ទំព័រដើមប្រវត្តិសាស្ត្របដិមាហរិហរមកពីភ្នំដា ស្រុកអង្គរបុរី

បដិមាហរិហរមកពីភ្នំដា ស្រុកអង្គរបុរី

ចាប់ពីរវាងស.វ.ទី១៩មក គេបានរកឃើញបដិមាជាច្រើននៅភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ។ បដិមាទាំងនោះមានដូចជា ព្រះហរិហរ ព្រះវិស្ណុមានព្រះហស្ត៨ ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ព្រះរាម ព្រះពលរាម។ ដោយសារតែបដិមាទាំងនេះ​ ច្រើនតែស្ថិតនៅក្នុងនិកាយវៃស្នវ (និកាយព្រះវិស្ណុ) នាំឱ្យលោក Paul Lavy យល់ថា នៅសម័យដំបូងខ្មែរទទួលឥទ្ធិពលព្រហ្មញ្ញសាសនា ហើយទោរទន់ទៅនិកាយវៃស្នវជាខ្លាំង ទើបក្រោយមកនៅស.វ.ទី៧ និកាយជាច្រើនរបស់ព្រះសិវចាប់ផ្តើមមានសន្ទុះខ្លាំងឡើង។ នៅក្នុងអត្ថបទនេះ យើងនឹងយកតែបដិមាព្រះហរិហរមកពីភ្នំដាចំនួន១អង្គប៉ុណ្ណោះមកសិក្សា។ តើបដិមាព្រះហរិហរ មានលក្ខណៈបែបណាខ្លះ?

បដិមាព្រះហរិហរនេះ រកឃើញនៅឆ្នាំ១៨៧៤ ដោយលោក Étienne Aymonier។ នៅពេលលោកបានរកឃើញបដិមានេះបានបាក់បែកជាច្រើនបំណែកទៅហើយ។ ក្រោយមក ដោយសារតែបដិមានេះមានអាយុកាលចំណាស់ និងឆ្លាក់ឡើងដោយស្នាដៃខ្ពស់ផង នៅរវាងឆ្នាំ១៨៨២ លោកក៏បានបញ្ជូនបដិមានេះទៅកាន់ប្រទេសបារាំង ហើយក្រោយមកទៀតនៅទសវត្សរ៍១៨៩០​ គេបានដាក់តាំងបដិមានេះនៅក្នុងសារមន្ទីរហ្គីមេត ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ អ្វីដែលគួរកត់សម្គាល់នោះ គឺទីតាំងដែលរកឃើញបដិមានេះ គឺស្ថិតនៅក្បែរប្រាសាទអាស្រមមហាឥសី ដែលស្ថិតនៅចង្កេះភ្នំដា ក្នុងគ្រាដែលប្រាសាទនេះបានបាក់រលំអស់ទៅហើយ ដែលនាំឱ្យមានការសន្និដ្ឋាននៅពេលនោះថា បដិមានេះអាចតម្កល់នៅក្នុងប្រាសាទអាស្រមមហាឥសីនេះ។ ក្រោយមកទៀត នៅទសវត្សរ៍១៩៣០ លោក Henri Mauger បានដឹកនាំការជួសជុល និងរៀបចំប្រាសាទនេះឱ្យមានសភាពដូចដើមឡើងវិញ ទើបនាំឱ្យលោកដឹងថា បដិមានេះមិនមានប្រវែងសមាមាត្រជាមួយប្រាសាទនេះឡើយ ដូច្នេះបដិមានេះអាចមិនមែនតម្កល់នៅក្នុងប្រាសាទនេះទេ។ លុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៥០ មានសំណេរមួយដែលចេញពីអភិរក្សដ្ឋានអង្គរបានសរសេរថា៖ បដិមាហរិហរពិតជាតម្កល់នៅក្នុងរូងភ្នំមួយក្នុងចំណោមរូងភ្នំទាំងប្រាំនៅភ្នំដា។

បដិមាហរិហរនេះ សាងឡើងអំពីថ្មភក់ មានប្រវែងកម្ពស់ ១,៧៣ម៉ែត្រ ទទឹង ០,៦៥ម៉ែត្រ និងវិជ្ជមាត្រ ០,២៣ម៉ែត្រ។ ដោយសារតែបដិមានេះជាព្រះហរិហរ (ព្រះវិស្ណុ និងព្រះសិវមានព្រះកាយលាយបញ្ចូលគ្នា) សិល្បករបានឆ្លាក់រូបនេះដោយប្រើបច្ចេកទេសជាដែករាងដូចក្រចកសេះធំមួយព័ទ្ធជុំវិញ ដើម្បីទប់លំនឹង និងខណ្ឌចែករូបនេះជាពីរផ្នែកផ្សេងគ្នា។ ផ្នែកខាងស្តាំជាទម្រង់ព្រះសិវមានផ្នួងសក់ចងក្នុងទម្រង់ជដាម្កុដ មានព្រះនេត្រទីបីមួយចំហៀង មានកេតនភណ្ឌជាត្រីសូល៍នៅជាប់នឹងព្រះសិរ ហើយព្រះហស្តខាងព្រះសិវបានបាក់សល់ត្រឹមកែងដៃប៉ុណ្ណោះ។ រីឯផ្នែកខាងឆ្វេងវិញ ជាទម្រង់រូបព្រះវិស្ណុដែលមានម្កុដជារាងស៊ីឡាំង មានព្រះហស្តមួយកាន់កងចក្រ និងព្រះហស្តមួយទៀតបានបាក់ទៅហើយ។ ទម្រង់ព្រះភក្រ្តបដិមានេះ មានរាងមូលក្រឡង់តូចសមសួន ស្លឹកត្រចៀកវែង នឹងស្មា និងព្រះកាយ។ ចំពោះសម្លៀកបំពាក់វិញ គឺស្លៀកសំពត់ចងក្បិន មានជាយធំមួយធ្លាក់មកចំកណ្តាល និងភ្លីតូចៗមកគ្របលើភ្លៅខាងឆ្វេង។ ជាការកត់សម្គាល់មួយទៀតដែរ ព្រះភក្រ្តរបស់បដិមានេះមានប្រឡាក់ស្នាមទឹកពណ៌មាស ដែលអាចជាការលាបឡើងរបស់អ្នកស្រុកនៅសម័យក្រោយមកទៀត ហើយវាជាភស្តុតាងបញ្ជាក់ថា បដិមានេះអ្នកស្រុកមិនបានបោះបង់ចោលនោះទេ គឺនៅតែគោរពប្រណិប័តន៍តាំងពីដើមរៀងមក។

លោក Pierre Dupont យល់ថា បដិមានេះមានភាពចំណាស់យ៉ាងខ្លាំង ដែលមើលទៅមានលក្ខណៈជាច្រើនដូចបដិមានៅក្នុងប្រពៃណីឥណ្ឌា។ ចំណែកឯអ្នកស្រាវជ្រាវប្រវត្តិសិល្បៈខ្មែរដ៏ល្បីល្បាញ គឺលោក Jean Boisselier សន្និដ្ឋានថា បដិមានេះអាចសាងឡើងនៅក្នុងរវាងសតវត្សរ៍ទី៦នៃគ្រឹស្តសករាជ។ ការសន្និដ្ឋាននេះអាចធ្វើទៅបាន គឺទំនងលោកចង់សំដៅលើស្នាដៃសិល្បៈរចនាបថភ្នំដា ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ហើយដែលលោក George Coedès យល់ថាជាស្តេចចុងក្រោយនៃសម័យហ្វូណន ឡើងសោយរាជ្យចាប់ពីរវាងឆ្នាំ៥១៤ ដល់៥៣៩ នៃគ្រឹស្តសករាជ។ ប៉ុន្តែក្រោយមកលោក Dowling យល់ថា បដិមានេះ រួមជាមួយនឹងបដិមាមួយចំនួនដែលរកឃើញនៅភ្នំដា អាចសាងឡើងនៅរវាងដើមស.វ.ទី៧ដូច្នេះទៅវិញ។ ដូចពោលមកពីខាងលើស្រាប់នៅសម័យដំបូងខ្មែរទទួលឥទ្ធិពលព្រហ្មញ្ញសាសនាទោរទន់ទៅរកនិកាយវៃស្នវ ឬនិកាយព្រះវិស្ណុ តែភស្តុតាងបដិមាហរិហរនេះអាចជាហេតុផលមួយនាំឱ្យលោក Paul Lavy គិតថាប្រហែលជាពេលចាប់ផ្តើមនៃការបង្រួមគ្នារវាងនិកាយទាំងពីរនៅក្នុងប្រទេសកម្ពុជា ដ្បិតចាប់ពីស.វ.ទី៧រហូតមក ឥទ្ធិពលព្រះសិវមានទំហំធំធេងណាស់នៅក្នុងសង្គមខ្មែរ ដូចយើងឃើញភស្តុតាងអំពីការរកឃើញលិង្គជាច្រើននៅតំបន់ប្រាសាទសំបូរព្រៃគុកជាឧទាហរណ៍ស្រាប់។

ជារួមមក បដិមាហរិហរដែលរកឃើញនៅភ្នំដាដែលបានរៀបរាប់ខាងលើនេះ គេមិនច្បាស់ថាមានទីតាំងដើមនៅក្នុងប្រាសាទ ឬរូងភ្នំណាមួយនៃភ្នំដាឡើយ។ បដិមានេះ បង្ហាញឱ្យឃើញអំពីការទទួលឥទ្ធិពលព្រហ្មញ្ញសាសនារបស់ខ្មែរកាលពីសម័យដំបូង ដែលគេដឹងថាពេលដំបូងគឺនិយមនិកាយវៃស្នវ និងក្រោយមកទៀតបង្រួមនិកាយវៃស្នវ ជាមួយនិកាយសៃវ។ បដិមានេះ ក៏បង្ហាញឱ្យឃើញអំពីស្នាដៃដ៏ល្អឯករបស់សិល្បករខ្មែរនៅជំនាន់នោះទៀតផង៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!