ទំព័រដើមប្រវត្តិសាស្ត្រប្រភពពាក្យ "អង្គ" (ទួលអង្គ)

ប្រភពពាក្យ “អង្គ” (ទួលអង្គ)

ជាទូទៅ យើងតែងពន្យល់ពាក្យ «អង្គ» ក្នុងពាក្យទួលអង្គភ្ជាប់ទំនាក់ទំនងទៅនឹងពាក្យ «អង្គជាតិ» សំដៅដល់សិវលិង្គ ឬលិង្គព្រះឥសូរ ដ្បិតនៅតាមទីទួលអង្គ​គេច្រើន​ឃើញ​មាន​ថ្មសិវលិង្គ ឬទម្រយោនីនាងឧមា។ ប៉ុន្តែយោងតាមរបកគំហើញសិលាចារឹកថ្មីៗនាំឱ្យយើងអាចពន្យល់ជាថ្មីលើប្រភពពាក្យ «អង្គ» នេះ។

តាមភស្ដុតាងសិលាចារឹក ពាក្យ «អង្គ» (ទួលអង្គ) មានប្រភពមកពីពាក្យសំស្ក្រឹត ថា «អង្គណ» ឬ «អង្គន»។ យើង​បាន​រកឃើញ​ទាំងអស់ចំនួន​៥ មានសំណេរជា «អង្គណ» និង​ «អង្គន»។ ទី​មួយ​ប្រទះ​ឃើញនៅ​ក្នុង​សិលា​ចារឹក​ ព្រះ​គុហា​ហ្លួង​ K.44 (ខេត្តកំពត) នៅក្នុង​ឃ្លា «កំលុង៑​អង្គណ​វ្រះ​កម្រ​តាង៑​អញ៑»​ មានន័យថា «កំឡុង​ធ្លាប្រាសាទ»។ ទីពីរ​ប្រទះ​នៅក្នុងសិលាចារឹក​វត្តស្រះក្រាំងបន្ទាយ K.1412 (ខេត្តតាកែវ) ក្នុងឃ្លាថា «អាយ៑កលុង៑អង្គន» មានន័យថា «ឯកំឡុងធ្លា​​ប្រាសាទ»។ ទីបី​ក្នុងសិលា​ចារឹក​ទួល​គុហា​ K.1176 (ខេត្តកណ្ដាល)​ ក្នុង​ឃ្លា «អនក៑​​អង្គណ» មានន័យថា «អ្នកបម្រើ​ក្នុងធ្លាប្រាសាទ» គឺសំដៅ​​ដល់​អ្នក​បម្រើ​ក្នុង​បរិវេណ​​ប្រាសាទ​នៅ​​ទួល​គុហា​នោះ​តែម្ដង។ ទីបួន ​គឺ​នៅ​ក្នុង​សិលា​ចារឹកភូមិដូង K.1259 (ខេត្តបាត់ដំបង) នៅ​ក្នុង​ឃ្លា «គេ​ត​បម្រេ​កំលុង៑​អង្គណ​» ដែលមានន័យថា  «អ្នក​បម្រើដែលបម្រើ​នៅ​ក្នុងធ្លាប្រាសាទ»​។  ថ្មី​ៗនេះ អ្នក​ស្រាវជ្រាវ​​ក៏​បាន​រកឃើញសិលាចារឹកថ្មីមួយទៀត ចុះលេខ​ K.1426 នៅឯតំបន់កំពង់ផែអូកែវ ប្រទេស​វៀតណាមបច្ចុប្បន្ន ដែល​មាន​វត្តមាន «អង្គន»​ នេះក្នុងផ្ទាំងខ ផ្នែកភាសាខ្មែរបន្ទាត់ទី១២ ត្រង់ឃ្លាថា «[កំលុ]ង៑អង្គន»។​ «អង្គន» ឬ «អង្គណ» មានន័យដូចគ្នាថា «ទីសម្រាប់ដើរ, ក្រលា, ធ្លា»។ នៅក្នុងវចនានុក្រមខ្មែរ ត្រង់មេពាក្យ «អនង្គណ» មានពន្យល់ថា «អង្គណ» មានន័យមួយថា «ទួល»។

ចំនួនវត្តមានពាក្យដែលរកឃើញ​នៅក្នុងសិលាចារឹក​ទាំង​៥​នេះ ធ្វើឱ្យយើងច្បាស់​លាស់ស្រលះ​ចិត្ត ​​និងជឿជាក់បានថា​ពាក្យ «អង្គ» ដែល​ប្រើ​ប្រាស់​សម្រាប់ហៅ​ទីទួល ឬ​បរិវេណ​​ដែលជាអតីតប្រាសាទ​នោះ​ មាន​ប្រភព​​ពី​ភាសាសំស្ក្រឹត «អង្គណ» មានន័យថាទីធ្លា ឬបរិវេណប្រាសាទ ឬទីទួល និងមានប្រើ​ប្រាស់​ក្នុងភាសាខ្មែរតាំងពីសម័យមុនអង្គរ​។ ចំណែកនៅក្នុងសម័យអង្គរ យើង​​ពុំធ្លាប់ប្រទះពាក្យនេះ​នៅក្នុងសិលាចារឹកទៀតឡើយ។ ក្នុង​ករណីនេះ មិនមែន​ការចម្លែកទេ​ដែល​ដាច់ដានពាក្យនេះ​នៅសម័យអង្គរ​ ប៉ុន្ដែ​វា​នៅតែ​បន្ដ​ដាន​រហូតមកដល់សម័យទំនើប។ ត្រង់ចំណុច​នេះ ​យើង​អាច​ពិនិត្យ​មើល​ភស្ដុតាង​អំពីការផ្លាស់ប្ដូររាជធានីពីភាគខាងត្បូងប្រទេស​ មក​ភាគខាងជើងតំបន់ទន្លេសាប​ ដែលនាំឱ្យមាន​ការផ្លាស់ប្ដូរវាក្យសព្ទសំខាន់​ៗ​។ បើទោះបីជានៅសម័យមុនអង្គរ ពាក្យ «វ» ឬ​ «វា» ជាដើម ​ប្រើប្រាស់យ៉ាងទូលំទូលាយក៏ដោយ​ ក៏​ពាក្យនេះ​លែងបន្ដប្រើប្រាស់​នៅសម័យអង្គរ​។ ពាក្យនេះនៅតែបន្ដអត្ថិភាពក្នុងភាសាខ្មែរបច្ចុប្បន្ន​ ដូចនៅក្នុងពាក្យ «អាវ៉ា» និង សព្វនាម «វា»។ ទោះ​​បីជារាជធានីប្ដូរមកតំបន់អង្គរក៏ដោយ ក៏តំបន់អតីត​​រាជធានី​ពីសម័យ​មុនអង្គរ​មិនត្រូវបានបោះបង់ចោលនោះទេ គឺប្រជាជននៅតែ​បន្ដ​​រស់នៅទីនោះតាមលំដាប់សម័យកាលរហូតមក។

ម្យ៉ាង​ទៀត​ ទីតាំង​អង្គជាច្រើន​ដែលជាអតីតប្រាសាទ​នាសម័យមុនអង្គរនោះ យើងជឿជាក់​ថាប្រជាជន​នៅតែបន្ដគោរព​​មក​ដល់​សម័យអង្គរ​ ក្រោយអង្គរ និង​បន្ដរហូតមក។ ត្រង់នេះហើយ ទើបយើងបាន​ឃើញ​ទីតាំងខ្លះ មាន​សំណល់បុរាណវត្ថុសម័យអង្គរ និងសម័យកណ្ដាល ដែលវាជា​ការ​បង្ហាញពីការ​កែប្រែ​ទីតាំង​សម័យមុនអង្គរ​ និងវត្តមាន​​មនុស្សគោរពទីនោះ​ពុំដាច់។ សិលាចារឹក៤ក្នុងចំណោម៥ដែល​មានវត្តមានពាក្យ​ «អង្គណ» និង «អង្គន» សុទ្ធតែស្ថិតនៅតំបន់ភាគខាងត្បូងនៃ​ប្រទេស​ ដែលជាអតីតរាជធានី និងទីប្រជុំជនសំខាន់ៗនាសម័យមុនអង្គរដែលបច្ចុប្បន្នស្ថិតនៅក្នុងដែនដីកម្ពុជាក្រោម តាកែវ កណ្ដាល(ទួលគុហា)​ និងកំពត។ ត្រង់នេះ​ហើយ​ ដែល​យើងជឿជាក់ថាអ្នកស្រុកនៅទីនោះ​ នៅតែបន្ដ​ចងចាំពាក្យ «អង្គណ» ឬ «អង្គន» នេះ​ និងបន្ដហៅរហូតមកដល់បច្ចុប្បន្ន។

ចំពោះការ​ពុំបញ្ចេញសំឡេង «-ណ/-ន» ហាក់​ពុំ​ចាំបាច់​ពណ៌នា​តាម​ទិដ្ឋភាពភាសាវិទ្យាវែងឆ្ងាយ​នោះទេ ដ្បិតពុំខុសពីពាក្យដែលមាន​ប្រភព​​មក​ពីបាលីសំស្ក្រឹតដទៃទៀតនោះឡើយ។ ឧ. សាសន > សាសន៍, ការណ > ការណ៍​។ល។ ដូច្នេះ នៅក្នុងករណីមានបំណង​សរសេរតាមជាតិសព្ទ គួរតែសរសេរជា «អង្គណ៍» ឬ «អង្គន៍» ក៏បាន​។ ចំពោះ​ទស្សនៈកន្លង​មក​ដែលពន្យល់ពាក្យ «អង្គ» ដែល​ហៅទួលបុរាណ​ដោយផ្សារភ្ជាប់នឹង​ពាក្យ «អង្គជាតិ» សំដៅដល់​លិង្គព្រះឥសូរនោះ​ ហាក់ពុំសមស្របឡើយ។ ​តាម​ការ​សង្កេត​​របស់យើង អង្គ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​មាន​សំណល់​​សិវ​លិង្គ ​ឬ​ទម្រ​យោនី​នាង​ឧមា​នោះទេ ឬ​ក៏​សុទ្ធ​តែ​ឧទ្ទិស​ដល់​ទេព​ទាំង​ពីរ​អង្គ​នេះ​​ដែរ​។ ប្រការ​នេះ​ហើយ​ទើប​យើង​ឃើញ​ថា អ្នក​ស្រុក​ពុំ​​​ហៅ​តួ​ប្រាសាទ​ ឬ​ថ្ម​ជា​ចម្លាក់​លិង្គ ​និង​យោនី​ថា​ជា «អង្គ» នោះទេ  គឺ​ហៅ​តែ​ទីទួល ទីធ្លា​​ ឬក៏បរិវេណដែល​​មិន​មាន​​ប្រាសាទ​ឈរ​ជា​រូប​រាង​ប៉ុណ្ណោះ​។ ចំណែក​ឯ​កន្លែង​​​ដែល​មាន​ប្រាសាទ​​ឈរ​ជា​រូប​រាង ឬគ្រឹះប្រាសាទ​ យើងក៏ពុំ​សង្កេតឃើញ មាន​អ្នកស្រុក​​ហៅថា «អង្គ» នោះដែរ។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!