ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទត្រពាំងថ្នល់ឈូក K.៣៥១

សិលាចារឹកប្រាសាទត្រពាំងថ្នល់ឈូក K.៣៥១

«ប្រាសាទត្រពាំងថ្នល់ឈូក» ឬនៅក្នុងសៀវភៅ «សិលាចារឹកនៃប្រទេសកម្ពុជា» ក្បាលទី៦របស់លោក ហ៊្សក សេដេស ហៅថា​ «ប្រាសាទថ្នល់ឈូក» ស្ថិតនៅក្នុងភូមិអូរ​ក្សា​ន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមរយៈគេហទំព័រ CISARK បានឱ្យដឹ​ងថាទីកន្លែងនេះស្ថិតនៅចម្ងាយ ៨គ.ម. ពីអាគ្នេយ៍ស្រុកជាំក្សាន្ត។ បុរាណដ្ឋាននេះព័ទ្ធដោយកសិន្ធុនិងកំពែងឥដ្ឋរាងចតុកោណកែង មានខ្លោងទ្វារធ្វើពីឥដ្ឋនៅទិសខាងកើត។ ​ប្រាសា​ទ​នេះមានប្រាង្គប្រាំធ្វើពីឥដ្ឋ រត់ជួរជើង-ត្បូងមានពីរជួរ នៅខាងជួរខាងមុខមានប្រាង្គបីរាងបួនជ្រុងស្មើ និងជួរខាងក្រោយមានប្រាង្គពីរ ​រាងចតុកោណកែងបែរមុខទៅកើត ហើយមាន​ហោត្រៃមួយនៅទិសឦសាន ចំណែកហោត្រៃមួយទៀតនៅទិសអាគ្នេយ៍។ រីឯនៅខាងកើ​ត​ប្រាសាទមានស្រះមួយទទឹង ៨០ម និង បណ្ដោយ ២០០ម។ ប្រាសាទនេះមានសិលាចារឹកពីរគឺសិលាចារឹក K.៣៥០ និងសិលាចារឹក K.៣៥១ ស្ថិតនៅមេទ្វារខាងត្បូងនៃប្រាង្គពាយ័ព្យមាន ១៣បន្ទាត់ ចារជាភាសាខ្មែរ។

ប្រាសាទ​ត្រពាំងថ្នល់ឈូក  (ប្រភពរូប៖ CISARK)​

សិលាចារឹក K.៣៥១ ធ្លាប់បានអ្នកប្រាជ្ញខាងសិលាចារឹកលើកយកមកសិក្សារួចមក​ហើយដូចជាលោក ហ៊្សក សេដេស នៅក្នុងសៀវភៅ «សិលាចារឹកនៃប្រទេសកម្ពុជា» ក្បាល​​ទី៦ ឆ្នាំ១៩៥៤ និងក្រោយមកគឺលោក ហ្វីលីព ចេណ្ណឺរ ដែលបានសិក្សាសិលាចារឹកនេះដែរ​​នៅក្នុងស្នាដៃរបស់លោក Part xml, № 98 និងចុះផ្សាយនៅគេហទំព័រ http://sealang.​net/​ok​/corpus.htm

 អត្ថបទសិលាចារឹកនេះមានចំនួន​១៣​បន្ទាត់ ចារ​ជាភាសាខ្មែរបុរាណ​ ចុះកាលបរិច្ឆេទ​នៅមហាសករាជឆ្នាំ៩១៤​ ដែលត្រូវនឹងគ្រិស្ដ​សករាជ​ឆ្នាំ៩៩៣ ខ្លឹមសារសំខាន់នៃអត្ថបទនេះ គឺការឱ្យពរនិងបណ្ដាសារបស់ព្រះសភាដល់អ្នកដែលលួចគ្រឿងតង្វាយឱ្យចុះនរក និងអ្នកធ្វើសេចក្ដីចម្រើនដល់គ្រឿងតង្វាយឱ្យឡើងឋានសួគ៌ជាមួយគ្រួសាររបស់​អ្នកទាំងនោះ ហើយក៏មានប្រាប់ពីឈ្មោះអ្នកបម្រើដែល​ឱ្យដើម្បីបម្រើប្រាសាទនិងបញ្ជាក់ប្រាប់ពីអ្នកដែលមានតួនាទីថែរក្សាតង្វាយ។

ព្រះសភា គឺជាក្រុមជំនុំ​មន្ត្រីកាត់ក្ដី ពោលគឺតុលាការ។ ក្រុមនេះមានតួនាទីសំខាន់​ណាស់​កាលពីបុរាណ ក្នុងការចាត់ចែងរៀបចំក្នុងដំណើរការប្រព័ន្ធយុត្តិធម៌។ ចំពោះ​ពាក្យ «សភា» នេះ នៅសម័យក្រោយមកក្លាយសូរមកជា «សូភា» និង «សុភា» ដូចមានក្នុងរឿងព្រេងនិទាន ដែលមានសត្វទន្សាយតំណាងឱ្យតួអង្គឈ្លាសវៃក្នុងការកាត់ក្ដី ហៅថា «សុភាទន្សាយ»។
ចំពោះកាលបរិច្ឆេទ​ យើងសង្កេតឃើញមានប្រើប្រាស់​ឆ្នាំសត្វ​តាម​ប្រតិទិនរបស់ចិន គឺឆ្នាំរោង (រោង៑នក្ឞត្រ) ដែលសិលាចារឹកនេះ​ គឺជាសិលាចារឹកចំណាស់ជាងគេ ដែល​បង្ហាញពីវត្តមាន​នៃការ​ប្រើប្រាស់​ឆ្នាំសត្វនេះ។ ឥទ្ធិពល​នៃការ​ប្រើប្រាស់នេះ ពេញ​និយម​ខ្លាំងបំផុតចាប់ពីសម័យកណ្ដាលមក ដែលយើងឃើញ​មានភស្ដុតាង​សិលាចារឹកសម័យកណ្ដាល​នៅ​ប្រា​សា​ទ​អង្គរវត្ត បានបង្ហាញយ៉ាងច្បាស់។ បច្ចុប្បន្ន​ ខ្មែររាប់អានឆ្នាំនេះយ៉ាងខ្លាំង រហូត​ហៅ​ថា «ឆ្នាំខ្មែរ» ទៀតផង។​

ចំពោះបណ្ដាសា និងការ​ឱ្យពរជ័យវិញ យើងឃើញថានៅបន្ដមាននៅក្នុងសង្គ​មខ្មែរ​បច្ចុប្បន្ន​ដដែល។ យើង​ឃើញ​មាន​ភស្ដុតាងនៅសម័យអង្គរជាច្រើន​ ដែលបង្ហា​ញ​អំពីការស្បថ​ស្មោះស្ម័គ្រភក្តីចំពោះព្រះមហាក្សត្រ ស្បថចំពោះការទិញលក់ឬវិវាទដីធ្លីជាដើម។ ដូច្នេះហើយ យើង​ឃើញថា​បច្ចុប្បន្ននេះ មន្ត្រីជាន់ខ្ពស់ដែលបំពេញនាទីក្នុងព្រឹទ្ធសភា រដ្ឋសភា គណៈរដ្ឋមន្ត្រី ចៅក្រម ព្រះរាជអាជ្ញាជាដើម តែងស្បថមុននឹងចូលកាន់តំណែង។ ឯ​បណ្ដាសា​វិញ ក៏ពេញនិយម​ណាស់នៅសម័យកណ្ដាល​ ដ្បិត​ម្ចាស់បុណ្យ​មានបំណងរក្សាការ​ពារ​បុណ្យ​ឬធម៌ដែលខ្លួនបំពេញ ឱ្យមាននិរន្តរភាពជាដំណែលតទៅមុខជាដរាប​កុំបីមាននរណាមកបំផ្លាញនោះឡើយ។

សំណៅផ្ដិត​សិលាចារឹកប្រាសាទ​ត្រពាំងថ្នល់ឈូក K.៣៥១​ (ប្រភពរូប៖ EFEO ដកពី CISARK)​

អត្ថបទដើមជាអក្សរខ្មែរទំនើប

១- ៩១៤ឝកទ្វាទឝិកេតវៃឝាខអា         

២- [ទិ]ត្យវារហស្តឫក្ឞរោង៑នក្ឞត្រ

៣- នេះគិរោះវរឝាបយេង៑វ្រះសភាផោ

៤- ង៑នេះតៃថ្មាសនុកន៑សោត៑មន៑ស្ដេញ៑

៥- អ្ជិឝាន្តិ[ប]ទឱយ៑តស្ដេញ៑ឝិខាន្តរា

៦- ចាយ៌្យបិស្ដេញ៑ឝិខាន្តរាចាយ៌្យចំចំ

៧-​ នាមរង្កោលិះ១ទ្វាទឝីនាវ្រះកំម្រតេង៑

៨- នារាយន◦នៅតសប្បកល្បនានោ[ះ]

៩- សក៑ស្រេខ្ញុំនោះគេទៅតទ្វាត្រិំឝនរក

១០- នៅតវធ៌េនោះគេមាន៑ស្វគ៌្គនុសន្តាន

១១- ផោង៑វ្វំអាច៑តិស្រច៑តខ្លោញ៑អ្ន

១២- ក៑នៅអ្នក៑តប្រធានតនោះទេឝ

១៣- នោះ◦នោះគិតបរិបាលន◦

សេចក្ដីប្រែសម្រួល

(១-៤) មហាសករាជ៩១៤ (គ.ស.៩៩៣) ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ហស្ដឫក្ស ឆ្នាំរោង។ នេះគឺពរនិងបណ្ដាសារបស់យើង(ដែលជា)ព្រះសភាទាំងឡាយ។

(៤-៨) នេះ(គឺ)នាងថ្មាសនិង(នាង)កន្សោត ដែលស្ដែញអ្ជិសាន្តិបទឱ្យដល់ស្ដែញសិខាន្ដរាចារ្យ។ គប្បីស្ដែញសិខាន្តរាចារ្យ មើលខុសត្រូវរៀបចំ​គ្រឿងរណ្ដាប់បូជា(មាន)អង្ករ១លិះនៅថ្ងៃទី១២(ទាំងខ្នើតនិងរនោច)នៅ(ប្រាសាទ)ព្រះគម្ដែងនារាយណ៍។

(៨-១៣) នូវសព្វរណ្ដាប់តង្វាយបូជា (គឺនរណាដែល)យកស្រែ(និង)អ្នកបម្រើទាំង​នោះ​ (សូមឱ្យ)គេចុះនរក៣២ជាន់។ នូវអ្នកដែលធ្វើឱ្យចម្រើន(ដល់តង្វាយ)នោះ (សូមឱ្យ)គេឡើងស្ថានសួគ៌ជាមួយសន្ដានទាំងឡាយ។ (តង្វាយទាំងអស់នោះ)ពុំអាចសម្រេច​លើប្រធានអ្នកបម្រើ(ឡើយ) (គឺ)នៅ(លើ)អ្នកដែលជាប្រធានភូមិស្រុកនោះ ជាអ្នកថែរក្សា។

– ពន្យល់ពាក្យ

ទ្វាទឝិ               (សំ. ទ្វា “ពីរ” + ទឝិ “ទីដប់”) ទី១២។

វៃឝាខ               (សំ.) ខែពិសាខ។

វរឝាប              (សំ. វរ “ពរ” + ឝាប “សម្បថ, បណ្ដាសា) ពរ​និងបណ្ដាសា។

ចំចំនាម             (ចំ “ចាំ, នៅមើលថែរក្សា”, ចំនាម “បទបញ្ជាផ្ទៃក្នុងទាក់ទងនឹងគ្រឿង​រណ្ដាប់បូជា) រៀបចំ ឬ​មើលការខុសបទបញ្ជាផ្ទៃក្នុងទាក់ទងនឹងគ្រឿងរណ្ដាប់​បូជាក្នុងប្រាសាទ។

សប្ប                 សព្វ, សព្វគ្រប់បែបយ៉ាង។

កល្បនា            (សំ.) គ្រឿងរណ្ដាប់បូជា, តង្វាយ។

សក៑                  លួច យកចេញ ដកចេញ។

ទ្វាត្រិំ              (សំ. ទ្វា “ពីរ” + ត្រិំឝ “ទីសាមសិប”) ៣២វធ៌េ               (សំ.) ធ្វើឱ្យចម្រើនលូតលាស់ទៅមុខ។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!