព្រឹក គេឃើញមានកិច្ចមួយហៅថាកិច្ចសែនម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខ ក្នុងនោះមានសំណែនជា បាយ សម្ល បង្អែម និងម្លូរស្លា ហើយកិច្ចនេះគេធ្វើឡើងនៅខាងក្រៅសាលាឆទាន ពោល គឺនៅទិសឦសាននៃសាលាឆទាននោះ (រូបលេខ៩)។ ជាកិច្ចបង្ហើយបុណ្យ ក្នុងពិធីបុណ្យភូមិនេះ គេនិមន្តព្រះសង្ឃឆាន់ចង្ហាន់ពេលព្រឹក បន្ទាប់មកគេធ្វើកិច្ចច្រើនធម៌ទេសនានៅម៉ោង៨ព្រឹក។ ក្រោយមកគេបានរៀបចំចង្ហាន់នៅម៉ោង៩ព្រឹក ហើយធ្វើកិច្ចនមសិកា វេចង្ហាន់ប្រគេនព្រះសង្ឃឆាន់នៅម៉ោង១១ថ្ងៃត្រង់ជាកិច្ចបង្ហើយបុណ្យ (រូបលេខ១០)​។

សង្ខេបមកអ្នកចូលរួមក្នុងពិធីបុណ្យភូមិ គឺជាប្រជាជនក្នុងតំបន់ដែលតែងតែប្រារព្ធពិធីបុណ្យនេះជារៀលរាល់ឆ្នាំ ពោលនៅពេលដែលរួចរាល់ពីការងារធ្វើស្រែចម្ការ និងប្រមូលផលរួចរាល់។ មិនតែប៉ុណ្ណោះ ការប្រារព្ធធ្វើពិធីបុណ្យនេះ បានបង្ហាញពីប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនក្នុងតំបន់នេះ ដែលមានការលាយបញ្ចូលគ្នារវាងជំនឿជីវចល និងព្រះពុទ្ធសាសនា៕

អត្ថបទដោយ៖ ព្រាន់ សុភារៈ និងថូ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!