ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទព្រះក្សេត្រ K.237

សិលាចារឹកប្រាសាទព្រះក្សេត្រ K.237

ប្រាសាទព្រះក្សេត្រ មានទីតាំងស្ថិតនៅក្នុងភូមិព្រះក្សេត្រ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ប្រាសាទនេះមានប្រាង្គចំនួនបី សាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានកំពែងសង់អំពីថ្មបាយក្រៀម និងហោត្រៃចំនួន២។ ពាក្យថាព្រះក្សត្រនេះ ទំនងជាពាក្យដែលបានបន្សល់ទុកតាំងពីសម័យបុរាណកាលមក។ ពាក្យនេះឆ្លើយតបនឹងពាក្យខ្មែរបុរាណ ដែលមានប្រាកដក្នុងសិលាចារឹកជាច្រើនថា “វ្រះស្រេ” ឬភាសាខ្មែរបច្ចុប្បន្នថា “ស្រែព្រះ” ដែលអាចជាតំបន់ទំនងជាកម្មសិទ្ធិផ្ទាល់របស់ប្រាសាទនេះតែម្តង។

ប្រាសាទនេះមានសិលាចារឹកចំនួន ២ផ្ទាំង ដែលនៅជំនាន់អាណានិគមបារាំង គេបានចុះលេខសម្គាល់ K.237 និង K.455។ សព្វថ្ងៃសិលាចារឹកលេខ K.237 ស្ថិតនៅទីតាំងដើមនៅឡើយចំណែកសិលាចារឹកលេខ K.455 យើងមិនដឹងថាស្ថិតនៅទីតាំងដើមឬយ៉ាងណានោះទេ ត្បិតថាប្រាសាទនេះមានការបាក់បែកខ្លាំងទៅហើយ។ យោងតាមអត្ថបទរបស់លោក ហ្សក សឺដេស រៀបរាប់ថា៖ អត្ថបទសិលាចារឹក K.455 មានការរលុបបាក់បែកមិនពេញលេញនោះទេ ហើយចារឹកនៅក្នុងរជ្ជកាលព្រះបាទកម្រតេង កំត្វន អញ ស្រីសូយ៌្យវម៌្មទេវ (ទី១)។ តាមប្រភពអំពីសិលាចារឹកនេះបានផ្តល់ពត៌មានស្តីអំពី មហាសេនាបតី(មេទ័ព)ដ៏មានសក្តានុពលល្បាញល្បីម្នាក់របស់ទ្រង់មាននាមថាស្តេង អញ ស្រីលក្ឞ្មីបតិវម៌្ម ដែលជាអ្នកបង្រ្កាបការបះបោរនៅលវបុរ(ល្វោ)។

ចំណែកសិលាចារឹកចុះលេខ K.237 ធ្លាប់ទទួលបានការបោះពុម្ពផ្សព្វផ្សាយដំបូងដោយលោក អាប៊ែល បាហ្គែង និង អូហ្គូបាថ ដោយលោកផ្សព្វផ្សាយតែអត្ថបទសំស្ក្រឹតតែប៉ុណ្ណោះ។ អត្ថបទសិលាចារឹក K.237 ចែកចេញជា ២ ផ្នែក ពោល គឺចារឹកនៅលើមេទ្វារខាងជើងជាភាសាសំស្រ្កឹតមានចំនួន ៧ ស្លោក ដោយស្លោកទី១ជាប្រភេទ សក្វរី វសន្តតិលកា ទី២ ជាប្រភេទ ត្រិស្តុភ បែបឥន្ទ្រវជ្រា ចំណែកស្លោកទី៣,៤,៥,៦ជាប្រភេទអនុស្តុភ និងទី៧ ជាប្រភេទជគតី ឧបជាតិ។

សិលាចារឹកនេះចារឹកក្នុងរាជ្យព្រះបាទ កម្រតេង កំត្វន អញ ស្រីឧទយាទិត្យវម៌្មទេវ (ទី២)ប៉ុន្តែបានរំឮកដល់រាជតង្វាយតាំងតែអំពីរាជ្យរបស់ព្រះបាទ កម្រតេង កំត្វន អញ ស្រីសូយ៌្យវម៌្មទេវ (ទី១)មកម្លេះ។ អត្ថសិលាចារឹកមានស្ថាននាមគួរឱ្យចាប់អារម្មណ៍មួយគឺ មធ្យទេស ដែលមានន័យថាកណ្តាលប្រទេស ហើយពាក្យនេះក៏មានក្នុងសិលាចារឹកប្រាសាទរាជាសំរោង (K.1198) ដែលសម័យអង្គរទំនងជាតំបន់ឧត្តរមានជ័យស្ថិតនៅចំពាក់កណ្ដាលប្រទេស។

ប្រាសាទព្រះក្សេត្រនេះ ទំនងសាងសង់ដំបូងក្នុងរាជ្យព្រះបាទស្រីសូយ៌្យវម៌្មទេវ (ទី១) ហើយក្រោយមកមានការជួសជុល និងកែលម្អបន្ថែមក្នុងរាជការស្តេចសម័យក្រោយៗមកទៀត។ អត្ថបទភាសាសំស្រឹ្កតបានរំឮកដល់បុគ្គលសំខាន់ម្នាក់គឺ កម្រតេង អញ ស្រីវីរលក្ឞ្មី ដែលជាសមាជិកគ្រួសាររាជវង្ស។

មេទ្វារខាងត្បូង

អត្ថបទពាក្យចារឹក

បំណកប្រែ

ឝក្វរី វសន្តតិលកា

            ១.        លិង្គំ សរាមសឝិវេន សមធ្យទេឝំ                     ឝ្រីសូយ៌្យវម៌្មន្ឫបតៅ ស្វយមេវ ទត្តំ

                        តន្មធ្យទេឝវិទិតេប្យុទយាក៌្កវម៌្ម            ភូបស្យ វាន្ធវវរេ សជនំ ស ចាទាត៑។

               ប្រែថា៖ សរាមសសិវ បានថ្វាយដល់ព្រះករុណាព្រះបាទ ស្រីសូយ៌្យវម៌្មទេវ(ទី១) នូវព្រះសិវលិង្គ ព្រមជាមួយនឹង មធ្យទេស និងបានផ្តល់តង្វាយដល់ជនទាំងឡាយក្នុងមធ្យទេស ក្នុងញាតិវង្សដ៏រុងរឿងរបស់ព្រះបាទ ស្រីឧទយាទិត្យវម៌្មទេវ។

ឥន្ទ្រវជ្រា

            ២.        កំវៅសមាខ្យាតរិបុប្រភិន្នា                  ត្តស្មាត្ប្រតិឞ្ថាបិតមត្រ យេន

                        លិង្គម្មុទេឝំ វសុមូត៌្តរន្ធ្រៃ                       ស្តស្យោទយាក៌្កាវនិបស្យ រាជ្យេ។

               ប្រែថា៖ បន្ទាប់អំពីបានខ្ទេចខ្ទាំ ដោយសត្រូវ ឈ្មោះថាកំវៅ ហើយបានសាងឡើងវិញនូវព្រះសិវលិង្គ នេះដោយសេចក្តីសោមនស្សរីករាយ ក្នុងឆ្នាំសក.កំណត់ដោយ រន្ធ្រ=៩ មូត៌ិ្ត=៨ វសុ=៨ ក្នុងរាជព្រះបាទ ស្រីឧទាយាទិត្យវម៌្មទេវ(ឧទាយាក៌្ក)។

អនុស្តុភ

            ៣.        យឝ្ច បទ្មោទ្ភវាម្ភោជ                នេត្រវុទ្ធានតិឞ្ថិបត៑

                        នវមូត៌ិ្តវិលេត្រ ទ្វៅ                    វង្ឝារាមេ តថា បរម៑។

              ប្រែថា៖ គាត់បានកសាងបដិមា បទ្មោទ្ភវ , អម្ភោជនេត្រ និងពុទ្ធបដិមា ក្នុងឆ្នាំសក.កំណត់ដោយវិល=៩ មូត៌ិ្ត=៨ នវ=៩ ចំនួនពីរកន្លែង (ទីមួយ) ស្ថិតនៅក្នុងទីនេះ និងមួយកន្លែងទៀតស្ថិតក្នុងវេឡុវនារាម (ឧទ្យានឫស្សី)។

អនុស្តុភ

            ៤.        កាយ៌្យភេទាទភិន្នោបិ             ភិន្នឝិ្ឝវ ឥតិ ឝ្រុតម៑

                        យេន ភក្ត្យា ចតុម៌ូត៌ិ្ត               ឝ្ឝៃវី សំស្ថាបិតា មុទា។

               ប្រែថា៖ សូម្បីតែការរចនានេះ ទោះបីជាមិនបានទទួលរងនូវការខូចខាត ប៉ុន្តែព្រះសិវលិង្គនេះ ឈ្មោះថា ព្រះសិវៈដែលខូចខាត បដិមាចតុម៌ូត៌ិ្ត (បដិមា៤អង្គ) ឧទ្ទិសដល់ព្រះសិវៈត្រូវបានសាងសង់ដោយសេចក្តីគោរព និងដោយសេចក្តីសោមនស្សរីករាយ។

អនុស្តុភ

            ៥.        ទ្វិជេន្ទ្រវល្លភាខ្យស្យ                វាសុទេវស្យ យស្សុតាះ

                        វាសុទេវាក្ឫតិជ្យេឞ្ឋ                 ឥទំ រូបមតិឞ្ឋិបត៑។

               ប្រែថា៖ កូនប្រុសច្បងរបស់ វាសុទេវ ដែលមានឈ្មោះថាទ្វិជេន្ទ្រវល្លភ ដូចទៅនឹងវាសុទេវ គាត់បានកសាងនូវព្រះរូបទេវបដិមាទាំងនេះ។

អនុស្តុភ

            ៦.        សំកឞ៌ាខ្យោនិរុទ្ធោ យោ         ធម៌្មសំកឞ៌ណាត្ប្រីយះ

                        ឧទយាក៌្កវម៌្មភូបាល                ភាគិនេយស្ស នីតិមាន៑។

               ប្រែថា៖ គាត់មានឈ្មោះថា សំកស៌ជាអ្នកមានប្រាជ្ញា ជាក្មួយប្រុស គួរជាទីស្រលាញ់និងជាទីពេញចិត្ត របស់ព្រះបាទស្រីឧទយាទិត្យវម៌្មទេវ គាត់បានកម្ចាត់បង់អយុត្តិធម៌ ដោយបានលើកស្ទួយយុត្តិធម៌។

ជគតី ឧបជាតិ

            ៧.        សំកឞ៌នាម្នស្សុក្ឫតស្យ យត្ផលំ                     តស្យៃវ បិត្រោរិវ សំប្រតីយតាម៑

                        ធម៌្មេ ស្ថិតា តស្យ មតិភ៌វត្វឃា             ន្និវ្ឫត្តិរស្យ បតិនា ស ភក្តតា។

            ប្រែថា៖ លទ្ធផលនៃកិច្ចការងារដ៏ល្អសុក្រឹតនេះ សំកឞ៌ គាត់បានប្រតិបត្តិតាមដូចទៅនឹង ម្តាយ ឳពុករបស់គាត់ សូមឱ្យចិត្តគំនឹតរបស់គាត់រឹងមាំស្ថិតនៅក្នុងធម៌ នឹងការលះបង់ដើម្បីថែរក្សា ការលំបាក។

មេទ្វារខាងជើង

១.        ៩..ឝក បញ្ចមិ រោច៑ កាត៌ិ្តក ឝុក្រវារ គិ នុ សុប្រតិឞ្ថ កម្រតេង ជគត សង្ក

២.        ឞ៌េឝ្វរស្វាមិ វ្រះមហា..តិ វ្រះកម្រតេង អញ សរាម ស្ថាប នេះ តិ ថ្វាយ ត

៣.       វ្រះបាទ កម្រតេង អញ បរមនិវ៌្វាណបទ ទេប តិ ប្រសាទ ត កម្រតេង មធ្យទេឝ

៤.        ត កន្ម្វាយ៑ កម្រតេង៑ អញ៑ ឝ្រីវីរលក្ឞ្មី ៙ ត រាជកុល វ្រះបាទ រុទ្រលោក បរមរុទ្រលោក

៥.        វ្រះបាទកម្រតេង៑ អញ ឝ្រីឧទយាទិត្យវម៌្មទេវ នុ វ្រះបាទកម្រតេង៑ អញ៑ ឝ្រី

៦.        ហឞ៌វម៌្មទេវ នុ វ្រះបាទ កម្រតេង៑ អញ៑ ឝ្រីន្ឫបតីន្ទ្រវម៌្ម ត គិ មន កំវៅ ខ្មាង៑ និ

៧.        តេរ ចាប៑ វិឞយ ផោង៑ វ្រះ នេះ តិ តោក៑ ..ទៅ..យោក ឥស្ស ទ្រវ្យ ៙ ទេប កម្រ

៨.        តេង៑ អញ៑ អ្សោ មធ្យទេឝ ត បុត្រ វ្រះ ទ្វិជេន្ទ្រវល្លភ៙ វ្រះ មាតា ត ជ្មះ កម្រតេង៑ អ

៩.        ញ៑ ទេវ ..លក្ឞ្មី ៙ វ្រះ ចៅ វ្រះបាទរុទ្រលោក បរមរុទ្រលោក ៙ កម្រតេង៑ អញ៑

១០.      ឝ្រីវិរលក្ឞ្មី ត កន្ម្វយ៑ វ្រះបាទ កម្រតេង៑ អញ៑ ឝ្រី ឧទយាទិត្យវម៌្មទេវ វ្រះ

១១.      កម្រតេង៑ អញ៑ ឝ្រីហឞ៌វម៌្មទេវ វ្រះបាទកម្រតេង៑ អញ៑ ឝ្រីន្ឫបតិន្ទ្រវម៌្ម

១២.      និវេទន ស្វំ ប្រសាទ វ្រះលិង្គ នោះ ស្ថាបនា វិង ត ឝក ត រោះហ នេះហ ទេប ជ្វន ទ្រវ្យ

១៣.     វិង ទេប ជ្វន ….ល……..៩៨៩ ឝក ឯកាទឝី កេត៑ …អាទិត្យវារ នោះ សោ

១៤.      ត៑ …….ថ្វេ …….មន………..នោះ……..ស្ថាបនា វ្រះកម្រតេង អញ

១៥.      នារាយ នុ វ្រះវ្រហ្ម នុ វ្រះករុណា វ្រះវុទ្ធ តិ ស្ថាបនា ………..ឆ្បរ

១៦.      រន្សិ ទេប [វ្រះ] កម្រតេង អញ៑ នារាយ……តោយ៑ ………..

១៧.     ហ កល្បនា …..កម្រតេង អញ ទ្វិជេន្ទ្រវល្លភ //

(១៨-២០) រលុបអស់

(២១-២៤) រលុបអស់

បំណកប្រែ

(១-៧)នៅក្នុងឆ្នាំ ៩..មហាសករាជ ទី៥ រោច ខែកត្តិក ថ្ងៃសុក្រ គឺ ប្រតិស្ថានដោយល្អប្រពៃនូវ កម្រតេង ជគត សង្កស៌េស្វរស្វាមិ ព្រះមហា.. ដែលព្រះកម្រតេង អញ សរាម បានសាងឡើងនេះដើម្បីសម្រាប់ថ្វាយដល់ ព្រះករុណាព្រះបាទ កម្រតេង អញ បរមនិវ៌្វាណបទ (ព្រះបាទ កម្រតេង កំត្វន អញ ស្រីសូយ៌្យវម៌្មទេវ (ទី១) ទើបប្រទានដល់ កម្រតេង មធ្យទេស ត្រូវជាក្មួយកម្រតេង អញ ស្រីវីរលក្ឞ្មី ដែលជា រាជកុល(រាជវង្ស) ព្រះបាទ រុទ្រលោក(ព្រះបាទហស៌វម៌្មទី១) បរមរុទ្រលោក (ព្រះបាទឥសានវម៌្មទី២) ព្រះបាទកម្រតេង អញ ស្រីឧទយាទិត្យវម៌្មទេវ(ទី២) និងព្រះបាទកម្រតេង អញ ស្រីហស៌វម៌្មទេវ(ទី៣) និងព្រះបាទ កម្រតេង អញ ស្រីន្ឫបតីន្ទ្រវម៌្ម គឺ កំវៅ ជាខ្មាំងសត្រូវ និងបានចាប់យកវិស័យ(ដែនដី) ផងរបស់របស់ព្រះ(ទេវស្ថាន)នេះ ដោយបានយកអស់ទាំងទ្រព្យសម្បត្តិផងនានា ៙

(៧-៩)ទើប កម្រតេង អញ អ្សោ មធ្យទេឝ ដែលត្រូវជាបុត្រ(កូនប្រុស)របស់ព្រះទ្វិជេន្ទ្រវល្លភមានព្រះមាតា ឈ្មោះ កម្រតេង អញ ទេវ ..លក្ឞ្មី។ ជាព្រះចៅ របស់ព្រះបាទរុទ្រលោក(ព្រះបាទហស៌វម៌្មទី១) បរមរុទ្រលោក(ព្រះបាទឥសានវម៌្មទី២) ៙ ។

(៩-១៧)កម្រតេង អញស្រីវិរលក្ឞ្មី ត្រូវជាក្មួយរបស់ព្រះបាទ កម្រតេង អញ ស្រីឧទយាទិត្យវម៌្មទេវ ព្រះបាទកម្រតេង អញ ស្រីហស៌វម៌្មទេវ ព្រះបាទកម្រតេង អញ ឝ្រីន្ឫបតិន្ទ្រវម៌្ម បានចូលក្រាបបង្គំទូលសូមព្រះរាជទាន ព្រះសិវលិង្គនោះ ដើម្បីស្ថាបនាឡើងវិញនៅក្នុងឆ្នាំនោះឯង ទើបបានថ្វាយនូវទ្រព្យសម្បត្តិ ។ នៅក្នុងឆ្នាំ៩៨៩ សក. ទី១១កើត ថ្ងៃអាទិត្យ នោះសោត ……. បានស្ថាបនា ព្រះកម្រតេង អញ​ នារាយ និងព្រះព្រហ្ម និងព្រះករុណាព្រះពុទ្ធ ដែលបានស្ថាបនា …..នៅឆ្បារឫស្សី ទើបព្រះកម្រតេង អញ នារាយ……ដោយ… កល្បនា …..កម្រតេង អញ ទ្វិជេន្ទ្រ         វល្លភ។

ជារួមមក សិលាចារឹកប្រាសាទព្រះក្សេត្រ K.237 បានផ្តល់នូវព័ត៌មានជាច្រើននៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ ដែលជាស្តេចនៅស.វ.ទី១១ និងមានរាជធានីនៅតំបន់អង្គរ។ ប៉ុន្តែ នៅក្នុងរជ្ជកាលរបស់ទ្រង់ សាច់សារលោហិតរាជវង្សបានមកកសាងប្រាសាទ និងបដិមានៅតំបន់ប្រាសាទព្រះក្សេត្រ ដែលអាចជាចំណុចកណ្តាលរបស់ប្រទេសកាលពីសម័យអង្គរ៕

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!